ក្រុមអ្នកឯកទេសនិយាយថា ប្រទេសអាស៊ានទាំងអស់ គួរតែប្រកាន់ជំហររឹងមាំ នៅពេលចរចាកិច្ចព្រមព្រៀងវិនិយោគរបស់ចិន ពីព្រោះវិនិយោគិនចិនចង់ក្លាយជាភាគីដែលមានការទទួលខុសត្រូវនៅក្នុងតំបន់។
កិច្ចពិភាក្សាមួយ រៀបចំដោយមជ្ឈមណ្ឌល Stimson កាលពីថ្ងៃទី១១ ខែឧសភា ពិនិត្យមើលលើការវិវត្តន៍នៃការអនុវត្តអាជីវកម្មរបស់ចិននៅអាស៊ីអាគ្នេយ៍ ឬ «ទម្លាប់ចិន» ដែលជាវិធីសាស្ត្រវិនិយោគផ្អែកលើស្ថានភាពជាក់ស្ដែង និងការផ្លាស់ប្ដូរតួនាទីរបស់សង្គមស៊ីវិលក្នុងវិស័យវិនិយោគបរទេស។
លោក Kavi Chongkittavorn ដែលជាសមាជិកទស្សនកិច្ចសិក្សាតំបន់អាស៊ីនៅមជ្ឈមណ្ឌល East West Center និងជាអតីតអ្នកកាសែតមានបទពិសោធន៍ការងារជាងបួនទសវត្សរ៍នៅតំបន់អាស៊ីអាគ្នេយ៍ និយាយថា ការវិនិយោគរបស់ចិន គឺមានភាពបត់បែនខ្លាំង ហើយវិធីសាស្ត្រចរចារឹងមាំ នឹងផ្ដល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់បណ្ដាប្រទេសអាស៊ានដែលជាម្ចាស់ផ្ទះ។
លោក Kavi Chongkittavorn ថ្លែងថា៖
«នៅក្នុងការចរចាជាមួយចិនអំពីរថភ្លើងល្បឿនលឿន យើង [ប្រទេសថៃ] បានពង្រឹងលក្ខខណ្ឌរបស់យើង។ ប្រទេសចិនបានឆ្លើយតប។ ដំបូងវាដូចជាការចរចាជាមួយប្រទេសឡាវដែលមានលក្ខខណ្ឌមូលដ្ឋានធម្មតាទាំងអស់ ហើយបន្ទាប់មក ប្រទេសថៃនិយាយថា ទេ ទេ! នេះគឺជាអ្វីដែលយើងចង់បាន។ ហើយបន្ទាប់មក វិនិយោគិនចិននិយាយថា យល់ព្រម»។
លោក Chongkittavorn ពន្យល់ថា នេះជាឧទាហរណ៍មួយ ដែលថាប្រទេសចិនអាចទទួលយកការទាមទារតឹងរ៉ឹងក្នុងកិច្ចចរចាវិនិយោគ ពីព្រោះចិនផ្ដល់អាទិភាពខ្ពស់លើទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលលោក Chongkittavorn ហៅតំបន់នេះថាជា «ទីធ្លាមុខផ្ទះ» របស់ចិន។
លោក Chongkittavorn ថ្លែងថា៖
«ប្រទេសចិននឹងមានអាកប្បកិរិយាផ្អែកតាមស្ថានភាពជាក់ស្ដែង ព្រមទាំងសម្រប និងពង្រឹងខ្លួន ទៅតាមកាលៈទេសៈ។ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសចិនត្រូវតែមានការប្រុងប្រយ័ត្នខ្លាំង។ ប្រសិនបើអ្នកមានកំហុស ហើយអ្នកមិនកែ វានឹងមានផលវិបាកយ៉ាងធំធេង ព្រោះបើអ្នកប៉ះពាល់ដល់ប្រទេសអាស៊ានមួយ ឧទាហរណ៍ថាប៉ះពាល់ប្រទេសថៃ វានឹងធ្វើឲ្យមានផលប៉ះពាល់ដល់ប្រទេសអាស៊ានដទៃទៀត»។
ទីធ្លាមុខផ្ទះរបស់ចិន
ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករណ៍ថា នៅឆ្នាំ ២០៣០ សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ីដែលកំពុងងើបឡើងនានា នឹងត្រូវការប្រាក់វិនិយោគប្រហែល ២៦លានលានដុល្លារ ឬ ១,៧លានលានដុល្លារក្នុងមួយឆ្នាំ ដើម្បីរក្សាល្បឿនអភិវឌ្ឍន៍តាមគោលដៅ។
ប្រទេសចិនចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ថាជាទិសដៅសំខាន់ជៀសមិនបានសម្រាប់ការវិនិយោគ ពីព្រោះឱកាសវិនិយោគក្នុងស្រុករបស់ខ្លួនចាប់ផ្ដើមកល់មិនសូវរីកលូតលាស់ទៅមុខទៀត។ ការណ៍នេះត្រូវបានបង្ហាញដោយលំហូរចូលនៃការវិនិយោគរបស់ចិនទៅកាន់អាស៊ីអាគ្នេយ៍ដែលនៅឆ្នាំ ២០១៥ មានប្រហែល ៥,៣៦ភាគរយ នៃចំនួនវិនិយោគបរទេសសរុបក្នុងតំបន់ ប៉ុន្តែបានកើនឡើងទៅដល់ជិត១០ភាគរយនៅឆ្នាំ ២០១៦។ នេះបើយោងតាមស្ថិតិរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ ASEAN។
លោក Chongkittavorn ថ្លែងថា៖
«ប្រទេសចិនត្រូវការតំបន់អាស៊ីអាគ្នេយ៍ដើម្បី ប្រើប្រាស់លុយដែលខ្លួនសល់ច្រើនពេកនិងដើម្បីវិនិយោគបង្កើនទុនសេដ្ឋកិច្ចនិងផលិតភាព ជាពិសេសលើវិស័យរថភ្លើងល្បឿនលឿន»។
គម្រោងខ្សែក្រវ៉ាត់និងផ្លូវ ឬ Belt and Road Initiative ហៅកាត់ថា BRI ដែលដឹកនាំដោយប្រទេសចិន ក្នុងគោលបំណងកសាងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងទ្វីបអាស៊ីនិងអឺរ៉ុប បានបង្កើនវត្តមានវិនិយោគទុនរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ គម្រោងផ្លូវដែកមួយចំនួន នៅក្នុងប្រទេសថៃឡាវនិងឥណ្ឌូណេស៊ី និងខ្សែរថភ្លើងល្បឿនលឿនថ្មី ដែលរត់ពីភាគខាងត្បូងប្រទេសចិន កាត់ប្រទេសឡាវ ទៅកាន់ប្រទេសថៃ ត្រូវបានទទួលការឧបត្ថម្ភថវិកានៅក្រោមគម្រោងខ្សែក្រវ៉ាត់និងផ្លូវ BRI នេះ។
យ៉ាងណាមិញ ការវិនិយោគចិនក្នុងអាស៊ីអាគ្នេយ៍គ្រប់ដណ្ដប់លើវិស័យផ្សេងៗលើសពីការកសាងហេដ្ឋារចនាសម្ព័ន្ធ។
អ្នកស្រី Courtney Weatherby អ្នកវិភាគការសិក្សាស្រាវជ្រាវតំបន់អាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌល Stimson និយាយថា ប្រទេសចិនគឺជាអ្នកវិនិយោគទុនដ៏ធំបំផុត លើវិស័យសំខាន់ៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងរ៉ែ ដោយមានគម្រោងជាច្រើនរាប់បញ្ចូលទាំង ផ្លូវថ្នល់ ផ្លូវដែក ទំនប់វារីអគ្គិសនី និងបំពង់បង្ហូរប្រេងនៅក្នុងបណ្ដាប្រទេសអាស៊ាន។ អ្នកស្រី Weatherbyបន្ថែមថា វិស័យផលិតកម្មក៏ជាវិស័យចម្បងសម្រាប់ប្រទេសចិនធ្វើការវិនិយោគផងដែរ។
អ្នកស្រី Weatherby ពន្យល់ថា៖
«វិស័យផលិតកម្មច្បាស់ជាវិស័យសំខាន់មួយ នេះបើផ្អែកទៅលើសក្ដានុពលរបស់ប្រជាជននាពេលបច្ចុប្បន្ន ដែលពួកគេមានជំនាញផ្នែកផលិតកម្មរួចស្រាប់ នៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន»។
អ្នកស្រី Weatherby បន្ថែមថា កំណើនតម្លៃពលកម្មក្នុងស្រុក ក៏ជំរុញឲ្យក្រុមហ៊ុនចិនជាច្រើនក្នុងវិស័យផលិតកម្ម ចេញពីប្រទេសចិនទៅរកស៊ីក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
អ្នកស្រី Weatherby និយាយថា៖
«ហើយជាពិសេសការផ្លាស់ប្ដូរដែលកំពុងកើតឡើងនៅក្នុងប្រទេសចិន ដែលការផលិតកំពុងឡើងថ្លៃខ្លាំងពេក ដោយសារកំណើនប្រាក់ឈ្នួល។ ដូច្នេះហើយក្រុមហ៊ុនចិនជាច្រើនកំពុងសម្លឹងរកការវិនិយោគក្នុងវិស័យផលិតកម្មនៅក្រៅប្រទេស»។
ហានិភ័យនៃការវិនិយោគចិន
វិស័យនានាដូចជាថាមពលវារីអគ្គិសនី ដែលប្រទេសចិនបានវិនិយោគនៅអាស៊ីអាគ្នេយ៍ជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែវាក៏នាំមកនូវផលប៉ះពាល់បរិស្ថាននិងសង្គមយ៉ាងខ្លាំងផងដែរ។
អ្នកស្រី Weatherby និយាយថាប្រទេសអាស៊ានទាំង ១០ មានសមត្ថភាពតិចតួចក្នុងការរក្សាបទដ្ឋានផ្លូវច្បាប់ ការវាយតម្លៃហានិភ័យ និងការអនុវត្តច្បាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងសង្គម ពីគម្រោងវិនិយោគរបស់ចិន។
អ្នកស្រី Weatherby បកស្រាយថា៖
«ប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា គឺជាប្រទេសមួយចំនួនដែលមានស្តង់ដារច្បាប់ទាបបំផុត សម្រាប់ការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម និងការដាក់កំហិតកម្រិតនៃការបំពុល។
អ្នកស្រី Weatherby បន្តថា៖
«សូម្បីតែបណ្ដាប្រទេសដែលបានចង់ក្រងច្បាប់វិនិយោគបរទេសក៏ដោយ ក៏សមត្ថភាពក្នុងការតាមដាននិងពិនិត្យវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គមមានកម្រិតទាបនៅឡើយ។ ហើយសំខាន់ជាងនេះ ការអនុវត្តច្បាប់មានកម្រិតទាប និងជាបញ្ហាប្រឈមដ៏ធំមួយ»។
Your browser doesn’t support HTML5
ទាមទារស្តង់ដាខ្ពស់
មានការយល់ឃើញជាទូទៅថា ក្រុមហ៊ុនចិនតែងតែមានផ្នត់គំនិត «បំពុលបរិស្ថានជាមុនសិន ហើយសម្អាតតាមក្រោយ»។ ប៉ុន្តែក្រុមហ៊ុនចិនធំៗជាច្រើន មានឆន្ទៈគោរពតាមផែនការដែលធានាថា ពួកគេអាចសម្រេចកិច្ចការតាមស្តង់ដារ ហើយថាពួកគេត្រូវបានចាត់ទុកជាភាគីពាក់ព័ន្ធដែលមានការទទួលខុសត្រូវ និងដែលអាចចរចាបានយ៉ាងសមហេតុសមផល»។ នេះបើយោងតាមអ្នកស្រី Weatherby។
អ្នកស្រី Weatherby ថ្លែងថា៖
«ពួកគេត្រូវបានធ្វើឲ្យខាតបង់ជាខ្លាំង ដោយសារកំហុសផ្សេងៗ ហើយពួកគេកំពុងតែចាប់ផ្ដើមកែលម្អអាកប្បកិរិយារបស់ពួកគេ។ ពួកគេប្រាកដជាមានឆន្ទៈក្នុងការទទួលយកមតិយោបល់ពីអង្គការសង្គមស៊ីវិលក្នុងស្រុក និងសហគមន៍ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគរបស់ពួកគេ»។
ទីបំផុត វាអាស្រ័យលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នីមួយៗ ក្នុងការទាមទារបង្កើនផលប្រយោជន៍សេដ្ឋកិច្ចជាអតិបរមា និងសម្រេចចង់បានការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
អ្នកស្រី Yun Sun ដែលជានាយករងកម្មវិធីសិក្សាតំបន់អាស៊ីបូព៌ានៅមជ្ឈមណ្ឌល Stimson និយាយថា ចំណុចសំខាន់នៃការពិភាក្សានេះ គឺតួនាទីរបស់ប្រទេសម្ចាស់ផ្ទះក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការបង្កើតស្តង់ដារដែលធានានូវការអនុវត្តអាជីវកម្មល្អ និងការចូលរួមយ៉ាងសកម្មរបស់អង្គការសង្គមស៊ីវិល ក្នុងការតាមដាននិងពិនិត្យមើលឥរិយាបថរបស់ក្រុមហ៊ុនចិន និងទំនាក់ទំនងរបស់ក្រុមហ៊ុនទាំងនោះជាមួយមន្ត្រីមូលដ្ឋាននានា។
អ្នកស្រី Sun និយាយថា៖
«រដ្ឋាភិបាលដែលទទួលគម្រោងវិនិយោគចិនទាំងឡាយ ត្រូវតែមានជំហររឹងមាំ។ ប្រសិនបើ ពួកគេទទូចចង់បានឲ្យធ្វើតាមស្តង់ដាររបស់ពួកគេ ប្រសិនបើពួកគេទទូចឲ្យមានកិច្ចព្រមព្រៀងយុត្តិធម៌មួយនោះ ចិននឹងធ្វើសម្បទាន និងយកព្រមធ្វើតាម»។