សម្តេច​ Pope ​Francis ​​​យាង​ទៅ​​ទ្វីបអាស៊ី​​ជា​លើក​ទី​២

  • Simone Orendain

សម្តេច​ប៉ាប Francis លើក​ព្រះហស្ថ​គ្រវី​លា គ្រាដែល​ព្រះអង្គ​យាង​ឡើង​យន្តហោះ​ធ្វើ​ដំណើរ​យាង​ទៅ​ប្រទេស​ស្រីលង្កា និង​ហ្វីលីពីន​នៅ​អាកាស​យានដ្ឋាន Fiumicinoក្នុង​ទីក្រុងRome នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។

នៅ​សប្តាហ៍​នេះ​ សម្តេចសង្ឃរ៉ូម៉ាំង​កាតូលិក​ Pope ​Francis ​ស្ថិត​នៅ​ក្នុង​ទ្វីបអាស៊ីជា​លើក​ទី​២ក្នុង​រយៈ​ពេល​តិច​ជាង៦​ខែ។​ ព្រះអង្គ​មាន​គម្រោង​តែងតាំង​សន្ត​នៅ​ក្នុង​ប្រទេស​ស្រីលង្កាដែល​មាន​ស្លាកស្នាម​សង្គ្រាម​ស៊ីវិល ហើយ​បន្ទាប់​មក​ព្រះអង្គ​យាង​ទៅប្រទេស​ហ្វីលីពីនដើម្បី​ជួប​ជាមួយ​ជន​រងគ្រោះ​នៃ​គ្រោះមហន្តរាយ២ ​ដែល​បាន​កើត​មាន​ឡើង​នៅ​ចុង​ឆ្នាំ​២០១៣។​

ដំណើរ​បំពេញ​ទស្សន​កិច្ចទាំង​២​ត្រូវ​គេ​រំពឹង​ថា​ ​នឹង​ទាក់​ទាញ​មនុស្ស​យ៉ាង​ច្រើន​ហើយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​ប្រធានាធិប​តី​ប្រទេស​នោះ​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​សង្គ្រាម។​

ពួក​មន្រ្តី​រំពឹង​ថា​ នឹង​មាន​ហ្វូង​មនុស្ស​ដ៏​ធំជួប​គ្នា​នៅ​គ្រប់​ទី​កន្លែង​ដែល​សម្តេច​ Popeយាងទៅ​នៅ​ក្នុង​ប្រទេស​ដែល​មានអ្នក​កាន់​សាសនា​កាតូលិក​ដ៏​ច្រើន​លើស​លុប​នេះ។​

ពួក​មន្រ្តី​វិមាន​វ៉ាទីកង់​បាន​និយាយ​ថា ​សម្តេច ​Pope ​Francis ​បាន​ទទូច​ឲ្យ​បើក​ដំបូល​រថយន្តដើម្បី​ឲ្យ​ព្រះ​អង្គ​អាច​ប៉ះ​មហាជន​ ហើយ​នឹង​ឮ​សំឡេង​របស់​ពួក​គេ។ ពួកអ្នក​រៀប​ចំ​ចាត់​ចែង​មាន​ការ​ព្រួយ​កង្វល់ជាពិសេស​អំពី​ការសូត្រ​ធម៌​ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នៅ​ឧទ្យាន​ម៉ានីឡា​ដែល​ត្រូវ​គេ​រំពឹងថា ​នឹង​ទាក់​ទាញ​មនុស្ស៦​លាន​នាក់។

សម្តេចប៉ាប យាង​ទៅ​ប្រទេស​ស្រីលង្កា និងហ្វីលីពីន។

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រទេស​ជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​ប្រធានាធិបតី ​Benigno ​Aquino ​នៃ​ប្រទេស​ហ្វីលីពីន​បាន​រំឭក​សាធារណជន​ឲ្យ​រក្សា​ការ​ស្ងប់ស្ងៀម ហើយ​មិន​ត្រូវ​ធ្វើ​ឲ្យ​ជ្រុល​ហួស​ ដោយ​ការ​រំភើប​ដែលបាន​ស្ថិត​នៅ​ជិត​សម្តេច​Pope​ ​ដែល​អាច​ធ្វើ​ឲ្យ​ព្រះអង្គ​មាន​គ្រោះ​ថ្នាក់​ដល់​រាងកាយ។​

«លោក​ប្រធានាធិបតី​មាន​ប្រសាសន៍ថា ​យើង​ត្រូវការ​ការ​គាំទ្រ​ និង​កិច្ចសហ​ប្រតិបត្តិ​ការ​របស់​អស់​លោក​អ្នក។ ​វា​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ដំណើរ​បំពេញ​ទស្សន​កិច្ចរបស់​សម្តេច ​Pope Francis​ នេះ​ ​ជា​ការ​ទទួល​ខុសត្រូវ​យ៉ាង​សម្បើម​សម្រាប់​ប្រទេស​យើង។​ សុវត្ថិភាព​របស់​ព្រះអង្គ​ និង​សុវត្ថិភាព​សាធារណជននឹង​ពឹង​ផ្អែក​លើ​យើង​ទាំងអស់​គ្នា។​ ខ្ញុំ​សុំ​សួរ​អស់​លោក​អ្នក ​ថា​តើ​យើង​ចង់​ឲ្យប្រវត្តិ​សាស្រ្ត​របស់​ហ្វីលីពីនត្រូវ​បាន​កត់​សម្គាល់​ដោយ​សោក​នាដ​កម្ម​មួយ​ចំពោះ​សម្តេច ​Pope​ ឬ​ទេ?

ក្រោយ​មក​ លោក​ប្រធានាធិបតី ​Aquino ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា​ ទី​ភ្នាក់​ងារ​សន្តិសុខ​ហ្វីលីពីន​កំពុង​ធ្វើ​ការ​ជាមួយ​ក្រុម​ស៊ើប​ការណ៍​សម្ងាត់​អន្តរជាតិ​ដូច​ជាប៉ូលិស​ Interpol ​ដើម្បី​ឃ្លាំ​មើលការ​គំរាម​កំហែង​ដ៏​ខ្លាំង​ពី​ខាង​ក្រៅ ​ដែល​អាច​កើតមាន​ឡើង ​ជា​ពិសេស​មក​ពីក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម។​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​ហ្វីលីពីននិយាយ​ថា ​បុគ្គលិក​សន្តិសុខ​ប្រហែល​៤​ម៉ឺន​នាក់​នឹង​បំពេញភារៈ​កិច្ចក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​ព្រះ​អង្គ​នេះ។​

កម្រង​រូបភាព៖ សម្តេច​ប៉ាប Francis ​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​និង​ឯកភាពនៅ​ស្រីលង្កា

ពួក​មន្រ្តី​ព្រះ​វិហារ​កាតូលិក​និយាយ​ថា ​សម្តេច Pope Francis ​ជា​អ្នក​គាំទ្រដ៏​ខ្លាំង​ដល់អ្នក​ក្រីក្រ​ និង​មនុស្ស​ដែល​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​យាង​មក​កាន់​ប្រទេស​ហ្វីលីពីនជាលើក​ដំបូង​ដើម្បី​ស្ថិត​នៅ​ជាមួយ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​មហា​ព្យុះ​សង្ឃរា​ហៃយ៉ាន ​ដែល​បានធ្វើ​ឲ្យ​មនុស្ស​៧​ពាន់​៣​រយ​នាក់​ស្លាប់​ ឬ​បាត់​ខ្លួន ​ហើយ​រាប់​លាន​នាក់​ទៀត​គ្មាន​ទី​កន្លែង​រស់​នៅ។ ​ព្រះ​អង្គ​ក៏​ត្រូវ​គេ​រំពឹង​ថា ​នឹងជួប​ជាមួយ​អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​ការ​រំជួយ​ផែនដី​ដែល​មាន​កម្លាំង​៧,១​ ដែល​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់ ​ហើយ​បាន​បន្សល់​ទុក​មនុស្សរាប់​ពាន់​នាក់​គ្មាន​ទី​កន្លែង​រស់​នៅ។​ មហន្តរាយ​នេះ​បាន​កើត​មាន​ឡើងក្នុង​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​ហ្វីលីពីន​ ប៉ុន្មាន​សប្តាហ៍​ពី​គ្នា​នៅ​ក្នុង​ខែ​តុលា ​និងខែវិច្ឆិកា ​ឆ្នាំ​២០១៣។​

នាង ​Celina ​Castro​ ជា​និស្សិត​មហា​វិទ្យាល័យ​ ​ធ្វើ​ការខាង​ផ្នែក​ជួយ​សង្គ្រោះ​មហន្ត​រាយ​ជាមួយ​អង្គការ ​Dominican Network Youth Group ​របស់​ហ្វីលីពីន។​

នាង​នឹង​ចូល​រួមក្នុង​កម្មវិធី​មួយ​ជាមួយ​សម្តេច ​Pope ​នៅ​ឯ​សាកល​វិទ្យាល័យ​ Santo Tomas ​ក្នុង​រដ្ឋ​ធានី​ម៉ានីល។​ នាង ​Castro ​បាន​ហៅ​ដំណើរ​បំពេញ​ទស្សន​កិច្ចរបស់​ព្រះអង្គជា​ការ​ប្រសិទ្ធិ​ពរជាពិសេស​សម្រាប់​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​ការ​ភិត​ភ័យ​ក្នុង​ប្រទេស​ដែល​មាន​មហន្តរាយ​នេះ។​

«វត្តមាន​របស់​ព្រះ​អង្គ​នឹង​ធ្វើ​ឲ្យ​ជា​សះស្បើយ​នូវការ​ឈឺ​ចាប់​ខាង​សតិ​អារម្មណ៍​និង​ផ្លូវចិត្តរបស់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​នោះ»។

នៅ ​Tacloban ​និង​ Palo ​ជា​ទីក្រុង​ក្រខ្សត់​២​ដែល​មាន​មនុស្ស​ស្លាប់​យ៉ាង​ច្រើន​ពី​ព្យុះ​សង្ឃរា​ហៃយ៉ាន​នេះ ​សម្តេច​Pope​ ​មាន​គម្រោង​នឹង​ធ្វើ​ពិធី​សូត្រ​ធម៌​នៅ​កណ្តាល​វាល ​ធ្វើ​ពិធី​ឧទ្ធិសមជ្ឈ​មណ្ឌល ​Pope Francis ​សម្រាប់​ជន​ក្រីក្រ ​ហើយ​នឹង​ជួប​ជាមួយ​សិក្ខាកាមហើយ​នឹង​បព្វជិត​ផ្សេង​ទៀត។​

នៅ​រដ្ឋ​ធានី​ម៉ានីល​ ​ព្រះអង្គ​នឹង​ជួប​ជាមួយ​ក្រុម​គ្រួសារ​ក្រីក្រ ​ធ្វើ​ការ​សូត្រធម៌​ជា​លក្ខណៈ​ឯក​ជន​សម្រាប់​បព្វជិត​ និង​អ្នក​កាន់​សាសនា​ ជួប​ជាមួយ​មនុស្ស​ក្មេងៗហើយ​នឹង​ធ្វើ​ការ​សន្ទនា​អន្តរ​សាសនា​ជាមួយ​មេ​ដឹកនាំ​សាសនា​ចម្រុះ។​

មនុស្ស​ខ្លះ​នៅ​ក្នុង​សហគមន៍​អ៊ីស្លាម​សង្ឃឹម​ថា ​ព្រះ​អង្គ​នឹង​រំឭក​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ពេល​ថ្មីៗ​នេះ​រវាងក្រុម​ឧទ្ទាម​អ៊ីស្លាម​ដ៏​ធំ​បង្អស់​និង​រដ្ឋាភិបាល​ហ្វីលីពីន។​

លោក​ Mussolini Lidansan ​ជា​នាយក​វិទ្យាស្ថាន ​Al Qalam ​សម្រាប់​អត្ត​សញ្ញាណអ៊ីស្លាម ​និង​ការ​សន្ទនា​នៅ​ឯ​សាកល​វិទ្យាល័យ ​Ateneo de Davao។​លោក​និយាយ​ថា ​វា​នឹង​ក្លាយ​ជា​ជំនួយ​ដ៏​ធំ​មួយ ​ប្រសិន​បើ​សម្តេច ​Pope Francis ​អាច​រំឭកដោយ​ការ​អំពាវនាវ​ឲ្យ​មាន​ការ​គាំទ្រ​ដំណើរ​ការ​សន្តិភាព​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រ​ទេស​ហ្វីលីពីន​នោះ ​ដែល​នៅ​ទី​នោះ ​ភាព​ចលាចលបាន​កើត​ចេញ​ពី​ជម្លោះ​រវាងអ្នក​កាន់​គ្រឹស្ត​សាសនា​ និង​អ្នកកាន់​សាសនា​អ៊ីស្លាម​កាល​រាប់​រយ​ឆ្នាំ​មុន។​

«នៅ​ទី​នេះ ​យើង​កំពុង​ព្យាយាម​ស្ថាបនា​ទំនាក់​ទំនង​ដ៏​ខ្លាំង​មួយ​រវាង​គ្រឹស្ត​សាសនា​ និង​សាសនា​អ៊ីស្លាម​ ហើយ​ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​សម្តេច​ Pope ​អាចជា​និមិត្ត​រូប​ពិត​ប្រាកដ​សម្រាប់​ការ​អំពាវនាវ​ឲ្យ​មាន​សន្តិភាព​និង​សាមគ្គីភាពនៅ​ក្នុង​ប្រទេស»។​

សម្តេច​ Pope ​បាន​វិល​ត្រឡប់​ទៅ​កាន់​តំបន់​អាស៊ី​មិន​ដល់​កន្លះ​ឆ្នាំ​ផង​ បន្ទាប់​ពី​ព្រះ​អង្គ​បាន​ស្ថិត​នៅក្នុង​តំបន់​នោះ ​ដែលសាសនា​កាតូលិក​ ​មើល​ឃើញ​ថា​ ​អាចជា​តំបន់​មាន​ការ​រីកលូតលាស់​យ៉ាង​ខ្លាំង។ ​តំបន់​នេះ​ក៏​មាន​ប្រទេស​ក្រីក្រ​បំផុត​ខ្លះ​នៅ​ក្នុង​ពិភព​លោក​ដែរ។​

លោក​ Marvin Meja​ អគ្គលេខាធិការ​នៃ​សន្និសីទ​អេវ៉ែក​កាតូលីក​នៃ​ប្រទេស​ហ្វីលីពីន​ និយាយ​ថា​ មុន​ដំណើរ​បំពេញ​ទស្សន​កិច្ច​របស់​សម្តេច​ Pope ​ ព្រះ​វិហារ​គ្រឹស្ត​សាសនា​ក្នុង​មូលដ្ឋាន​ ​បាន​ខំធ្វើ​បេសក​កម្ម​របស់​ខ្លួន​ដោយដើរ​តាម​គម្រូរបស់​សម្តេច​ Pope។​

«ការ​រំពឹង​របស់​ខ្ញុំ​ពិតប្រាកដ​គឺ​ថា ​ព្រះ​វិហារ​កាតូលីកក្នុង​ប្រទេស​ហ្វីលីពីន​នឹង​ក្លាយជា​ព្រះ​វិហារ​គ្រឹស្ត​សាសនាសម្រាប់​អ្នក​ក្រីក្រ។ ​ខ្ញុំ​ចង់​និយាយ​ថា ​នៅ​ក្រោម​ការ​ដឹកនាំ​នេះ ​អេវ៉ែក ​សង្ឃកាតូលិក​ អ្នក​កាន់​សាសនា​ ដូនជី​ នឹង​មានការ​យក​ចិត្ត​ទុកដាក់​ ការ​ជាប់​ជំពាក់​កាន់​តែ​ខ្លាំង​ឡើង​ដល់​ជន​ក្រីក្រ»។​

សម្តេច ​Pope Francis ​នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​រហូត​ដល់​ថ្ងៃ​ទី​១៥។ ព្រះ​អង្គ​នឹង​បំពេញ​ទស្សន​កិច្ចប្រទេស​ហ្វីលីពីន​ចាប់​ពី​ថ្ងៃ​ទី​១៥​រហូត​ដល់ថ្ងៃ​ទី​១៩​ ខែ​មករា​នេះ៕​

ប្រែសម្រួល​ដោយ លោក ជឹង ​ប៉ូជីន​