ស្របពេលដែលក្រុមតំណាងរាស្ត្ររបស់គណបក្សគ្រប់គ្រងប្រទេស កំពុងចាត់វិធានការច្បាប់ដែលគេជឿថា នឹងឈានដល់ការបែងចែកអាសនៈសភារបស់គណបក្សប្រឆាំង មេដឹកនាំយោធាកម្ពុជាបានព្រមានផ្ទួនៗ ថានឹងវាយកម្ទេចក្រុមណាដែលប៉ុនប៉ងបង្កចលាចលនៅក្នុងប្រទេស។ ការណ៍នេះផ្ទុយពីការអំពាវនាវរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលធ្លាប់លើកឡើងទាក់ទងកុំឲ្យមានសកម្មភាពគំរាមកំហែង និងការបង្ក្រាបការបះបោរដោយប្រើកម្លាំង ឬសង្គ្រាម។
អគ្គមេបញ្ជាការកងទ័ពកម្ពុជា នាយឧត្តមសេនីយ៍ផ្កាយមាសបួន ប៉ុល សារឿន បានបន្តផ្ញើសារព្រមានកម្ទេចក្រុមប្រើស្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនានា ដែលនៅសន្សំចិត្តបង្កអស្ថិរភាពក្នុងប្រទេសកម្ពុជា។
ការថ្លែងព្រមានរបស់មេកងទ័ពកំពូលកម្ពុជា ដែលមានភាពស្និទ្ធស្នាលនឹងបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីរដ្ឋាភិបាលដែលគេសង្កេតឃើញថា បានកំពុងព្យាយាមរំលាយគណបក្សប្រឆាំងសង្គ្រោះជាតិ។
ថ្លែងតាមរយៈទំព័រហ្វេសប៊ុករបស់លោកក្នុងខួបលើកទី២៣ នៃថ្ងៃកំណើតកងពលតូចថ្មើរជើងលេខ៧០ ដែលដឹងគេថា ជាអង្គភាពកងទ័ពមានភក្តីភាពនឹងក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ប៉ុល សារឿនអគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជា ជារដ្ឋឯករាជ្យមិនរណបនឹងបរទេសណាទាំងអស់ ហើយតែងតែប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិមនុស្ស។ ប៉ុន្តែលោកបានព្រមាន មិនអត់អោនដល់ជនណា ដែលចង់ជ្រៀតជ្រែកផ្ទៃក្នុង ដែលនាំទៅដល់ការបង្កភាពប្រេះស្រាំនៃសាមគ្គីភាពជាតិ។
ទំព័រហ្វេសប៊ុក លោក ប៉ុល សារឿន បានសរសេរថា៖
«កម្ពុជា គឺជារដ្ឋឯករាជ្យ អធិបតេយ្យ ម្ចាស់ការក្នុងការសម្រេចជោគវាសនារបស់ខ្លួន។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ជាសាកលនៃការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។ ដើម្បីរក្សាសន្តិភាពនិងសន្តិសុខជាតិ កម្ពុជាប្រឆាំងដាច់ខាតរាល់សកម្មភាពណាមួយ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងដែលមានចរិតបង្កហេតុ និងបំបែកបំបាក់សាមគ្គីភាពជាតិ ក្រោមស្លាកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលមានបំណងបម្រើផលប្រយោជន៍នយោបាយបុគ្គល ឬ ក្រុមមនុស្សមួយក្តាប់តូច និងបរទេស»។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានសង្កត់ធ្ងន់ថា៖
«ក្នុងន័យនេះ ទោះក្នុងតម្លៃណាក៏ដោយ កងយោធពលខេមរភូមិន្ទ សូមប្តេជ្ញាការពារឱ្យបានរឹងមាំជាអមតៈនូវសន្តិភាព និងសន្តិសុខជាតិ ពីព្រោះវាជាផលប្រយោជន៍រួម និងជាសេចក្តីប្រាថ្នានៃប្រជាជាតិ និងប្រជាជនកម្ពុជាគ្រប់រូប និងជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុត សម្រាប់ប្រទេសជាតិបោះជំហានបន្តទៅមុខ លើវិថីអភិវឌ្ឍន៍ និងការរីកចម្រើន។ កងយោធពលខេមរភូមិន្ទ សូមប្រឆាំងដាច់ខាតចំពោះសកម្មភាពនានារបស់ក្រុមជ្រុលនិយមណាមួយ ដែលគាំទ្រពីបរទេស ក្នុងគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការញុះញង់បង្កឱ្យមានអំពើហិង្សា មានចរិតជា បដិវត្តពណ៌ សំដៅបំផ្លាញសុខសន្តិភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការរីកចម្រើនរបស់ប្រទេសជាតិ»។
នេះជាការព្រមានជាលើកពីររបស់មេទ័ពកម្ពុជារូបនេះ។ បីថ្ងៃមុនការប្រារព្ធខួបនៃការបង្កើតកងពលតូចថ្មើរជើងលេខ៧០ លោក ប៉ុល សារឿន ថែមទាំងបានដាក់បទបញ្ជាឲ្យកងទ័ពកម្ពុជា វាយបកភ្លាមៗទៅលើអ្វីដែលលោកហៅថា «សមរភូមិសាធារណមតិ»។ លោកបានលើកឡើងលើទំព័រហ្វេសប៊ុករបស់លោកក្នុងន័យដើមថា៖
«បន្តយកចិត្តទុកដាក់ថែទាំកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងការបណ្តុះបណ្តាល ហ្វឹកហ្វឺន ការថែទាំសុខភាព ការចិញ្ចឹមទ័ព ជំរុញការកសាងសមត្ថភាពកងឯកភាព ជាពិសេស បណ្តាកងឯកភាព បំពេញភារកិច្ចនៅតាមព្រំដែនគោកនិងដែនទឹក ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងបុព្វហេតុនៃកិច្ចការពារជាតិ។ ខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការងារអប់រំចិត្តសាស្ត្រ និងបង្កើនការវាយបកឱ្យបានទាន់ពេលវេលាតាមប្រព័ន្ធFacebookលើសមរភូមិសាធារណមតិ»។
ការបង្កើនការព្រមានរបស់មេទ័ពកំពូលកម្ពុជាធ្វើឡើង នៅចំពេលដែលក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានកំពុងប្រើការកែប្រែច្បាប់មួយចំនួនដែលគេជឿថា ជាដំណើរនាំការវាយកម្ទេចចោលគណបក្សប្រឆាំង នៅមុនការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨។
ការព្រមានរបស់មេដឹកនាំយោធាលោកនាយឧត្ដមសេនីយ៍ ប៉ុល សារឿន ក៏បាន កើតមាននៅក្រោយប្រទេសកាន់លទ្ធិប្រជាធិបតេយ្យជាច្រើន រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបង្ហាញពីក្តីបារម្ភនៃផលប៉ះពាល់ភាពស្របច្បាប់ សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ ប្រសិនបើមិនមានគណបក្សសង្គ្រោះជាតិចូលប្រកួត។ ពួកគេបានទទូចស្នើឲ្យរដ្ឋាភិបាលស្តារស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ប្រយោជន៍ធ្វើឲ្យមានការបោះឆ្នោតត្រឹមត្រូវ និងសេរីមួយ ដើម្បីបើកផ្លូវឲ្យពលរដ្ឋខ្មែរជ្រើសរើសយកគណបក្សនយោបាយណាមួយ សម្រាប់គ្រប់គ្រងប្រទេសកម្ពុជា។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ទោះបីកងទ័ពកម្ពុជាមិនទាន់ទទួលបានតម្រុយ ឬការកំណត់មុខសញ្ញានៃក្រុមណាដែលនឹងចេញមកបង្កចលាចលក្នុងប្រទេសក្តី កងទ័ពបានត្រៀមរួចរាល់ និងប្រុងជើងការរួចជាស្រេចដើម្បីវាយកម្ទេច អ្នកដែលហ៊ានសកម្មភាពផ្តួលរំលំរដ្ឋាភិបាលតាមរូបភាពបដិវត្តន៍ពណ៌។
អ្នកនាំពាក្យរូបនេះ អះអាងថា ការព្រមានរបស់លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន គឺការក្រើនរំឭកតែប៉ុណ្ណោះ។
«អាហ្នឹងមិនមែនជាគំរាមកំហែង ជាការធ្វើរំឭក ដាស់តឿន កុំឲ្យពួកជ្រុលនិយម វាមានបំណងអាក្រក់ ការដាស់តឿនមុន ការដាស់តឿនមុនកុំឲ្យគាត់ធ្វើអាក្រក់ខុសច្បាប់ លើសច្បាប់។ យើងធ្វើអ្វីទៅតាមច្បាប់ទាំងអស់។ អីចឹងកងទ័ព គេអាហ្នុងការពាររដ្ឋាភិបាលតាមច្បាប់។ អីចឹងមិនឲ្យមាននរណាទៅធ្វើអីទេ។ ជាការធ្វើរម្លឹកទេ មិនមែនជាការព្រមានទេ។ ក្រែងគាត់ធ្វើខុសទៅ ចោទថា គាត់ប្រើអំពើហិង្សាអីចឹង គឺថាប្រកាសឲ្យដឹងទៅកុំឲ្យធ្វើ តែធ្វើគឺ យើងត្រូវកម្ទេចហើយអាហ្នឹង»។
នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងបន្ថែមថា៖
«កម្លាំងយើងមានត្រៀមអស់ហើយ កម្លាំងប៉ុណ្ណាក៏ដោយ គឺយើងត្រៀមអស់ហើយ កម្លាំងយើងមានគ្រប់គ្រាន់ដើម្បីធ្វើការកម្ទេច ពួកបះបោរ ពួកបដិវត្តន៍ពណ៌»។
ក្រុមអ្នកវិភាគបានលើកឡើងកាលពីពេលកន្លងមកថា មិនមានតម្រុយនៃក្រុមណា ដែលប៉ុនប៉ងធ្វើបដិវត្តន៍នៅកម្ពុជានោះទេ ដោយហេតុថា ក្រុមគណបក្សប្រឆាំងគ្មានអាវុធ គឺមានតែគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។ ពួកគេថា ការប្រើប្រាស់ពាក្យសម្តីគំរាមកំហែង ជាការមិនអាចទទួលយកបានទេ សម្រាប់មន្ត្រីសាធារណៈគ្រប់រូបដែលកំពុងធ្វើការបម្រើប្រយោជន៍ពលរដ្ឋខ្លួន។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសម្តែងក្តីបារម្ភ ចំពោះការប្រើប្រាស់វោហាសាស្ត្រហិង្សានានារបស់មន្ត្រី យោធាកម្ពុជា និងរដ្ឋាភិបាល។ អ្នកស្រី បានថ្លែងក្នុងពេលបិទបញ្ចប់ដំណើរទស្សនកិច្ចលើកទីបួនរបស់អ្នកស្រីនៅកម្ពុជា កាលពីខែសីហា តាមអត្ថន័យដើមថា៖
«ទោះបីជាមានភាពជោគជ័យនៃការបោះឆ្នោតឃុំ/សង្កាត់ក៏ដោយ ក៏ខ្ញុំនៅតែមានកង្វល់អំពីវោហារសាស្ត្របែបហិង្សា ដែលសម្តែងឡើងដោយសមាជិករដ្ឋាភិបាលនិងយោធា។ មតិយោបល់បែបនេះ មិនគួរត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីនៃរដ្ឋាភិបាលឡើយ សូម្បីតែនៅក្នុងភាពជាឯកជនក៏ដោយ។ មតិយោបល់បែបនេះ មិនត្រូវឲ្យមាន នៅក្នុងសង្គមដែលមានសន្តិភាពមួយ ដូចជានៅក្នុងប្រទេសកម្ពុជា ដែលនៅដិតដាម ដោយស្លាកស្នាមនៃប្រវត្តិសាស្ត្រដ៏ចលាចលរបស់ខ្លួន»។
អ្នកស្រីបានបញ្ជាក់បន្ថែមថា៖
«ប្រទេសកម្ពុជានឹងខិតចេញពីស្ថានភាពគ្រោះថ្នាក់ ដោយមិនឲ្យមានទៀតនូវការគំរាមកំហែងនៃអំពើហិង្សា ការបង្ក្រាបការបះបោរដោយប្រើកម្លាំង ឬសង្គ្រាម ឬសេចក្តីថ្លែងមានលក្ខណៈអុចអាលពូជសាសន៍»។
ការថ្លែងព្រមានវាយបង្ក្រាបក្រុមជ្រុលនិយមដែលធ្វើសកម្មភាពបង្កភាពច្របូកច្របល់ មិនត្រូវបានធ្វើឡើងតែដោយលោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន នោះទេ តែលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់គំរាមវាយបំបែកធ្មេញជនណាដែលចេញមុខតវ៉ាលទ្ធផលនៃការបោះឆ្នោត។ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានបន្ទរតាមលោក ទៀ បាញ់ ដោយព្រមានវាយអ្នកតវ៉ាលទ្ធផលបោះឆ្នោត ដោយគល់ឫស្សី។
ក្រុមមន្ត្រីជាន់ខ្ពស់យោធា រួមមានលោក ទៀ បាញ់ នៅថ្ងៃច័ន្ទនេះ ក៏បានប្រកាសព្រមគ្នាថា កងទ័ពបានរួមគ្នាប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីរាយការណ៍របស់អង្គភាព Fresh News ដែលគេដឹងថា ជាអង្គភាពព័ត៌មានដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា។ លោក ទៀ បាញ់ បានប្រកាសច្បាស់ៗផងដែរថា គណបក្សប្រឆាំងនឹងត្រូវរំលាយ ហើយកងទ័ពត្រៀមជាស្រេច ប្រឆាំងបុគ្គលទាំងឡាយណាដែលចង់បង្កភាពវឹកវរដល់សង្គមខ្មែរ។ លោកបានប្រាប់អង្គភាពនេះថា បក្សប្រឆាំងជាប់ឆ្នោត ៥៥កៅអី មិនដែលបានធ្វើអ្វីនោះទេ ក្រៅពីធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភា។ លោកថា រាជរដ្ឋាភិបាលហ៊ានចាប់ប្រធានបក្សប្រឆាំង ហើយអ្វីផ្សេងទៀត គឺមិនបង្អែបង្អង់នោះឡើយ។
កម្ពុជានឹងធ្វើការរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ដែលអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា យល់ថា ជាពេលដែលគណបក្សប្រឆាំងសង្គ្រោះជាតិអាចនឹងទទួលការគាំទ្រជាច្រើនពីពលរដ្ឋកម្ពុជា។ ភ្ជាប់នឹងការបោះឆ្នោតនេះ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានបញ្ជាឲ្យកងទ័ពត្រៀមកម្លាំងមធ្យោបាយ និងសម្ភារៈ ដើម្បី «ចូលរួមសហការការពារសន្តិសុខ ក្នុងការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០១៨។ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចសហការថែរក្សាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព រក្សាស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ»៕