មនុស្ស​​​ ៦០០​ នាក់​ត្រូវ​បានចាប់ខ្លួន​​ហើយ​​ប៉ូលិស ២០០​នាក់​ត្រូវ​របួស​​ក្នុង​​យប់​ទីបី​នៃ​​ការតវ៉ា​​ទាក់ទិន​នឹង​ការ​សម្លាប់​យុវជន​ម្នាក់

ប៉ូលិស​កុបកម្ម​ឈរ​នៅក្បែរ​រថយន្ត​កំពុង​ឆេះ​មួយ​អំឡុង​បាតុកម្ម​នៅទីក្រុង Nanterre ភាគខាងលិច ទីក្រុងប៉ារីសកាលពីថ្ងៃទី​២៨ មិថុនា ឆ្នាំ២០២៣។

បាតុករបានដាក់​របាំង ដុតភ្លើង​និង​បាញ់​កាំជ្រួច​ដាក់ក្រុម​ប៉ូលិសនៅក្នុង​ផ្លូវ​នៃ​ប្រទេស​បារាំងកាលពី​យប់មិញ​នៅ​ពេល​ភាពតានតឹង​បានកើន​ខ្លាំង​ជាងមុនដោយសារ​ប៉ូលិសបានបាញ់សម្លាប់​យុវជន​ម្នាក់​អាយុ១៧​ឆ្នាំដែល​បាន​ធ្វើ​ឱ្យប្រទេស​ជាតិទង្គុកចិត្ត។​

មនុស្ស​ជាង​៦០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ហើយ​ប៉ូលិស​យ៉ាង​តិច​ណាស់​២០០​នាក់​បាន​ត្រូវ​របួសនៅ​ពេល​រដ្ឋាភិបាលប្រឹងប្រែង​ធ្វើឱ្យ​មានរបៀបរៀបរយ​ឡើងវិញនៅ​យប់ទី​បី​នៃភាពចលាចល​នេះ។

រថពាសដែក​ប៉ូលិស​បានបើកកាត់​តាម​រថយន្តត្រូវ​កម្ទេច​ដែល​ត្រូវ​បាន​បំបាស់ឡើងលើ​និង​ដុត​នៅ​ក្នុង​សង្កាត់ Nanterre ​នា​ប៉ែក​ពាយ័ព្យជាយក្រុង​ប៉ារីស ​ដែល​នៅទី​នោះ​ប៉ូលិស​ម្នាក់បានបាញ់​សម្លាប់​យុវជន​ម្នាក់ឈ្មោះ Nahel។

នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ទីក្រុង​ប៉ារីស ក្រុមបាតុករបានដុត​សាលា​ក្រុង Clichy-sous-Bois ​និង​បានដុតកន្លែង​ដាក់​រថយន្ត​ក្រុង​នៅ ​សង្កាត់​ Aubervillers ​ដែល​នៅ​ជាយ​រដ្ឋ​ធានី​។​ មាន​ការ​ដុតនិង​ការលួច​ទំនិញ​ក្នុង​ហាង​លក់​ទំនិញ​មួយ​ចំនួន​ដែរ។

នៅក្រុង​ Marseille នៅ​ជាប់នឹង​សមុទ្រ​ម៉េឌីទែរ៉ាណេ ​ពួកប៉ូលិស​បាន​ប្រឹងប្រែង​បំបែក​ក្រុម​ហិង្សានៅផ្នែក​កណ្តាលក្រុង។ នេះ​បើ​តាម​ការប្រាប់ឱ្យ​ដឹង​ដោយ​អាជ្ញាធរ​តំបន់។

លោក​ប្រធានាធិបតី Emmanuel Macron ​គ្រោង​នឹងចាកចេញ​ពីសន្និសីទ​កំពូលសហភាព​អឺរ៉ុប​ក្នុង​ក្រុងព្រុចសែលដែល​នៅ​ទី​នោះប្រទេស​បារាំង​មាន​មុខ​នាទី​ធំ​មួយ​ក្នុងការចាត់ចែង​គោលនយោបាយ​អឺរ៉ុប ​ដើម្បី​មកកាន់​ក្រុងប៉ារីស​វិញ​ដើម្បីកោះ​ប្រជុំ​ខាង​សន្តិសុខ​គ្រា​អាសន្ននៅ​ថ្ងៃ​សុក្រ​នេះ។

នៅ​ថ្ងៃសុក្រ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក Gerald Darmanin​ បានបរិហារអ្វី​ដែល​លោក​ហៅ​ថា​យប់​មួយ​នៃ​«អំពើ​ហិង្សា​មិនសូវមាន​ពីមុន»។ ការិយាល័យ​លោក​បាន​ពណ៌នាការចាប់ខ្លួន​ថា​មាន​ធ្វើ​ច្រើន​ជាងក្នុង​ប្រតិបត្តិការ​មុនៗ ​ជា​ផ្នែក​មួយនៃ​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាលធ្វើ​ឱ្យ«ម៉ឺងម៉ាត់​ខ្លាំង»​ដាក់​ក្រុមកុបករ៕