ពួករដ្ឋមន្ត្រីរបស់តំបន់អាស៊ីអាគ្នេយ៍នៅថ្ងៃសុក្រនេះបានថ្កោលទោសការខ្វះការជឿនលឿនអំពីផែនការនៃដំណោះស្រាយវិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ាដោយសារតែរដ្ឋប្រហារនោះ និងបានទាមទារឱ្យពួកយោធាចាត់វិធានការមុនពេលសន្និសីទកំពូលនៅចុងឆ្នាំនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីការផ្តួលរំលំដោយពួកយោធាកាលពីខែកុម្ភ:ឆ្នាំទៅមក ហើយចំនួនមនុស្សស្លាប់បណ្តាលមកពីការបង្ក្រាបដ៏ព្រៃផ្សៃរបស់ពួកយោធាលើក្រុមប្រឆាំងបានឡើងរហួស២ពាន់១រយនាក់ហើយ។ នេះបើតាមក្រុមអ្នកឃ្លាំមើលក្នុងស្រុកមួយ។
កំហឹងកំពុងកើនឡើងនៅក្នុងចំណោមសមាជិកខ្លះរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ចំពោះការធ្វើឱ្យរាំងស្ទះរបស់ពួកឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ា ជាពិសេសបន្ទាប់ពីការប្រហារជីវិតពួកអ្នកទោស៤នាក់កាលពីខែមុន រួមទាំងឥស្សរជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ល្បីល្បាញ២នាក់ផង។
ប្លុកដែលមានប្រទេស១០ជាសមាជិក ដែលរហូតមកទល់ពេលនេះបានខិតខំប្រឹងប្រែងដោយមិនមានផ្លែផ្កាដើម្បីដោះស្រាយនូវភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ានោះបានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីការពិភាក្សារបស់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងរាជធានីភ្នំពេញ។
ពួករដ្ឋមន្ត្រីការបរទេសអាស៊ានបាននិយាយថា ពួកគេ«មានការអាក់អន់ចិត្តយ៉ាងខ្លាំងពីការ ជឿនលឿនដែលមានកម្រិត ហើយនឹងការខ្វះការតាំងចិត្តរបស់ពួកអាជ្ញាធរភូមាដើម្បីអនុវត្តឱ្យបានទាន់ពេលវេលានិងពេញលេញទៅលើចំណុចឯកច្ឆន្ទទាំង៥ចំណុច»។
នៅក្នុងការព្រមានដល់ពួកយោធាមីយ៉ាន់ម៉ា សេចក្តីថ្លែងការណ៍បានយោងដល់មាត្រា២០នៃធម្មនុញ្ញអាស៊ានដែលបានថ្លែងថា ជំនួបរបស់មេដឹកនាំអាស៊ាននៅចុងឆ្នាំនេះអាចចាត់វិធានការចំពោះ«ការមិនអនុវត្តតាម» របស់ប្រទេសមីយ៉ាន់ម៉ានោះ។
ការសម្រេចរបស់អាស៊ានជាធម្មតាត្រូវធ្វើឡើងដោយការមូលមតិគ្នា ក៏ប៉ុន្តែមាត្រា២០ នៃធម្មនុញ្ញអាស៊ាន អនុញ្ញាតឱ្យសន្និសីទកំពូលអាចអនុវត្តរំលងលើគោលការណ៍នេះ៕