រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៩ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន បានបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយបានអំពាវនាវឲ្យមានសន្តិភាពនៅសមុទ្រចិនខាងត្បូង និងធ្វើការព្រមានរបបយោធាមីយ៉ាន់ម៉ា ព្រមទាំងរៀបចំផែនការស្ដារសេដ្ឋកិច្ចដែលខ្ទេចខ្ទាំដោយសារវិបត្តិកូវីដ១៩ផងដែរ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលជាអ្នកដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ បាននិយាយដោយស្មោះត្រង់អំពីការវាយតម្លៃរបស់លោកទៅលើកិច្ចប្រជុំនានាដែលមានរយៈពេលមួយសប្ដាហ៍នេះ។ លោករៀបរាប់កិច្ចប្រជុំនានាថា ធ្វើឡើងដោយស្មោះត្រង់ ឥតលាក់លៀម រស់រវើក និងកក់ក្ដៅ។
លោកថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃសៅរ៍ថា៖ «នេះជាពេលវេលាដ៏សំខាន់នៃភាពមិនច្បាស់លាស់នានាសម្រាប់តំបន់នេះ និងពិភពលោកទាំងមូល។ វាមិនមែនជារឿងងាយស្រួលនោះទេ សូម្បីតែវីរបុរស (superman) ក៏មិនអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបានដែរ»។
ទោះជាយ៉ាងណាក៏ដោយ ក៏សមាជិកអាស៊ានបានយកឈ្នះលើការខ្វែងគំនិតគ្នាមួយចំនួន និងបានចេញសេចក្ដីថ្លែងការណ៍រួមមួយដែលមានកម្រាស់ចំនួន ២៩ ទំព័រ ដែលគាំទ្រដោយដៃគូសន្ទនាភាគច្រើន រួមមានសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។ សេចក្ដីថ្លែងការណ៍នោះគ្រប់ដណ្ដប់ទៅលើបញ្ហាជាច្រើន និងបានធ្វើការកត់សម្គាល់លើរបបផ្ដាច់ការយោធាមីយ៉ាន់ម៉ាផងដែរ។
សេចក្ដីថ្លែងការណ៍នោះរួមបានលើកឡើងថា ការវិវត្តថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលពោរពេញទៅដោយជម្លោះ រួមមានការប្រហារជីវិតសកម្មជនប្រឆាំងចំនួន ៤ នាក់នៅមុនពេលកិច្ចប្រជុំនេះចាប់ផ្ដើម និងអសមត្ថភាពរបស់ពួកយោធាក្នុងការធ្វើឲ្យមានការរីកចម្រើនដល់ផែនការសន្តិភាពចំនួន ៥ ចំណុច ត្រូវបានលើកយកមកជជែកយ៉ាងទូលំទូលាយ។
សេចក្ដីថ្លែងការណ៍នោះរួមលើកឡើងថា៖ «យើងទាំងអស់គ្នាមានការខកចិត្តយ៉ាងខ្លាំងចំពោះការវិវត្តមានកម្រិត និងកង្វះការប្ដេជ្ញាចិត្តរបស់អាជ្ញាធរក្រុងណៃពិដោ ដែលខកខានមិនបានអនុវត្តឲ្យបានទាន់ពេលវេលា និងពេញលេញ ទៅលើកិច្ចព្រមព្រៀង ៥ ចំណុច»។ សេចក្ដីថ្លែងការណ៍នោះបានបន្ថែមទៀតថា អាស៊ានកំពុងពិចារណាទៅលើជំហានបន្ទាប់ទៀត។
អាស៊ានត្រូវបានរិះគន់យ៉ាងខ្លាំងចំពោះការឆ្លើយតបដ៏ទន់ភ្លន់ទៅលើការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ហើយកាលពីឆ្នាំមុន ការខ្វែងគំនិតគ្នាដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងព្រុយណេ បានបង្កើតយន្តការបីភាគីមួយ ដែលទាមទារឲ្យមានការឆ្លើយតបតឹងរ៉ឹងជាងមុន ខណៈដែលប្រទេសថៃ កម្ពុជា និងឡាវ ត្រូវបានគេចោទថា ជួយដល់របបយោធាមីយ៉ាន់ម៉ាទៅវិញ។
ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសកម្ពុជាបានថ្លែងថា ការប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤ នាក់ដោយរបបយោធាមីយ៉ាន់ម៉ា កាលពីខែមុន បានធ្វើឲ្យមេដឹកនាំអាស៊ានទាំងអស់ខកចិត្ត ហើយលោកក៏បានបញ្ជាក់ពីការផ្លាស់ប្ដូរអាកប្បកិរិយារបស់អាស៊ានចំពោះមីយ៉ាន់ម៉ាផងដែរ ដោយថ្លែងថា ថ្នាក់ដឹកនាំយោធាដែលត្រូវបានហាមមិនឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បានបរាជ័យក្នុងការកសាងទំនុកចិត្តនៅក្នុងសមាគមនេះ។
លោក ប្រាក់ សុខុន ថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើគ្មានទំនុកចិត្តទេនោះ ការប្រយុទ្ធនឹងនៅតែបន្ត ហើយដំណើរការផ្នែកនយោបាយនឹងមិនអាចចាប់ផ្ដើមបានទេ ពីព្រោះគ្មានអ្នកណាម្នាក់នឹងមកចូលរួមទេ ប្រសិនបើពួកគេខ្លាចបាត់បង់ជីវិត។ ដូច្នេះ ការកសាងទំនុកចិត្តគឺជារឿងដែលសំខាន់បំផុត»។
ក្រុមអ្នកវិភាគបាននិយាយថា «ជំហានបន្ទាប់» នឹងត្រូវសម្រេចនៅក្នុងរយៈពេល ៣ ខែទៀត ដែលក្នុងនោះអាចមានការដាក់ទណ្ឌកម្ម ការទទួលស្គាល់ក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា ឬ ក៏ការផ្ដាច់ទំនាក់ទំនងទាំងស្រុងពីរបបយោធា។ ការសម្រេចបែបណានោះនឹងត្រូវប្រកាសក្នុងកិច្ចប្រជុំកំពូលនៃបណ្ដាមេដឹកនាំអាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខនេះ។
ភាពតានតឹងរវាងចិន និង តៃវ៉ាន់
ភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលជាបញ្ហាមួយធ្វើឱ្យឈានដល់ការបែកបាក់គ្នាក្នុងចំណោមសមាជិកអាស៊ានទាំង ១០ មានសភាពកាន់តែធ្ងន់ធ្ងរជាងមុន នៅពេលដែលលោកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក បានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។ ប្រទេសចិនបានឆ្លើយតបទៅនឹងទស្សនកិច្ចនោះដោយការប្រកាសតំបន់បាញ់គ្រាប់ពិតទី ៧ នៅភាគខាងកើតកោះតៃវ៉ាន់ ដាក់ពង្រាយយន្តហោះចម្បាំង និងបាញ់គ្រាប់រ៉ុក្កែតផងដែរ។
នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលុបចោលកិច្ចពិភាក្សាដែលបានគ្រោងទុកជាមុនជាមួយសមភាគីជប៉ុនរបស់លោក គឺលោក Yoshimasa Hayashi បន្ទាប់ពីរដ្ឋាភិបាលក្រុងតូក្យូបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមប្រទេសចំនួន ៧ ដែលមានសេដ្ឋកិច្ចរីកលូតលាស់ ហៅកាត់ថា G-7ដោយអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៉េកាំងដោះស្រាយភាពតានតឹងនៅច្រកសមុទ្រកោះតៃវ៉ាន់ដោយសន្តិវិធី។
លោក Yi បានដើរចេញពីពិធីទទួលទានអាហារពេលល្ងាចមួយ ដែលកាយវិការនេះត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលចិនថ្លែងថា ដោយសារតែលោកមានកម្មវិធីមមាញឹក និងដោយសារតែគោលការណ៍របស់ចិនពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ ប៉ុន្តែ ប្រភពមួយចំនួនបានឲ្យដឹងនៅពេលធ្វើដំណើរទៅកាន់ពិធីទទួលទានអាហារនោះថា លោក Yi មានអារម្មណ៍មួរម៉ៅ និងបានសម្រេចចិត្តដើរចេញភ្លាម នៅពេលលោកឃើញ លោក Hayashi និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងពិធីនោះ។
នៅពេលថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជំរុញលោក Yi «កុំឱ្យចាប់អារម្មណ៍ទៅនឹងបញ្ហា និងវិបត្តិនានា ដែលបង្កើតឡើងដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងបានប្រាប់លោក Yi ឱ្យមានក្ដីសង្ឃឹម»។
លោក Blinken បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការឆ្លើយតបរបស់ចិនចំពោះលោកស្រី Pelosi មានភាពហួសហេតុ ហើយថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិកនឹងនៅតែប្រចាំការនៅទីនោះ។
លោកថ្លែងថា៖ «ពិភពលោកនឹងមើលឃើញថា យើងនៅតែបន្តគាំទ្រស្ថានភាពនៅច្រកសមុទ្រកោះតៃវ៉ាន់ ហើយយើងនឹងពង្រីកគោលដៅរួមរបស់យើងនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះជាអ្វីដែលតំបន់នេះរំពឹងពីយើង នោះគឺការមិនប្រែប្រួល និងការទទួលខុសត្រូវ»។
កម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងចំពោះការដើរតួជារណបចិននៅក្នុងអាស៊ាន ជាថ្នូរនឹងការទទួលបានជំនួយ និងការវិនិយោគទុន។ កាលពីឆ្នាំ ២០១២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន មិនមានការចេញសេចក្ដីថ្លែងការណ៍រួមទេ ដែលនោះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់សមាគមនេះ បន្ទាប់ពីរដ្ឋាភិបាលក្រុងភ្នំពេញបានធ្វើបរាជ័យលើសេចក្ដីថ្លែងការណ៍នោះ និងបង្កើតឲ្យមានការខឹងសម្បា។ ប៉ុន្តែ បញ្ហាបែបនេះមិនបានកើតឡើងទេនៅក្នុងការប្រជុំលើកនេះ បើទោះបីជាចិនមិនត្រូវបានលើកយកមកនិយាយឱ្យចំនៅក្នុងសេចក្ដីថ្លែងការណ៍រួមនោះក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយដែលនិយាយសំដៅចំដល់រដ្ឋាភិបាលក្រុងប៉េកាំង បានឱ្យដឹងថា បញ្ហាសមុទ្រចិនខាងត្បូងត្រូវបានពិភាក្សា ហើយរដ្ឋមន្ត្រីមួយចំនួនបង្ហាញពីក្ដីកង្វល់ទៅលើ «ការទាមទារដែនដី សកម្មភាពនានា និងព្រឹត្តិការណ៍ធ្ងន់ធ្ងរនានានៅក្នុងតំបន់នោះ ដែលរួមមានទាំងការខូចបរិស្ថានដែនសមុទ្រជាដើម»។
សេចក្ដីថ្លែងការណ៍ដដែលនោះបានលើកឡើងដែរថា «បញ្ហាទាំងនោះបានធ្វើឲ្យបាត់បង់ទំនុកចិត្ត និងការជឿជាក់ បង្កឱ្យមានភាពតានតឹងកានតែខ្លាំងឡើង ហើយអាចនឹងធ្វើឲ្យខូចដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់»។
សេចក្ដីថ្លែងការណ៍រួមនោះក៏បានកត់សម្គាល់ពីតម្រូវការក្នុងការទទួលស្គាល់អនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ហៅកាត់ថា UNCLOS ដែលជាចំណុចឈឺចាប់មួយទៀតសម្រាប់ចិនផងដែរ។
សេចក្ដីថ្លែងការណ៍រួមនោះបានលើកឡើងថា ភាពត្រឹមត្រូវនៃអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ UNCLOS ត្រូវតែទទួលបានការការពារ។ អនុសញ្ញានេះបានកំណត់នូវក្របខណ្ឌច្បាប់ ដែលតម្រូវឲ្យរាល់សកម្មភាពទាំងអស់នៅក្នុងមហាសមុទ្រ និងសមុទ្រ ត្រូវតែគោរពតាម។
នៅក្នុងដំណើរឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលអាស៊ាននេះ ប្រទេសហ្វីលីពីនស្ថិតក្រោមការដឹកនាំរបស់លោក Ferdinand Marcos Jr. ដែលទើបតែជាប់ឆ្នោតថ្មីៗ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងបញ្ជាក់ជាថ្មីម្ដងទៀតអំពីការទាមទារដែនសមុទ្រ យោងតាមសេចក្ដីសម្រេចស្ដីពីបង្គោលសីមា ឆ្នាំ ២០១៦ របស់តុលាការទីក្រុងឡាអេ ដែលបានច្រានចោលការទាមទារនានារបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើតំបន់ថ្មប៉ប្រះទឹក និងកោះផ្កាថ្ម ដូចមានចែងក្នុងអនុសញ្ញាសហប្រជាជាតិ UNCLOS។
រដ្ឋាភិបាលក្រុងប៉េកាំងច្រានចោលសេចក្ដីសម្រេចរបស់តុលាការ
កិច្ចប្រជុំកំពូលអាស៊ានតែងតែរងការចំអកជាញឹកញាប់ ថាគ្រាន់តែជាការជជែកគ្នាវែងអន្លាយប៉ុណ្ណោះ។ ប៉ុន្តែ កិច្ចប្រជុំឆ្នាំនេះទទួលបានការកោតសរសើរដោយសារតែសមាគមនេះបានបង្ហាញពីឆន្ទៈក្នុងការដើរតួនាទីស្នូល ដើម្បីដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង និងការប្ដូរអាកប្បកិរិយាចំពោះមីយ៉ាន់ម៉ា។
លោក Bart Edes គឺជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ McGill University ក្នុងទីក្រុង Montreal ប្រទេសកាណាដា។ លោកបានថ្លែងសំដៅដល់ប្រទេសមីយ៉ាន់ម៉ាថា៖ «មេដឹកនាំអាស៊ានពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាមីយ៉ាន់ម៉ា។ អ្នកទើបតែឃើញការរិះគន់ដែលស្ទើរតែមិនធ្លាប់មានពីមុនមកនេះពីសំណាក់សមាជិកអាស៊ាន»។
លោកថ្លែងបន្តថា៖ «អ្នកបានឮបញ្ហាមីយ៉ាន់ម៉ាពីប្រទេសកម្ពុជា។ អ្នកបានឮបញ្ហានេះពីប្រទេសម៉ាឡេស៊ី។ ខ្ញុំគិតថា ប្រទេសក្នុងសមាគមអាស៊ានកំពុងយល់ពីភាពខ្សោយនៅពីក្រោយរបបយោធាមីយ៉ាន់ម៉ា។ របបនេះកំពុងប្រឈមមុខជាមួយនឹងការប្រឆាំងប្រដាប់អាវុធពីផ្នែកផ្សេងៗជាច្រើននៅក្នុងប្រទេស។ ស្ថានភាពបច្ចុប្បន្ននេះរបស់ពួកគេមិនអាចបន្តរហូតបាននោះទេ»៕