ស្របពេលដែលបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាកំពុងជួបបញ្ហាកង្វះទឹកផ្គត់ផ្គង់ស្រែ ប្រជាកសិករមួយចំនួនក្នុងខេត្តពោធិ៍សាត់បានលើកឡើងថា ពួកគេបានបង្កើនការដាំដុះស្រូវបន្ថែមទៀតនារដូវប្រាំង ដោយសារតែមើលឃើញពីការកើនឡើងតម្លៃស្រូវ ដែលមានតម្លៃយ៉ាងតិច ១៣០០រៀល ក្នុងមួយគីឡូក្រាម។ នេះជាតម្លៃស្រូវខ្ពស់មួយ ដែលកសិករអះអាងថាមិនដែលមានក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។
លោក ពិល ឆៀក អាយុ៥៨ឆ្នាំ កសិករមួយរូបក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ប្រាប់វីអូអេថា តម្លៃស្រូវនាបច្ចុប្បន្ននេះ លោកលក់បានប្រមាណ ១៣០០រៀលទៅ១៤០០រៀល ក្នុងមួយគីឡូក្រាមដែលជាតម្លៃខ្ពស់មួយ។ ដូច្នេះលោកបានធ្វើស្រែប្រាំងលើផ្ទៃដីប្រមាណ ៨៦អា ហើយបច្ចុប្បន្ននេះ លោកកំពុងជួបបញ្ហាខ្វះទឹកបញ្ចូលក្នុងស្រែ។
ដោយសារតែស្រែរបស់លោកលោកនៅឆ្ងាយ ទោះបីជាមានការផ្តល់ទឹកពីអាជ្ញាធរក៏ដោយ ក៏ទឹកមិនគ្រប់គ្រាន់ឡើយ។ លោកបញ្ជាក់ដែរថា ស្រូវរបស់លោកមិនទាន់មានការខូចខាតនៅឡើយទេរហូតមកដល់ពេលនេះ។
លោកថ្លែងថា៖ «ហ្នឹងហើយប្រជាពលរដ្ឋខ្លះទៅដូចឃើញគេធ្វើបាន គេមានមេទឹកគេធ្វើបានទៅ គាត់ក៏នាំគ្នាធ្វើតាមគេតាមឯង ហើយផលចុងក្រោយវាមានតែផលប៉ះពាល់ ៥០% ដែរហ្នឹង»។
ចំណែក លោក ពេជ្រ ខុន កសិករវ័យ ៧៣ឆ្នាំ មកពីភូមិខ្មារ សង្កាត់លលកស ខេត្តពោធិ៍សាត់ ប្រាប់វីអូអេថា លោកមានការព្រួយបារម្ភខ្លាំងនៅពេលមិនមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រពដំណាំស្រូវ ខណៈតម្លៃស្រូវឡើងថ្លៃ ដែលកសិករនាំគ្នាសម្រុកដាំ។ លោកបន្ថែមថា វាមានផលប៉ះពាល់ខ្លាំងសម្រាប់លោក និងកសិករដទៃទៀត ព្រោះបច្ចុប្បន្ននេះ ស្រូវកំពុងតែឡើងខ្លួន និងត្រូវការទឹកស្រោចស្រពជាចាំបាច់។
លោកថ្លែងថា៖ «ដល់ពេលរាល់ដងរាល់ឆ្នាំទឹកអត់ដែរខ្វះខាតទេ តែឥឡូវទើបតែខែមួយសោះ ទឹកចាប់ផ្តើមខ្វះខាតខ្លាំងមែនទែន ហើយប្រជាពលរដ្ឋម្នាក់ៗដល់កហើយ រកតែទឹកដាក់អីអត់បានទេ ហើយស្រូវវាកំពុងតែឡើងខ្លួន»។
លោកថា នៅក្នុងតំបន់របស់លោកកំពុងជួបហានិភ័យទឹកខ្លាំង និងត្រូវបានអាជ្ញាធរបិទមិនឱ្យមានទឹកហូរមកតំបន់របស់លោកជាង ១០ថ្ងៃ មកហើយ។
កសិកររូបនោះថ្លែងថា៖ «គាត់សុំមុនដំបូង ១០ថ្ងៃ បិទទឹកខាងលើ ឥឡូវគាត់សុំ ៧ថ្ងៃ ទៀតហើយ ហើយដល់ពេលពួកខ្ញុំជួបហានិភ័យទឹកមែនទែន ហើយខែនេះផងខ្យល់ អញ្ចឹងវាហួតទឹក ហើយស្រូវកំពុងតែឡើងខ្លួន ដល់ពេលដែលវាបែកអត់ចេញ ទោះដាក់ទឹកប៉ុនណា ក៏វាអត់បែកដែរ ដោយសារពេលដែលវាឡើងខ្លួនវាត្រូវការទឹក»។
អ្នកស្រី ប៉ែន ចាន់នី កសិករម្នាក់ទៀតដែលមកពីឃុំលលកស ខេត្តពោធិ៍សាត់ ប្រាប់វីអូអេថាអ្នកស្រីមានការព្រួយបារម្ភច្រើនចំពោះបញ្ហាកង្វះទឹកស្រោចស្រពស្រែនាពេលនេះ។
អ្នកស្រីថ្លែងថា៖ «ខ្វះកំពុងខ្វះហ្នឹងហើយ អត់មានទឹកអាលីងហើយសុំគេ គេអត់ឱ្យបូមគេថាចាំ៥ថ្ងៃទៀតអីណា ហើយឱ្យបូម ឱ្យបូមមួយអាទិត្យ បូមមួយអាទិត្យហើយស្រែរាប់ពាន់ហិកតាឱ្យទៅបូមឯណាទាន់»។
កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តពោធិ៍សាត់បានអំពាវនាវឱ្យប្រជាកសិករផ្អាកធ្វើស្រូវខែប្រាំង ដោយសារបញ្ហាខ្វះទឹកប្រើប្រាស់។
ស្រូវបានឡើងថ្លៃចាប់តាំងពីឆ្នាំ ២០២៣ ដោយសារឥទ្ធិពលនៃការមិននាំចេញអង្ករប្រភេទធម្មតារបស់ប្រទេសឥណ្ឌាដែលជាប្រទេសនាំអង្ករចេញធំជាងគេនៅលើពិភពលោក ក្នុងគោលបំណងរក្សានូវសន្តិសុខស្បៀងនៅក្នុងប្រទេស។ ដូច្នេះប្រទេសជិតខាងកម្ពុជា ដូចជាថៃ និងវៀតណាមសម្រុកទិញស្រូវពីកម្ពុជាក្នុងតម្លៃថ្លៃជាងមុន។ ប៉ុន្តែអ្នកតាមដានក៏មើលឃើញអំពីផលប៉ះពាល់អវិជ្ជមានផងដែរទាក់ទងនឹងការឡើងថ្លៃអង្ករនៅលើទីផ្សារកម្ពុជា។
អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង ប្រាប់វីអូអេថា ការនាំចេញស្រូវអង្កររបស់កម្ពុជានៅមានលំហូរជាធម្មតាទៅទីផ្សារអន្តរជាតិ បើទោះបីជាមានបញ្ហាសង្គ្រាមនៅតំបន់សមុទ្រក្រហម ដែលធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនមានការកើនឡើងបន្តិចតែប៉ុណ្ណោះ។ លោកក៏បញ្ជាក់ទៀតថា សម្រាប់ការនាំចេញអង្ករទៅបណ្តាប្រទេសផ្សេងទៀត រួមមានសហភាពអឺរ៉ុប និងប្រទេសចិន គឺនៅមានលំហូរនាំចេញទៅជាធម្មតា។
ពាក់ព័ន្ធនឹងបញ្ហាដាំដុះស្រូវនារដូវប្រាំង ដែលកំពុងជួបបញ្ហាខ្វះទឹកនេះ លោក លន់ យ៉េង លើកឡើងថា កន្លងទៅប្រជាពលរដ្ឋនៅតំបន់ខ្លះមិនបានដាំស្រូវប្រាំងនេះឡើយ ប៉ុន្តែដោយសារតែតម្លៃស្រូវបានកើនឡើង ទើបធ្វើឱ្យពលរដ្ឋធ្វើស្រែប្រាំងនេះមានច្រើនលើសលប់ ដែលនាំឱ្យខ្វះទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ។
លោកថ្លែងថា៖ «កន្លែងខ្លះអត់ធ្លាប់ធ្វើសោះទើបតែសម្រុកធ្វើឆ្នាំហ្នឹង អ៊ីចឹងធ្វើឱ្យបរិមាណស្តុកវាអត់គ្រប់ សម្រាប់ដែលអាចបម្រើមួយវគ្គក្រោយទៀត ព្រោះគាត់មិនមែនត្រឹមតែវគ្គខែ២នេះទេ អ្នកខ្លះអាចចូលវគ្គខែក្រោយបន្តទៀត។ អ៊ីចឹងបានមានការជូនដំណឹងពីអាជ្ញាធរតំបន់មួយចំនួនដើម្បីឱ្យគាត់ប្រុងប្រយ័ត្នថាត្រូវមើលស្ថានភាពទឹកសិន ប្រសិនបើអ៊ីចឹងកុំពង្រីកលឿនពេក ព្រោះបើមិនអ៊ីចឹងទេវាអាចខូចទាំងអស់គ្នា អ្នកខ្លះគាត់ធ្វើរាល់ឆ្នាំ ឆ្នាំនេះដណ្តើមទឹកគា្នវាអាចខូចទាំងអស់គ្នា»។
លោកបន្តថា បរិមាណស្រូវរបស់កម្ពុជាបច្ចុប្បន្នមានភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់នាំចេញជាធម្មតា។
អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ធ្លាប់ប្រាប់វីអូអេកាលពីកន្លងទៅថា ការកើនឡើងចំនួនដំណាំស្រូវប្រាំង គឺដោយសារតែតម្លៃស្រូវមានតម្លៃថ្លៃជាងមុន ធ្វើឱ្យប្រជាកសិករសម្រុកនាំគ្នាបន្តបង្កបង្កើនស្រូវបន្ថែមទៀត។ កញ្ញាក៏ស្នើសុំឱ្យប្រជាកសិករស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ជៀសវាងផលលំបាកនៅពេលខាងមុខ ហើយក្រសួង និងអាជ្ញាធរខេត្តមួយចំនួនកំពុងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។
លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យប្រាប់វីអូអេថា តម្លៃស្រូវនៅក្នុងឆ្នាំនេះមានតម្លៃល្អ ហើយបើទោះបីជាមានបញ្ហានៃការខ្វះទឹកសម្រាប់ដាំស្រូវបន្ថែមនារដូវប្រាំង ក៏មិនមានផលប៉ះពាល់អ្វីដល់ការនាំចេញរបស់កម្ពុជាឡើយ។ លោកបញ្ជាក់បន្ថែមទៀតថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិរបស់កម្ពុជាក្នុងឆ្នាំ ២០២៣ បានកើនរង្វង់ក្រោម ៥% បើធៀបនឹងឆ្នាំ ២០២២ ដោយសារតែកត្តានៃតម្រូវការទីផ្សារអង្ករ និងការបើកច្រកទីផ្សារថ្មីៗជាដើម។
កម្ពុជាសង្ឃឹមថាក្នុងឆ្នាំ ២០២៤ នេះ ការនាំអង្ករចេញនឹងកើនឡើងបន្ថែមទៀត ដើម្បីអាចឈានទៅសម្រេចគោលដៅនាំចេញអង្ករឱ្យដល់ ១លានតោន នៅឆ្នាំ ២០២៥ ខាងមុខ ខណៈការនាំចេញអង្ករកាលពីឆ្នាំមុន មានចំនួន ៦៥ម៉ឺនតោន។ នេះបើតាមការបញ្ជាក់របស់លោក គឹម មាសសុខសីហា៕