ពួក​សកម្មជន​អភិរក្ស​និយម​រដ្ឋ​អារីហ្សូណា​ចង់​ឲ្យ​លោក​ប្រធានាធិបតី​ត្រាំ​ជួយ

  • Michael O’Sullivan

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ថវិកា​សហព័ន្ធ​ កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​សេតវិមាន។

ចាប់​តាំង​ពី​សន្តិសុខ​ព្រំដែន​រហូត​ដល់​ការ​បង្ក្រាប​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ ពួក​អ្នក​គាំទ្រ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​កំពុង​សរសើរ​ចំណាត់​ការ​របស់​លោក​ប្រធានា​ធិបតី​ស្តី​ពី​បញ្ហា​សំខាន់ៗ​ដល់​ពួក​អ្នក​បោះឆ្នោត​អភិរក្ស​និយម។​

លោកស្រី Mardi Benedict ​មើល​ការ​ខុសត្រូវ​លើ​ការិយាល័យ​របស់​វេជ្ជបណ្ឌិត​នៅទីក្រុង Fort Mohave រដ្ឋ​អារីហ្សូណា ​ដែល​នៅ​ទីនោះ​លោក Richard ដែល​ជាប្តីរបស់​លោកស្រីបាន​ទទួល​ជោគជ័យ​ជា​គ្រូពេទ្យ​ជំនាញ​ខាង​ការ​បង្កើត​កូន ​និង​ជំនាញ​ខាង​រោគ​ស្រ្តី។​ លោក​ស្រី​ជា​សកម្ម​ជន​អភិរក្ស​និយម​ដែល​និយាយ​ថា ប្រាក់​កម្រៃ​ទាប​ដែល​បាន​ទទួល​នៅ​ក្រោម​កម្មវិធី​ថែទាំ​សុខភាព Obamacare ជួលកាល​ធ្វើ​ឲ្យ​ប្តី​របស់​លោកស្រី​ធ្វើ​ការ​មិន​បាន​ទទួល​អ្វី​ទាំងអស់។ លោកស្រី Mardi Bendict ​អ្នក​គាំទ្រ​លោក​ត្រាំ​បាន​និយាយ​ថា៖ «ខ្ញុំ​បាន​យំ​ជា​លើក​ទី​មួយ​នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានា​ធិបតី​ក្នុង​រយៈ​ពេល​៨​ឆ្នាំ ខ្ញុំ​រំភើប​រហូត​ដល់​ស្រក់ទឹក​ភ្នែក ​ពី​ព្រោះ​មាន​ការ​ស្រក់​ទឹកភ្នែក​មិន​សប្បាយ​ចិត្ត​ជា​ច្រើន‍​ពីមុន​មក»។

វេជ្ជបណ្ឌិត Kelli Ward ​ជា​អ្នក​គាំទ្រ​លោក​ត្រាំ​ម្នាក់​ទៀត។ លោក​ស្រី​វេជ្ជបណ្ឌិត Kelli បាន​និយាយ​ថា «ខ្ញុំ​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​អារីហ្សូណា ​ហើយ​ខ្ញុំ​នឹង​ឈរ​ឈ្មោះ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក‍»។

លោកស្រី​វេជ្ជបណ្ឌិត Ward ប្រកួត​ប្រជែង​ជាមួយ​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​អារីហ្សូណា​ លោក John McCain មិន​បាន​ជោគជ័យ​នៅ​ក្នុងការ​បោះឆ្នោត​បឋម​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​ឆ្នាំ២០១៦។ លោកស្រី​ឥឡូវ​នេះ សង្ឃឹម​ថា នឹង​ជំនួស​ លោក Jeff Flake សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​ម្នាក់​ទៀត​នៅឆ្នាំ​២០១៨។ លោកស្រី​និយាយ​ថា គ្មាន​សមាជិក​ព្រឹទ្ធសភា​ណា​ជា​អ្នក​អភិរក្ស​និយម ​ឬ​ជា​អ្នក​គាំទ្រ​លោក​ត្រាំ​ពិតប្រាកដ​ទេ។

«ខ្ញុំ​មើល​ឃើញ​ពី​ផល​ប៉ះពាល់​នៃ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទៅ​លើ​ប្រព័ន្ធ​ថែទាំ​សុខ ភាព​របស់​យើង ក៏ប៉ុន្តែ វាក៏​មាន​ផល​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​សិក្សា​អប់រំ​របស់​យើង​ដែរ។​វា​ប៉ះពាល់ហេដ្ឋារចនា​សម្ព័ន្ធ​របស់​យើង។ ​វា​ប៉ះពាល់​គ្រប់​វិស័យ​ទាំងអស់ក្នុងសង្គម​របស់​យើង‍»។

លោក Frank Lister នៃ​ទីក្រុង Phoenix គាំទ្រ​លោកស្រី​វេជ្ជបណ្ឌិត Kelli Ward និង​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ។ លោក​ជា​អ្នក​កាន់​សាសនា​កាតូលិក ​ហើយ​បាន​និយាយ​ ថា លោក​បាន​ពាក់​ព័ន្ធ​ក្នុង​រឿង​នយោបាយ​ដោយសារ​បញ្ហា​នានា​ដូចជា​ការ​ពន្លូតកូន ដែល​លោក​ជំទាស់​ប្រឆាំង។​ លោក Frank Lister បាន​និយាយ​ថា៖ «ការណ៍​នេះ​កំពុង​ធ្វើ​ឲ្យ​រកាំ​ចិត្ត​ដល់​អ្នក​អភិរក្ស​និយម​ដែល​យើង​បាន​បញ្ជូន​មនុស្ស​ទៅ​កាន់​ក្រុង​វ៉ាស៊ីន តោន ​ហើយ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ទាំងអស់។​ ខ្ញុំ​មិន​ខ្វល់​ថា តើ​ពួកគេ​ចាញ់​ ឬ​ទេ ក៏ប៉ុន្តែ ​ពួកគេ​ត្រូវ​តែ​ប្រយុទ្ធ‍»។

ពួក​អ្នក​គាំទ្រ​ប្រធានា​ធិបតី​ត្រាំ​ទាំង​នោះ​និយាយ​ថា ការ​តវ៉ា​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ចំណត​យន្តហោះ​អំពី​បទ​បញ្ជា​ប្រ​ធានាធិបតី​របស់​លោកត្រាំ​ដែល​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​បាន​រំលោភ​សេរីភាព​នៃ​ការ​និយាយ​ស្តី​ និង​ចូល​ដល់​លក្ខណៈ​អនាធិបតេយ្យ។

លោក​វេជ្ជបណ្ឌិត Michael Ward ប្តី​របស់​លោកស្រី Kelly Ward ក៏​ជា​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី​ត្រាំ​ដែរ ​ក៏ប៉ុន្តែ ​លោក​និយាយ​ថា ​ពួក​អភិរក្ស​និយម​ធ្វើ​ខុស ​ប្រសិនបើ ពួកគេ​ជានិច្ចកាល​យល់​ស្រប​ជាមួយ​ប្រធានា​ធិបតីត្រាំ​នោះ។ លោក​វេជ្ជបណ្ឌិត Michael Ward ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំចង់​ឃើញ​បទ​បញ្ជា​ប្រធានា​ធិបតី​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពន្យារ​ពេល​បន្តិច។ ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ ​ខ្ញុំ​គាំទ្រ​អ្វី​ដែល​លោក​ប្រធានា​ធិបតី​កំពុង​ព្យាយាម​ធ្វើ។ ខ្ញុំ​ជឿ​ជាក់​ថា ​អ្វី​ដែល​លោក​កំពុង​ធ្វើ​គឺ​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​ស្ថិត​នៅ​ក្នុង​អំណាច​របស់​លោក។ ការ​ភ័យ​ខ្លាច​គឺ​ថា លោក​នឹងប្រើ​ អំណាច​របស់​លោក​ហួស ​ហើយ​ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​ពិនិត្យ​មើល​បញ្ហា​នេះ​ដែរ‍»។

លោកស្រី Kelli Ward និយាយ​ថា ប្រធានាធិបតី​ត្រាំ​ជា​ពាណិជ្ជករ។ លោក​កំពុង​ធ្វើ​អ្វី​ដែល​លោក​ត្រូវ​ធ្វើ។លោកស្រី Kelli Ward និយាយ​ថា៖ «ប្រធា​នាធិបតី​ត្រាំ ​ដឹង​ពី​របៀប​កាន់​កាប់​ក្រុមហ៊ុន​សាជីវកម្ម ​ហើយ​ជា​ការ​ពិត ​នេះ​ជា​អ្វី​ដែល​លោក​ត្រូវ​ធ្វើបន្ទាប់​ពីការ​កាន់​អំណាច​រយៈ​ពេល​៨​ឆ្នាំ​របស់​លោក​អូបាម៉ា‍»។

​ហើយ​លោកស្រី​និយាយ​ទៀត​ថា ​ប្រធានា​ធិបតី​ត្រាំ ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដ្ឋ​អារីហ្សូណា​ និង​ទូទាំង​តំបន់​ខាង​លិច។

ប្រែសម្រួល​ដោយ ​ជឹង ប៉ូជីន