តុលាការរាជធានីភ្នំពេញសម្រេចនាំខ្លួនលោក ញឹក ប៊ុនឆៃ អតីតមេបញ្ជាការយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច ទៅសាកសួរជាបន្ទាន់កាលពីថ្ងៃព្រហស្បតិ៍ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់កាលពីឆ្នាំ ២០០៧។ ការឃាត់ខ្លួនអតីតមេទ័ពរូបនេះធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្រះមហាក្សត្របញ្ចប់តំណែងចុងរបស់លោក។ មន្ត្រីរដ្ឋាភិបាលអះអាងថា ការឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ មិនមានការពាក់ព័ន្ធនយោបាយអ្វីនោះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងនាថ្ងៃសុក្រនេះថា ការឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិ និងជាអតីតទីប្រឹក្សារដ្ឋាភិបាលកម្ពុជា ដែលទើបត្រូវបានដកតំណែង គឺពាក់ព័ន្ធនឹងការទទួលផលពីការផលិតគ្រឿងញៀនកាលពី១០ឆ្នាំមុន មិនពាក់ព័ន្ធនឹងហេតុផលនយោបាយណាមួយនោះទេ។
លោក ញឹក ប៊ុនឆៃ អតីតមេបញ្ជាការយោធារបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិកាលពីព្រហស្បតិ៍ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរចម្លើយ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។
តាមដីកាបញ្ជាឲ្យនាំខ្លួនចេញកាលពីថ្ងៃទី៣ខែសីហា ដែលចុះហត្ថលេខាដោយលោកព្រះរាជអាជ្ញារង សៀង សុខ បានបង្គាប់ឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោក ញឹក ប៊ុនឆៃ មកបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរពីដំណើររឿងសមគំនិតពីបទផលិតគ្រឿងញៀនខុសច្បាប់ និងនាំសារធាតុសម្រាប់ផ្សំគ្រឿងញៀនប្រព្រឹត្តនៅចំណុចភូមិទី ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០០៧។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា សមត្ថកិច្ចបានទៅនាំខ្លួនលោក ញឹក ប៊ុនឆៃ យកទៅសួរចម្លើយពាក់ព័ន្ធនឹងការទទួលផលពីការផលិតគ្រឿងញៀនកាលពីឆ្នាំ២០០៧ ទៅតាមដីកាបញ្ជារបស់សាលាដំបូងរាជធានីភ្នំពេញ។ លោកបន្ថែមថា ការឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ មិនជាប់ពាក់ព័ន្ធនឹងការដកតំណែង ឬហេតុផលនយោបាយណាមួយនោះទេដោយ លោកអះអាងថា ការឃាត់ខ្លួននេះ គឺកើតចេញពីបទល្មើសគ្រឿងញៀន ដែលនៅពេលនោះជំនួយការរបស់លោក ញឹក ប៊ុនឆៃ ម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ។
«ករណីហ្នឹងកើតឡើងតាំងនៅត្រែងត្រយឹងលើកណាម្តងយើងចាប់ជនល្មើសប៉ុន្មាននាក់ដែលផលិត ATS អំហ្វេតាមីន ដីមានប៉ុន្មានហិកតា ហើយដីហ្នឹងដីគាត់។ ហើយអ្នកដែលធ្វើការងារហ្នឹង គឺអាជំនួយការជួយគាត់ ទីប្រឹក្សាគាត់ ហើយដល់វាជាប់គុកទៅវាឆ្លើយដាក់តាំងពីហ្នឹងមក។ ពេលឥឡូវហ្នឹងពេលយើងបន្តនីតិវិធីទៅយើងឃើញថាគាត់មានករណីពាក់ព័ន្ធទទួលផល ទទួលអញ្ចឹងមែន។ ការបើកដៃ ហើយរហូតដល់មានគេប្រុងទៅចាប់អាជុង [ជំនួយការលោក ញឹក ប៊ុនឆៃ] ហ្នឹង គាត់បញ្ចេះឲ្យអាហ្នឹងរត់ទៅទៀត ដូច្នេះវាអត់មានពាក់ព័ន្ធអីនឹងការអស់អំណាចអីទេ»។
លោក ខៀវ សុភ័គ បន្ថែមថា ពាក់ព័ន្ធនឹងការបន្តនីតិវិធីឲ្យនាំខ្លួនលោក ញឹក ប៊ុនឆៃ មកឆ្លើយបំភ្លឺនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងហេតុការណ៍កើតឡើងកាលពី១០ឆ្នាំមុន គឺជាការសម្រេចរបស់តុលាការ ដែលលោកថា សមត្ថកិច្ចគ្រាន់តែជាអ្នកធ្វើតាមការបញ្ជារបស់តុលាការតែប៉ុណ្ណោះ។
លោក ញឹក ប៊ុនឆៃ អតីតមេទ័ពស្មោះត្រង់នឹងរាជានិយម ដែលដឹកនាំទ័ពក្នុងការប្រយុទ្ធនាពេលរដ្ឋប្រហារឆ្នាំ១៩៩៧ ត្រូវបានបញ្ចប់តំណែងកំពូលៗរបស់លោកជាបន្តបន្ទាប់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីពីរខែមុន គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកាត់ផ្តាច់សម្ព័ន្ធភាពជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បន្ទាប់ពីលោក ញឹក ប៊ុនឆៃ ត្រូវបានគេចោទប្រកាន់ថាមិនស្មោះត្រង់ជាមួយនឹងសម្ព័ន្ធភាព ដោយលួចទាក់ទងជាមួយលោក អេង ឆៃ អ៊ាង ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងអំឡុងការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនាកន្លងទៅ។
បន្ទាប់ពីមានសេចក្តីរាយការណ៍ចោទថា លោក ញឹក ប៊ុនឆៃ មានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនោះ អតីតមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលធ្លាប់ស្មោះត្រង់នឹងគណបក្សរាជានិយម ហ៊្វុន ស៊ិនប៉ិច រូបនេះ ក៏ត្រូវបានព្រះមហាក្សត្របញ្ចប់តំណែងពីទីប្រឹក្សារដ្ឋាភិបាលតាមការស្នើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងត្រូវបានដកហូតអាវុធ ព្រមទាំងក្រុមអង្គរក្សការពារជាបន្ទាន់។
លោក សូ ចន្ថា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លើកឡើងថា ករណីឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនកាលពី១០ឆ្នាំមុន បានបង្ហាញពីការអនុវត្តច្បាប់ដែលមានភាពទន់ខ្សោយនិងមានស្តង់ដារពីរ។ លោក បន្ថែមថា ការឃាត់ខ្លួននេះក៏អាចពាក់ព័ន្ធនឹងល្បែងនយោបាយ ក្រោយពីលោក ញឹក ប៊ុនឆៃ ត្រូវបានគណបក្សកាន់អំណាចចោទថាមិនស្មោះត្រង់នឹងសម្ព័ន្ធភាពជាមួយគណបក្ស។
«យើងឃើញថាមួយរយៈចុងក្រោយនេះ លោក ញឹក ប៊ុនឆៃ ត្រូវបានដកតំណែង ហើយត្រូវបានប្រកាសថាមិនមែនជាដៃគូ ឬក៏ជាជនដែលក្បត់នឹងសម្ព័ន្ធភាពអីជាដើម។ អញ្ចឹងមើលទៅខ្ញុំគិតថា ការដែលឃាត់ខ្លួនលោក ញឹក ប៊ុនឆៃ នេះ អាចដើម្បីគំរាមបុគ្គល ឬសកម្មជនបក្សកាន់អំណាចផ្សេងទៀតដែលមានជំហរមិនច្បាស់លាស់ជាមួយគណបក្សរបស់ខ្លួន»។
VOA មិនអាចទាក់ទង លោក សៀង សុខ ព្រះរាជអាជ្ញារងដែលចេញដីកានាំខ្លួន លោក ញឹក ប៊ុនឆៃ នឹងមន្ត្រីនគបាលដែលពាក់ព័ន្ធ ដើម្បីសុំសេចក្តីអធិប្បាយពីស្ថានភាពរបស់លោក លោក ញឹក ប៊ុនឆៃ បានទេនៅថ្ងៃសុក្រនេះ។ ខណៈដែលអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយអះអាងថា ធ្វើឲ្យប៉ះពាល់ដល់នីតិវិធីរបស់តុលាការ។
នាល្ងាចថ្ងៃសុក្រនេះ មានសេចក្តីរាយការណ៍មកថា សមត្ថកិច្ចបានចុះទៅឆែកឆេរផ្ទះរបស់លោក ញឹក ប៊ុនឆៃ ដែលស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជាបន្ទាន់ ។ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃសុក្រនេះ មិនទាន់មានការសម្រេចឃុំខ្លួន ឬចោទប្រកាន់លោក ញឹក ប៊ុនឆៃ តាមផ្លូវច្បាប់ណាមួយនៅឡើយទេ៕