ការ​ចំណាយ​លើ​យោធា​អាច​នឹង​កើន​ឡើង​នៅ​ពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបន្ថែម​​ការ​គ្រប់គ្រង​លើ​សមុទ្រ​ចិន​ខាង​ត្បូង

នាវា​របស់​ចិន​ (រូប​ឆ្វេង) បរ​កាត់​នាវា​ដែល​ជា​មន្ទីរពេទ្យ​របស់​ចិន​នៅ​ពេល​វា​ចូល​ចត​នៅ​ក្នុង​ក្រុង Honolulu រដ្ឋ​ Hawaii។

គេ​រំពឹង​ថា ប្រទេស​ចិន​នឹង​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បង្កើន​ថវិកា​សម្រាប់​ការ​ការពារ​ប្រទេស​របស់​ខ្លួន​យ៉ាង​ច្រើន​ ដើម្បី​អះអាង​ការ​ទាមទារ​របស់​ខ្លួន​ទៅ​លើ​តំបន់​មួយ​នេះ។

កងទ័ព​ជើង​ទឹក​នៃ​សេរីភាព​ប្រជាជន (PLAN) ​ បាន​ដំណើរ​ការ​នាវាកម្ទេច​មីស៊ីល​ថ្មី​មួយឈ្មោះ​ Yinchuan កាលពី​ថ្ងៃទី១២ ខែ​កក្កដា គឺ​ថ្ងៃ​ដែល​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ នៅ​ទីក្រុង​ឡាអេ​ប្រកាស​ថា ការ​ទាមទារ​របស់​ចិន​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ភាគ​ច្រើន​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ។

តុលាការ​ដែល​បង្កើត​ឡើង​ដោយ​អនុសញ្ញា​ស្តី​ពី​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ បាន​កាត់​ក្តី​សម្រេច​គាំទ្រ​ប្រទេស​ហ្វីលីពីន ដែល​បាន​ប្តឹង​ថាចិន​កំពុង​តែ​ទាមទារ​នូវ​ចំណែក​ដែនដី​របស់​ខ្លួន។​

នៅ​ថ្ងៃ​បន្ទាប់​ ប្រទេស​ចិន​បាន​សាកល្បង​នូវ​អាកាសយានដ្ឋាន​ថ្មី​ពីរ​ ដែល​ខ្លួន​បាន​សាង​សង់​នៅ​លើ​កោះ Nansha នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ សារព័ត៌មាន​របស់​រដ្ឋ​បាន​បង្ហាញ​ពី​ការ​ហោះហើរ​របស់​ពល​រដ្ឋស៊ីវិល​ពី​អាកាសយានដ្ឋាន​ទាំង​ពីរ​នេះ ដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​គ្រប់គ្រង​របស់​ចិន​ទៅ​លើ​ផ្នែក​ទាំង​នោះ។ ប្រទេស​ចិន​បាន​បំពាក់​បង្គោលភ្លើងហ្វារចំនួន​៤ នៅ​តំបន់​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន។

ចិន​បាន​ចំណាយ​ថវិកា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​រួច​ទៅ​ហើយ​ដើម្បី​សាងសង់កោះ​សិប្បនិម្មិត​ភ្លាមៗ ព្រម​ទាំង​កន្លែង​ស្នាក់​នៅ​សម្រាប់​ពលករ និង​នាវិករដ្ឋាភិបាល​នៅ​លើ​កោះ​ទាំង​នោះ។ ប្រទេស​នេះ​ក៏​បាន​បង្កើត​មន្ទីរពេទ្យ​អណ្តែត​ទឹក​នៅ​លើ​សមុទ្រ និង​ដាក់​នាវា​មុជ​ទឹក​មួយ​ចំនួន​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ការ​ត្រៀម​ខ្លួន​ផ្នែក​យោធា

អ្នក​វិភាគ​ការ​ស្រាវជ្រាវ​ម្នាក់​នៅ​វិទ្យាស្ថាន​ការពារ និង​សិក្សា​យុទ្ធសាស្រ្ត​ក្នុង​ប្រទេស​សិង្ហបុរី​ឈ្មោះ Lee Ying Hui បាន​និយាយ​ថា «ទំនោរ​ក្នុង​ការ​ពង្រាយ​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នៅ​តែ​បន្ត និង​ពង្រីក​បន្ទាប់​ពី​មាន​ការ​ប្រកាស​សេចក្តី​សម្រេច​របស់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ»។

កងទ័ព​នៃ​សេរីភាព​ប្រជាជន​ធានា​ទៅ​កាន់​ប្រជាជាតិ​មុន​ការ​ប្រកាស​នេះ​ថា ខ្លួន​បាន​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​ប្រឈម​នឹង​បញ្ហា​នានា​ដែល​កើត​ចេញ​ពី​សមុទ្រ​ចិន​ខាង​ត្បូង។ លោក Yang Yujun អ្នក​នាំ​ពាក្យ​របស់​កងទ័ព​នេះ​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា «កងទ័ព​ចិន​មិន​ដែល​មាន​ការ​ភ័យ​ខ្លាច​នោះ​ទេ»។

លោក Yang បាន​បន្ថែម​ថា ប្រសិន​បើ​នាវា​ចម្បាំង​បរទេស​ចង់ «បង្ក​បញ្ហា​ដោយ​មិន​មាន​ហេតុផល​អ្វី​ទាល់​តែ​សោះ» នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នោះ​ «ច្បាស់​ណាស់ យើង​មាន​វិធី​ទប់ទល់»។

អ្នក​វិភាគ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​គិត​ថា ចិន​មិន​ចាំបាច់​បារម្ភ​អំពី​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​នេសាទ និង​ផ្លូវ​ទឹក​សំខាន់ៗ​នោះ​ទេ។

Lee និយាយ​ថា «ចិន​នឹង​បន្ត​មាន​អំណាច​កំពូល​ផ្នែក​យោធា នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​រយៈពេល​វែងខាង​មុខ​ទៀត ដោយសារ​តែ​ភាព​ដាច់​ស្រយាល​របស់កងទ័ព​ជើង​ទឹក​ហ្វីលីពីន»។

«កងទ័ព​ចិន​ក៏​នឹង​ទទួល​បាន​ប្រយោជន៍​ជាង​កងទ័ព​អាមេរិក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដោយសារ​អំណោយ​ផល​ទឹក​ដី​របស់​ខ្លួន» Lee និយាយ​ដោយ​សំដៅ​ដល់​វត្តមាន​កងទ័ពជើង​ទឹកអាមេរិក​ដែល​អ្នក​ខ្លះ​ជឿ​ថាបានលើក​ទឹក​ចិត្ត​ហ្វីលីពីន​ឲ្យ​ដាក់​ពាក្យ​បណ្តឹ​ង​ទៅ​តុលាការ​ប្រឆាំង​ប្រទេស​មហាអំណាច​នៅ​អាស៊ី​មួយ​នេះ។

អនុ​រដ្ឋ​មន្រ្តី​ការបរទេស​ចិន លោក Liu Zhenmin និយាយ​ថា ចិន​មាន​សិទ្ធិ​ដាក់​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ជា​តំបន់​ការពារ​ផ្លូវ​អាកាស ដោយសារ​តែ​វា​ជា​កម្មសិទ្ធិ​របស់​ចិន។ តំបន់​ការពារ​ផ្លូវ​អាកាស​នេះ​នឹង​អនុញ្ញាត​ឲ្យ​ចិន​ត្រួតពិនិត្យ ហើយ​បើ​ចាំបាច់​ត្រួតត្រា ការ​ហោះហើរ​ដែល​ឆ្លង​កាត់​តំបន់​សមុទ្រ​នេះ។ ទោះ​យ៉ាង​ណា រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​ត្រូវ​បន្ថែម​ថវិកាចំណាយ​លើការពារ​ប្រទេស​របស់​ខ្លួន​ដើម្បី​ពង្រឹងតំបន់​ការពារ​ផ្លូវ​អាកាស​នេះ​បាន។

ការ​បន្ថយ​ថវិកា​ការពារ​ប្រទេស

ចិន​បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ខាង​ការ​ការពារ​អន្តរជាតិ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ឆ្នាំ​នេះ នៅ​ពេល​ខ្លួន​ប្រកាស​ថា ថវិកា​យោធា​របស់​ខ្លួន​នឹង​កើន​ក្នុង​កម្រិត​ទាប​ ​ចំនួន​ ៧,៥% បន្ទាប់​ពី​ការ​កើន​ឡើង​ជាង​ ​១០% ​អស់​រយៈពេល​៥ឆ្នាំ។ គេ​យល់​ថា នេះ​គឺ​ដោយសារ​សេដ្ឋកិច្ច​ចិនមាន​កំណើន​យឺត​។

ទោះ​ជា​យ៉ាង​ណា​ អ្នក​វិភាគ​ខាង​ការ​ពារ​ជាតិ​ជាច្រើន​និយាយ​ថា ថវិកា​ផ្លូវ​ការ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ចំណាយ​ដ៏​ច្រើន​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាក់ទង​នឹង​វិស័យ​យោធា ដូច​ជា​កំពង់ផែ អាកាស​យានដ្ឋាន បណ្តាញ​ផ្លូវ​រថភ្លើង​នៅ​តំបន់​ព្រំដែន និង​ការ​សាងសង់កោះ​នោះ​ទេ។

អ្នក​ជំនាញ​ខាង​ការពារ​ជាតិ​នៅ​ក្នុង​តំបន់​និយាយ​ថា ការ​សម្រេច​របស់​តុលាការ​អាច​ធ្វើ​ឲ្យ​ប្រទេស​ដែល​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​ផ្សេង​ទៀត​ បង្កើន​ការ​ចំណាយ​ផ្នែក​ការពារ​ជាតិ​របស់​ខ្លួន។ វៀតណាម កោះ​តៃវ៉ាន់ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ព្រុយណេ និង​ហ្វីលីពីន សុទ្ធ​តែ​ទាមទារ​ចំណែក​នៃ​ផ្លូវ​ទឹក​ ដែល​សម្បូរ​ត្រី និង​ត្រូវ​បាន​គេ​ជឿ​ថា មាន​ធនធាន​រ៉ែ​ក្រោម​ទឹក​យ៉ាង​ច្រើន។

លោក Jonathan Spangler នាយក​នៃ​ក្រុម​អ្នក​វិភាគ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ឈ្មោះ​ថា South China Sea Think Tank នៅ​ក្នុង​ក្រុង​តៃប៉ិ​និយាយ​ថា «នៅ​ពេល​ដែល​ការ​ប្រកែក​គ្នា​ទៅ​លើ​បញ្ហា​អធិបតេយ្យ​ភាព ​ដែលបាន​បង្កើនការចំណាយ​ដើម្បី​ការពារ​ប្រយោជន៍​ផ្ទាល់​ខ្លួន វិស័យ​ការពារ​ជាតិ​ជាសកល​ជា​អ្នក​ទទួល​បាន​ប្រយោជន៍​ពិត​ប្រាកដ​ពី​សមុទ្រ​ចិន​ខាង​ត្បូង៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ​