គណៈរដ្ឋមន្ត្រី​លោក​ ហ៊ុន សែន ​អនុម័ត​គម្រោង​ថវិកា​ចំណាយ​ឆ្នាំ​២០១៦

រូបឯកសារ៖ អគារ​​ថ្មី​នៃ​​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន។

គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ​២០១៦​នេះ​​ផ្តោត​ខ្លាំង​ទៅ​លើ​វិស័យ​អប់រំ​ ដែល​នឹង​ទទួល​បាន​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារ​​អាមេរិក។

រដ្ឋាភិបាលលោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​គ្រោង​ចំណាយ​ថវិកា​ជាង​ ៤.៣០០​លាន​ដុល្លារ​អាមេរិកសម្រាប់​ការ​ចាយ​វាយ​នៅ​ក្នុង​ឆ្នាំ​២០១៦​ ដែល​កើន​ជាង​១២%​ បើ​ធៀប​ទៅ​នឹង​ការ​ចំណាយ​ឆ្នាំ​២០១៥។​ គម្រោង​ចំណាយ​សម្រាប់​ឆ្នាំ​២០១៦​នេះផ្តោត​ខ្លាំង​ទៅ​លើ​វិស័យ​អប់រំ​ ដែល​នឹង​ទទួល​បាន​ថវិកា​ប្រមាណ​៥០០​លាន​ដុល្លារអាមេរិក។​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​គម្រោង​ចាយ​វាយ​លើ​វិស័យ​អប់រំ​នេះ​ តែ​ពួក​គេ​បារម្ភ​ថា​ អំពើ​ពុករលួយ​នឹង​អាច​កើន​មាន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​សាទរ​ចំពោះគម្រោង​ចំណាយ​ថិវកា​ជាតិ​ដែល​នឹង​កើន​ឡើង​នៅ​ក្នុង​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ​២០១៦ តែ​ពួក​គេ​នៅ​តែ​បារម្ភ​អំពីការ​កើន​ឡើងនៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​នេះ។​

ក្តី​បារម្ភ​របស់​ពួកគេកើត​មាន​ឡើង​ បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៦​ ដែល​បាន​បង្ហាញ​ថា​ ការ​ចាយ​វាយ​ក្នុង​វិស័យ​អប់រំ​នឹង​កើន​ខ្ពស់​ជាង​វិស័យ​ការពារ​ជាតិ​ និង​មហា​ផ្ទៃ។​

លោក ​កៅ ពឿន ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ ​ហៅ​កាត់​ថា KIND​ ថ្លែង​ថា​ ចំណាយ​ថវិកា​ដែល​គ្រោង​នឹង​កើន​ឡើង​នៅ​ក្នុងវិស័យ​អប់រំ​គឺមាន​លក្ខណៈ​សមស្រប​សម្រាប់​កំណែ​ទម្រង់​វិស័យ​នេះ ​បើ​ទោះ​ជា​វា​មិន​អាច​បំពេញ​ទៅ​តាម​សេចក្តី​ត្រូវ​ការ​នៃ​ស្ថានភាព​បច្ចុប្បន្ន​ក៏ដោយ។​

«សេចក្តី​ត្រូវការ​ផ្សេងៗ​របស់​វិស័យ​អប់​រំហ្នឹង​ វា​ច្រើន។​ យើង​ឃើញ​ថា ​នៅ​ខ្វះ​ខាត ​ដូច​ជា​បណ្ណា​ល័យ​អី ​តាម​សាលា​អីហ្នឹងនៅ​ខ្វះ​ខាត​ ដូច​ជា​សម្ភារៈ​អនាម័យ​នៅ​តាម​សាលា​ក៏ខ្វះ​ខាត​ច្រើន ហើយ​សង្ឃឹម​ថា​ ថវិកា ​ដែល​កើន​ហ្នឹង​ វា​នឹង​ចាយ​ទៅ​ដល់​ ដូច​ថា ​ចូលរួម​ចំណែក​ទៅ​ដល់​ថ្នាក់​ ហៅ​ថា ​ថ្នាក់​ក្រោម​ជាតិ»។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៦​បាន​បង្ហាញ​ថា​ ​រដ្ឋាភិបាល​គ្រោង​ចំណាយ​ជាង​៤.៣០០​លាន​ដុល្លារអាមេរិក​សម្រាប់​ការ​ចាយ​វាយ​ក្នុង​ឆ្នាំ​២០១៦​គឺ​នឹងកើន​ពី​ចំនួន​៣.៨០០​លាន​ដុល្លារអាមេរិក​ដែល​បាន​ចាយ​នៅ​ក្នុង​ឆ្នាំ​២០១៥។​ នៅ​ក្នុង​នោះ​ វិស័យ​អប់រំនឹង​ទទួល​បាន​៥០០​លាន​ដុល្លារអាមេរិក​គឺ​កើន​២៨,២%​ ធៀប​ទៅ​នឹង​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៥។​

ការ​ចំណាយ​នៅ​ក្នុង​វិស័យ​អប់រំ​ដែល​គ្រោង​នឹង​កើន​ឡើង​នៅ​ឆ្នាំ​២០១៦​នេះ​ ត្រូវ​គេ​យល់​ថា​ អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​នេះ​ ដោយសារ​កង្វះ​យន្តការ​ក្នុង​ការ​តាម​ដាន​រវាង​អ្នក​ផ្តល់​កញ្ចប់​ថវិកា​ និង​អ្នក​ទទួល។​

លោក​កៅ ពឿន​ ដែល​បាន​ធ្វើ​ការ​អង្កេត​ច្រើន​ទៅ​លើ​ការ​ចាយ​វាយ​មិន​មាន​តម្លាភាពរបស់​រដ្ឋាភិបាល​នៅ​ក្នុង​វិស័យ​សង្គម​កិច្ច​ ជា​ពិសេស​គឺ​កិច្ច​ការ​អប់រំ​ មាន​ប្រសាសន៍ថា៖​

«ខ្ញុំ​មើល​មិន​ឃើញ​ថា​ ក្រសួង​មាន​យន្តការ​ក្នុង​ការទប់​ស្កាត់ ​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួ​យ​ហ្នឹង​ទេ ដរាប​ណា​ក្រសួង​ហ្នឹង​ផ្តល់​ថវិកា​ខ្លះ​ទៅ​ដល់​គណៈ​កម្មការ​ទ្រទ្រង់​សាលា​ ដែល​ខ្ញុំ​បាន​លើក​ឡើង​ហ្នឹង​ ដើម្បី​ឲ្យ​មាន​ គេហៅ​ថា​ ពិនិត្យ​និង​ផ្ទៀងផ្ទាត់ជាមួយ​នាយក​សាលា​ ឬ​ក៏​ក្រសួង​ អាច​ថា​ ​ផ្តល់​ថវិកា​ខ្លះ​ទៅ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អី​ ហើយ​ខ្ញុំ​គិត​ថា វា​ជា​គោល​ការណ៍​ថ្មី​ដើម្បី​ឲ្យ​មាន​ការ​ពិនិត្យ​និង​ផ្ទៀងផ្ទាត់ជាមួយ​រចនា​សម្ព័ន្ត​របស់​ក្រសួង​អប់រំ»។​

អ្នក​ស្រី ​អ៊ុក ឆាយាវី​ ប្រធាន​ស្តីទី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ថា​ អំពើ​ពុក​រលួយ​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​វិស័យ​អប់​រំសិក្សាធិការ​ ដោយ​សារ​មិនមាន​ការ​បែង​ចែក​កិច្ច​ការត្រឹម​ត្រូវ​ ជាពិសេស​កិច្ចការ​ត្រូវ​ធ្វើ​ចាំបាច់​នៅ​តាម​មណ្ឌល​សិក្សា​នីមួយៗ​ ដូច​ជា​ការ​កែ​លម្អ ​ជួសជុលសាលា​រៀន​ ទិញ​សម្ភារៈ​សិក្សា​ និង​សម្ភារៈ​ប្រើ​ប្រចាំ​ថ្ងៃ​ជា​ដើម។​ អ្នក​ស្រីបញ្ជាក់​ថា៖​

«គិត​តែ​ពី​យក​លុយ​វិស័យ​អប់រំ​ គិត​តែ​ចុះ​បេសក​កម្ម​ ចុះ​បេសក​កម្ម​អញ្ចឹង។ ​ចំណាយ​តែ​ទៅលើ​អា​បេសក​កម្ម​តែប៉ុណ្ណឹង​គឺ​វា​អត់​គ្រប់​គ្រាន់​ទេ។​ គ្រាន់​តែ​មើល​ គ្រាន់​តែ​អើត​មើលៗ​ហ្នឹង​ មិនមែន​ថា​ ជា​រឿង​ល្អប្រសើរ​អាច​កែ​ទម្រង់​វិស័យ​អប់រំ​បាន​ទេ​ គឺ​យើង​ធ្វើ​យុទ្ធ​សាស្រ្ត​យ៉ាង​ណា​ ដើម្បី​ឲ្យ​កំណែ​ទម្រង់​វិស័យ​អប់រំ​ ធ្វើ​ឲ្យអ្នក​គ្រូ​ លោក​គ្រូ​ហ្នឹង​គាត់​សប្បាយ​ចិត្ត​ក្នុង​ការ​ទៅ​បង្រៀន​សិស្ស។​ នេះ​ទើប​បាន​ជាកំណែ​ទម្រង់​វិស័យ​អប់រំ»។​

VOA ​ព្យាយាម​ទាក់ទង​លោក​ហង្ស ជួន​ណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ។​ VOA ​ក៏​មិន​អាច​ទំនាក់​ទំនង​លោក​រស់ សាលីន​ អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​បាន​ដែរ។​

មិន​ថា​តែក្រសួង​អប់រំ​ទេ​ ក្រុម​អ្នក​រិះគន់​ចង់​ឃើញ​ការ​ចំណាយ​មាន​តម្លាភាព​សម្រាប់​ក្រសួង​មន្ទីរ​ នានា ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​អំពាវ​នាវ​ឲ្យ​មាន​ការ​ត្បិតត្បៀត​នោះ។​

កាល​ពី​ឆ្នាំ​មុន ​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ចាត់​ទុក​ថា​ កម្ពុជា​ជា​ប្រទេស​មាន​អំពើ​ពុករលួយ​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភព​លោក​ ដោយ​ឲ្យ​ចាត់​ចំណាត់​ថ្នាក់​ជាប់​លេខ​១៥៤​ក្នុង​ចំណោម​ប្រទេស​១៧៤​ក្នុង​តារាង​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​អំពី​អំពើ​ពុករលួយ។ ​

អ្នក​ជំនាញ​ខាង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ធ្លាប់​បាន​បញ្ជាក់​ថា​ សម័យ​សង្គម​រាស្ត្រ​និយម​ក្នុង​ទសវត្សរ៍​១៩៥០​និង​១៩៦០ ​អំពើ​ពុក​រលួយ​មិន​មាន​ច្រើនដូច​បច្ចុប្បន្ន​នេះ ​ដោយ​សារ​មាន​សម្ភារៈ​ទំនើប​តិច​ជាង​បច្ចុប្បន្ន​ហើយ​ពលរដ្ឋ​ប្រកាន់​គោល​ការណ៍​ពុទ្ធសាសនា​បាន​ខ្ជាប់​ខ្ជួន​ជាង​សព្វ​ថ្ងៃ។អ្នក​ជំនាញ​បញ្ជាក់​បន្ថែម​ថា​ អំពើ​ពុករលួយ​នៅ​ពេល​បច្ចុប្បន្ន​អាច​ត្រូវ​កាត់​បន្ថយ​បាន​តាម​ការ​អប់រំ​ និង​ការ​ប្រកាន់​ខ្ជាប់​នូវ​ព្រះ​ពុទ្ធ​សាសនា​ រួម​ទាំង​ការ​ប្រាសចាក​ពី​លោភៈ​គឺ​ភាព​លោភ​លន់៕​