ក្រុមសមាជិកសភានៃគណបក្សទាំងពីរយល់ស្របគ្នាថាស.រ.អា.មិនត្រូវមានបញ្ហាដោយសងប្រាក់បំណុលមិនទាន់ពេលវេលាទេ។ លោក Harry Reid មេដឹកនាំក្រុមប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភាបានដាក់បន្ទុកលើក្រុមសាធារណរដ្ឋដែលត្រួតត្រាសភាទាំងពីរ។
«ខ្ញុំសង្ឃឹមថាក្រុមសាធារណរដ្ឋនឹងគិតគូរឱ្យបានត្រឹមត្រូវ ហើយអនុម័តសេចក្តីព្រាងច្បាប់ល្អមួយដើម្បីបញ្ចៀសកុំឱ្យមានបញ្ហាគ្មានប្រាក់សងបំណុលឱ្យទាន់ពេលវេលា»។
ក៏ប៉ុន្តែការជំរុញឱ្យមានការបង្កើនការកម្រិតប្រាក់បំណុលច្រើនបំផុតតាមរយៈសភាដែលមានការបែកបាក់គ្នាខ្លាំងខាងនយោបាយនៅក្នុងពេលមានការប្តូរមេដឹកនាំសភាតំណាងរាស្ត្រអាមេរិកាំងមានភាពមិនទៀងទាត់ទេ។
តើសភាស.រ.អា.នឹងប៉ុនប៉ងអនុម័តអ្វីដែលហៅថាសេចក្តីព្រាងច្បាប់ល្អដើម្បីដំឡើងកម្រិតនៃការខ្ចីប្រាក់តាមការទាមទាររបស់សេតវិមាន ឬមួយអនុម័តសេចក្តីព្រាងច្បាប់មួយដែលមានចែងលក្ខខណ្ឌដែលក្រុមសាធារណរដ្ឋគាំទ្រដែលទំនងជានឹងនាំឱ្យមានវេតូពីលោកប្រធានាធិបតី?
ហើយតើការអនុម័តនេះនឹងមាននៅមុន ឬនៅក្រោយសភាតំណាងរាស្ត្រអាមេរិកាំងបោះឆ្នោតជ្រើសរើសប្រធានថ្មីម្នាក់?
លោក Stan Collender ជាអ្នកវិភាគ និងជាអតីតបុគ្គលិកនៃគណៈកម្មាធិការថវិការបស់សភាតំណាងរាស្ត្រអាមេរិកាំង និងព្រឹទ្ធសភាស.រ.អា.។
«គេដឹងមិនច្បាស់លាស់ទេថាតើការណ៍នេះនឹងត្រូវធ្វើបែបណាឡើយ។ នេះជាស្ថានការណ៍មួយដែលប្លែកពីពេលមុនៗ»។
លោក Boehner បាននិយាយថា លោកចង់ឱ្យសភាដោះស្រាយបញ្ហាពិបាកៗនៅមុនលោកចុះចេញពីតំណែង។ ក្រុមអ្នកសង្កេតការណ៍ខាងកិច្ចការសភាខ្លះបាននិយាយថាលោក Boehner ប្រហែលបើកចំហឱ្យមានការបោះឆ្នោតមួយអំពីការបង្កើនកម្រិតខ្ចីប្រាក់ច្រើនបំផុតដែលមានការយល់ព្រមពីសេតវិមាន ហើយអនុម័តសេចក្តីព្រាងច្បាប់នេះដោយមានការបោះឆ្នោតដោយសមាជិកភាគច្រើននៃគណបក្សប្រជាធិបតេយ្យនៅក្នុងសភាដែលដឹកនាំដោយក្រុមសាធារណរដ្ឋ។
លោក Collender មិនប្រាកដប្រជាទេថា ការធ្វើដូច្នេះនឹងបានការឬទេ។
«សំណួរគឺថា តើលោកអ្នកអាចមានក្រុមសាធារណរដ្ឋគ្រាប់គ្រាន់ឬទេដើម្បីអនុម័តសេចក្តីព្រាងច្បាប់នេះ។ លោកអ្នកនឹងត្រូវការក្រុមសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រអាមេរិកាំងពី៣០ទៅ៤០នាក់ដើម្បីបោះឆ្នោតគាំទ្រការបង្កើនកម្រិតប្រាក់បំណុលខ្ពស់បំផុតដែលមានភាពត្រឹមត្រូវ»។
ព្រឹទ្ធសភាស.រ.អា.អាចនាំមុខ ហើយអនុម័តសេចក្តីព្រាងច្បាប់នេះជាដំបូង ក៏ប៉ុន្តែលោក Mitch McConnell មេដឹកនាំក្រុមភាគច្រើនក្នុងព្រឹទ្ធសភាហាក់ដូចជាបានបដិសេធលទ្ធភាពនេះហើយកាលពីពេលមុននេះក្នុងសប្តាហ៍នេះ។
«យើងត្រូវតែឃើញអ្វីដែលសភាតំណាងរាស្ត្របញ្ជូនមកសិន ហើយយើងនឹងចាត់វិធានការដោយសមស្រប»។
កម្រិតខ្ពស់បំផុតនៃប្រាក់បំណុលស.រ.អា.មានចំនួន១៨លានលានដុល្លារ៕
ប្រែសម្រួលដោយ ម៉ែន គឹមសេង