នៅពេលចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ កាន់តែកើនឡើងនៅក្នុងសហរដ្ឋអាមេរិក អត្រាគាំទ្រលោកប្រធានាធិបតី Donald Trump ថយចុះ។
បើយោងតាមការចងក្រងការស្ទង់មតិនានាកាលពីពេលថ្មីៗនេះរបស់គេហទំព័រ fivethirtyeight.com គេឃើញថា ឈានមកទល់នឹងដំណាច់ខែមីនា នៅពេលដែលការស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិកមានចំនួនតិចតួចនៅឡើយ អត្រាគាំទ្រលោក Trump មានចំនួន ៤៦,៣% ហើយមិនគាំទ្រមានចំនួន ៥០,២%។
ក៏ប៉ុន្តែចាប់តាំងពីពេលនោះមក គម្លាតនៃអត្រាគាំទ្រ និងមិនគាំទ្រលើលោក Trump កាន់តែធំទៅៗ នៅពេលមានដំណឹងថាការរាតត្បាតជាសាកលនៃជំងឺនេះបានធ្វើឱ្យសហរដ្ឋអាមេរិកមានបញ្ហាច្រើនជាងមុន ហើយលោក Trump បានធ្វើសន្និសីទកាសែតសឹងតែរាល់ថ្ងៃអំពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
គិតត្រឹមព្រឹកថ្ងៃអាទិត្យទី ២៦ ខែមេសា ចំនួនមនុស្សបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិកមានចំនួន ៥ ម៉ឺន ៣ ពាន់ ៩៣៤ នាក់ហើយ។
គេហទំព័រ fivethirtyeight.com បានបញ្ជាក់ថា នៅពេលនេះ អត្រាមិនគាំទ្រលោកប្រធានាធិបតី Trump មានចំនួន ៥២,៤% ហើយអត្រាគាំទ្រមានចំនួន ៤៣,៨%។
កាលពីពេលថ្មីៗនេះ បញ្ជីមួយបង្ហាញថា លោក Trump មានអត្រាមិនគាំទ្រនៅក្នុងការស្ទង់មតិចំនួន ២៤ ក្នុងចំណោមការស្ទង់មតិចំនួន ២៥ ដោយការស្ទង់មតិមួយបង្ហាញថា ការគាំទ្រនិងមិនគាំទ្រលើលោក Trump មានចំនួនស្មើគ្នា។
គេហទំព័រមួយទៀតគឺគេហទំព័រ realclearpolitics.com បានបង្ហាញលទ្ធផលល្អជាងមុនសម្រាប់លោក Trump ដោយមធ្យមភាគនៃការស្ទង់មតិបង្ហាញថា មានការមិនគាំទ្រចំនួន ៥១,៥% បើនិងការគាំទ្រចំនួន ៤៦%។
បញ្ជីនៃការស្ទង់មតិចំនួន ១០ របស់គេហទំព័រនេះ នៅខែមេសា បង្ហាញថា លោក Trump មានការមិនគាំទ្រច្រើននៅក្នុងការស្ទង់មតិចំនួន ៨ ហើយនៅក្នុងការស្ទង់មតិពីរទៀត លទ្ធផលគឺស្មើគ្នា។
ពិសេសជាងនេះទៀត អ្នកចូលរួមនៅក្នុងការស្ទង់មតិនេះចំនួន ៥០,១% មិនគាំទ្រចំពោះការដោះស្រាយរបស់លោក Trump អំពីវិបត្តិជំងឺកូវីដ១៩ នេះ ចំណែកឯការគាំទ្រមានចំនួន ៤៧,៣%។
បើក្រឡេកមើលលើការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ ការស្ទង់មតិភាគច្រើននៅក្នុងសហរដ្ឋអាមេរិក បង្ហាញថា លោក Trump ស្ថិតនៅពីក្រោយលោកអតីតអនុប្រធានាធិបតី Joe Biden ដែលជាអ្នកដែលត្រូវបានសន្មត់ថាជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ក្រោយពីយកឈ្នះបេក្ខជនផ្សេងៗទៀត។
លោក Biden នាំមុខលោក Trump នៅទូទាំងប្រទេសចំនួន ៦% ឬ ៧% នៅក្នុងការស្ទង់មតិចំនួន ៣ នៅសប្តាហ៍ទី ៤ នៃខែមេសា៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ