ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ជំរុញ​ឱ្យ​អាជ្ញាធរ​ធានា​សុវត្ថិ​ភាព​អ្នក​សារព័ត៌មាន

រូបឯកសារ៖ អ្នក​សារព័ត៌មាន​ផ្តិតយកទិដ្ឋភាព​លោក​ កឹម​ សុខា ធ្វើ​ដំណើរ​ចេញ​ពីគេហដ្ឋាន​ទៅ​សាលា​រាជធានី​ភ្នំពេញ​​ ដើម្បី​ចូលរួម​សវនាការរបស់​លោក​ រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៩ ខែ​មករា​ ឆ្នាំ​២០២២។ (ហ៊ាន សុជាតា​/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣២​បាន​ជំរុ​ញ​ឱ្យ​រដ្ឋា​ភិ​បាល​ធានា​សុវត្ថិ​ភាព​អ្នក​សារ​ព័ត៌មាន​ ខណៈ​មាន​ការ​ព្រួយ​បារម្ភ​ថា​ អ្នក​សារ​ព័ត៌មាន​នៅ​តែ​ជួប​ប្រទះ​នូវ​អំពើ​ហិង្សា ​ការ​យាយី ​និង​ការ​បំភិត​បំភ័យ​ពី​សំណាក់​អាជ្ញាធរ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍ ​ចុះ​ថ្ងៃ​ទី២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២​របស់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​អបអរ​ទិវា​អន្តរ​ជាតិ​ដើម្បី​បញ្ចប់​និទណ្ឌ​ភាព​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​ ថ្ងៃ​ទី​២ ​ខែ​វិច្ឆិកា។​

អង្គការ​ទាំង​នោះ​មាន​ដូច​ជា​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​វិទ្យាស្ថាន​តស៊ូ​មតិ ​និង​គោល​នយោបាយ ​ មណ្ឌល​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​សមាគម​អាដហុក​ជា​ដើម។​

សេចក្តី​ថ្លែង​ការណ៍​រួម​ស្តី​ពី​ការ​បញ្ចប់​និទណ្ឌភាព​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​ឱ្យ​ដឹង​ថា ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​ការ​យាយី ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារ​ព័ត៌មាន​នៅ​តែ​ជា​ក្តី​បារម្ភ​ខ្លាំង​នៅ​ឆ្នាំ​២០២២​នេះ។ ​សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា ​ការ​យាយី​មក​លើ​អ្នក​សារ​ព័ត៌មាន​ជា​ការ​គំរាម​កំហែង​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​សាធារណ​ជន ​ហើយ​វា​ក៏​បង្ក​ការ​ពិបាក​ដើម្បី​ឱ្យ​បុគ្គល​មាន​អំណាច​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ​លើស​ពី​នេះ​ ពេល​ដែល​អាជ្ញាធរ​មិន​បាន​ស៊ើប​អង្កេត​ត្រឹម​ត្រូវ​និង​ផ្តន្ទា​ទោស​ឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារព័ត៌មាន​ វា​ជា​សារ​មួយ​បង្ហាញ​ថា​ ឧក្រិដ្ឋ​កម្ម​បែប​នេះ​ត្រូវ​បាន​អនុញ្ញាត។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់​ថា៖​ «យើង​ក៏​សូម​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធាន​ការ​ជា​បន្ទាន់​ដើម្បី​ធានា​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ឱ្យ​ពួក​គេ​អាច​ប្រើ​ប្រាស់​សេរី​ភាព​បញ្ចេញ​មតិ ​និង​សារ​ព័ត៌​មាន​ដើម្បី​បម្រើ​សាធារណ​ជន ​ដោយ​គ្មាន​កា​រភ័យ​ខ្លាច»។​

អ្នកស្រី ​ឆន សុគន្ធា​ នាយិកា​នាយកដ្ឋាន​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ អ្នក​សារ​ព័ត៌មាន​ដែល​រាយ​ការណ៍​បញ្ហា​រសើប​តែង​តែ​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ។​ អ្នកស្រី​បន្ត​ថា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​មក ​ អ្នក​សារព័ត៌មាន​ចំនួន​១៥​នាក់​ត្រូវ​បាន​សម្លាប់ ​ហើយ​ភាគ​ច្រើន​មិន​មាន​ជន​ល្មើស​ណា​ម្នាក់​ត្រូវ​បាន​យក​មក​ផ្តន្ទា​ទោស​ឡើយ។​

អ្នក​ស្រី​ថ្លែង​ថា៖​ «រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ក៏​នៅតែ​មាន​អ្នក​កាសែត​មួយ​ចំនួន ​គឺ​គាត់​នៅ​ទទួល​រង​នូវ​ភាព​អយុត្តិ​ធម៌ ​ដូច​ជា​មាន​ការ​ចាប់ ​ការ​ចោទ​ប្រកាន់ ​ការ​គំរាម​កំ​ហែង​អី​ផ្សេងៗ​នៅ​ពេល​ដែល​ពួក​គាត់​ចុះ​ទៅ​យក​ព័ត៌មាន»។​

បើ​តាម​អ្នកស្រី ​ឆន សុគន្ធា ​ក្រសួង​ព័ត៌​មាន​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​មិន​ទាន់​បាន​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​នៅ​ឡើយ​ទេ​ អំពី​តួនាទី​របស់​អ្នក​សារ​ព័ត៌​មាន។ ​អ្នកស្រី​ក៏​ជំរុញ​ឱ្យ​មាន​ការ​ពិភាក្សា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឱ្យ​មាន​ការ​ធានា​ដល់​សុវត្ថិ​ភាព​របស់​អ្នក​សារ​ព័ត៌មាន។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«សូម​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា​ពា​ក់ព័ន្ធ​នឹង​ការ​អប់រំ​ ការ​ផ្សព្វ​ផ្សាយ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ពី​ការ​ចុះ​ទៅ​យក​ព័ត៌មាន​ពី​សំណាក់​អ្នក​សារ​ព័ត៌មាន​ដែល​គាត់​ហ៊ាន​រាយ​ការណ៍​នូវ​បញ្ហា ​ឬ​ក៏​ព្រឹត្តិ​ការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​កុំ​ឱ្យ​មាន​ការ​យាយី ​កុំ​ឱ្យ​មាន​ការ​បៀត​បៀន ​ឬ​ក៏​ការ​គំរាម​កំហែង​ទៅ​ដល់​ពួក​គាត់»។​

លោក ​មាស សុភ័ណ្ឌ​ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន ​ប្រាប់​វីអូអេ​ថា​ សិទ្ធិ​សេរី​ភាព​សារ​ព័ត៌មាន​ត្រូ​វ​បាន​ការពារ ​និង​ធានា​ដោយ​ច្បាប់ ​ក៏​ដូច​ជា​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ ខណៈ​សារ​ព័ត៌មាន​នៅ​កម្ពុជា​សព្វ​ថ្ងៃ​មាន​លក្ខណៈ​សម្បូរ​បែប ​និង​ទូលំ​ទូលាយ។​

អ្នក​នាំពាក្យ​រូប​នេះ​ចាត់​ទុក​ការ​អះអាង​ថា សិទ្ធិ​សេរី​ភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​រង​ការ​គំរាម​កំហែង​នោះ​ជា​ការ​បំភាន់​មតិ​សាធារណៈ ​និង​ជា​ការ​លើក​ឡើង​តែ​មួយ​ជ្រុង​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖ ​«ដូច្នេះ​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ករណី​នេះ ​ខ្ញុំ​យល់​ថា ​វា​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ដើម្បី​បំភាន់​សាធារណ​មតិ ​ក៏​ដូច​ជា​ការ​លើក​ឡើង​ដែល​នាំ​ឱ្យ​មាន​ការ​បែក​បាក់​សាមគ្គី ​មាន​ការ​រើស​អើង​នៅ​ក្នុង​ចំណោម​អ្នក​ប្រកប​វិជ្ជាជីវៈ​សារ​ព័ត៌មាន​តែ​ប៉ុណ្ណោះ»។​

របាយ​ការណ៍របស់​អង្គការ​យូណេស្កូ​ស្តីពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន ​និង​បញ្ហា​និទណ្ឌ​ភាព​ឱ្យ​ដឹង​ថា ​វិសាល​ភាព​និង​ចំនួន​នៃ​ការ​វាយ​ប្រហារ​មក​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ទូទាំង​សកល​លោក​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​អ្នក​សារ​ព័ត៌មាន​ និង​បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួប​ប្រទះ​នូវ​ហានិភ័យ​ខ្ពស់ ​នៅ​ពេល​ដែល​ពួក​គេ​បំពេញ​ការងារ។ ​ជារៀង​រាល់​៥​ថ្ងៃ ​មាន​អ្នក​សារ​ព័ត៌មាន​ម្នាក់​ត្រូ​វបាន​គេ​សម្លាប់ ​ដោយ​សារ​តែ​ពួកគេ​ព្យាយាម​ពាំ​នាំ​ព័ត៌មាន​ទៅ​កាន់​សាធារណ​ជន​ ហើយ​នេះ​ជា​ការ​រឹត​ត្បិត​ធ្ងន់ធ្ងរ​បំផុត​លើ​អ្នក​សារ​ព័ត៌មាន។​

របាយ​ការណ៍​របស់​អង្គការ​យូណេស្កូ​ចេញផ្សាយ​កាល​ពី​ថ្ងៃទី​២ ​ខែវិច្ឆិកា​ ឆ្នាំ​២០២២​ បញ្ជាក់​ថា៖ ​«អ្នក​សារ​ព័ត៌មាន​ម្នាក់​ ដែល​ត្រូវ​បាន​គេ​បំបិទ​មាត់​ នឹង​មិន​អាច​បញ្ចេញ​ និង​បង្ហាញ​សំឡេង​របស់​ប្រជា​ពល​រដ្ឋ ​ហើយអំពើ​នេះថែម​ទាំង​រារាំង​សិទ្ធិ​ដឹង​ឮ​របស់​ពួក​គាត់​ទៀត​ផង។ ​លទ្ធផល​គឺ​សង្គម​មួយ ​ដែល​ប្រជា​ពល​រដ្ឋពោរ​ពេញ​ដោយ​ភាព​ភ័យ​ខ្លាច ​ត្រូវ​រឹត​ត្បិត​ខ្លួន​ឯង​ក្នុង​ការ​បញ្ចេញ​មតិ ​និង​មិន​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្អែក​លើ​ព័ត៌មាន​ត្រឹម​ត្រូវ​បាន»។​

គួរ​បញ្ជាក់​ថា​ យោង​តាម​របាយ​ការណ៍​របស់​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ (CamboJA) ​អ្នក​សារ​ព័ត៌មាន​ចំនួន​៥៧​នាក់​ត្រូវ​បាន​យាយី​ក្នុង​រយៈ​ពេល​១០​ខែ​ចុង​ក្រោយ​នេះ ​ចាប់​ពី​ខែ​មករា ​ដល់​ខែ​តុលា ​ឆ្នាំ​២០២២។ ​ក្នុង​ចំណោម​អ្នក​សារ​ព័ត៌មាន​ទាំង​៥៧​នាក់​នេះ ​ ២៣​នាក់​ទទួល​រង​អំពើ​ហិង្សា ​និង​ការ​គំរាម​កំហែង​ ១២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ១២​នាក់​ប្រឈម​នឹង​ការ​យាយី​តាម​ផ្លូវ​តុលាការ​ ៦​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​សាកសួរ​ និង​អាជ្ញាបណ្ណ​សារ​ព័ត៌មាន​ចំនួន​៤​ត្រូវ​បាន​ដក​ហូត៕