អាមេនី​និង​អាស៊ែបៃហ្សង់ ឯកភាព​ទទួល​យក​បទ​ឈប់​បាញ់​ថ្មី

ពលរដ្ឋ​អាស៊ែបៃហ្សង់​អបអរសាទរ​នៅ​តាមដង​ផ្លូវ​នៃ​ទីក្រុង Baku នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពី​អាមេនី​និង​អាស៊ែបៃហ្សង់​ បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​រុស្ស៊ី​ដើម្បី​បញ្ចប់​ការប៉ះទង្គិចគ្នា​ដ៏ខ្លាំងក្លា​អស់​ជាច្រើន​សប្តាហ៍​ក្នុង​តំបន់​ជម្លោះ​ទឹកដី Nagorno-Karabakh។

ប្រទេស​អាមេនី​និង​អាស៊ែបៃហ្សង់​ បាន​ឯកភាព​គ្នា​ប្រកាស​នូវ​បទ​ឈប់បាញ់​ថ្មីមួយ​កាល​ពី​ថ្ងៃ​អង្គារម្សិលមិញ​ បន្ទាប់​ពីការ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​៦​សប្តាហ៍ក្នុង​តំបន់​ជម្លោះ​ទឹក​ដី​ Nagorno-Karabakh ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១.៣០០​នាក់។​

ប្រទេស​រុស្សី​ បានលើក​ឡើង​នៅ​ថ្ងៃ​អង្គារ​ថា​ ក្រោម​កិច្ច​ព្រមព្រៀងនេះ​ រុស្សីបាន​ដាក់​ពង្រាយ​កង​កម្លាំង​ថែ​រក្សា​សន្តិភាព​ជិត​២.០០០​នាក់នៅ​ក្នុង​តំបន់​ជម្លោះ​នោះ​ សម្រាប់​រយៈ​ពេល​៥​ឆ្នាំ។

បទ​ឈប់​បាញ់​ក្នុង​ពេល​កន្លង​មក​ បាន​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​បំផុត​នេះបាន​ធ្វើ​ឡើង​ ​ក្រោយ​កង​កម្លាំងអាស៊ែបៃហ្សង់​ ដណ្តើម​បាន​ទី​តាំងជា​ច្រើន​កន្លែង​ក្នុង​តំបន់​ជម្លោះ​ ដែល​ក្នុង​នោះ​ គេ​ក៏​បានអះ​អាង​ផង​ដែរ​ថា​ ដណ្តើម​បាននូវ​ទីប្រជុំជនយុទ្ធសាស្ត្រ Shusha កាល​ពី​ថ្ងៃ​អាទិត្យ​ដែរ។​

កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ថ្មី​នេះ​ បាន​អនុញ្ញាត​ឲ្យ​អាស៊ែបៃហ្សង់ ​អាច​រក្សា​ការ​គ្រប់គ្រង​តំបន់​នានា​ដែល​ខ្លួន​វាយ​ដណ្តើមយក​បាន​ ​ពីការ​ប្រយុទ្ធ​គ្នា​ចាប់​តាំង​ពី​ចុង​ខែ​កញ្ញា​មក។​

តំបន់​ជម្លោះទឹក​ដី Nagorno-Karabakh ​ត្រូវ​បាន​អន្តរជាតិ​ទទួល​ស្គាល់​ថា​ ជា​ផ្នែក​មួយ​របស់​ប្រទេស​អាស៊ៃបៃហ្សង់​ ប៉ុន្តែ​តំបន់​នេះ ជាក់​ស្តែង​ត្រូវគ្រប់គ្រងដោយជនជាតិ​អាមេនី​ ដែលរស់​នៅ​ទីនោះ​ក្នុង​ចំនួន​ភាគ​ច្រើន៕​