ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា មេដឹកនាំនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ធ្វើព្រងើយកន្តើយ មិនខ្វល់ខ្វាយនឹងសំឡេងរបស់ពួកគេឡើយ។
សហប្រធាននៃវេទិកាសង្គមស៊ីវិលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ានកំពុងអង្វរករត្រង់ៗ ដល់មេដឹកនាំនៃអង្គការតំបន់អាស៊ាន ដោយនិយាយថា៖ «ចូរ យកចិត្តទុកដាក់ឲ្យបានម៉ត់ចត់ចំពោះសំឡេងរបស់អង្គការសង្គមស៊ីវិលផង ពីព្រោះពួកយើង មធ្យ័តអំពីការគាំទ្រ និងការការពារពលរដ្ឋអាស៊ាន»។
លោក Jerald Joseph ហើយនិងតំណាងកំពូលៗនៃសន្និសីទសង្គមស៊ីវិលអាស៊ាន និងវេទិកាប្រជាពលរដ្ឋអាស៊ានបានសម្តែងការស្រងាកចិត្តរបស់ពួកគេ នៅឯសន្និសីទកាសែតមួយដែលមានអ្នកយកព័ត៌មានតែប៉ុន្មាននាក់ប៉ុណ្ណោះចូលរួម ទោះបីជាមានអ្នកយកព័ត៌មានរាប់រយនាក់ ត្រូវបានអនុញ្ញាតឲ្យចូលយកព័ត៌មាននៅកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ ក្នុងទីក្រុងកូឡាឡាំពួរក៏ដោយ។
លោក Joseph បានថ្លែងយ៉ាងដូច្នេះទៅកាន់ក្រុមអ្នកយកព័ត៌មាន ដោយលោកសង្ឃឹមថា ពួកគេនឹងពាំនាំសារនេះទៅកាន់មេដឹកនាំអាស៊ាន ដែលបានច្រានចោលសំណើរបស់ពួកគេ ក្នុងការជួបប្រជុំជាមួយមេដឹកនាំទាំងនោះ។
«ពួកយើងក៏ជាប្រជាពលរដ្ឋរបស់អ្នកដែរ។ ពួកយើងមិនមែនត្រូវបានគេនាំខ្លួនចូលមកទីនេះទេ គឺពួកយើងរស់នៅទីនេះតែម្តង។ ពួកយើងដកដង្ហើមចេញចូលរៀងរាល់ថ្ងៃ និងដឹងរឿងរ៉ាវដែលកើតឡើងប្រចាំថ្ងៃនៅទីនេះ។ ពួកយើងតស៊ូ ព្យាយាមប្រយុទ្ធដើម្បីសិទ្ធិរបស់ពួកយើង»។
លោក Joseph ដែលជាសកម្មជនសិទ្ធិមនុស្សម៉ាឡេស៊ី និយាយបន្ថែមថា វាហាក់ដូចជាគួរឲ្យសោកសៅបន្តិចដែរ ដែលគ្មានមេដឹកនាំអាស៊ានណាម្នាក់យល់ព្រមរំលែកពេលវេលាសូម្បីតែ១៥នាទី ដើម្បីស្តាប់ការព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិល។
ប៉ុន្តែ ប្រទេសហ្វីលីពីនបានយល់ព្រមឲ្យឯកអគ្គរដ្ឋទូតរបស់ខ្លួនម្នាក់ជួបជាមួយនឹងតំណាងអង្គការសង្គមស៊ីវិលអាស៊ានមួយចំនួននៅថ្ងៃព្រហស្បតិ៍នេះ។
ប្រទេសចំនួន៣នៅសហភាពអឺរ៉ុបក៏បានបញ្ចូលក្រុមអង្គការសង្គមស៊ីវិលទៅក្នុងការសន្ទនារយៈពេល៩០នាទីរបស់ពួកគេដែរកាលពីថ្ងៃពុធ។
លោក Joseph ពន្យល់ថា៖
«នៅអឺរ៉ុបមានលំហរ និងការគោរពចំពោះអង្គការសង្គមស៊ីវិលច្រើនជាងឆ្ងាយណាស់»។
ថ្វីបើតំណាងអង្គការសង្គមស៊ីវិលមិនបានណាយចិត្តទាំងស្រុងក៏ដោយ ក៏ពួកគេក៏ហាក់ដូចជាឃ្លាតកាយបន្តិចដែរ ពីព្រោះព្រឹត្តិការណ៍របស់ពួកគេត្រូវបានរៀបចំឡើងចម្ងាយតែបីគីឡូម៉ែត្រប៉ុណ្ណោះពីមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួរ ដែលជាកន្លែងនៃកិច្ចប្រជុំកំពូលនេះ។ សេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលចុងក្រោយ ដែលមាន៩ចំណុចរបស់អង្គការសង្គមស៊ីវិល គឺដូចជាខុសពីធម្មតា នៅឯកិច្ចប្រជុំកំពូលអាស៊ាននោះ ដែលមើលទៅហាក់ដូចជាមានចេតនាបញ្ជៀសការប្រើពាក្យសម្តីដែលមានលក្ខណៈបង្កហេតុ។
សេចក្តីថ្លែងការណ៍បានសរសេរថា៖ «ដោយមានការឆ្លើយតបដ៏គួរឲ្យសង្វេគ និងមានលក្ខណៈព្រងើយកន្តើយពីអាស៊ានចំពោះបទអន្តរាគមន៍ និងអនុសាសន៍នានារបស់អង្គការសង្គមស៊ីវិល នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដែលពួកគេបានចូលរួមកន្លងមកនេះ ពួកយើងបានបង្ខំចិត្តសួរនាំអំពីអត្ថន័យនៃវោហាសាស្ត្រអំពីអាស៊ានដែលផ្តោតទៅលើប្រជាពលរដ្ឋ និងអាស៊ានដែលយកប្រជាពលរដ្ឋជាធំនោះ»។
លោក Joseph បាននិយាយថា៖
«យើងបាននិយាយបែបនេះដដែលៗ អស់រយៈពេល១០ឆ្នាំមកហើយ ហើយវាហាក់ដូចជា ម៉ាស៊ីនចាក់ថាសចម្រៀសមួយដែលខូចអញ្ចឹង។ យើងចង់បានអ្វីមួយសម្រាប់ធ្វើឲ្យម៉ាស៊ីនចាក់ថាសចម្រៀងនោះចាប់ផ្តើមដើរឡើងវិញ»។
លោក Phil Robertson នាយករងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធ នៅឯសន្និសីទអង្គការសង្គមស៊ីវិលថា៖
«វាហាក់ដូចជាការខំប្រឹងបិទចាហួយនៅលើជញ្ជាំងអញ្ចឹង ឬក៏វាប្រៀបដូចជាការបោកក្បាលរបស់ពួកយើងផ្ទប់ជញ្ជាំងដូច្នោះដែរ។ វាដូចជាកិច្ចសន្ទនាដែលមានអ្នកនិយាយតែម្ខាង រីឯភាគីម្ខាងទៀតធ្វើពត់ជាអ្នកស្តាប់»។
ជាគោលការណ៍ អាស៊ាន ដែលជាអង្គការសេដ្ឋកិច្ច និងនយោបាយដ៏សំខាន់ក្នុងតំបន់ មិនជ្រៀតជ្រែកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិករបស់ខ្លួនឡើយ។ ការណ៍នេះបានធ្វើឲ្យសមាគមនេះទទួលរងការរិះគន់ថា ជាស្ថាប័នបានតែនិយាយឥតបានការ ដោយគេចចេញពីការដោះស្រាយជម្លោះ និងបញ្ហាការទូតធ្ងន់ធ្ងរក្នុងតំបន់។
ឯកសារចំនួន១៨ រាប់ចាប់ពីសេចក្តីថ្លែងការណ៍ស្តីពីការប្រែប្រួលអាកាសធាតុរហូតដល់សហប្រតិបត្តិការដែនសមុទ្រក្នុងតំបន់ គ្រោងនឹងត្រូវបានអនុម័តដោយមេដឹកនាំអាស៊ាន។ នេះបើយោងតាមលោក Anifah Aman រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ។ បន្ថែមពីនេះទៀត ក្រុមមេដឹកនាំអាស៊ានគ្រោងនឹងចុះហត្ថលេខាលើអនុសញ្ញាមួយប្រឆាំងនឹងការជួញដូរមនុស្ស នៅថ្ងៃសៅរ៍។
កិច្ចប្រជុំកំពូលនេះក៏នឹងបើកសម្ពោធន៍ការចាប់ផ្តើមនៃសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។ សហគមន៍នេះមានទំហំសេដ្ឋកិច្ចរួមប្រហាក់ប្រហែលនឹងប្រទេសមួយដែលមានសេដ្ឋកិច្ចធំជាងគេទី៧ក្នុងពិភពលោក។ សហគមន៍សេដ្ឋកិច្ចអាស៊ាននេះមានគោលបំណងបង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មរួមមួយ ដែលមានលក្ខណៈប្រកួតប្រជែងខ្លាំង ដោយមានចំនួនប្រជាជនសរុបច្រើនជាង៦រយលាននាក់។
ក្រុមអង្គការសង្គមស៊ីវិលមានមន្ទិលចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ ដោយពោលថា គម្រោងសមាហរណកម្មសេដ្ចកិច្ចក្នុងតំបន់នេះ «មិនបានតម្រូវឲ្យបណ្តាក្រុមហ៊ុននានា ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សហើយនឹងបទដ្ឋានបរិស្ថាន និងសង្គមនោះទេ»។
ក្រុមសកម្មជន និងអ្នកដទៃទៀតរំពឹងតិចតួចណាស់ថា ការព្រួយបារម្ភទាំងនេះនឹងត្រូវបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់អាស៊ាននោះ។
លោក Grover Joseph Rees អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសទីម័រខាងកើត និយាយថា៖
«រដ្ឋាភិបាលភាគច្រើននៅលើលោកនេះមិនចង់ឲ្យអង្គការក្រៅរដ្ឋាភិបាលប្រាប់ពួកគេនូវអ្វីដែលត្រូវធ្វើនោះទេ។ រដ្ឋាភិបាលជាច្រើននៅក្នុងតំបន់នេះមានទ្រឹស្តីមួយដែលនិយាយថា ប្រសិនបើអ្នកមិនជាប់ទាក់ទងនឹងរដ្ឋាភិបាលទេនោះ នោះអ្នកប្រហែលជាមិនមានលក្ខណៈស្របច្បាប់ទេ»។
លោក Rees ដែលបានចូលរួមនៅក្នុងសន្និសីទអង្គការសង្គមស៊ីវិលអាស៊ានជាច្រើនលើក បានកត់សម្គាល់ឃើញថា នៅមានរដ្ឋាភិបាលដឹកនាំតាមបែបកាល់ម៉ាក្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា វៀតណាម និងឡាវជាដើម ដែលមានអង្គការក្រៅរដ្ឋាភិបាលក្លែងក្លាយរបស់ខ្លួន ដែលមានវត្តមាននៅក្នុងបន្ទប់ប្រជុំនេះ ហើយពួកគេធ្វើឲ្យអង្គការក្រៅរដ្ឋាភិបាលឯករាជ្យទៅជាខុសច្បាប់ទៅវិញ។ ស្ថានភាពនេះក៏មានលក្ខណៈដូចគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា (ភូមា) និងថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជាផងដែរ ដែលមានអង្គការក្រៅរដ្ឋាភិបាលក្លែងក្លាយជាច្រើន បានបង្ហាញមុខ នៅក្នុងកិច្ចប្រជុំទាំងនេះ។
ប៉ុន្តែ អ្នកសង្កេតការណ៍មួយចំនួនក៏មើលឃើញដែរថា អង្គការសង្គមស៊ីវិលអាស៊ានក៏គួរតែទទួលខុសត្រូវមួយផ្នែកចំពោះអប្រសិទ្ធភាពរបស់ខ្លួនក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយនេះ នៅពេលដែលសេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលទាំងនោះផ្តោតខ្លាំងលើការវាយប្រហារទៅលើក្រុមហ៊ុនសាជីវកម្មពហុជាតិ ជាជាងរិះគន់រដ្ឋាភិបាល។
លោក Rees និយាយថា៖
«អង្គការក្រៅរដ្ឋាភិបាល ដែលមាននិន្នាការឆ្វេងនិយម មិនចាប់អារម្មណ៍ទៅលើការការពារជនរងគ្រោះនៃរដ្ឋាភិបាលឆ្វេងនិយមទេ»។
វេទិកាសង្គមស៊ីវិលក៏បានចែកចាយឯកសាររបស់ខ្លួន ដោយមានតម្រូវការជាច្រើនដែលអ្នកការទូត និងអ្នកការិយាធិបតេយ្យអាស៊ានចាត់ទុកថា គួរឲ្យជិនឆ្អន់ដែរនោះ។
ថ្មីៗនេះ ក្រុមអ្នកសង្កេតការណ៍បានកត់សម្គាល់ឃើញថា ឯកសារស្តីពីលទ្ធផលចុងក្រោយរបស់អង្គការសង្គមស៊ីវិលមានខ្លឹមសារបែបបន្ទន់ឥរិយាបទបន្តិច។
លោក Rees បាននិយាយថា៖
«ពួកគេបានផ្ចង់អារម្មណ៍កាន់តែច្រើនទៅលើបញ្ហាសិទ្ធិមនុស្ស ហើយមិនសូវផ្តោតទៅលើបញ្ហាកំប៉ិចកំប៉ុកច្រើនទេ ប៉ុន្តែការណ៍នេះនៅតែមិនបានធ្វើឲ្យរដ្ឋាភិបាលអាស៊ាន មានឆន្ទៈ ស្តាប់ពួកគេដដែល»។
សន្និសីទសង្គមស៊ីវិល និងវេទិកាប្រជាពលរដ្ឋអាស៊ាននឹងមិនព្យាយាមសម្តែងការព្រួយបារម្ភរបស់ពួកគេទេ ក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំក្រោយ នៅប្រទេសឡាវ។ ក្រោយពីរដ្ឋាភិបាលឡាវបានហាមប្រាមមិនឲ្យមានការលើកឡើងអំពីប្រធានបទទាក់ទងនឹងសិទ្ធិមនុស្សនោះ អង្គការក្រៅរដ្ឋាភិបាលបានសម្រេចចិត្តលើកព្រឹត្តិការណ៍របស់ពួកគេទៅធ្វើនៅឯប្រទេសទីម័រខាងកើតវិញ នៅឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលលើកឡើងថា នៅក្នុងប្រទេសឡាវមិនមានការធានាអំពីលំហរសុវត្ថិភាពសម្រាប់ការពិភាក្សាគ្នាដោយបើកចំហ និងមានលក្ខណៈស្ថាបនានោះទេ៕
ប្រែសម្រួលដោយ សាយ មុន្នី