ខណៈដែលប្រទេសថៃ គ្រោងរៀបចំការបោះឆ្នោតជាលើកដំបូងបន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងដោយយោធារយៈពេល៥ឆ្នាំ បណ្ដាអ្នកតាមដាន និងអ្នកវិភាគបានលើកឡើងថា ប្រទេសកម្ពុជាដែលនៅក្បែរខាង គួរសម្លឹងតាមដានស្ថានការណ៍វិវត្តនយោបាយជាយុទ្ធសាស្ត្រនៃប្រទេសជិតខាងមួយនេះ ដោយការយកចិត្តទុកដាក់ និងប្រយ័ត្នប្រយែង។
យ៉ាងណាក៏ដោយ បណ្ដាក្រុមអ្នកវិភាគបានអង្កេតឃើញថា ទំនាក់ទំនងកម្ពុជាថៃទំនងជានឹងមិនរងផលប៉ះពាល់អ្វីពេកទេ ពីសំណាក់ការបោះឆ្នោតនៅប្រទេសថៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនាខាងមុខនេះ ដោយសារតែរដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកកាន់អំណាចនៅប្រទេសថៃ ហាក់បានបន្សាំខ្លួនទៅហើយ ឆ្លើយតបនឹងស្ថានការណ៍ប្រែប្រួលចុះឡើងនៅប្រទេសទាំងពីរ។
ស្ថានការណ៍នេះ ខុសប្លែកស្រឡះពីរយៈពេល១០ឆ្នាំកន្លងទៅ ពេលភ្នំពេញនិងបាងកកមើលមុខគ្នាមិនចំ នៅចំពោះមុខនៃការប្រឈមមុខយោធានៅតំបន់ក្បែរប្រាសាទព្រះវិហាររបស់កម្ពុជា ខណៈដែលប្រទេសថៃ ពើបប្រទះនឹងវិបត្តិនយោបាយផ្ទៃក្នុងដ៏ជ្រាលជ្រៅ ដែលនាំឱ្យកម្សួលនៃសញ្ចេតនាជាតិនិយមកើនឡើងពុះកញ្ជ្រោលនៅសងខាងព្រំដែនប្រទេសទាំងពីរ។
លោក ងួន គឹមលី បេក្ខជនបណ្ឌិតជំនាញវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) បានកត់សម្គាល់ពីទំនាក់ទំនងដ៏នឹងធឹងរវាងប្រទេសទាំងពីរ កម្ពុជា និងថៃ ចាប់តាំងពីប្រទេសថៃធ្លាក់ក្រោមការដឹកនាំនៃរដ្ឋាភិបាលយោធាតាំងពីឆ្នាំ២០១៤មក ខុសប្លែកពីទំនាក់ទំនងទ្វេភាគីដ៏ប្រទូសរ៉ាយដែលធ្លាប់មានកាលពី១០ឆ្នាំមុន។
អ្នកស្រាវជ្រាវរូបនេះ បានប្រាប់ VOA ជាលាយលក្ខណ៍អក្សរនិងកែសម្រួលក្នុងន័យដើមយ៉ាងដូច្នេះថា៖
«សាវតានយោបាយក្នុងពេលថ្មីៗនេះ បានបង្ហាញថា ក្រុមអភិជននយោបាយនៅប្រទេសទាំងពីរបានគៃបន្លំសញ្ចេតនាជាតិនិយម ដែលទាក់ទងទៅនឹងអធិបតេយ្យភាពលើបូរណភាពទឹកដី និងទីតាំងបេតិកភណ្ឌវប្បធម៌ ដើម្បីសម្រេចឱ្យបាននូវរបៀបវារៈនយោបាយរបស់ពួកគេរៀងៗខ្លួន ជាពិសេសនៅពេលដែល[របបដឹកនាំរបសពួកគេ]ជួបនូវឱនភាពនៃភាពស្របច្បាប់»។
លោក ងួន គឹមលី បានបន្តយ៉ាងដូច្នេះថា៖
«យ៉ាងណាក្ដី បើសិនជានិន្នាការបច្ចុប្បន្ននៃទំនាក់ទំនងនៅតែបន្ត ក្រុមអភិជនគ្រប់គ្រងអំណាចនៅប្រទេសទាំងពីរ មានផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចដូចគ្នា ក្នុងការរក្សាទំនាក់ទំនង[ទ្វេភាគី]មួយដែលប្រកបដោយស្ថិរភាព»។
នៅខាងប្រទេសកម្ពុជា រដ្ឋាភិបាលដែលកើតពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៨ កន្លងទៅ កំពុងប្រឈមមុខនឹងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបានបរិហារការបង្ក្រាបនយោបាយដ៏ជ្រាលជ្រៅមុនការបោះឆ្នោត ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមូលអាសនៈគ្រប់គ្រងទាំងអស់នៅសភាជាន់ទាប។
គណបក្សនយោបាយជាង៤០ នឹងត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតថ្ងៃទី២៤ ខែមីនា ខាងមុខ ដែលជាការបោះឆ្នោតមានគេទន្ទឹងរង់ចាំអស់រយៈពេលជាយូរ ចាប់តាំងពីក្រុមយោធាថៃដែលស្និទ្ធនឹងព្រះរាជបល្ល័ង្ក បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលនៃគណបក្ស Pheu Thai រណបលោកអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ដែលក្រុមអភិជនគាំទ្រព្រះរាជវាំងមើលឃើញថា ជាហានិភ័យនៃនិរន្តរភាពរបបរាជានិយម។
នាយឧត្ដមសេនីយ៍ចូលនិវត្តន៍ Prayut Chan-o-cha ដែលជាមេដឹកនាំរដ្ឋប្រហារ និងជាមេដឹកនាំរបបសឹក បានបង្ហាញចេតនានៃការវិលត្រឡប់មកកាន់អំណាចក្រោយការបោះឆ្នោត ជាមួយនឹងរដ្ឋធម្មនុញ្ញថ្មី និងច្បាប់បោះឆ្នោតថ្មី ដែលសរសេរដោយរបបយោធា និងទទួលការឧទ្ទេសនាមបេក្ខភាពនាយករដ្ឋមន្ត្រីរបស់លោក ជាមួយគណបក្ស Palang Pracharat។
ស្របពេលជាមួយគ្នានេះផងដែរ ក្រុមគណបក្សដែលគាំទ្រលោក Thaksin Shinawatra និងចរន្តនយោបាយថ្មីដែលជំទាស់នឹងរបបយោធា ដូចជាគណបក្ស Future Forward ទើបបង្កើតថ្មីជាដើម សុទ្ធតែបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងចូលរួមការបោះឆ្នោតដើម្បីទប់ស្កាត់ការវិលត្រឡប់មកចូលកាន់អំណាចវិញនៃមេដឹកនាំរបបសឹក។
ច្បាប់បោះឆោ្នតថ្មីនៃប្រទេសថៃត្រូវបានគេមើលឃើញថា បានគោលដៅបន្សាបសម្លេងគាំទ្រនៃគណបក្សគាំទ្រលោក Thaksin Shinawatra និងតម្រូវឱ្យមានការបោះឆ្នោតរួមរវាងសមាជិកសភាតំណាងរាស្ត្រជាប់ឆ្នោត៥០០នាក់ និងសមាជិកព្រឹទ្ធសភាដែលជ្រើសតាំងដោយរបបសឹក២៥០នាក់ផ្សេងទៀត ក្នុងការតែងតាំងនាយករដ្ឋមន្ត្រី និងគណរដ្ឋមន្ត្រីថ្មីក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាស់មួយនេះ។
លោក ងួន គឹមលី នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី បានបន្តទៀតថា ស្ថានការណ៍នយោបាយផ្ទៃក្នុងរៀងៗខ្លួននៅប្រទេសទាំងពីរនេះហើយ ទើបបញ្ហារសើបនានានៃប្រទេសទាំងពីរ ដូចយ៉ាងសំណុំរឿងបូរណភាពទឹកដីនៅតំបន់ក្បែរប្រាសាទព្រះវិហារ និងបញ្ហានៃតំបន់សមុទ្រត្រួតស៊ីគ្នានឹងមិនលេចឡើងសាជាថ្មី ក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះឡើយ។
អ្នកស្រាវជ្រាវរូបនេះបានប្រាប់ VOA ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ក៏ព្រោះតែចរឹតនៃបរិបទនយោបាយរៀងៗខ្លួននៅប្រទេសទាំងពីរបែបនេះហើយ ទើបរដ្ឋាភិបាលទាំងសងខាងទំនងជានឹងទុកមួយឡែកនូវបញ្ហារសើបមួយចំនួន តួយ៉ាងការទាមទារបូរណភាពទឹកដីលើតំបន់ត្រួតស៊ីគ្នា។ ពួកគេ [រដ្ឋាភិបាលទាំងពីរ] ផ្ដល់អាទិភាព ទៅលើការរក្សាស្ថិរភាពនៃរបបដឹកនាំខ្លួនបច្ចុប្បន្ន សំខាន់ជាងបញ្ហាអ្វីៗផ្សេងទៀតទាំងអស់»។
អតីតភាពនៃសាវតាជូរចត់រវាងរបបដឹកនាំប្រទេសកម្ពុជា និងរចនាសម្ព័ន្ធអំណាចដឹកនាំយោធាព្រះរាជវាំងថៃ បានបង្ហាញនូវការអង្កេតជាយុទ្ធសាស្ត្រ ឃ្លាំមើលការបោះឆ្នោតថៃពីសំណាក់ទីក្រុងភ្នំពេញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបង្ហាញការគាំទ្រជាចំហរ ចំពោះក្រុមលោក Thaksin Shinawatra ចំពេលដែលមានការប្រឈមមុខគ្នាដោយប្រដាប់អាវុធ ជុំវិញទំនាស់បូរណភាពទឹកដីនៅតំបន់ក្បែរប្រាសាទព្រះវិហារឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។
លោក ហ៊ុន សែន បានសម្រេចតែងតាំងលោក Thaksin Shinawatra ជាទីប្រឹក្សាសេដ្ឋកិច្ចនៃរដ្ឋាភិបាលលោក ដែលនាំឱ្យរដ្ឋាភិបាលថៃសម្រេចកោះហៅឯកអគ្គរាជទូតរបស់ខ្លួនពីភ្នំពេញ ដែលក្រោយមកក៏នាំឱ្យរដ្ឋាភិបាលកម្ពុជាកោះហៅឯកអគ្គរាជទូតរបស់ខ្លួនពីបាងកកផងដែរ ទុកជាការតបត។
ទំនាក់ទំនងបានវិវត្តល្អប្រសើរជាទូទៅ ចន្លោះឆ្នាំ២០១១ដល់ឆ្នាំ២០១៤ ក្នុងសម័យកាលដែលប្រទេសថៃ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្ស Pheu Thai នៃអ្នកស្រី Yingluck Shinawatra មុនពេលដែលក្រុមទាហានសម្រុកចូលមកដណ្ដើមកាន់កាប់អំណាច ក្នុងខែឧសភា ឆ្នាំ២០១៤ ដើម្បីទម្លុះទម្លាយភាពជាប់គាំងនយោបាយ បង្កដោយក្រុមបាតុករនៅទីក្រុងបាងកកដែលទាមទារឱ្យអ្នកស្រី Yingluck ចុះចេញពីដំណែង។
ស្ថានការណ៍ច្របូកច្របល់នាដើមដំបូងនៃការចូលមកកាន់អំណាចរបស់របបសឹក បាននាំឱ្យមានការរុញច្រានពលករខ្មែរដែលស្នាក់នៅធ្វើការដោយខ្វះឯកសារច្បាប់ចំនួនប្រមាណ២៥ម៉ឺននាក់ ចេញពីប្រទេសថៃ មុននឹងការសម្របសម្រួល ដែលធ្វើឡើងតាមរយៈដំណើរទស្សនកិច្ចនៃប្រតិភូយោធាកម្ពុជា ដែលរួមមានទាំងលោក ហ៊ុន ម៉ាណែត កូននាយករដ្ឋមន្ត្រីខ្មែរផង ទៅកាន់ទីក្រុងបាងកក និងជួបជាមួយនឹងមេដឹកនាំនៃរបបយោធាផ្ដាច់ការរបស់ថៃ។
មានការប៉ាន់ប្រមាណថា ពលរដ្ឋកម្ពុជាក្នុងរង្វង់ប្រហែលមួយលាននាក់ កំពុងបំពេញការងាររកប្រាក់កម្រៃនៅក្នុងប្រទេសថៃ ក្នុងផ្នែកសំណង់ កម្មន្តសាល សេវាកម្ម និងនេសាទ។
លោក Thitinan Pongsudhirak នាយកវិទ្យាស្ថានកិច្ចការសន្តិសុខនិងសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ បានលើកឡើងថា ការណ៍ដែលរបបសឹកថៃចាត់វិធានការលើពលរដ្ឋខ្មែរដែលធ្វើការដោយខ្វះឯកសារច្បាប់នៅប្រទេសថៃ កាលពីពាក់កណ្ដាលឆ្នាំ២០១៤កន្លងមកនោះ ក្រុមរដ្ឋាភិបាលយោធាចង់ផ្ញើសារមួយដ៏ជាក់ច្បាស់ ដល់លោកនាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋាភិបាលរបស់លោក ព្រមានកុំឱ្យបន្ត«លូកដៃ»ក្នុងកិច្ចការនយោបាយថៃបន្តទៅទៀត។
លោក Thitinan Pongsudhirak ប្រាប់ VOA តាមការឆ្លើយឆ្លងទូរស័ព្ទយ៉ាងដូច្នេះថា៖
«លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឃើញវិធានការរបស់រដ្ឋាភិបាលយោធាថៃក្នុងការបញ្ជូនពលករកម្ពុជារាប់សែននាក់នៅក្រោយការធ្វើរដ្ឋប្រហារ ដែលបានបង្កើតបញ្ហាជាច្រើនដល់លោក ហ៊ុន សែន ដែលខ្ញុំគិតថាលោកបានទទួលនូវមេរៀន និងសារ បញ្ជូនដោយរដ្ឋាភិបាលយោធាថៃ ថាលោកគួរតែឈប់លូកលាន់ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ។ ម្ល៉ោះហើយ ខ្ញុំយល់ថា សារដែលបានបញ្ជូន ត្រូវបានទទួលយល់យ៉ាងពេញលេញ»។
ក្រោយមក ទំនាក់ទំនងរវាងរដ្ឋាភិបាលលោក ហ៊ុន សែន និងរដ្ឋាភិបាលលោក Prayut Chan-o-cha ក៏មានចរឹតស្អិតរមួត និងមានស្ថិរភាព ក្រោមការបកស្រាយនៃហេតុផលផ្សេងៗពីគ្នា។ នេះបើយោងតាមអ្នកវិភាគតាមដាន។
ទីក្រុងបាងកកដែលធ្លាប់ជាទីឈប់សំចតសម្រាប់ជនភៀសខ្លួនក្រោមហេតុផលនយោបាយចេញពីប្រទេសកម្ពុជា ប្រាថ្នាក្នុងការចេញទៅរស់នៅសុំសិទ្ធិជ្រកកោននៅប្រទេសទីបី បានផ្លាស់ប្ដូរធាតុរបស់ខ្លួន នៅពេលដែលរបបសឹកថៃមិនបានបង្ហាញភាពរួញរាឡើយ ក្នុងការចាប់បញ្ជូនពួកគេត្រឡប់មកវិញ នៅពេលដែលមានការស្នើសុំពីរដ្ឋាភិបាលកម្ពុជានៅភ្នំពេញ។ ករណីថ្មីៗនេះ មេដឹកនាំសហជីពម្នាក់ត្រូវបានចាប់បញ្ជូនមកទទួលទោសនៅកម្ពុជាវិញ ជុំវិញការចូលរួមផលិតវីដេអូឯកសារស្ដីអំពីការជួញដូរផ្លូវភេទលើកុមារីមិនទាន់គ្រប់អាយុនៅកម្ពុជា។
លោក Thitinan Pongsudhirak ក៏បានកត់សម្គាល់ផងដែរ ក្នុងបទសម្ភាសជាមួយ VOA ថា រដ្ឋាភិបាលថ្មីរបស់ថៃ មិនថាមកពីក្រុមអភិរក្សនិយមស្និទ្ធនឹងយោធា ឬមកពីក្រុមស្និទ្ធនឹងលោក Thaksin Shinawatra នោះទេ នឹងទទួលស្គាល់នូវសារៈសំខាន់ដល់ការរក្សាទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា។
អ្នកជំនាញដែលមានមូលដ្ឋាននៅទីក្រុងបាងកករូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖
«ការប្រសើរឡើងនៃទំនាក់ទំនងជាមួយប្រទេសកម្ពុជាជាទស្សនទានមួយដែល គេសម្រេចទទួលយកនៅសងខាងប៉ូលនយោបាយទាំងពីរនៅប្រទេសថៃ...ខ្ញុំមិនគិតថារដ្ឋាភិបាលថ្មីរបស់ថៃ [មិនថាមកពីក្រុមណាក៏ដោយ] នឹងមានគោលនយោបាយអ្វីខុសប្លែកពីនេះជាមួយប្រទេសកម្ពុជានោះទេ។ គេប្រហែលជាមានបម្លាស់ប្ដូរទៅលើគោលនយោបាយការបរទេសជាមួយមហាអំណាចធំជាងនេះ ដូចជាជាមួយប្រទេសចិន ឬក៏សហរដ្ឋអាមេរិក តែសម្រាប់ប្រទេសក្បែរខាងដូចជា កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ទំនាក់ទំនងគួរតែអាចរក្សានៅដដែល»។
លោក សេក សុផល អ្នកស្រាវជ្រាវនៅ មជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រទេសជប៉ុន បានលើកឡើងថាស្ថិរភាពដែលរដ្ឋាភិបាលយោធាថៃកសាងបានជាមួយកម្ពុជា នារយៈពេល៥ឆ្នាំកន្លងមកនេះ ជាការចាំបាច់សម្រាប់សម្អាតស្ថិរភាពផ្ទៃក្នុង និងកសាងមូលដ្ឋានអំណាចរបស់ខ្លួននៅក្នុងស្រុកតែប៉ុណ្ណោះ។
អ្នកវិភាគរូបនេះបានថ្លែងក្នុងកម្មវិធី Hello VOA នាដើមសប្ដាហ៍នេះថា៖
«បើយើងមើលទីតាំងភូមិសាស្ត្រនយោបាយ ប្រទេសកម្ពុជាយើងជាប្រទេសតូច ហើយនៅជាប់ប្រទេសថៃ។ ប្រទេសថៃគឺជាប្រទេសធំ។ អ៊ីចឹងការប្រែប្រួលនយោបាយនៅក្នុងប្រទេសថៃ ទោះបីតិចក្ដីច្រើនក្ដី នឹងមានផលផ្ទាល់ និងប្រយោលប៉ះពាល់ដល់ប្រទេសកម្ពុជាយើង»។
លោក សេក សុផល បានថ្លែងបន្តថា៖
«បច្ចុប្បន្ន បើយើងមើលទៅ គឺក្រុមដឹកនាំយោធា ពេលដែលគាត់ឡើងកាន់អំណាច ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានស្ថិរភាពច្រើន។ ប៉ុន្តែមិនទៀងទេ ដោយសារតែ ជានយោបាយ ពីមុនមក គាត់ ដើម្បីឱ្យមាន ស្ថិរភាពក្នុងស្រុក រដ្ឋាភិបាលយោធា គាត់ព្យាយាមមិនបង្កទំនាស់ជាមួយប្រទេសជិតខាងទេ។ ប៉ុន្តែលើកនេះ បើសិនជាគាត់ក្លាយជាមេដឹកនាំដែលស្របច្បាប់ តាមរយៈការបោះឆ្នោត យើងក៏ពិបាកនឹងព្យាករណ៍ដែរ»។
យ៉ាងណាក៏ដោយ ទំនាក់ទំនងដ៏នឹងធឹងរវាងភ្នំពេញនិងបាងកក នារយៈពេល៥ឆ្នាំកន្លងទៅនេះ បានទទួលនូវការសាកល្បងមួយយ៉ាងធំ កាលពីដើមឆ្នាំនេះ នៅពេលដែលកាសែត South China Morning Post ប្រចាំនៅទីក្រុងហុងកុង បានចេញផ្សាយនូវរបាយការណ៍ព័ត៌មានផ្ដាច់មុខមួយ ដែលបានលើកឡើងថា អ្នកស្រីអតីតនាយករដ្ឋមន្ត្រីថៃ Yingluck Shinawatra បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា ដើម្បីធ្វើការរត់គេចខ្លួន ចេញពីការចាប់ចងនៅប្រទេសថៃ កាលពីឆ្នាំ២០១៧។
រំលងបានពីរថ្ងៃ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានឆ្លើយតបដោយប្រយោល ដោយបានធ្វើការណែនាំដល់ស្ថាប័នពាក់ព័ន្ធ ក្នុងការដកហូតលិខិតឆ្លងដែនកម្ពុជាពីសំណាក់ជនបរទេសដែលជាទីប្រឹក្សារដ្ឋាភិបាល ដែលកាយវិការនេះត្រូវបានលោករដ្ឋមន្ត្រីការបរទេសនៃរបបយោធាថៃ Don Pramudvinai បានសាទរ ថាជាសញ្ញាបង្ហាញពីការយល់ចិត្តយល់ថ្លើមរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។
សំណួរដែលគេមានជាបន្តនោះគឺថា នៅពេលដែលលោក ហ៊ុន សែន បន្តចំណងទាក់ទងជិតស្និទ្ធជាមួយយោធាថៃ ចំណងមិត្តភាពកម្រិតបុគ្គលរបស់លោក ជាមួយលោក Thaksin Shinawatra ដែលធ្លាប់បានពង្រីកដល់ការគាំទ្រផ្នែកស្មារតីនយោបាយនោះ នឹងរងផលប៉ះពាល់ដល់កម្រិតណា។
លោក Jakrapob Penkair ជំនួយការជំនិតរបស់លោក Thaksin Shinawatra ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេសថៃ បានថ្លែងកាលពីពេលថ្មីៗនេះថា ចំណងមិត្តភាពរវាងលោកអតីតនាយករដ្ឋមន្ត្រីថៃ និងបុរសខ្លាំងនៃកម្ពុជា ចាប់ផ្ដើមឡើងតាំងតែពីពេលដែលមេដឹកនាំទាំងពីរអង្គុយចរចាគ្នាបន្ធូរបន្ថយភាពតានតឹងដែលឈានឡើងដល់កម្រិតកំពូល អំឡុងពេលមានកុប្បកម្មដុតស្ថានទូតថៃនៅភ្នំពេញ កាលពីឆ្នាំ២០០៣។
លោក Jakrapob Penkair ដែលធ្លាប់ធ្វើជាអ្នកនាំពាក្យរដ្ឋាភិបាលលោក Thaksin Shinawatra ជំនាន់មុនរដ្ឋប្រហារឆ្នាំ២០០៦ បានប្រាប់ VOA ថាលោក Thaksin និងលោក ហ៊ុន សែន នៅតែបន្តមាន «ការទាក់ទងល្អនឹងគ្នានៅកម្រិតឯកជន» ថ្វីបើមិត្តភាពនេះ ពេលខ្លះមានភាពរង្គោះរង្គើយ៉ាងណាក្ដី។
«បើតាមដែលខ្ញុំដឹង ពួកលោកទាំងពីរនៅតែមានចំណងទាក់ទងនឹងគ្នា ក្នុងនាមជាមិត្តភក្ដិ។ តែលោកនាយករដ្ឋមន្ត្រី Thaksin បានដឹងច្បាស់ថា គាត់មិនមែនជាអ្នកដឹកនាំប្រទេសថៃទេ នាពេលបច្ចុប្បន្ន ហើយមិនចង់នាំការលំបាកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ ដូចដែលលោកបានជ្រាប និងឃើញស្រាប់ហើយ ថាគេកំរឃើញលោក [Thaksin] អញ្ជើញមកកម្ពុជាណាស់។ លោកធ្វើដំណើរទូទាំងពិភពលោកជាមួយនឹងយន្តហោះឯកជនរបស់លោក តែកម្រណាស់សម្រាប់ការមកប្រទេសកម្ពុជា ពីព្រោះលោកដឹង ថាបើលោកមក នឹងនាំមកនូវស្ថានភាពដ៏លំបាកដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រទេសកម្ពុជា [ដែលត្រូវប្រឈមនឹងរបបសឹក]»។
នៅពេលត្រូវបានសួរដោយ VOA ថាតើលោករំពឹងថាបក្សដែលគាំទ្រលោក Thaksin Shinawatra នឹងមានគោលនយោបាយការបរទេសបែបណាចំពោះកម្ពុជា បើសិនជាមានលទ្ធភាពប្រមូលសំឡេងគ្រប់គ្រាន់ទៅដឹកនាំរដ្ឋាភិបាលថៃក្រោយការបោះឆ្នោត លោក Jakrapob Penkair បានថ្លែងថា គេត្រូវគិតមើលថារដ្ឋាភិបាលចេញពីបក្សដែលស្និទ្ធនឹងលោក Thaksin នោះឈរជើងយូរបានកម្រិតណា។
ការផ្លាស់ប្ដូររូបមន្តបោះឆ្នោតថ្មី តម្រូវឱ្យបក្សគាំទ្រលោក Thaksin Shinawatra បំបែកខ្លួនជាបក្សតូចជាច្រើន ដើម្បីប្រមូលសំឡេងឱ្យបានគ្រប់គ្រាន់ អនុលោមតាមរបៀបរាប់សន្លឹកឆ្នោតថ្មី។
បក្សមួយដែលបានគាំទ្រលោក គឺគណបក្ស Thai Raksa Chart ទើបត្រូវបានរំលាយនៅដើមខែនេះ ជុំវិញការសម្រេចចិត្តដែលនាំឱ្យរង្គើឆាកនយោបាយថៃ ក្នុងការឧទ្ទេសនាម ព្រះនាងម្ចាស់ក្សត្រី Ubolratana Rajakanya ដែលជាព្រះរាមបង្កើតនៃព្រះមហាក្សត្រថៃ រាមាទី១០ ហើយបក្សដែលប្រឆាំងនឹងរបបយោធាដទៃទៀត ក៏កំពុងប្រឈមនឹងការលំបាកជុំវិញការប្រើប្រាស់វិធានការច្បាប់ប្រឆាំងពួកគេផងដែរ៕