នៅពេលដែលសភាទាំងពីរគណបក្សមិនអាចឈានដល់កិច្ចព្រមព្រៀងគ្នាប៉ុន្មានថ្ងៃនេះ ដើម្បីនឹងរកសំឡេងគាំទ្រលើសេចក្តីស្នើច្បាប់ផ្នែកហិរញ្ញវត្ថុជួយពលរដ្ឋដែលរងគ្រោះដោយវិបត្តិកូវីដបាន បេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden បានអំពាវនាវសុំឲ្យគណបក្សទាំងពីរមានការរួបរួមគ្នា។
ថ្លែងទៅកាន់ពលរដ្ឋពីទីក្រុង Gettysburg រដ្ឋភេនស៊ីលវីនៀ កាលពីថ្ងៃអង្គារ មុនពេលបោះឆ្នោតជាង៣សប្តាហ៍នេះ លោក Bidenបានទទួលស្គាល់បញ្ហាដែលសហរដ្ឋអាមេរិកជួបប្រទះពេលនេះ ដូចជាបញ្ហាសេដ្ឋកិច្ច យុត្តិធម៌សង្គម និងបញ្ហាវិបត្តិកូវីដ១៩ ជារឿងធ្ងន់ធ្ងរជាងបញ្ហានយោបាយ។ លោកមានប្រសាសន៍ថា៖
«សព្វថ្ងៃនេះ ជាថ្មីម្តងទៀត យើងមានសភាមួយដែលបែកបាក់គ្នា។ មិត្តទាំងអស់គ្នា រឿងនោះនឹងមិនកើតឡើងទៀតទេ»។
លោកបានបន្តថាបញ្ហាកូវីដមិនមែនជារឿងគណបក្សប្រជាធិបតេយ្យ ដែលគេសម្គាល់ថាពណ៌ខៀវ ឬ គណបក្សសាធារណរដ្ឋ ពណ៌ក្រហមទេ តែជាបញ្ហារបស់ពលរដ្ឋ ដែលលោកថារឿងនេះមិនមែនជាអាវុធនយោបាយដែរ។
លោកថ្លែងយ៉ាងដូច្នេះក្រោយពេលដែលសភានៃគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យមានការខ្វែងគំនិតគ្នាលើជំនួយហិរញ្ញវត្ថុជាលើកទី២ ជាង២.២ លានលានដុល្លារសម្រាប់ជួយដល់ពលរដ្ឋអាមេរិកាំងជិត២០០លាននាក់ ដែលរងគ្រោះដោយវិបត្តិកូវីដ១៩នេះ មិនត្រូវបានយល់ព្រម ហើយគណបក្សសាធារណរដ្ឋ លោកប្រធានាធិបតីត្រាំបានប្រកាសផ្អាកកិច្ចពិភាក្សារហូតទល់ក្រោយបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ លោកBiden ចាត់ទុកថាជារឿងបារម្ភហើយ ប្រទេសជាតិក្លាយជាកន្លែងគ្រោះថ្នាក់។លោកថា៖
«ជំនឿទុកចិត្តគ្នាទៅវិញទៅមក ចេះតែថមថយ។ ក្តីសង្ឃឹមដូចជារឿងដែលមិនច្បាស់លាស់«។
លោក Biden និង Trump ជាបេក្ខជនប្រធានាធិបតី ត្រូវគេដាក់គម្រោងការពិភាក្សាដេញដោលជាលើកទី២ នៅថ្ងៃទី១៥ ខែតុលា បន្ទាប់ពីការដេញដោលជាសាធារណ:របស់បេក្ខជនអនុប្រធានាធិបតីទាំងពីរគឺលោកអនុប្រធានាធិបតី Pence នៃគណបក្សសាធារណរដ្ឋនិងអ្នកស្រី Kamala Harris នៃគណបក្សប្រជាធិបតេយ្យនៅយប់ថ្ងៃពុធនេះ៕