បើទោះបីជា លោករដ្ឋមន្ត្រីការបរទេសប្រាក់ សុខុន អះអាងថា លោកបានធ្វើឲ្យមានការរីកចម្រើនខ្លះពាក់ព័ន្ធទៅនឹងវិបត្តិមីយ៉ាន់ម៉ាក៏ដោយ ក៏អ្នកវិភាគនិយាយថា លោកសម្រេចបានផលប្រយោជន៍ជាក់ស្ដែងបន្តិចបន្តួចប៉ុណ្ណោះក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងសប្ដាហ៍នេះក្នុងនាមជាប្រេសិតពិសេសរបស់សមាគមន៍អាស៊ាន។
អ្នកវិភាគបានចង្អុលបង្ហាញដល់ការណ៍ដែលលោកមិនអាចជួបជាមួយគ្រប់ភាគីនៃជម្លោះដែលកើតមានបន្ទាប់ពីរដ្ឋប្រហារ និងការបរាជ័យមិនបានឈានដល់កិច្ចព្រមព្រៀងស្ដីពីការផ្ដល់ជំនួយមនុស្សធម៌ បានធ្វើឲ្យខូចដល់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងនាមជាប្រេសិតពិសេសអាស៊ាន ពីព្រោះថា ចំណុចទាំងពីរនេះ គឺជាចំណុចគន្លឹះនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានដើម្បីស្វែងរកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
លោក Charlies Santiago ប្រធានអង្គការសភាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានថ្លែងថា៖ «អ្នកអាចចាត់ទុកដំណើរទស្សនកិច្ចនេះថាជាការខាតបង់ពេលវេលា ពីព្រោះថា ទស្សនកិច្ចនេះមិនបានសម្រេចអ្វីជាក់ស្ដែងនោះទេ»។
ប្រទេសកម្ពុជា បានរងការរិះគន់ថា បានធ្វើឲ្យមានភាពស្របច្បាប់សម្រាប់របបមីយ៉ាន់ម៉ាដឹកនាំដោយឧត្តមសេនីយ៍ Min Aung Hlaing បន្ទាប់ពីកម្ពុជាបានក្លាយជាប្រធានអាស៊ាននៅឆ្នាំ ២០២២ និងការព្យាយាមរុញប្រទេសដែលបែកបាក់ដោយជម្លោះមួយនេះឲ្យស្ថិតនៅលើរបៀបវារៈនយោបាយកំពូលថ្នាក់តំបន់តាមរយៈការផ្ដួចផ្ដើមឲ្យមានកិច្ចសន្ទនាសន្តិភាពដើម្បីនាំយកមីយ៉ាន់ម៉ាត្រឡប់ចូលក្នុងប្លុកពាណិជ្ជកម្មនេះឡើងវិញ។
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាលោក ហ៊ុន សែន ជាមេដឹកនាំមុនដំបូងគេដែលបានបំពេញទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានរដ្ឋប្រហារកាលពីឆ្នាំមុន ដែលទស្សនកិច្ចនេះត្រូវបានថ្កោលទោសដោយរដ្ឋសមាជិកអាស៊ានផ្សេងទៀត។ រដ្ឋប្រហារនេះបានបណ្ដាលឲ្យមានមនុស្សស្លាប់ជាង១.៥០០នាក់និងបានធ្វើឲ្យរបបយោធានេះត្រូវបានគេរារាំងមិនឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។
ថ្វីបើលោក ប្រាក់ សុខុន បានអះអាងថា លោកបានធ្វើឲ្យមានការរីកចម្រើនខ្លះលើបញ្ហាមីយ៉ាន់ម៉ា បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយពួកមេដឹកនាំយោធា អ្នកការទូតអាស៊ាន មន្ត្រីអង្គការសហប្រជាជាតិនិងសកម្មជននយោបាយក៏ដោយ ក៏លោកមិនត្រូវបានគេអនុញ្ញាតឲ្យជួបជាមួយលោកស្រី Aung San Suu Kyi (អង់សាន ស៊ូជី) ដែលជាមេដឹកនាំកើតចេញពីការបោះឆ្នោតដែលត្រូវបានបណ្ដេញចេញពីអំណាចហើយកំពុងជាប់ពន្ធនាគារនោះទេ។
បើតាមទីភ្នាក់ងារព័ត៌មានAssociated Press លោក ប្រាក់ សុខុន បានថ្លែងថា លោកទទួលបានការជំរុញទឹកចិត្តពីរដ្ឋាភិបាលយោធាដែលបានអនុញ្ញាតឲ្យលោកជួបជាមួយភាគីពាក់ព័ន្ធនានាក្នុងជម្លោះ ហើយលោកត្រូវបានប្រាប់ថា របបយោធាកំពុងពិចារណាការស្នើសុំរបស់លោកដើម្បីជួបជាមួយលោកស្រី Aung San Suu Kyi។
លោកបានរៀបរាប់ពីជំហររបស់ឧត្តមសេនីយ៍ Min Aung Hlaing ថា ដូចជាកំពុងបើកបង្អួចទទួលយកពន្លឺថ្ងៃដែលត្រួសត្រាយផ្លូវឲ្យគ្រប់ភាគីអាចទទួលបាននូវការផ្សះផ្សាជាតិមួយនាពេលអនាគត។
ប៉ុន្តែលោកបានបន្តទៀតថា ភាគីពាក់ព័ន្ធនៅតែចង់បន្តការប្រយុទ្ធគ្នា ជំនួសឲ្យការចរចា ហើយថា ជំនួយមនុស្សធម៌ ត្រូវបានស្តុកទុកដោយសារតែមិនអាចចែកចាយដល់អ្នកដែលត្រូវការ។
លោក Santiago បានថ្លែងទៀតថា ការមិនរីកចម្រើនលើការផ្ដល់ជំនួយមនុស្សធម៌ដែលពួកយោធាចង់គ្រប់គ្រងទាំងស្រុង រួមជាមួយនឹងការខកខានមិនបានជួបជាមួយលោកស្រី Aung San Suu Kyi បានធ្វើឲ្យខូចដល់ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន។
លោក បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើលោកចាត់ទុកការពិភាក្សាជាមួយលោក Min Aung Hlaing ថាជាការរីកចម្រើននោះ ខ្ញុំគិតថា យើងត្រូវតែផ្ដល់និយមន័យនៃពាក្យថា រីកចម្រើនឡើងវិញ»។
លោក Santiago បាននិយាយទៀតថា៖ «យើងបានរំពឹងទុកថា នឹងមានការសន្ទនាផ្នែកនយោបាយមួយ ហើយឧត្តមសេនីយ៍ Min Aung Hlaing បានប្រាប់លោកថា លោកនឹងពិចារណាការស្នើសុំជួបជាមួយលោកស្រី Aung San Suu Kyi នៅថ្ងៃណាមួយ។ ដូច្នេះ វានឹងកាន់តែពិបាកថែមទៀត ពីព្រោះថា យើងមិនអាចឈានដល់សូម្បីតែការពិភាក្សាគ្នាលើផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់សន្តិភាពនិងការផ្សះផ្សា ប្រសិនបើយើងមិនទទួលបានសេចក្តីគួរសមក្នុងដំណើរការនេះ»។
ការចរចាជាមួយលោកស្រី Aung San Suu Kyi និងអ្នកនយោបាយជាន់ខ្ពស់ដទៃទៀតនៅក្នុងគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងការផ្ដល់ជំនួយមនុស្សធម៌ ជាកត្តាចម្បងនៅក្នុងគោលការណ៍ឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។
គោលការណ៍ឯកច្ឆន៥ចំណុចនោះ ក៏បានស្នើឲ្យមានកិច្ចសន្ទនាប្រកបដោយការស្ថាបនាក្នុងចំណោមគណបក្សនយោបាយទាំងអស់ ដែលសម្របសម្រួលដោយប្រេសិតប្រធានអាស៊ាន ព្រមទាំងការបញ្ឈប់អំពើហិង្សាជាបន្ទាន់។ បទឈប់បាញ់គ្នាដែលរួមមានកិច្ចព្រមព្រៀងដែលធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន កាលពីពេលមុន ត្រូវបានរំលោភបំពានជាបន្តបន្ទាប់។
ក៏ប៉ុន្តែ លោក Carl Shuster សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Hawaii Pacific បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន និងការឆ្លើយតបទៅលើសំណើរបស់លោក មានភាពសមស្របទៅតាមវប្បធម៌នយោបាយរបស់អាស៊ាន ហើយក្ដីសង្ឃឹមធំបំផុតសម្រាប់បញ្ហាមីយ៉ាន់ម៉ានោះគឺថា កម្ពុជានិងអាស៊ាន អាចបន្តការដាក់សម្ពាធផ្នែកការទូតលើប្រទេសនេះ។
លោក Schuster បានថ្លែងដោយសំដៅទៅលើជំនួបរវាងលោកប្រាក់ សុខុន ជាមួយឧត្តមសេនីយ៍ Min Aung Hlaing យ៉ាងដូច្នេះថា៖ «ពួកគាត់មិនដែលជេរប្រទេចគ្នាទេហើយវប្បធម៌របស់ពួកគាត់គឺមិនដែលនិយាយអ្វីអាក្រក់ពីគ្នាទេ ទោះបីជាមានព័ត៌មានអាក្រក់ក៏ដោយ។ ដូច្នេះ នៅពេលលោកថ្លែងថា មានការរីកចម្រើន អ្វីដែលលោកចង់និយាយនោះគឺថា លោកបានជួយបជាមួយឧត្តមសេនីយ៍ Min Aung Hlaing»។
លោកSchuster ក៏បាននិយាយដែរថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យមានកម្រិត ហើយការផ្ដោតការយកចិត្តទុកដាក់នោះ ត្រូវតែធ្វើលើផលប្រយោជន៍បីយ៉ាងសម្រាប់សមាជិកអាស៊ានផ្សេងទៀតដែលផលប្រយោជន៏នោះរួមមាន សន្តិភាព ស្ថិរភាពនិងពាណិជ្ជកម្មផ្នែកសេដ្ឋកិច្ច។
លោក បានថ្លែងទៀតថា៖ «អាស៊ានត្រូវតែបន្តធ្វើការជាមួយមីយ៉ាន់ម៉ា ប៉ុន្តែ ពួកគេក៏ជួបនូវបញ្ហាទ្វេគ្រោះផងដែរគឺ៖ កម្ពុជាមិនមានជំហររឹងមាំដើម្បីនិយាយទៅកាន់មីយ៉ាន់ម៉ាថា រដ្ឋាភិបាលមីយ៉ាន់គ្មានប្រជាធិបតេយ្យហើយថា មីយ៉ាន់ម៉ានឹងជួបផលវិបាកនោះទេ។ ប៉ុន្តែអ្វីដែលកម្ពុជា អាចធ្វើបាននោះគឺប្រាប់ទៅមីយ៉ាន់ម៉ាថា អ្វីដែលគេកំពុងធ្វើនោះ ធ្វើឲ្យប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាព»។
លោកSchuster បាននិយាយទៀតថា៖ «អ្វីដែលអាស៊ានកំពុងធ្វើ គឺគ្រាន់តែជំរុញឲ្យមានការសន្ទនានិងក្ដីសង្ឃឹមថា មេដឹកនាំរដ្ឋប្រហារនឹងមើលឃើញថា ការបន្តដើរលើផ្លូវដែលខ្លួនកំពុងមានបច្ចុប្បន្ននេះ គ្មានផលប្រយោជន៍អ្វីសម្រាប់ពួកគេទេ»។
លោក ថ្លែងទៀតថា៖ «ពួកគេកំពុងប្រព្រឹត្តអំពើឃោរឃៅទៅលើប្រជាជនខ្លួនឯង ហើយជាលទ្ធផល បានត្រឹមតែធ្វើឲ្យមានការតស៊ូប្រឆាំងកាន់តែខ្លាំងជាងមុន»។
លោកប្រាក់ សុខុន បានស្នើឲ្យមានសន្និសីទមួយនៅខែមេសាឬឧសភាដើម្បីពិភាក្សាលើការផ្ដល់ជំនួយហើយលោកក៏បានច្រានចោលការរិះគន់ដែលថា បេសកកម្មរបស់លោក បានធ្វើឲ្យមានភាពស្របច្បាប់ដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ លោកថា កម្ពុជាគ្មានចង់បានអ្វីក្រៅពីជួយកសាងសន្តិភាពឡើងវិញសម្រាប់មីយ៉ាន់ម៉ានោះទេ។
លោកBradley Murg អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព បានថ្លែងថា ជម្រើសដែលអាស៊ានមានហាក់ដូចជាតិចតួចបំផុត។
លោកថ្លែងយ៉ាងដូច្នេះថា៖ «សុទិដ្ឋិនិយមនៅពេលនេះពាក់ព័ន្ធនឹងកម្ពុជា ក៏ដូចជាអាស៊ានទាំងមូលក្នុងការសម្រេចបាននូវការផ្លាស់ប្ដូរសំខាន់ៗនៅក្នុងស្ថានភាពមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺមានការរំពឹងទុកខុស»។
លោក Murg បានបន្ថែមទៀតថា៖ «ទស្សនកិច្ចរបស់លោកប្រាក់ សុខុន បង្ហាញពីការលំបាកដែលកម្ពុជាកំពុងមានការពាក់ព័ន្ធនឹងការធ្វើជាប្រធានអាស៊ាន ពីព្រោះថា មីយ៉ាន់ម៉ា នៅតែបន្តបង្ហាញថា ពួកគេនៅតែចូលរួមជាមួយនឹងដំណើរការនានា ប៉ុន្តែមិនមែននៅក្នុងរបៀបមួយដែលមានសារៈសំខាន់នោះទេ»៕
ប្រែសម្រួលដោយលោក នៀម ឆេង