ក្រុម​គ្រួសារ​បារម្ភ​ពី​ការ​អប់រំ​​ក្រោយ​រដ្ឋាភិបាល​បញ្ជូន​ក្មេង​ចេញ​ពី​មណ្ឌល​ថែទាំ​កុមារ

កុមារា ក្រន និលមុនី ជាមួយ​ជីតា គឺ​លោក សួន ក្រិ អាយុ​៦១ឆ្នាំ និង​ក្រុមគ្រួសារ​ដែល​រស់នៅ​ជាមួយគ្នា​ ថត​រូបជុំគ្នា​នៅ​ផ្ទះ ស្ថិត​ក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាល​ពីថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ក្នុង​សម្លៀក​បំពាក់​អាវ​ដៃ​វែង​ពណ៌​ស​ជា​ឯក​សណ្ឋាន​សិស្ស ​និង​ស្ពាយ​កាបូប​សិក្សា​ពី​ក្រោយកុមារា ​ឈឿម សុខុច ​អាយុ​១៤​ឆ្នាំ ​បាន​និយាយ​ថា ​ខ្លួន​បាន​រស់​នៅ​ក្នុង​មណ្ឌល​ថែទាំ​កុមារ​មួយ​ក្នុង​ខេត្ត​សៀមរាប​អស់​រយៈ​ពេល​៣​ឆ្នាំ។​

កាល​ពី​ឆ្នាំ​២០១៦ ​កុមារា​ សុខុច ​បាន​ចាក​ចេញ​ពី​មណ្ឌល​ថែទាំ​កុមារ​មក​រស់​នៅ​ជាមួយ​ឪពុក​ម្តាយ​វិញ​ នៅ​ក្នុង​សង្កាត់​កោះ​ក្របី​ក្រុង​សៀមរាប ​ក្រោម​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ជូន​ក្មេង​ទៅ​ក្រុម​គ្រួសារ​វិញ។​ ក្មេង​កម្ពុជា​រាប់​ពាន់​នាក់​កំពុង​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ និង​មណ្ឌល​ថែទាំ​កុមារ ​បើ​ទោះ​ជា​ពួកគេ​មាន​ឪពុក​ម្តាយ​ក៏​ដោយ។​

ជា​ក្មេង​ម្នាក់​ក្នុង​ចំណោម​ក្មេង​ផ្សេង​ទៀត​ដែល​រស់​នៅ​ក្នុង​មណ្ឌល​ សុខុច​ ដែល​កំពុង​សិក្សា​ថ្នាក់​ទី​៦ ​បាន​និយាយ​ថា ​ខ្លួន​មិន​ចង់​ត្រឡប់ទៅ​មណ្ឌល​ថែ​ទាំ​វិញ​នោះ​ទេ ​តែ​ស្តាយ​មិន​បាន​រៀន​ភាសា​អង់គ្លេស​ដូច​កាល​រស់​នៅ​មណ្ឌល។

សុខុច ​បាន​និយាយ​ប្រាប់​ VOA ​ថា៖​ «ខ្ញុំ​អត់​ចង់​ទៅ​វិញ​ទេ…ស្តាយ។​ នៅ​ទីនោះ​បាន​រៀន​អង់គ្លេស​ផង​ ខ្មែរ​ផង។ ​នៅ​នេះអត់​បាន​រៀនអង់គ្លេស»។​

កុមារា ឈឿម សុខុច អាយុ​១៤ឆ្នាំ ជិះ​កង់​មក​ពីសាលារៀន ដែលស្ថិត​នៅ​ក្បែរ​ផ្ទះ​ ក្នុង​ឃុំ​ក្របីរៀល ខេត្ត​សៀមរាប កាល​ពីថ្ងៃ​ទី១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

កុមារា​រូប​នោះ​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​រស់​នៅ​មណ្ឌល​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។​

សុខុច ​និយាយ​ថា៖​ «គេ​អត់​តឹងរ៉ឹង​ផង​ដូច​តែ​នៅ​ផ្ទះ​ដែរ។​ ហាម​កុំ​ឲ្យ​ដើរ​លេង​ទៅ​ក្រៅ។ ម៉ោង​រៀន រៀន។ ​ម៉ោង​ហូប​បាយ ​ហូបបាយ។ ប៉ុន្តែ​គេ​អត់​ឲ្យ​ដើរ​លេង​ទៅ​ក្រៅ។ ​នៅ​ផ្ទះ​បាន​ដើរ​លេង»។

រដ្ឋាភិបាល​បាន​និង​កំពុង​អនុវត្ត​ផែនការ​បីឆ្នាំ​ ចាប់​ពីឆ្នាំ​២០១៦​ដល់​២០១៨ ដោយ​មាន​គោល​ដៅ​កាត់​បន្ថយ​កុមារ​៣០ភាគរយ ​ចេញ​ពី​មណ្ឌល​ថែ​ទាំ​ឲ្យ​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​ក្មេង​ ប្រសិន​បើ​ពួកគេ​មាន​លទ្ធភាព​អាច​ទទួល​ចិញ្ចឹម​បាន។​

របាយ​ការណ៍​ផ្លូវការ​បង្ហាញ​ថា​ ក្មេង​ជាង​១៦០០០នាក់​រស់នៅ​ក្នុង​មណ្ឌល​ចំនួន​៤០៦ទូទាំង​ប្រទេស។​

កុមារា​ សុខុច ​ត្រូវ​បាន​ជីតាបញ្ជូន​ទៅ​មណ្ឌល​ថែ​ទាំ​កុមារ​ នៅ​ពេល​ដែល​ឪពុក​ម្តាយ​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដើម្បី​រក​លុយ ​ដោះ​បំណុល​ដែល​ជំពាក់​គេ។​

ម្តាយ​របស់​ សុខុច​ គឺ​អ្នកស្រី ​វើន យ៉ា ​អាយុ​៣៦​ឆ្នាំ ​ដែល​ជា​អ្នក​លក់​អាហារ​នៅ​ផ្សារ​ក្បែរ​ផ្ទះ​ បាន​និយាយ​ថា ​ដោយសារ​ជីវភាព​ក្រីក្រ ​និង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ទើប​អ្នកស្រី​មិន​ប្រឆាំង​នឹង​ការ​សម្រេច​របស់​ឪពុក​របស់​អ្នកស្រី ​ក្នុង​ការ​បញ្ជូន​កូន​ប្រុស​ទៅ​មណ្ឌល​ថែទាំ​កុមារ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «អត់​មាន​អារម្មណ៍​ម៉េច​ទេ។​ គាត់​ (ឪពុក)​ថា ​យក​ទៅ​ដាក់​ទៅ ​វា​ស្រួល​ទេ។ វា​អី​ទេ។ ​ខ្ញុំ​ក៏​មិន​ដឹង​ថា​ម៉េច​ ព្រោះ​នៅ​ឯ​នោះ​ហើយ»។​

អ្នកស្រី​បន្ត​ថា​ សុខុច​ មិន​ដែល​ត្អូញត្អែរ​ពី​ការ​រស់​នៅ​ក្នុង​មណ្ឌល​នោះ​ទេ។​

ម្តាយ​របស់ ​សុខុច ​បាន​ឲ្យ​ដឹង​ទៀត​ថា ​អ្នកស្រី​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ​ដោយសារ​អ្នកស្រី ​និង​ស្វាមី​ទៅ​ធ្វើ​ការ​នៅ​ទី​នោះ ​ដោយ​ខុសច្បាប់​ មិន​មាន​លិខិត​ឆ្លង​ដែន។​

ក្រោយ​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ ​មន្រ្តី​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធជន ​និង​យុវនីតិសម្បទា ​ក៏​បាន​ទាក់ទង​អ្នកស្រី ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​បញ្ជូន​កូន​ចេញ​ពី​មណ្ឌល​មក​រស់នៅ​ជាមួយ​អ្នកស្រី​វិញ។ ​អ្នកស្រី​បាន​បញ្ជាក់​ថា ​អ្នកស្រី​មិន​ជំទាស់​នឹង​គម្រោង​របស់​រដ្ឋាភិបាល​នោះ​ទេ។​

អ្នកស្រី​បាន​បញ្ជាក់​ថា៖​ «មក​វិញ​ ក៏​អរ​បាន​នៅ​ជុំ​គ្នា»។​

ទោះជា​យ៉ាងណា​ អ្នកស្រី​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ការ​សិក្សា​របស់​កូន ​ដោយសារ​គ្រួសារ​មិន​មាន​លទ្ធភាព​ក្នុង​ការ​បញ្ជូន ​សុខុច ​ទៅ​រៀន​ភាសា​អង់គ្លេស​នៅ​ក្នុង​សហគមន៍​វិញ​បាន។​

អ្នកស្រី​មាន​ប្រសាសន៍​ថា ​អ្នកស្រី​អាច​រ៉ាប់រង​ការ​ចិញ្ចឹម​កូន​បាន ​បើ​ទោះ​ជា​បច្ចុប្បន្នមាន​កូន​៤​នាក់ ​នៅ​ក្នុង​បន្ទុក​ក៏​ដោយ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ទេ ​វា​មិន​អី​ទេ ​អាច​ចិញ្ចឹម​កូន​បាន។ ​សង​គេ​ខ្លះ​ទៅ ​សល់​ចិញ្ចឹម​កូន​ខ្លះ​ទៅ»។​

អ្នកស្រី​បាន​បន្ថែម​ថា៖ «លក់​អា​នេះ​ផង ​អានោះ​ផង​ បាន​តែ​បង់​ឲ្យ​គេ​ក៏​ចាយ។ ​បាន​តែ​ពី​សង​គេ​ក៏​ចាយ។​ រាល់​ថ្ងៃ​អង្ករ​ស៊ី​អី​ក៏​អស់​ទៅ!​ មិន​ដែល​រក​បាន​សល់​ទេ»។​

កុមារា ឈឿម សុខុច និង​ឪពុកម្តាយ លោក ប្លុង ប៊ុនឃាម អាយុ៤០ឆ្នាំ និង​អ្នកស្រី វឿន យ៉ា អាយុ៣៦ឆ្នាំ ថត​រូបជុំ​គ្នា​នៅ​ខាងមុខ​ផ្ទះ​ ស្ថិត​ក្នុង​ឃុំ​ក្របីរៀល ខេត្តសៀមរាប កាល​ពីថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ឪពុក​របស់ ​សុខុច ​គឺ​លោក​ ប្លុង ប៊ុនឃាម ​អាយុ​៤០​ឆ្នាំ ​ជា​ជាង​កាត់សក់​នៅ​ផ្ទះ​បាន​និយាយ​ថា ​លោក​មាន​អារម្មណ៍​កក់​ក្តៅ​ដែល​កូន​បាន​ត្រឡប់​មក​រស់​នៅ​ជា​មួយ​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖ «អារម្មណ៍​ដូច​ថា​ វា​កក់​ក្តៅ។ ​នៅ​អង្គការ​(មណ្ឌល​ថែ​ទាំ)​ វា​អត់​កក់​ក្តៅ​ផ្ញើ​នៅ​អង្គការ​ទៅ ​ដូច​ថា ​វា​អត់សូវ​កក់​ក្តៅ​ណា៎»។

បើ​តាម​មន្រ្តី​មន្ទីរ​សង្គមកិច្ច ​កុមារ​ជាង​១៨០០នាក់​រស់​នៅ​ក្នុង​មណ្ឌល​ថែទាំ​ចំនួន​៥៤​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដែល​ជា​តំបន់​ទេសចរណ៍។ មណ្ឌល​ចំនួន​៤​នៅ​ក្នុង​ខេត្ត​សៀមរាប ​ត្រូវ​បាន​បិទ​កាល​ពី​ឆ្នាំ​មុន ​ក្រោយ​រក​ឃើញ​ថា​មណ្ឌល​ទាំង​នោះ​មិន​បាន​បំពេញតាម​ស្តង់ដារ​អប្បបរមា​ ក្នុង​នោះ​មាន​កង្វះខាត​ថវិកា​ និង​ការ​ថែ​ទាំកុមារ​មិន​បាន​ត្រឹមត្រូវ។

លោក​ អោ ម៉ៅ​ ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ប្រចាំ​ខេត្ត​សៀមរាប ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ ដំណើរ​ការ​នៃ​ការ​បញ្ជូន​ក្មេង​ទៅ​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​វិញ ​គឺ​ដើម្បី​ធានា​ថា​ក្មេង​ត្រូវ​បាន​មើល​ថែ​ត្រឹមត្រូវ​ ជាជាង​ទុក​នៅ​មណ្ឌល។ ​លោក​បន្ត​ថា ​ការ​សម្រេច​ចុង​ក្រោយ​គឺ​ស្ថិត​នៅ​លើ​កុមារ​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖ «ទីមួយ ​យើង​ចុះ​ទៅ​សិក្សា​នៅ​ក្នុង​មណ្ឌល​ដែល​កុមារ​ហ្នឹង​រស់​នៅ​ផ្ទាល់​នៅ​ក្នុង​មណ្ឌល។ ហើយ​បន្ទាប់​ពី​ យើង​យក​ព័ត៌មាន​បាន​នៅ​ក្នុង​មណ្ឌល​ហើយ យើង​បាន​ចុះ​ប៉ាន់​នៅ​សហគមន៍ ​និង​ដល់​គ្រួសារ»។​

លោក​បញ្ជាក់​ថា ​មន្រ្តី​ជំនាញ​របស់​មន្ទីរ​ ​ក៏​បាន​សិក្សា​ដិត​ដល់​ទៅ​លើ​លទ្ធភាព​ថា​ តើ​ក្រុម​គ្រួសារ​អាច​ទទួល​ក្មេង​ទៅ​ចិញ្ចឹម​បាន​ឬ​យ៉ាងណា។

លោក​មាន​ប្រសាសន៍​ថា៖ «ក្នុង​ករណី​គ្រួសារ​អាច​ទទួល​កុមារ​បាន ​គឺ​យើង​ត្រូវ​ការ​ការ​ធ្វើ​សមាហរណ​កម្ម។ ​យើ​ង​ស្ទាបស្ទង់​ទៅ​លើ​អារម្មណ៍​របស់​ឪពុក​ម្តាយ។ ​ជា​ទូទៅ ​កាលណា​យក​ក្មេង​ទៅ​ដាក់​មណ្ឌល​ហើយ ​គាត់​មាន​ការ​សប្បាយ​ចិត្ត​ហើយ ​ដោយ​សារ​គាត់​អស់​បន្ទុក​ទៅ​នឹង​ការ​ថែទាំ​របស់​កុមារ​របស់​កូន​គាត់​ហ្នឹង​ ហើយ​ដល់​ពេល​យើង​ព្យាយាម​ធ្វើ​សមាហរណ​កម្ម​ទៅ​វិញ ​យើង​ព្យាយាម​ពន្យល់​គាត់​នីតិវិធី​នៃ​ការ​គ្រប់គ្រង​កុមារ ​នៅ​តាម​មណ្ឌល ​មាន​លក្ខណៈ​អីចេះ​មួយ​អីចុះ​ពីរ ​គាត់​អាច​ទទួល​យក​បាន»។​

ប្រធាន​មន្ទីរ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពី​ការ​ធ្វើ​សមាហរណ​កម្ម​ មន្រ្តី​ជំនាញ​ក៏​បាន​ចុះ​ទៅ​តាម​ដាន​ការ​រស់នៅ​ និង​ការ​សិក្សា​របស់​កុមារ​ជា​ទៀង​ទាត់​ផង​ដែរ។​

បើ​តាម​លោក​ អោ ម៉ៅ ​កាល​ពី​ឆ្នាំ​មុន ​ក្មេង​ប្រមាណ​១៥០​នាក់​នៅ​ក្នុង​មណ្ឌល​ខេត្ត​សៀមរាប ​ត្រូវ​បាន​បញ្ជូន​ទៅ​សហគមន៍​របស់​ពួក​គេ​វិញ​ ហើយ​ក្នុង​ឆ្នាំ​២០១៧​មណ្ឌល​គ្រោង​នឹង​បញ្ជូន​ក្មេង​ប្រមាណ​២២០​នាក់​ និង​នៅ​ក្នុង​ឆ្នាំ២០១៨ ​ចំនួន​២៧៦​នាក់។​

លោក ​អោ ម៉ៅ​ បាន​បញ្ជាក់​ថា ​ក្មេង​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​វិញ ​ត្រូវ​បាន​ផ្តល់ជូន​នូវ​កង់​ចំនួន​១​គ្រឿង ​សម្ភារៈ​សិក្សា​មួយ​ចំនួន​ហើយ​នឹង​ការ​ជួយ​ទំនុក​បម្រុង​ពី​អង្គការ​ជា​ដៃគូ​របស់​រដ្ឋាភិបាល។​

ក្រោម​គម្រោង​សមាហរណ​កម្ម​របស់​រដ្ឋាភិបាល​ ​ក្មេង​មួយ​ចំនួន​មិន​អាច​ទៅ​រស់​នៅ​ជា​មួយ​ឪពុកម្តាយ​របស់​ពួកគេ​បាន​ទេ​ ដោយសារ​ឪពុក​ម្តាយ​របស់​ពួកគេ​មិន​មាន​លទ្ធភាព​ក្នុង​ការ​ចិញ្ចឹម​ក្មេង​ ជា​ពិសេស​លទ្ធភាព​ក្នុង​ការ​បញ្ជូន​កូន​ទៅ​រៀន។​

កុមារា ក្រន និលមុនី អាយុ១៣ឆ្នាំ រស់នៅ​ជាមួយ​ជីតា ក្នុង​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ក្រោយ​ពី​ត្រូវបាន​សមាហរណកម្ម​ចេញ​ពី​មណ្ឌល។ (ស៊ុន ណារិន/VOA)

កុមារា​ ក្រន និលមុនី ​អាយុ​១៣​ឆ្នាំ ​ជា​សិស្ស​ថ្នាក់​ទី៤ ​រស់​នៅ​ក្នុង​ស្រុក​បន្ទាយស្រី ​ខេត្ត​សៀមរាប​ បាន​និយាយ​ថា ​ខ្លួន​បាន​ត្រឡប់​ទៅ​រស់​នៅ​ជា​មួយ​ជីតា ​កាល​ពី​ឆ្នាំ​មុន ​ដោយ​សារ​ឪពុក​ម្តាយ​មាន​ជីវភាព​ក្រីក្រ​ ហើយ​ខ្លួន​បាន​រស់​នៅ​ជាមួយ​ជីតា ​តាំង​ពី​នៅ​តូច។​

ជីតា​របស់​កុមារា​ និលមុនី​ គឺ​លោក ​សួន ក្រិ ​អាយុ​៦១​ឆ្នាំ ​មាន​ប្រសាសន៍​ថា​ លោក​បារម្ភ​អំពី​ការ​សិក្សា​របស់​ចៅ ​ដោយ​លោក​យល់​ថា​ ការ​រស់​នៅ​មណ្ឌល​ ចៅ​ប្រុស​របស់​លោក ​គឺ​ និលមុនី ​អាច​ទទួល​បាន​ការ​សិក្សា ​និង​ការ​អប់រំ​ល្អ​ជាង។​

លោក​បន្ត​ថា ​ចៅ​ប្រុស​របស់​លោក​មិន​ដែល​និយាយ​ថា ​គេ​ចង់​ទៅ​រស់នៅ​មណ្ឌល​វិញ​នោះ​ទេ។ ​លោក​បញ្ជាក់​បន្ថែម​ថា៖ «ចិត្ត​នោះ​ចង់​តែ​[ឲ្យ]​បែក​ពីយាយ​តា ​ពី​ម៉ែ​ឪ​វា។ ​គេ​នោះ ​គេ​អប់រំ​ទៅ ​បាន​ចេះ​ ​បាន​ដឹង។ ដល់​នៅ​មួយ​យាយតា​យាយ​តា​ថា​ អី ​ថា​ចុះ។​វាដឹង​ចិត្ត​តា​យាយ​ទៅ ​វា​អត់​ចង់​ទៅ​រៀន»។​

លោក ​ចាន់ សុវណ្ណ ​មន្រ្តី​នៃ​មន្ទីរ​សង្គមកិច្ច ​ខេត្ត​សៀមរាប ​ដែល​ទទួល​បន្ទុក​លើ​សមាហរណ​កម្ម​កុមារា​ និលមុនី ​បានថ្លែង​ប្រាប់​ VOA​ ថា​ លោក​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ឪពុកម្តាយ​របស់​កុមារា ​និលមុនី ​ហើយ​យល់​ឃើញ​ថា ​ពួកគេ​មិន​អាច​មាន​លទ្ធភាព​ចិញ្ចឹម​បីបាច់​កូន​បាន​នោះ​ទេ។​

លោក​មានប្រសាសន៍ថា៖ «ខ្ញុំ​បាន​ទៅ​សិក្សា​ជាមួយ​ឪពុកម្តាយ​របស់​គាត់​ដែរ។ ​ប៉ុន្តែ​ឪពុក​ម្តាយ​ហ្នឹង​គឺ​គ្មាន​លទ្ធភាព​នឹង​អាច​យក​កុមារ​មក​វិញ​ទេ។ ​អីចឹង​ដោយសារ​ក្មេង​នេះ​គឺ​នៅ​ជាមួយ​សាច់​ញាតិ​តាំង​ពីតូច​មក»។​

លោក ​មួង ធី ​ប្រធាន​អង្គការ​ក្មេង​កសិករ​ ដែល​ជា​កន្លែង​កុមារា​ និលមុនី​ បាន​រស់​នៅ​ ​ បាន​ថ្លែង​ប្រាប់​ VOA​ ថា ​បើ​ទោះជា​ក្មេង​ឈប់​រស់​នៅ​មណ្ឌល ​អង្គការ​របស់​លោក​ក៏​នៅ​តែ​បន្ត​ជួយ​ក្មេង ​ដោយ​លោក​អះអាង​ថា ​ក្មេង​ទាំង​អស់​នៅ​ក្នុង​មណ្ឌល​របស់​លោក​សុទ្ធ​តែ​មាន​ឪពុកម្តាយ​ធម៌​នៅ​ក្រៅ​ប្រទេស​ជួយ​ទំនុក​បម្រុង។ ​លោក​បន្ត​ថា​ ការ​ធ្វើ​សមាហរណ​កម្ម​ក្មេង​ចេញ​ពី​មណ្ឌល​ថែ​ទាំ ​គឺ​អាស្រ័យ​លើ​ឪពុក​ម្តាយ​របស់​ពួក​គេ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖ «អា​រឿង​សមាហរណ​កម្ម​ក្មេង​ទៀត ​ខ្ញុំ​អត់​អី​ដែរ​ទេ។​បើ​ថា​ ក្រសួង​សមាហរណ​កម្ម​ក៏​បាន។ ​ចំពោះ​ខ្ញុំ ​ដូច​ជា​ម្យ៉ាង​ដែរ។ ​បើក្មេង​ដែល​សមាហរណ​កម្ម​មែន​ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ផ្តល់​ចំណី​អាហារ​ឲ្យ​ធម្មតា ​សម្លៀក​បំពាក់ ​សៀវភៅ​រៀន​សូត្រ​ឲ្យ​ធម្មតា។ ប៉ុន្តែ​វា​ទៅ​គេង​ផ្ទះ​វា​អត់​អី​ទេ»។

អង្គការ​យូនីសេហ្វ​បាន​និង​កំពុង​តែ​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ដំណើរ​ការ​សមាហរណ​កម្ម​នេះ ​ដោយ​ក្នុង​នោះ​មាន​ការ​បណ្តុះ​បណ្តាល​មន្រ្តី​លើ​កិច្ចការ​ទាំង​នេះ។​

លោក​ មាស ប៊ុនលី ​មន្រ្តី​ផ្នែក​ទំនាក់​ទំនង​របស់​អង្គការ​យូនីសេហ្វ​ មាន​ប្រសាសន៍​ថា ការ​បញ្ជូន​ក្មេង​ទៅ​ក្រុម​គ្រួសារ​វិញ​ជា​ជម្រើស​មួយ​ល្អ​សម្រាប់​កុមារ​ និង​ដើម្បី​ជៀស​ផុត​ពី​ការ​មិន​មើល​ថែ​ និង​ការ​បំពាន​ណា​មួយ។ លោក​បន្ត​ថា ​សមាហរណ​កម្ម​នេះ​ធ្វើ​ឡើង​ដោយ​គិត​លើ​ផល​ប្រយោជន៍​ល្អ​បំផុត​សម្រាប់​កុមារ។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ តាមរយៈ​សារ​អេឡិច​ត្រូនិក​ថា៖​

«សមាហរណ​កម្ម​ក្មេង​ជា​ការ​អនុវត្ត​មួយ​ដោយ​យោង​តាម​គោល​ការណ៍​នៃ​អត្ថប្រយោជន៍​ល្អ​បំផុត​នៃ​ក្មេង​ដោយ​ពុំ​មាន​គ្រោះ​ថ្នាក់។​ វា​តម្រូវ​ឲ្យ​មាន​ការ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​គ្រប់គ្រង​ក្មេង​នីមួយៗ​ រួម​មាន​ការ​តាមដាន​នូវ​ស្ថានភាព​ បន្ទាប់​ពី​មាន​ការ​ជួបជុំ​ជាមួយ​គ្រួសារ»។​

លោក មាស ប៊ុនលី​ បាន​បញ្ជាក់​បន្ថែម​ថា៖ «ក្មេង​ដែល​រស់​នៅ​មណ្ឌល​កុមារ​កំព្រា​អាច​ប្រឈម​នឹង​ហានិភ័យ​គ្រប់​ប្រភេទ​ និង​ការ​យាយី​ខ្លាំង​ រួម​មាន​ការ​មិន​យក​ចិត្ត​ទុក​ដាក់ និង​ការ​រំលោភ​បំពាន»។

សព្វថ្ងៃ​នេះ​កុមារា​ ឈឿម សុខុច​ បាន​ឆ្លៀត​ពេល​ទំនេរ​ខ្លះ​ពី​ការ​សិក្សា​ ជួយ​ឪពុក​ម្តាយ​របស់​គេ​លាង​ម៉ូតូ ​ដើម្បី​រក​ចំណូលខ្លះ​សម្រាប់​គ្រួសារ។​ ចំណែក​ម្តាយ​របស់​ សុខុច ​ក៏​បាន​លក់​សាច់គោ​អាំង​នៅ​ពេល​ល្ងាច​ បន្ថែម​ពី​លើ​ការ​លក់​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ផ្សារ​ ដើម្បី​រក​ចំណូល​បន្ថែម​ជួយ​ដោះ​បំណុល​ធនាគារ​ និង​ដើម្បី​ចិញ្ចឹម​កូន៕