នៅថ្ងៃពុធនេះ ប្រទេសសិង្ហបុរីបានសុំដល់មេដឹកនាំក្នុងតំបន់ ដែលមកចូលរួមក្នុងសន្និសីទកំពូលក្នុងតំបន់មួយឲ្យរួបរួមគ្នា ហើយបានព្រមានប្រឆាំងនឹងការគំរាមកំហែងដល់កិច្ចសហប្រតិបត្តិការពហុភាគី និងបទដ្ឋានអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី Lee Hsien Loong នៃប្រទេសសិង្ហបុរីបានមានប្រសាសន៍នៅក្នុងពិធីបើកសម័យប្រជុំសន្និសីទកំពូលទី៣៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាសមាគមអាស៊ាន និងការប្រជុំមានការពាក់ព័ន្ធឯទៀតៗថា «ប្រព័ន្ធពហុភាគីបែបសេរី បើកចំហ និងផ្អែកលើបទបញ្ញត្តិដែលគាំទ្រឲ្យមានការលូតលាស់ និងស្ថិរភាពរបស់សមាគមអាស៊ានកំពុងតែជួបប្រទះបញ្ហា»។
លោក Lee Hsien Loong បានព្រមានថា «គេមិនទាន់ដឹងច្បាស់លាស់នៅឡើយទេថាតើពិភពលោកនឹងមានបទបញ្ញត្តិនិងបទដ្ឋានថ្មីនៃទំនាក់ទំនងអន្តរជាតិឬមួយក៏របៀបរៀបរយអន្តរជាតិនឹងត្រូវបំបែកជាប្លុកប្រជែងគ្នា»។
លោក Lee បានសុំដល់ប្រទេសទាំង១០ ដែលជាសមាជិកសមាគមអាស៊ានឱ្យនៅតែរួបរួមគ្នា ហើយលោកបានមានប្រសាសន៍ដែរថា ដោយសារមានបញ្ហានានាដូចជា ភាពមិនទៀងទាត់ខាងពាណិជ្ជកម្ជ និងការបង្អាក់ខាងបច្ចេកវិទ្យា នៅពេលនេះកិច្ចសហប្រតិបត្តិការពហុភាគី «មានភាពជាបន្ទាន់ជាងពេលណាៗទាំងអស់»។