ប្រទេសអាស៊ានសរសើរស.រ.អា.ចំពោះកិច្ចសហប្រតិបត្តិការស៊ីជម្រៅផ្នែកសន្តិសុខ នាវាចរណ៍លើផ្ទៃសមុទ្រ និងបញ្ហាជាច្រើនទៀតរបស់សមាគមអាស៊ាន។ ក្រុមមេដឹកនាំអាស៊ាន និងក្រុមមេដឹកនាំប្រទេសផ្សេងៗទៀតក្នុងពិភពលោករួមទាំងប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ាផងបានចូលរួមក្នុងកិច្ចប្រជុំកំពូលដែលចាប់ផ្តើមពីថ្ងៃទី៩ខែវិច្ឆិកាដល់ថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០១៤ ក្នុងទីក្រុង Nay Pyi Taw ប្រទេសភូមា ដើម្បីពិភាក្យាលើបញ្ហាបន្ទាន់ៗជាច្រើនដែលទាក់ទងនឹងពិភពលោកនិងតំបន់។
ក្រុមមេដឹកនាំប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា អាស៊ាន ប្តេជ្ញាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅថែមទៀតរឿងសន្តិសុខនាវា ចរណ៍លើផ្ទៃសមុទ្រ និងបញ្ហាសំខាន់ៗជាច្រើនទៀតជាមួយស.រ.អា. ក្នុងពេល ដែលជម្លោះសមុទ្រចិនខាងត្បូងក្លាយជាការគំរាមកំហែងសម្រាប់តំបន់។ នេះបើតាមការឲ្យដឹងនៃសេចក្តីព្រាងសេចក្តីថ្លែងការណ៍ប្រធានអាស៊ាន Chairman’s Statement នៃកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកលើកទី២ ដែលវីអូអេខេមរភាសា ទទួលបានពីប្រភពគួរឲ្យទុកចិត្តនៃសមាគមអាស៊ានមួយ។
សេចក្តីព្រាងឯកសារអាស៊ានដដែលនោះបានបញ្ជាក់ថា៖
«យើងសូមស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន អាមេរិកដ៏ស៊ីជម្រៅបញ្ហានាវាចរណ៍លើផ្ទៃសមុទ្រតាមរយៈការបង្កើនសមត្ថភាព ការចែករំលែកព័ត៌មាន និងកិច្ចសហប្រតិបត្តិការបច្ចេកវិជ្ជាទាក់ទងនឹងវេទិកានាវាចរណ៍ផ្សេងៗ ទៀត»។
ឯកសារដដែលបានផ្តល់តម្លៃខ្ពស់ដល់ស.រ.អា.ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ស.រ.អា.ជាមួយនឹងតំបន់អាស៊ាន ជាពិសេសការផ្តល់ថវិកា៣២,៥ពាន់លានដុល្លារសម្រាប់ការកសាងប្រព័ន្ធសន្តិសុខ និងការហ្វឹកហ្វឺនក្រុមបុគ្គលិកនាវាចរណ៍ជាដើម។
«មេដឹកនាំអាស៊ានសូមអរគុណចំពោះការប្រឹងប្រែងរបស់ស.រ.អា.ក្នុងការធ្វើឲ្យ ប្រសើរឡើងផ្នែកកិច្ចសហប្រតិបត្តិការជាវិជ្ជមានក្នុងតំបន់»។
បណ្តាប្រទេសអាស៊ានបានស្នើសុំដល់ស.រ.អា.ផងដែរដើម្បីឲ្យស.រ.អា.ដើរតួ សំខាន់ខ្លាំងថែមទៀតក្នុងការគាំទ្រកិច្ចប្រឹងប្រែងរបស់អាស៊ានដើម្បីពង្រឹងសមាហរណកម្មតំបន់ និងបង្រួមគម្លាតនៃការអភិវឌ្ឍក្នុងតំបន់តាមរយៈការបង្កើនពាណិជ្ជកម្មវិនិយោគ និងការរិតចំណងទាក់ទងពលរដ្ឋនិងពលរដ្ឋ។
សេចក្តីព្រាងសេចក្តីថ្លែងការណ៍ប្រធានអាស៊ាននេះត្រូវគេគ្រោងនឹងចេញផ្សាយឲ្យដឹងនៅថ្ងៃទី១៣ វិច្ឆិកាជាថ្ងៃបញ្ចប់ ដែលក្រុមមេដឹកនាំមកពីប្រទេសអាស៊ាន១០ប្រទេស មេដឹកនាំចិន និងលោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា ហើយនឹងមេដឹកនាំប្រទេសដទៃទៀតគ្រោងនឹងចូលរួមពិភាក្សាលើបញ្ហាពិភពលោកនិងបញ្ហាតំបន់មួយចំនួន ក្នុងបំណងបន្ថយក្តីបារម្ភរបស់សម្ព័ន្ធមិត្ត និងប្រទេសមួយចំនួនដែលមានកង្វល់អំពីឥទ្ធិពលចិនផងនោះ ជាពិសេសបញ្ហាជម្លោះដែនសមុទ្រភាគខាងត្បូងប្រទេសចិន។
លោកចន សៀយ៉ូសៀយ៉ារី (John Ciorciari) សាស្រ្តាចារ្យខាងគោលនយោបាយ សាធារណៈនៃសាកលវិទ្យាល័យ Michigan បានបញ្ជាក់ថា ប្រទេសអាស៊ានមួយ ចំនួនពិតជាមានក្តីបារម្ភខ្លាំងចំពោះឥទ្ធិពលចិនក្នុងពេលដែលរដ្ឋបាលលោក អូបាម៉ាបានបង្វែគោលនយោបាយស.រ.អា.មកតំបន់អាស៊ី។
«ដូច្នេះហើយកង្វល់ដែលថា ចិនអាចបង្កើនឥទ្ធិពលខ្លួនយ៉ាងខ្លាំងនោះ រដ្ឋាភិបាលតំបន់អាស៊ីអាគ្នេយ៍មួយចំនួនក្នុងសមាគមអាស៊ានបានរួមគ្នាងាកបែរទៅជិតស្និទនឹងស.រ.អា. ហើយស្វាគមន៍ការភ្ជាប់ទំនាក់ទំនងឡើងវិញរបស់សហរដ្ឋអាមេរិកក្នុងរឿងការទូត និងសន្តិសុខក្នុងតំបន់។ នេះជារឿងជឿនលឿនធំបំផុតសម្រាប់ភាគីស.រ.អា.។ សម្រាប់ទស្សនៈវិស័យចិនវិញ អ្វីដែលជាការចាប់អារម្មណ៍នោះគឺថា បើទោះណាចិនរងគ្រោះដោយការបាត់បង់ការទូតពិតមែនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែជម្លោះជាមួយសមាជិកអាស៊ានខ្លះទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូងក្តី ក៏ចិននៅតែអាចបន្តពង្រីកទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងតំបន់ដែរ»។
លោកចន សៀយ៉ូសៀយ៉ារី (John Ciorciari) បានបញ្ជាក់ថា ប្រទេសអាស៊ាន មានទំនាក់ទំនងខ្លាំងជាមួយស.រ.អា.ជាងជាមួយចិន បើទោះជាចិននៅឆ្នាំថ្មីៗ នេះបានកើនឡើងនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយនឹងអាស៊ានក្នុងរយៈ ពេល១៥ឆ្នាំចុងក្រោយក្តី។
«ស.រ.អា.មានប្រវត្តិយូរលង់នៃកិច្ចសហប្រតិបត្តិការការងារយ៉ាងជិតដិតជាមួយរដ្ឋជាសាមាជិកអាស៊ានមួយចំនួន។ ប្រទេសទើបតែកើនទំនាក់ទំនងឆ្នាំថ្មីៗនេះជាតួអង្គសំខាន់ផ្នែកការទូត និងសន្តិសុខតំបន់ ហើយក៏មានបន្ទុកនៃការព្យាយាមធ្វើឲ្យមានជោគជ័យមរតក៌សង្គ្រាមត្រជាក់នៃទំនាក់ទំនងប្រទូសរ៉ាយជាមួយនឹងប្រទេសអាស៊ានមួយចំនួន។ ដូច្នេះចិនជាទូទៅមិនមានទំនាក់ទំនងខ្លាំងដូចស.រ.អា.និងមានទំនាក់ទំនងសន្តិសុខមិនល្អដូចស.រ.អា.ទេក្នុងតំបន់អាស៊ីអាគ្នេយ៍»។
បន្ថែមពីលើគោលនយោបាយរបស់ស.រ.អា.នោះ លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជាអ្នកវិភាគមួយរូបបានអះអាងថា ការពាក់ព័ន្ធរបស់ស.រ.អា.ក្នុងតំបន់អាស៊ានយោងទៅលើបញ្ហាជាច្រើន រួមទាំងទំនាស់សមុទ្រចិនខាងត្បូង និងផលប្រយោជន៍ទៅវិញទៅមកផ្នែកសេដ្ឋកិច្ចក្នុងតំបន់ដែលមានពលរដ្ឋជាង៦០០លាននាក់ផងដែរ។
«ដោយសារជម្លោះប្រទេសចិន ស.រ.អា.ក៏យកចិត្តទុកដាក់ដែរ ជាពិសេសនៅក្នុង តំបន់សមុទ្រចិនខាងត្បូង ដែលជាផ្លូវសមុទ្រដ៏ធំជាងគេសម្រាប់ដឹកទំនិញច្រើន ជាងគេបង្អស់ក្នុងពិភពលោកហ្នឹង។ ដូច្នេះស.រ.អា.ចាប់អារម្មណ៍ធ្វើម៉េចធានា សន្តិសុខផ្លូវសមុទ្រហ្នឹងដើម្បីបើកឲ្យកប៉ាល់ដឹកទំនិញនៅបន្តមានសេរីភាព ហើយនេះជាប្រធានបទមួយដែលអាស៊ានក៏ចាប់អារម្មណ៍ ហើយក៏មានផល ប្រយោជន៍ដែរ ដោយសារអញ្ចឹងហើយបានជាទំនាក់ទំនងអាមេរិកអាស៊ានគឺ ផ្តោតទៅលើឆ្នេរសមុទ្រចិនខាងត្បូង ផ្តោតទៅលើសន្តិសុខរួម»។
លោកបានបន្ថែមថា ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានមានជម្លោះជាមួយចិន ហើយខ្លះក៏មិនមានជម្លោះ និងរងឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចពីចិនដែរ ក្នុងនោះមានដូចជាកម្ពុជាជាដើម ដែលលោកថា ប្រទេសកម្ពុជានិងប្រទេសដែលមិនមានជម្លោះជាមួយចិន គេមិនចង់ឲ្យអាស៊ានទាញទៅក្នុងជម្លោះទេ។
«ជាយុទ្ធសាស្ត្ររបស់គាត់ ចិនធ្វើម៉េចកុំឲ្យអាស៊ានធ្វើការសម្រេចចិត្តរួមបាន។ ហើយការព្យាយាមធ្វើឥទ្ធិពលក្នុងសមាគមអាស៊ានគឺងាយស្រួលទេ ព្រោះអី អាស៊ានមានសមាជិក១០បច្ចុប្បន្ននេះ ហើយសមាជិកមួយណាក៏អាចបដិសេធ បានដែរ ធ្វើការសម្រេចអីក៏ដោយ ទាល់តែសមាជិកទាំង១០យល់ព្រម។ អញ្ចឹងបើមានប្រទេសមួយក្នុងចំណោមប្រទេស១០ហ្នឹងមិនយល់ព្រម អាស៊ានធ្វើអីក៏អត់កើតដែរ»។
លោកអ៊ូ វីរៈបានសង្កត់ធ្ងន់ថា ដោយសារប្រទេសភូមាងាកបែរចេញពីចិន ចិនបានចាប់យកកម្ពុជាជាដៃគូតែមួយក្នុងអាស៊ាន។
«ពីដើមមកចិនពឹងផ្អែកទៅលើភូមា តែពេលបច្ចុប្បន្ននេះចិនពឹងភូមាលែងបានហើយ អញ្ចឹងចិនព្យាយាមមកពឹងប្រទេសកម្ពុជាដើម្បីធ្វើម៉េចរារាំងកុំឲ្យអាស៊ានរៀបចំជាកម្លាំងរួមគ្នាក្នុងការទប់ឥទ្ធិពលចិន»។
ចិនចង់ឲ្យមានការចរចាទ្វេភាគីជាមួយប្រទេសដែលមានជម្លោះជាមួយចិនរឿង ដែនសមុទ្រ តែប្រទេសមានជម្លោះខ្លះចង់ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ក្នុងក្របខណ្ឌអាស៊ានទាំងមូល។
លោកជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនដែល ធ្លាប់ធ្វើការទាក់ទងនឹងកិច្ចការយុវជនអាស៊ាន បានថ្លែងថា បញ្ហាជម្លោះសមុទ្រ ចិនខាងត្បូងត្រូវការស.រ.អា.ពាក់ព័ន្ធដើម្បីដោះស្រាយនិងបន្ធូរបន្ថយបរិយាកាសតានតឹងដែលជាក្តីបារម្ភ។
«នេះជាទំនាស់មួយដ៏ស្រួចស្រាវ។ បើសិនជាប្រទេសដែលពាក់ព័ន្ធជាមួយ ទំនាស់ហ្នឹងមិនត្រូវបានដោះស្រាយដោយសន្តិវិធីទេ វាអាចក្លាយទៅជាហិង្សា នៅក្នុងតំបន់ ហើយត្រង់ចំណុចហ្នឹងដែរ យើងគិតថា ស.រ.អា.មានតួនាទីមួយ សំខាន់ ដែលអាចធ្វើឲ្យមានឥទ្ធិពលទៅលើការដោះស្រាយវិបត្តិហ្នឹងដោយ សន្តិវិធី»។
នៅក្នុងសេចក្តីព្រាងសេចក្តីថ្លែងការណ៍មួយទៀតរបស់ប្រធានអាស៊ានក្នុងកិច្ច ប្រជុំកំពូលលើកទី១៧ អាស៊ានចិនដែលវីអូអេទទួលបានដែរនោះ បានឲ្យដឹងថា ប្រទេសអាស៊ាននិងចិនបានប្តេជ្ញាដែរថា នឹងធ្វើកិច្ចសហប្រតិបត្តិការស្រដៀងគ្នានឹងស.រ.អា.ដែរ។
«យើងស្វាគមន៍ការប្តេជ្ញារបស់ចិនក្នុងការអនុវត្តពេញលេញនិងមានប្រសិទ្ធភាពចំពោះសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិនៃភាគី ដែលទាមទារដែនអធិបតេយ្យសមុទ្រចិនខាងត្បូង (DOC) ទាំងស្រុង ហើយប្តេជ្ញាធ្វើការឆ្ពោះទៅកាន់ការបញ្ចប់ក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង COC តាមគោលការណ៍យល់ព្រមជា«ឯកឆន្ទៈ ឬកុងសង់ស៊ុស»។ គោលបំណងនៃក្រុមប្រតិបត្តិ COC នេះគឺដើម្បីបង្កើនការជឿជាក់ និងទំនុកចិត្ត រារាំងហេតុការណ៍ និងទប់ស្កាត់ហេតុការណ៍មិនឲ្យកើតឡើង ដែលរឿងនេះអាចជួយបង្កើតបរិយាកាសអំណោយផលក្នុងការដោះស្រាយជម្លោះកើតឡើងជាយថាហេតុ»។
ប្រទេសអាស៊ាន តាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដដែលនោះ បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការធានាសន្តិភាព ស្ថិរភាព និងសន្តិសុខនាវាចរណ៍ក្នុងតំបន់ ហើយនឹងសង្កត់ធ្ងន់ពីសារៈសំខាន់នៃសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិ DOC និងសេចក្តីថ្លែងការណ៍រួមកាលពីឆ្នាំ២០១២ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចិនលើកទី១៥ជាដើម។
«ក្នុងបរិបទនេះ យើងសូមបញ្ជាក់ឡើងវិញពីការប្តេជ្ញារបស់យើងបន្តអនុវត្តឲ្យ បានពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ DOC ដើម្បីកសាង ការជឿជាក់ និងទំនុកចិត្តដើម្បីពង្រឹងសន្តិសុខនាវាចរណ៍ ហើយលើកទឹកចិត្ត ដល់ភាគីពាក់ព័ន្ធ ឲ្យដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធីតាមគោល ការណ៍ច្បាប់ដែលទទួលស្គាល់ដោយអន្តរជាតិ រួមទាំងកតិការសញ្ញាអ.ស.ប.ឆ្នាំ ១៩៨២ស្តីអំពីច្បាប់សមុទ្រ (UNCLOS) ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើកម្លាំងយោធា និងបញ្ជៀសការធ្វើសកម្មភាពទាំងឡាយ ដែលនាំឲ្យមាន ការស្មុគស្មាញ ឬបង្កើនជម្លោះ ដែលប៉ះពាល់ដល់សន្តិភាពនិងស្ថិរភាព»។
ដោយឡែកសេចក្តីព្រាងសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ានស.រ.អា. បានស្វាគមន៍ចំពោះស.រ.អា.លើបញ្ហាជាច្រើនទៀតហើយនឹងប្តេជ្ញារួមគ្នាថា នឹងដោះស្រាយបញ្ហាភេរវកម្ម ការប្រែប្រួលអាកាសធាតុ ការទប់ស្កាត់ការរីកសាយភាយអាវុធប្រល័យលោក និងការបង្កើនកិច្ចសហប្រតិបត្តិការរឿងបរិស្ថានអាងទន្លេមេគង្គ វិស័យអប់រំ កសិកម្ម សន្តិសុខស្បៀង សន្តិសុខថាមពល និងការធ្វើទំនាក់ទំនងគ្នាផងដែរ៕