នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​​ APEC​ ​ថៃ​ស្វះស្វែង​ជំរុញ​ទំនាក់ទំនង​អន្តរជាតិ​ឱ្យ​កាន់​តែ​ខ្លាំង

មន្ត្រី​ថៃ​ដើរ​នៅ​ខាង​មុខ​ផ្ទាំងបដា​កិច្ចប្រជុំ​ APEC ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រទេស​ថៃ​មាន​បំណង​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ខ្លួន​ជា​មួយប្រទេស​ជា​ច្រើនខណៈ​ពេល​មេដឹកនាំ​ពិភពលោក​កំពុង​ត្រៀម​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​អង្គការ APEC នៅ​ក្នុង​រាជធានី​បាងកកប្រទេស​ថៃ​នៅ​ក្នុង​សប្តាហ៍នេះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​ក្រុម​អ្នកវិភាគមួយ​ចំនួន​លើក​ឡើង​ថា​ជា​មួយ​នឹង​ភាព​តានតឹង​ខាង​ភូមិសាស្ត្រ​នយោបាយដែល​កំពុង​កើន​ឡើង​ខ្ពស់​រវាង​សហរដ្ឋអាមេរិក​និង​ប្រ​ទេស​ចិន​ក៏​ដូច​ជា​សង្គ្រាមរបស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ផងដែរ​នោះថៃ​កំពុង​សម្លឹង​មើលនូវ​ផលប្រយោជន៍​របស់​ខ្លួន​ផ្ទាល់នៅ​ក្នុង​ព្រឹត្តិការណ៍​ នៃ​កិច្ចប្រជុំ​នេះ។

វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ឬ APEC គឺ​ជា​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿននិង​មាន​សមាជិកសរុបចំនួន​ទាំង​អស់២១ប្រទេស​ហើយ​មន្ត្រី​ជាន់​ខ្ពស់​និង​តំណាង​នានា​នឹង​ជួបពិភាក្សា​គ្នា​ដោយ​ផ្តោត​ទៅ​លើ​បញ្ហា​ជា​ច្រើន ដូច​ជា​បញ្ហា​ពាណិជ្ជកម្ម សមាហរណកម្ម​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​និង​ការ​គាំទ្រសហគ្រាស​ជំនួញ​ជាដើម។

កិច្ចប្រជុំ​កំពូល​នៃ​វេទិកា APEC នេះ​ នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​នេះ​ ហើយ​នឹងធ្វើ​ជា​អធិបតី​ភាព​ដោយ​នាយករដ្ឋមន្ត្រី​ថៃ​ លោក Prayut Chan-o-Cha នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ​របស់​ព្រះ​មហាក្សត្រី​យ៉ានី Sirikit ក្នុង​រាជធានី​បាងកក ប្រទេស​ថៃ។ ប្រធានាធិបតី​ចិន​លោក Xi Jinping នឹង​ចូលរួម​នៅក្នុង​ជំនួប​កំពូល​នេះ​ ប៉ុន្តែ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden នឹង​មិន​បាន​ចូលរួម​នោះ​ទេ ដោយអនុ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក​ស្រី Kamala Harris​ នឹងចូលរួម​ជំនួស​លោក Joe Biden វិញ។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ក៏​មិន​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែរ ប៉ុន្តែ​ឧបនាយករដ្ឋមន្ត្រីទី១របស់​រុស្ស៊ី​គឺ​លោក Andrei Belousov នឹង​ធ្វើ​ជា​តំណាង​ឱ្យ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​កិច្ចប្រជុំ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់បណ្តាញ​ព័ត៌មាន​នានា។

សម្រាប់​ប្រទេស​ថៃដែល​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​បាន​ជ្រើស​រើស​យក​ប្រ ធាន​បទ«ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ជីវចម្រុះ​ឬ BCG Economy សម្រាប់​កិច្ចប្រជុំ​នេះ ដែល​ជា​គំរូ​នៃការ​រីក​ចម្រើនមួយ​ដែល​ប្រើប្រាស់​វិទ្យាសាស្ត្រ ការ​ច្នៃ​ប្រឌិត​និង​បច្ចេកវិទ្យា​ក្នុង​ការប្រើប្រាស់ជា​អតិបរមានៃ​ប្រភព​ធនធាន រក្សា​ប្រព័ន្ធ​អេកូ​និង​កាត់​បន្ថយកាកសំណល់​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​លើក​កម្ពស់​វិស័យ​ជំនួញ​ និង​ទប់ទល់​ទៅ​នឹង​ការ​ប្រឈម​បរិស្ថាន។

លោក Thitinan Pongsudhirak សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Chulalongkornក្នុង​រាជធានី​បាងកក​បាន​ប្រាប់​វីអូអេ​ថា​ថៃ​ចង់​ឃើញBCG ជា​កេរដំណែល​មួយនិង​ការ​ចងចាំ​សម្រាប់​វេទិការបស់ APECនេះ។

សាស្ត្រាចារ្យ​ថៃ​រូប​នេះបាន​បន្ថែម​ទៀត​ថា៖ «លោក​នាយក​រដ្ឋមន្ត្រី​ថៃ​មិន​មាន​អ្វី​ច្រើនដែល​ត្រូវ​បង្ហាញនៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ទេ ប៉ុន្តែ​ក្រោមកាលៈទេសៈ​ដ៏​ប្រសើរ​មួយ​នឹង​យុទ្ធសាស្ត្រ​នៃ​ការ​រីកចម្រើន​និង​ផែនការ​ច្បាស់លាស់​ថា​តើ​ថៃ​ចង់​ស្ថិត​ក្នុង​ទីតាំង​ណា​មួយ​នៅ​លើ​ផែន​ទី​សាកលលោក​នោះ ថៃ​នឹង​ទទួល​បាននូវ​ផលប្រយោជន៍ជា​ច្រើន​ពី​កិច្ចប្រជុំ​នេះ។ លោក Prayutខ្លួន​ឯង​មិន​មែន​ជា​អ្នក​ប៉ិន​ប្រសប់​ខាង​គោល​នយោបាយ​ការបរទេស​ឬ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​អ្វី​នោះ​ទេ លោកគ្រាន់​តែ​ធ្លាប់​ធ្វើអគ្គមេបញ្ជាការ​យោធា​ម្នាក់​ប៉ុណ្ណោះ៕