ដំណើរការចាប់ខ្លួនអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye តាម ផ្លូវច្បាប់ នាំឲ្យមានការរិះគន់ដល់ដំណើរការកែទម្រង់ស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកតស៊ូមតិបាននិយាយថា ប្រទេសកម្ពុជាត្រូវការពង្រឹងស្ថាប័នរដ្ឋឲ្យបានរឹងមាំជាងមុន ដើម្បីភាពរីកចម្រើនផ្នែកប្រជាធិបតេយ្យនិងបានការទុកចិត្តពីសាធារណៈជន។
ក្រុមអ្នកតស៊ូមតិក្នុង និងក្រៅប្រទេសចង់ឃើញស្ថាប័នរដ្ឋនិងការបែងចែកអំណាចរដ្ឋ ក្នុងប្រទេសកម្ពុជាមានលក្ខណៈរឹងមាំដូចនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយពេល លោកស្រី ប៉ាក ងិន ហ៊ី (Park Geun-hye) ដែលជាអតីតប្រធានាធិបតីត្រូវបានចាប់ខ្លួន ដោយដំណើរការផ្លូវច្បាប់មួយដែលគេមើលឃើញថា មានលក្ខណៈប្រជាធិបតេយ្យ រឹងមាំ ហើយនឹងជាទីទុកចិត្ត។
អាជ្ញាធរប្រទេសកូរ៉េខាងត្បូង បានចាប់ខ្លួនលោកស្រី Park Geun-hye ប្រធានាធិបតីដែលត្រូវគេបណ្តេញចេញពីតំណែងលើបទចោទប្រកាន់ពីការប្រព្រឹត្តអំពើពុករលួយ ទទួលសំណូក ហើយនឹងការរំលោភអំណាចដែលអនុញាតឲ្យមិត្តភ័ក្រ្តជំរិតទារលុយ ពីក្រុមហ៊ុនជាដើម។ ដំណើរការមុនការឈានទៅដល់ការចាប់ខ្លួន គឺត្រូវគេមើល ឃើញថា ការបែងចែកអំណាច និងដំណើការប្រជាធិបតេយ្យមានភាពរឹងមាំដែលខុស គ្នាឆ្ងាយពីប្រត្តិបត្តិការនៅកម្ពុជា។ រឿងនោះត្រូវគេឃើញថា សភាដែលជាស្ថាប័ន នីតិបញ្ញត្តិ បានបោះឆ្នោតទម្លាក់លោកស្រី ប៉ាក ពីមុខតំណែងប្រធានាធិបតីកាលពី ខែធ្នូ ឆ្នាំ២០១៦ រួចដំណើរការនីតិវិធីនៅតុលាការ ដែលចៅក្រម បានចោទប្រកាន់ លោកស្រីនោះ បានប្រព្រឹត្តទៅដោយគ្មានខ្លាចឥទ្ធិពលរបស់ស្ថាប័ននីតិប្រតិបត្តិ ឬ រដ្ឋាភិបាលឡើយ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានថ្លែងថា ដំណើរការក្តីក្តាំប្រធានាធិបតីកូរ៉េខាងត្បូងបង្ហាញថា ប្រទេសនេះបានកសាងស្ថាប័នរដ្ឋរឹងមាំ និងមានប្រជាធិបតេយ្យពិតប្រាកដ។
«ប្រទេសណាក៏ដោយឲ្យតែស្ថាប័នរឹងមាំ គឺប្រទេសហ្នឹង មានស្ថិរភាពហើយ»។
លោកថ្លែងយ៉ាងដូច្នេះដោយយោងថា ប្រទេសកូរ៉េខាងត្បូងមានការបែងចែកអំណាច ដាច់ពីគ្នារវាងស្ថាប័នរដ្ឋទាំងបីគឺអង្គការនីតិបញ្ញតិ ឬ សភា អង្គនីតិប្រតិបត្តិ ឬ រដ្ឋាភិបាល ហើយនឹងប្រព័ន្ធយុត្តិធម៌ ឬ អំណាចតុលាការនោះ គ្មានសម្ពាធឥទ្ធិពលពី រដ្ឋាភិបាលឡើយ។
លោក អ៊ូ វីរៈ ដែលសង្កេតឃើញថា មានកំណែទម្រង់ខ្លះ នៅកម្ពុជាលើស្ថាប័នរដ្ឋ តែមិនបានបោះជំហ៊ានលឿននោះ បានជំរុញឲ្យកម្ពុជា កសាងប្រព័ន្ធតុលាការនិងស្ថាប័នរដ្ឋឲ្យបានរឹងមាំ និងផ្តល់សេចក្តីទុកចិត្តដល់ពលរដ្ឋឡើងវិញ ដែលលោកយោងរឿងនេះទៅលើទំនុកចិត្តក្នុងប្រទេសកូរ៉េខាងត្បូងលើស្ថាប័នរដ្ឋនានា។
លោក Phil Robertson នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ីបានថ្លែងថា អ្វីដែលគេឃើញក្នុងប្រទេសកូរ៉េខាងត្បូងក្នុងបរិបទនេះ គឺជា ប្រជាធិបតេយ្យបែបទំនើប គឺខុសឆ្ងាយពីរបបផ្តាច់ការយោធា ហើយតុលាការត្រូវគេ ផ្តល់អំណាចឯករាជ្យដើម្បីចាត់វិធានការលើអំពើពុករលួយ ដែលប្រព្រឹត្តដោយអង្គការ នីតិប្រត្តិបត្តិ ឬ រដ្ឋាភិបាល។
«យើងមិនឃើញរឿងដូច្នោះកើតឡើងនៅកម្ពុជាទេ។ ជាការពិតប្រព័ន្ធយុត្តិធម៌កម្ពុជា បានក្លាយជារឿងអស់សំណើចក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាក្លាយជាឧទាហរណ៍ច្បាស់ ក្រឡែតនៃអំណាចរដ្ឋាភិបាលដែល គ្រប់គ្រងប្រព័ន្ធយុត្តិធម៌ ហើយប្រើប្រាស់ប្រព័ន្ធ យុត្តិធម៌នេះដើម្បីវាយប្រហារ ដាក់គុកសកម្មជនគណបក្សប្រឆាំង និងអង្គការសង្គម ស៊ីវិល អ្នកស្ម័គ្រចិត្តនៅតាមមូលដ្ឋាន អ្នកធ្វើកិច្ចការរឿងដីធ្លី ហើយនឹងអ្នកដែលរដ្ឋាភិបាលមិនចូលចិត្ត។ លោកអ្នកដឹងទេរដ្ឋាភិបាលនិយាយថា យើងមានច្បាប់។នោះគឺ មានន័យថាគេអាចចោទប្រកាន់អ្នកណាមួយដែលគេចង់ចោទប្រកាន់ ហើយតុលាការ នឹងកាត់ទោសអ្នកនោះ»។
មេដឹកនាំក្រុមជំទាស់ សមាជិកគណបក្សជំទាស់ហើយនឹងក្រុមមន្ត្រីអង្គការសង្គមស៊ីវិលជាច្រើននាក់កំពុងស្ថិតក្នុងពន្ធនាគារ ឬ និរទេសខ្លួនដោយសារក្តីក្តាំតុលាការ ដែលគេចោទប្រកាន់ថា គណបក្សគ្រប់គ្រងប្រទេសបានចាត់វិធានការធ្វើទុក្ខបុកម្នេញ ក្រុមជំទាស់ មុនការបោះឆ្នោតមកដល់ដែលលោក Phil Robertson អះអាងថាដំណើរ ការប្រជាធិបតេយ្យមានការរំខាន។
«យើងមិនទាន់ឃើញរឿងនោះកើតឡើងនៅកម្ពុជាពិតៗទេចាប់តាំងពីមានអំពើរដ្ឋប្រហារដោយលោកហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជា ដែលពិតជាបានបណ្តេញនាយករដ្ឋមន្ត្រីនាំមុខពេលនោះគឺព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ។ តែអ្វីដែលយើងកំពុងឃើញពេលនេះ គឺការអនុម័តវិសោធនកម្មច្បាប់គណបក្សនយោបាយដែលគំរាមបញ្ចប់ដំណើរការនយោបាយដ៏មានសារៈសំខាន់មិនឲ្យរីកលូតលាស់ទៅមុខ។ រដ្ឋាភិបាល បានផ្តល់អំណាចដល់ក្រសួងមហាផ្ទៃដើម្បីផ្អាកដំណើរការគណបក្សនយោបាយក្រោមលេសដែលងាយៗ ហើយនឹងរំលាយគណបក្សនយោបាយណាដែលមានរឿងរ៉ាវមួយចំនួន ដែលបានចែងក្នុងច្បាប់ ដែលជាច្បាប់មានលក្ខណៈទន់ជ្រាយនោះ»។
លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជាមិនមែនអាស្រ័យលើបុគ្គលម្នាក់ ពីរនាក់នោះទេ ដែលលោកថា គេមិនគួរប្រៀបធៀបព្រៃពុកផុយមួយដើម ពីរដើម ចាត់ទុកថាព្រៃទាំងមូលពុកផុយទាំងអស់នោះទេ។
«ទោះបីបុគ្គលខ្លះនៅក្នុងគណបក្សសង្គ្រោះជាតិប្រព្រឹត្តល្មើសច្បាប់ ហើយទទួលរងនូវ វិធានការដំណើការនីតិវិធីរបស់តុលាការនេះ គឺមិនធ្វើឲ្យគណបក្សសង្គ្រោះជាតិ បាត់បង់នូវសិទ្ធិសេរីភាពប្រកួតប្រជែងក្នុងការបោះឆ្នោតហ្នឹងទេ»។
ឆ្លើយតបទៅនឹងការបែងចែកអំណាចស្ថាប័នរដ្ឋក្នុងប្រទេសកូរ៉េខាងត្បូង ហើយនឹង កម្ពុជា លោក សុខ ឥសាន្ត បានបញ្ជាក់ថា នេះជារឿងកិច្ចការផ្ទៃក្នុងរបស់ប្រទេស កូរ៉េខាងត្បូងទេ តែកម្ពុជាក៏មានការបែងចែកអំណាចដាច់ពីគ្នាដែរ។
«ខ្ញុំយល់ថា នៅកម្ពុជាយើងមានឯករាជ្យ យើងមានអធិបតេយ្យភាព ហើយនឹងមានរដ្ឋ ធម្មនុញ្ញដោយឡែក។ ហើយនៅក្នុងរដ្ឋធម្មនុញ្ញក៏បានបញ្ជាក់ច្បាស់ហើយថា ស្ថាប័ន កំពូលទាំងបីរបស់ជាតិ មាននីតិបញ្ញត្តិ នីតិប្រត្តិបត្តិ និងតុលាការនេះ ជាស្ថាប័នឯករាជ្យដាច់ដោយឡែកពីគ្នា»។
លោក សុខ ឥសាន្តក៏បានបញ្ជាក់ដែរថា ទំនាក់ទំនងរវាងកម្ពុជានិងកូរ៉េខាងត្បូងនឹង មិនប៉ះពាល់ទេ ទោះជាមានរឿងរ៉ាវប្រធានាធិបតីនោះក្តី។ លោកស្រី Park Geun-hye ធ្លាប់បំពេញទស្សនៈកិច្ចក្នុងប្រទេសកម្ពុជាកាលពីជាង២ឆ្នាំមុន នៅពេលលោកស្រី កាន់មុខតំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង ដែលមានទំនាក់ទំនងល្អផ្នែកពាណិជ្ជកម្មនិងនយោបាយជាមួយកម្ពុជាផងនោះ។ ក្រោយពេលផ្តល់ជំនួយកន្លងមកដល់ទៅរាប់ពាន់លានដុល្លារហើយនោះ ក្រុមប្រទេសផ្តល់ជំនួយដល់កម្ពុជាជាច្រើននៅតែជំរុញដល់កម្ពុជាឲ្យកែទម្រង់ស្ថាប័នរដ្ឋ រួមទាំងប្រព័ន្ធតុលាការ អភិបាលកិច្ចល្អ តម្លាភាព បំបាត់អំពើពុករលួយ ដំណើការរីកលូតលាស់ផ្នែកប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍន៍ ហើយនឹងការកែទម្រង់ការបោះឆ្នោតឲ្យមានលក្ខណៈសេរី និងយុត្តិធម៌ អាចទទួលយកបាន ដោយមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានកម្លាំងប្រហាក់ប្រហែលនឹងគណបក្សគ្រប់គ្រងប្រទេសគឺ គណបក្សប្រជាជនកម្ពុជានោះ៕