ខណៈសហរដ្ឋអាមេរិកបង្កើនការប្រឹងប្រែងដើម្បីកាត់បន្ថយពាណិជ្ជកម្មជាមួយប្រទេសចិន ដោយតំឡើងពន្ធនាំចូលនោះ អាមេរិកបានជំរុញការនាំចូលដ៏ច្រើនពីប្រទេសវៀតណាម។ វៀតណាមបានពឹងផ្អែកលើទំនិញចិនសម្រាប់ការនាំចេញភាគច្រើនបំផុតរបស់ខ្លួន។ នេះបើតាមទិន្នន័យបង្ហាញ ហើយដែលត្រូវបានចេញដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការហក់ឡើងនៃទំហំពាណិជ្ជកម្មរវាងអាមេរិក វៀតណាមនិងចិន បានធ្វើឱ្យមានអតុល្យភាពពាណិជ្ជកម្មជាខ្លាំង ដោយប្រទេសវៀតណាមកាលពីឆ្នាំទៅ បានធ្វើពាណិជ្ជកម្មជាមួយអាមេរិកក្នុងទំហំដ៏ខ្ពស់មួយក្នុងចំនួនទឹកប្រាក់ជិត ១០៥ ពាន់លានដុល្លារអាមេរិក គឺមានចំនួន ២,៥ ដងធំជាងចំនួនដែលខ្លួនធ្លាប់មានក្នុងឆ្នាំ ២០១៨ នៅពេលដែលរដ្ឋបាលលោក Trump កំណត់ការយកពន្ធនាំចូលដ៏ខ្លាំងដំបូងលើទំនិញរបស់ចិននៅពេលនោះ។
ប្រទេសវៀតណាមនៅពេលនេះ ជាប្រទេសដែលមានទំហំពាណិជ្ជកម្មលើសខ្ពស់បំផុតទី ៤ ជាមួយអាមេរិក បន្ទាប់ពីប្រទេសចិន មិកស៊ិក និងសហភាពអឺរ៉ុប។
ការកើនឡើងនូវទំនាក់ទំនងទៅវិញទៅមក កើតចេញពីទិន្នន័យពាណិជ្ជកម្ម គយនិងការវិនិយោគ ដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារសារព័ត៌មាន Reuters និងត្រូវបានបញ្ជូនមកពីអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក វៀតណាម និងប្រទេសចិន ក៏ដូចជាត្រូវបានបញ្ជាក់ដោយការប៉ាន់ស្មានជាបឋមរបស់ធនាគារពិភពលោក អ្នកសេដ្ឋកិច្ចនិងអ្នកជំនាញសង្វាក់ផ្គត់ផ្គង់ជាច្រើននាក់ផ្សេងទៀតផងដែរ។
ទិន្នន័យនេះបង្ហាញថា កំណើនការនាំចេញរបស់វៀតណាមត្រូវបានជំរុញខ្លាំងឡើងដោយការនាំចូលពីប្រទេសចិនដែលនៅក្បែរខាង ដែលចំនួននៃការនាំចូលពីប្រទេសចិនទៅក្នុងប្រទេសវៀតណាម មានចំនួនដូចគ្នានឹងចំនួននៃការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកដែរ ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ក្នុងការប៉ាន់ស្មានជាបឋមដែលត្រូវបានផ្តល់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters នោះ ធនាគារពិភពលោកបានគណនាពីការសមាមាត្រគ្នានៃការនាំចូលក្នុងចំនួន ៩៦ ភាគរយក្នុងរយៈពេលពីរខុសគ្នា គឺមានចំនួនសមាមាត្រគ្នានេះកើនឡើងពីចំនួន ៨៤ ភាគរយ ពីមុនពេលលោក Donald Trump ក្លាយជាប្រធានាធិបតីអាមេរិក។
អ្នកសេដ្ឋកិច្ចនាំមុខម្នាក់នៃក្រុមហ៊ុនស្រាវជ្រាវ BMI លោក Darren Tay និយាយថា៖ «ការហក់ឡើងខ្ពស់នៃការនាំចូលទំនិញរបស់ចិនទៅក្នុងប្រទេសវៀតណាម កើតឡើងជួនពេលជាមួយគ្នានៃការនាំចេញរបស់វៀតណាមទៅសហរដ្ឋអាមេរិកដែរនោះ អាចត្រូវបានមើលឃើញដោយសហរដ្ឋអាមេរិកថា ក្រុមហ៊ុនចិនជាច្រើន បានប្រើប្រាស់ប្រទេសវៀតណាម ដើម្បីគេចចេញពីការកំណត់យកពន្ធបន្ថែមលើទំនិញរបស់ខ្លួន»។
លោកបន្ថែមទៀតថា ការណ៍នេះអាចនាំឱ្យមានការយកពន្ធប្រឆាំងនឹងប្រទេសវៀតណាម ក្រោយការបោះឆ្នោតសហរដ្ឋអាមេរិក។
អតុល្យភាពខាងពាណិជ្ជកម្មដែលកំពុងកើនឡើង កើតមានឡើងខណៈដែលប្រទេសវៀតណាមកំពុងស្វះស្វែងរកឋានៈខ្លួនជាសេដ្ឋកិច្ចទីផ្សារ (market economy status) ក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជំរុញលើកកម្ពស់ទំនាក់ទំនងការទូតជាមួយវៀតណាម ដែលជាអតីតគូសត្រូវរបស់ខ្លួន។
ក្នុងទំហំពាណិជ្ជកម្មជាង ១១៤ ពាន់លានដុល្លារកាលពីឆ្នាំទៅ ការនាំចូលទំនិញពីវៀតណាមមកកាន់អាមេរិកមានចំនួនច្រើនជាង ២ ដងនៃចំនួនក្នុងឆ្នាំ ២០១៨ នៅពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនបានចាប់ផ្តើម។ សង្គ្រាមពាណិជ្ជកម្មនេះជំរុញឱ្យវៀតណាមជាកន្លែងកាន់តែទាក់ទាញឡើងសម្រាប់ក្រុមហ៊ុនកម្មន្តសាលនិងពាណិជ្ជករនានា ដែលព្យាយាមកាត់បន្ថយហានិភ័យដែលពាក់ព័ន្ធនឹងភាពតានតឹងរវាងអាមេរិកនិងចិន។
ការហក់ឡើងនោះមានចំនួនស្មើនឹងជាងពាក់កណ្តាលនៃចំនួនធ្លាក់ចុះ ១១០ ពាន់លានដុល្លារតាំងពីឆ្នាំ២០១៨មក នៃការនាំចូលប្រទេសចិនទៅអាមេរិក។ នេះបើតាមទិន្នន័យពាណិជ្ជកម្មអាមេរិកដែលបានបង្ហាញឱ្យដឹង។
លោក Nguyen Hung អ្នកឯកទេសខាងសង្វាក់ផ្គត់ផ្គង់នៃសាកលវិទ្យាល័យ RMIT វៀតណាមនិយាយថា៖ «វៀតណាមជាអ្នករ៉ាប់រងទទួលយកនូវការបាត់បង់របស់ចិនជាង ៦០ ភាគរយ» ក្នុងឧស្សាហកម្មសំខាន់ៗដូចជាវិស័យវាយនភណ្ឌនិងឧបករណ៍អេឡិចត្រូនិកជាដើម។ ប៉ុន្តែការរួមចំណែករបស់ចិននៅតែជារឿងសំខាន់ខ្លាំង ដូចអ្វីដែលវៀតណាមនាំចេញភាគច្រើនបំផុតទៅកាន់អាមេរិក គឺមានគ្រឿងបន្លាស់និងគ្រឿងបង្គំផ្សេងៗទៀត ដែលធ្វើនៅក្នុងប្រទេសចិន។ នេះបើតាមទិន្នន័យ ដែលបានបង្ហាញ។
គ្រឿងផ្គុំនាំចូលក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០២២ មានចំនួនប្រហែល ៨០ ភាគរយ នៃតម្លៃគ្រឿងអេឡិចត្រូនិកនាំចេញរបស់វៀតណាម ដែលមានអាមេរិកជាទីផ្សារនាំចូលដ៏សំខាន់ពីវៀតណាម។ នេះបើតាមទិន្នន័យធនាគារអភិវឌ្ឍន៍អាស៊ី។
ទំនិញនាំចេញ ១ភាគ៣ របស់វៀតណាមបាននាំចូលពីប្រទេសចិន ដែកភាគច្រើនមានដូចជាគ្រឿងអេឡិចត្រូនិកនិងគ្រឿងបង្គំផ្សេងៗទៀត។ នេះបើយោងទៅលើទិន្នន័យវៀតណាម ដែលមិនបានបង្ហាញសេចក្តីលម្អិតបន្ថែម។
ទំនិញពាក់កណ្តាលសម្រេចប្រមាណ ៩០ ភាគរយ ដែលត្រូវបាននាំចូលដោយឧស្សាហកម្មវាយនភណ្ឌនិងអេឡិចត្រូនិករបស់វៀតណាមក្នុងឆ្នាំ ២០២០ ត្រូវបាន«បង្កប់នៅក្នុងការនាំចេញ» ជាបន្តបន្ទាប់។ នេះបើតាមអង្គការសម្រាប់ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបាននិយាយនៅក្នុងរបាយការណ៍មួយ ដោយបានកត់សម្គាល់ថា វាមានចំនួនខ្ពស់ជាងមួយទសវត្សរ៍មុន និងខ្ពស់ជាងចំនួនមធ្យមខ្លាំង នៅក្នុងប្រទេសដែលមានឧស្សាហកម្មជឿនលឿន។
ខណៈអតិផរណានៅខ្ពស់នៅឡើយ សេតវិមាននៅរក្សាភាពស្ងាត់ស្ងៀម លើទំហំពាណិជ្ជកម្មលើសដ៏ធំខ្លាំងរបស់វៀតណាម ប៉ុន្តែរឿងនេះអាចនឹងមានការផ្លាស់ប្តូរ បន្ទាប់ពីការបោះឆ្នោតក្នុងសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខ។ នេះបើតាមវិភាគមួយចំនួនដែលបាននិយាយ។
លោក Nguyen Ba Hung សេដ្ឋវិទូចម្បងនៃបេសកកម្មការទូតវៀតណាមប្រចាំធនាគារអភិវឌ្ឍន៍អាស៊ីនិយាយថា៖ «សេណារីយ៉ូដែលអាចទៅរួចមួយគឺថា ក្រោយការបោះឆ្នោតនៅអាមេរិកហើយ អ្នកណាក៏ដោយ ដែលឈ្នះការបោះឆ្នោតនេះ អាចផ្លាស់ប្តូរគោលនយោបាយចំពោះវៀតណាម»។ លោកបានកត់សម្គាល់ថា ទោះជាយ៉ាងនេះក្តីក៏ការណ៍នេះនឹងបង្កើនតម្លៃនាំចូលរបស់អាមេរិកផងដែរ។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានបដិសេធមិនធ្វើអត្ថាធិប្បាយលើអតុល្យភាពពាណិជ្ជកម្មនេះទេ។ ក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មវៀតណាម មិនបានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយជុំវិញបញ្ហានេះឡើយ។ ដោយឡែកក្រសួងពាណិជ្ជកម្មចិន ក៏មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំធ្វើអត្ថាធិប្បាយនេះដែរ។
ការហក់ឡើងនៃពាណិជ្ជកម្មរវាងចិន វៀតណាមនិងអាមេរិក ឆ្លុះបញ្ចាំងពីវិនិយោគទុនកើនឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលជាមជ្ឈមណ្ឌលកម្មន្តសាលមួយនេះ ខណៈដែលក្រុមហ៊ុនមួយចំនួនកំពុងស្វះស្វែងដកខ្លួនចេញពីប្រទេសចិន។
ក្រុមហ៊ុនផលិតទាំងនោះជាច្រើនជារបស់ចិន បានបង្កើតរោងចក្រថ្មីៗនៅវៀតណាមខាងជើង ប៉ុន្តែនៅតែពឹងផ្អែកខ្លាំងលើសង្វាក់ផ្គត់ផ្គង់ពីប្រទេសកំណើតរបស់គេដដែល៕
ប្រែសម្រួលដោយ លោក ជ្រា វណ្ណារិទ្ធ