រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចផ្អាកការលើកលែងទិដ្ឋាការសម្រាប់ជនបរទេស ក្នុងនោះមានកម្ពុជាផងដែរ ខណៈវៀតណាមបានតម្រូវឲ្យជនបរទេស ដែលទទួលបានទិដ្ឋាការលើកលែង ត្រូវមានលិខិតបញ្ជាក់ថា គ្មានវីរុសកូរ៉ូណាក្នុងខ្លួន ប្រសិនបើពួកគេចង់ចូលប្រទេសវៀតណាម។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំ នៅប្រទេសឥណ្ឌូនេស៊ី ចុះថ្ងៃទី១៨ ខែមីនា ឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្អាកមិនឲ្យជនបរទេសចូលប្រទេសខ្លួនជាបណ្តោះអាសន្នចំពោះប្រទេស ដែលមានកិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការជាមួយប្រទេសឥណ្ឌូនេស៊ី ក្នុងនោះមានកម្ពុជាផងដែរ។
លិខិតនេះបញ្ជាក់ថា ការអនុវត្តវិធានការខាងលើនេះ រួមបញ្ចូលទាំងលិខិតឆ្លងដែនការទូត និងផ្លូវការ ហើយនឹងចូលជាធរមាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ដោយមានរយៈពេល១ខែ ឬរហូតដល់មានការជូនដំណឹងថ្មី។
នៅក្នុងសេចក្តីប្រកាសនោះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា ពលរដ្ឋកម្ពុជាដែលមានបំណងធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ត្រូវស្នើសុំទិដ្ឋាការពីស្ថានទូតឥណ្ឌូនេស៊ីជាមុនសិន ដោយត្រូវភ្ជាប់លិខិតបញ្ជាក់សុខភាពពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
ចំណែករដ្ឋាភិបាលវៀតណាមក៏បានចាប់ផ្តើមរឹតបន្តឹងការចូលទៅប្រទេសរបស់ខ្លួនដែរ។ លិខិតរបស់ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម ចុះថ្ងៃទី១៨ ខែមីនា ផ្ញើទៅរដ្ឋមន្រ្តីការបរទេសកម្ពុជា ឲ្យដឹងថា រដ្ឋាភិបាលវៀតណាម បានសម្រេចផ្អាកការផ្តល់ទិដ្ឋាការជាបណ្តោះអាសន្ន មិនឲ្យជនបរទេសទាំងអស់ចូលវៀតណាម រយៈពេល៣០ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ។
លិខិតនេះបញ្ជាក់បន្ថែមថា អ្នកដែលទទួលបានការលើកលែងទិដ្ឋាការ រួមមានពលរដ្ឋកម្ពុជាផងដែរ ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានជំងឺ COVID19 ចេញដោយអាជ្ញាធរមូលដ្ឋាននៃប្រទេសដែលពួកគេរស់នៅ ហើយត្រូវមានការយល់ព្រមជាមុនពីអាជ្ញាធរវៀតណាម ទើបអាចចូលប្រទេសវៀតណាមបាន។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ VOA តាមប្រព័ន្ធតេលេក្រាម(Telegram)ថា លោកបានទទួលព័ត៌មាននៃការរឹតបន្តឹងការចូលទៅប្រទេសទាំងនេះ ប៉ុន្តែលោកមិនអាចបញ្ជាក់ថា មានប្រទេសណាខ្លះនោះទេ។ លោកថា នេះជាការរឹតបន្តឹងទូទៅ មិនមែនតែលើជនជាតិកម្ពុជាទេ។
លោកបានបញ្ជាក់ថា៖ «តាមខ្ញុំទទួលបានព័ត៌មាន គឺប្រទេសមួយចំនួននៅអាស៊ានមានវិធានការរឹតបន្តឹងការធ្វើដំណើរចូលប្រទេសគេ ដល់ជនបរទេសទូទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺCovid19 មិនមែនតែចំពោះកម្ពុជាទេ»។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម មានប្រសាសន៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី និងវៀតណាមចាប់ផ្តើមចាត់វិធានការការពារការឆ្លងជំងឺកូវីដពីក្រៅប្រទេសចូលមកក្នុងប្រទេសខ្លួន ដោយមិនគិតពីបញ្ហាសេដ្ឋកិច្ចជាធំ ស្របពេលដែលកម្ពុជានៅតែមានភាពបើកចំហ ដែលលោកថា នេះនាំឲ្យមានការឆ្លងវីរុសនេះមកលើពលរដ្ឋកម្ពុជា។
លោកបានថ្លែងថា៖«ក្នុងពេលហ្នឹង ប្រទេសដូចវៀតណាមអី គេទុករឿងសេដ្ឋកិច្ចឲ្យនៅម្តុំសិន ហើយគេត្រូវការការពារមិនឲ្យមានជំងឺហ្នឹងចូលពីក្រៅទៅណា៎។ យើងមើលនៅក្នុងប្រទេសយើងនេះ ដោយសារតែយើងមានការបើកចំហហ្នឹងឯង ដែលធ្វើឲ្យជំងឺដែលម្តងនេះ ភាគច្រើនជំងឺដែលចូលពីក្រៅមក»។
ករណីវីរុសកូរ៉ូណានៅកម្ពុជាបានកើនដល់៣៥នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ ដោយក្នុងនោះ មានពលរដ្ឋកម្ពុជាចំនួន២២នាក់។ ពលរដ្ឋកម្ពុជាភាគច្រើនបានឆ្លងវីរុសនេះ បន្ទាប់ពីពួកគេចូលរួមក្នុងពិធីសាសនាមួយនៅក្នុងប្រទេសម៉ាឡេស៊ី ហើយត្រឡប់មកកម្ពុជាវិញ។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមបិទការធ្វើដំណើររបស់ជនបរទេសមកពីប្រទេសចំនួន៦ ចូលប្រទេសកម្ពុជា រួមមានអ៊ីតាលី បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អាមេរិក និងអ៊ីរ៉ង់ តាំងពីថ្ងៃទី១៧ ខែមីនា៕