រដ្ឋាភិបាលកម្ពុជាបានប្រសិទ្ធនាម ឬដាក់ឈ្មោះកំណាត់ផ្លូវមួយខ្សែ ជា «មហាវិថីស៊ី ជីនពីង» ដែលជាឈ្មោះរបស់ប្រធានាធិបតីចិន។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
តាមការចុះផ្សាយរបស់ក្រសួងសាធារណការ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោក Wang Wentian អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលជិតចប់អាណត្តិ បានធ្វើជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបក្នុងការប្រសិទ្ធនាមផ្លូវប្រវែងជាង ៥០ គីឡូម៉ែត្រ ជា «មហាវិថី ស៊ី ជីនពីង» កាលពីថ្ងៃទី ២៨ ខែឧសភា។
បើតាមសារដែលបង្ហោះនៅលើហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីប្រសិទ្ធនាមនោះ លោក ហ៊ុន ម៉ាណែត ថ្លែងថា ក្រោមការយកចិត្តទុកដាក់និងជំរុញពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិនជាមួយថ្នាក់ដឹកនាំកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានចូលដល់ «សម័យកាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ»។
សារបញ្ជាក់ថា៖ «ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមប្រធានាធិបតីចិន ដែលលោកតែងរួមចំណែកជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រសិទ្ធនាម «មហាវិថី ស៊ី ជីនពីង»។
កំណាត់ផ្លូវប្រវែងជាង ៥០ គីឡូម៉ែត្រ ដែលភ្ជាប់ពីផ្លូវជាតិលេខ ១ ក្នុងខេត្តកណ្តាល មកផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ២៧០ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិននិងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ។
នេះជាមហាវិថីមួយទៀតដែលកម្ពុជាបានប្រសិទ្ធនាម បន្ទាប់ពីមហាវិថីម៉ៅសេទុង ដែលមានស្រាប់ក្នុងរាជធានីភ្នំពេញ ដែលអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហនុបានប្រោសព្រះរាជទានប្រសិទ្ធនាម កាលពី ៦០ ឆ្នាំមុន។
សារដែលបង្ហោះនៅលើស្ថានទូតចិនបញ្ជាក់ថា៖ «សម្ដេចធិបតីបានប្រសិទ្ធនាមកំណាត់ផ្លូវមួយទៀតជា«មហាវិថី ស៊ី ជីនពីង» បានក្លាយជាមហាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀត ដែលបានបង្ហាញថាទំនាក់ទំនងប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែង និងភាពរឹងមាំ និងត្រូវបន្តពីអតីតកាល និងជំរុញឆ្ពោះទៅកាន់អនាគតថ្មី»៕