ការប្រឡងចូលរៀនថ្នាក់សាកលវិទ្យាល័យប្រចាំឆ្នាំរបស់កោះតៃវ៉ាន់ នឹងប្រព្រឹត្តិឡើងនៅសប្តាហ៍នេះ នៅពេលដែលសិស្សរាប់ពាន់នាក់ខិតខំរៀនត្រៀមឆ្លើយសំណួរផ្នែកគណិតវិទ្យា និងភាសាអង់គ្លេស ដើម្បីចូលរៀនសាកលវិទ្យាល័យល្បីៗ។ ប៉ុន្តែ នេះគឺជាឆ្នាំចុងក្រោយសម្រាប់ការប្រឡងដោយផ្អែកលើការទន្ទេញរត់មាត់នៃមេរៀនសម្រាប់ថ្នាក់វិទ្យាល័យ ពីព្រោះមន្ត្រីតៃវ៉ាន់បារម្ភថា ការប្រឡងបែបនេះមិនផ្តល់ផលប្រយោជន៍ដល់សិស្សតៃវ៉ាន់ទេ។ វីអូអេ បាននិយាយជាមួយនឹងអនុរដ្ឋមន្ត្រីនៃក្រសួងអប់រំរបស់តៃវ៉ាន់អំពីគម្រោងទៅថ្ងៃខាងមុខ។
មន្រ្តីកោះតៃវ៉ាន់ជឿថា សេដ្ឋកិច្ចរបស់ខ្លួនកំពុងតែមិនឋិតឋេរ បើធៀបនឹងប្រទេសជិតខាងរបស់ខ្លួន ដូចជាប្រទេសចិន និងកូរ៉េខាងត្បូង ដោយសារតែយុវជនរបស់ខ្លួនតែងតែគេចវេសពីការប្រថុយប្រថានបង្កើតក្រុមហ៊ុន ឬ បង្កើតប្រព័ន្ធកុំព្យូទ័របែបទំនើបៗ។
ដើម្បីធ្វើឲ្យលទ្ធភាពទទួលបានការច្នៃប្រឌិតក្នុងប្រទេសកាន់តែប្រសើរឡើង ក្រសួងអប់រំនឹងណែនាំដំណើរការថ្មីមួយសម្រាប់ការជ្រើសរើសនិស្សិតសាកលវិទ្យាល័យ ដើម្បីជួយឲ្យសាកលវិទ្យាល័យល្បីៗអាចទទួលបាននិស្សិតដែលមានជំនាញខាងជំនួញកាន់តែច្រើនឡើង។ ប្រព័ន្ធថ្មីនេះដែលនឹងចូលជាធរមានចាប់ពីឆ្នាំ២០១៨ រួមមានការសម្ភាសន៍ផ្ទាល់ជាមួយនឹងសិស្សវិទ្យាល័យ ដើម្បីឲ្យពួកគេបង្ហាញថា ពួកគេមានចេះដឹងច្រើនក្រៅពីការរៀនក្នុងថ្នាក់រៀន ដោយមិនផ្អែកលើការបង្រៀនតាមបែបទន្ទេញរត់មាត់។
លោកស្រី Ma Hsiang-ping អនុរដ្ឋមន្ត្រីក្រសួងអប់រំផ្នែកអប់រំកម្រិតឧត្តមសិក្សា និយាយថា ប្រព័ន្ធប្រឡងលក្ខណៈចម្រុះថ្មីមួយ នឹងជ្រើសយកសិស្សដែលចាប់អារម្មណ៍លើការធ្វើជំនួញ និងការបង្កើតបច្ចេកវិទ្យាថ្មី។
លោកស្រី និយាយថា ប្រសិនបើមនុស្សគ្រប់គ្នា និងប្រទេសផ្សេងៗទៀតកំពុងបង្កើតបច្ចេកវិទ្យាថ្មី នោះកម្រិតនៃការប្រកួតប្រជែងរបស់យើងនឹងធ្លាក់ចុះ។ លោកស្រីបាននិយាយ ក្រសួងអប់រំសង្ឃឹមថា ការអប់រំរបស់រដ្ឋាភិបាលរយៈពេល១២ឆ្នាំ នឹងមិនផ្តោតតែលើការប្រឡងប៉ុណ្ណោះទេ ហើយនៅពេលអនាគត យើងនឹងឃើញថា សិស្សមិនត្រឹមតែចេះទន្ទេញរត់មាត់ទេ តែពួកគេត្រូវតែមានទេពកោសល្យផ្សេងទៀត។ លោកស្រីក៏បានបន្ថែមថា វិញ្ញាសារសរសេរគួរតែត្រូវប្រើ ដើម្បីដឹងថាសិស្សមានចំណេះដឹងមូលដ្ឋានគ្រប់គ្រាន់។
ក្រសួងអប់រំគ្រោងនឹងជំនួសការប្រឡងសរសេរស្តង់ដាសព្វថ្ងៃនេះ នៅចន្លោះឆ្នាំ២០១៨ និង២០២១។ ការធ្វើដូច្នេះអាចនឹងធ្វើឲ្យកោះតៃវ៉ាន់ខុសពីប្រទេសដទៃទៀតក្នុងតំបន់អាស៊ីបូព៌ា ដែលប្រព័ន្ធចុះឈ្មោះចូលរៀនថ្នាក់មហាវិទ្យាល័យនៅក្នុងតំបន់នេះនៅតែអនុវត្តការប្រឡងដោយផ្អែកតាមការទន្ទេញរត់មាត់។ លោកស្រី Ma និយាយថា កោះតៃវ៉ាន់ នឹងផ្លាស់ប្តូរទៅអនុវត្តគម្រោងប្រឡងតាមបែបលោកខាងលិច ដែលឲ្យតម្លៃលើកិច្ចការក្រៅកម្មវិធីសិក្សា ដូចជាការបោះពុម្ពអត្ថបទជាដើម។ ដើម្បីបង្កើនចំណាប់អារម្មណ៍ក្នុងការច្នៃប្រឌិតចាប់ពីពេលនេះទៅ ក្រសួងអប់រំរបស់តៃវ៉ាន់ នឹងស្ថាបនាកម្មវិធីសិក្សាជាថ្មី។
យុវតី Chang Wei-chun ជានិស្សិតផ្នែកច្បាប់ឆ្នាំទី៣នៃសាកលវិទ្យាល័យ Ming Chuan នៅទីក្រុងតៃប៉ិ និយាយថា កំណែទម្រង់ប្រព័ន្ធអប់រំរបស់តៃវ៉ាន់ គួរតែអនុវត្តរហូតដល់ថ្នាក់ឧត្តមសិក្សា។
យុវតី Chang និយាយថា ប្រសិនជាក្រុមមន្ត្រីមានគម្រោងធ្វើឲ្យមានគំនិតច្នៃប្រឌិតកាន់តែប្រសើរឡើងនោះ ពួកគេគួរតែលើកកម្ពស់ការច្នៃប្រឌិតនៅថ្នាក់រៀននៅសាកលវិទ្យាល័យដែរ។ Chang អះអាងថា បើមិនធ្វើដូច្នោះទេ សិស្សជាច្រើននឹងមិនហ៊ានធ្វើការងារទាក់ទងនឹងជំនួញទេ ពីព្រោះប្រព័ន្ធអប់រំសព្វថ្ងៃនេះមិនសូវជាផ្តល់បទពិសោធន៍គ្រប់គ្រាន់ប៉ុន្មានទេ។
កោះតៃវ៉ាន់ ពឹងផ្អែកខ្លាំងលើការនាំចេញគ្រឿងអេឡិចត្រូនិក ហើយបានជាប់លំដាប់ថ្នាក់លេខ១៤ ក្នុងតារាងប្រចាំឆ្នាំស្តីពីការប្រកួតប្រជែងសាកលលោករបស់ IMD នៃសាលាពាណិជ្ជកម្មរបស់ស្វីសកាលពីឆ្នាំមុននេះ ប៉ុន្តែ នៅដើរក្រោយហុងកុង ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី។
លោកស្រី អនុរដ្ឋមន្ត្រីក្រសួងអប់រំតៃវ៉ាន់ និយាយថា វប្បធម៌ប្រពៃណីចិនតៃវ៉ាន់ ដែលសាបព្រួសតាមរយៈឪពុកម្តាយរបស់សិស្សនិស្សិត ក៏ជាកត្តារារាំងមិនឲ្យយុវជនហ៊ានសាកល្បងធ្វើកិច្ចការថ្មីៗដែរ។ ប៉ុន្តែ លោកស្រី បន្ថែមទៀតថា កម្មវិធីសិក្សាសព្វថ្ងៃនៅតាមថ្នាក់សាកលវិទ្យាល័យរបស់តៃវ៉ាន់ ដើម្បីជំរុញឲ្យមានការច្នៃប្រឌិតនោះ មាននិស្សិតចុះឈ្មោះរៀនពេញអស់ហើយ។ ជារៀងរាល់ឆ្នាំ និស្សិតប្រមាណ៣សែននាក់ បានបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យតៃវ៉ាន់។
លោកស្រី មានប្រសាសន៍ថា ឪពុកម្តាយដែលមានផ្នត់គំនិតបុរាណនៅតៃវ៉ាន់ យល់ថា យុវជនគួរតែមានការងារឋិតឋេរមួយ ហើយនេះគឺជាផ្នែកមួយនៃវប្បធម៌បុរាណនេះ។ ប៉ុន្តែ សិស្សជាច្រើន និយាយថា ពួកគេចង់ចេញទៅក្រៅ ហើយធ្វើអ្វីផ្សេងពីនេះ ដូចជាច្នៃប្រឌិតថ្មី ឬបង្កើតមុខជំនួញអ្វីមួយជាដើម។
លទ្ធផលនៃការប្រឡងចូលសាកលវិទ្យាល័យឆ្នាំនេះ នឹងកំណត់ពីការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យរបស់សិស្សចំនួន១៤ម៉ឺន ៦ពាន់នាក់ ដែលភាគច្រើនពួកគេចង់ចូលរៀនសាកលវិទ្យាល័យល្បីៗចំនួន១៥០របស់តៃវ៉ាន់៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត