ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា លោកចង់ឲ្យការជួសជុលនោះរួចរាល់ក្នុងរយៈពេល៥ឆ្នាំ។ ក៏ប៉ុន្តែ ព្រះវិហារនោះមិនមែនត្រឹមតែជាទីកន្លែងបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងសាសនាផងដែរ។ តើការជួសជុលព្រះវិហារនេះ ត្រូវការជំរុញអ្វីខ្លះ? តើការជួសជុលព្រះវិហារនេះឲ្យដូចដើម ឬក៏ជួសជុលឲ្យទៅជាទម្រង់ថ្មី?។
អគ្គិភ័យបានត្រូវពន្លត់ ប្រាក់រាប់លានដុល្លារបានត្រូវគេសន្យាផ្តល់ឲ្យ ហើយគេឃើញមានឆន្ទៈនយោបាយនៅក្នុងការចាប់ផ្តើមជួសជុលព្រះវិហារ Notre Dame នោះឡើងវិញ។
គ្រោងថ្មក្នុងព្រះវិហារនោះ បានការពារផ្នែកខាងក្នុងភាគច្រើនរបស់អាគារនោះ ក៏ប៉ុន្តែ ដំបូលធ្វើពីឈើនិងកំពូលស្រួចតាមបែប Neogothic ក្នុងសតវត្សរ៍ទី១៩ បានត្រូវបំផ្លាញដោយអគ្គិភ័យ។ នាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe បានអំពាវនាវឲ្យមានការសាងសង់កំពូលស្រួចថ្មីដែលយកលំនាំតាមរបៀបសម័យថ្មីសព្វថ្ងៃនេះ។ តើការណ៍នេះមានន័យយ៉ាងដូចម្តេច?។
លោក Julio Bermudez ជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យស្ថាបត្យកម្មនិងសំណង់នៅឯសាកលវិទ្យាល័យអាមេរិកាំងឬ University of America ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកនិយាយថា អ្នកដែលជួសជុលព្រះវិហារ Notre Dame នឹងត្រូវសម្រេចថាតើត្រូវរក្សាអត្តសញ្ញាណសតវត្សរ៍ទី២១នៅលើព្រះវិហារនេះឬក៏អត់?
លោក Julio Bermudez និយាយទៀតថា៖ «ខ្ញុំគិតថា យើង អាចពិភាក្សាអំពីបញ្ហានេះ ថាតើយើងចង់ជួសជុលព្រះវិហារនេះឲ្យដូចដើមបានកម្រិតណាឬថាតើយើងគួរជួសជុលវាឲ្យស្របតាមកាលៈទេសៈបច្ចុប្បន្ននេះ»។
ការព្រួយកង្វល់មួយគឺស្ថានភាពនៃបង្អួចរូបផ្កាកូលាបធំៗ៣នៅក្នុងព្រះវិហារ នេះគឺថាតើអគ្គិភ័យនិងទឹកបានប៉ះពាល់អ្វីខ្លះដល់បង្អួចរូបផ្កាកូលាបទាំងនោះ? លោកស្រី Virginia Raguin ជាសាស្ត្រាចារ្យដ៏ល្បីល្បាញម្នាក់ខាងមនុស្សជាតិនៅឯមហាវិទ្យាល័យ Holy Cross។ លោកស្រី និយាយថា បង្អួចរូបផ្កាកូលាបនោះ នឹងត្រូវពិនិត្យមើលដោយក្រុមអ្នកជំនាញសាកលលោក ក៏ប៉ុន្តែគេត្រូវរង់ចាំថា អាគារនោះត្រូវមានសុវត្ថិភាពជាមុនសិន។លោកស្រី Virginia Raguin និយាយថា៖ «ពួកគេ នឹងត្រូវវាយតម្លៃលំនឹងរបស់បង្អួចហើយបន្ទាប់មកពួកគេ នឹងធ្វើការសម្រេចថាតើពួកគេអាចធ្វើឲ្យបង្អួចទាំងនោះមានលំនឹងដូចដើមដែរឬទេ។ពួកគេត្រូវការវាយតម្លៃបង្អួចទាំងនោះ ថាតើត្រូវធ្វើឲ្យមានលំនឹងនៅនឹងកន្លែងនោះឬថាតើពួកគេចាំបាច់យកវាចេញហើយបន្ទាប់មកត្រូវធ្វើឲ្យវារឹងមាំឡើងវិញឬក៏យ៉ាងណានោះ?។
លោកស្រី Karpali Krusche ជាព្រឹទ្ធបុរសជំនួយសម្រាប់ការស្រាវជ្រាវ អាហាររូបករណ៍ និងការងារឆ្នៃប្រឌិតនៃមហាវិទ្យាល័យស្ថាបត្យកម្មនៅឯសាកលវិទ្យាល័យ Notre Dame ក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិក។ លោកស្រី ក៏ជាអ្នកជំនាញក្នុងការការពារវត្ថុប្រវត្តិសាស្ត្រហើយបានធ្វើការលើការថែរក្សាតាម digital នូវប្រាសាទ Taj Mahal ក្នុងប្រទេសឥណ្ឌាហើយនឹងនៅទីធ្លា Belvedere របស់វិមានវ៉ាទីកង់។ លោកស្រីនិយាយថា ការជួសជុលព្រះវិហារ Notre Dame ឡើងវិញ ផ្តល់ឱកាសមួយដើម្បីសិក្សាថាតើត្រូវការពារមហន្តរាយនៅថ្ងៃអនាគតយ៉ាងដូចម្តេច។ លោកស្រី Karpali Krusche និយាយថា៖ «ដូច្នេះ ការជួសជុលនេះនឹងក្លាយជាការសំខាន់ដើម្បីយល់ដឹងថាតើយើងអាចការពារប្រាសាទទាំងនោះចំពោះគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះមហន្តរាយដោយមនុស្សឬការវាយប្រហារដែលអាចកើតមានឡើងដល់ប្រាសាទល្បីៗបែបនោះនៅទូទាំងសាកលលោកយ៉ាងដូចម្តេច»។
លោក Kevin Murphy ជាសាស្ត្រាចារ្យខាងប្រវត្តិសិល្បៈនៃសាកលវិទ្យាល័យ Vanderbilt ក្នុងទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិក និយាយថា ទីកន្លែងនោះមានសារៈសំខាន់ដល់អ្នកដែលមិនមានជំនឿសាសនា ដូច្នេះ ការជួសជុលព្រះវិហារនោះឡើងវិញជាឧត្តមភាពមួយ។ លោក Kevin Murphy ថា៖ «មនុស្សជាច្រើនដែលមិនមែនជាអ្នកកាន់សាសនាកាតូលិកដែលទៅទីនោះនិងមានអារម្មណ៍ចង់ឲ្យមានសាងសង់ព្រះវិហារនោះឡើងវិញទាំងស្រុង ទោះបីធ្វើពីវត្ថុធាតុដើមនិងរចនាបថណាក៏ដោយ»។
ពួកអ្នកជួសជុលព្រះវិហារនោះ ក៏នឹងត្រូវសម្រេចថាតើជួសជុលដំបូលព្រះវិហារនោះឡើងវិញដោយប្រើឈើ ឬសម្ភារៈផ្សេងទៀត។ពីព្រោះតែការខ្វះខាតឈើ ធ្នឹមធំៗធ្វើពីដើមសែន ដែលបានទ្រទ្រង់ដំបូលកាលពីពេលមុន អាចមិនធ្វើបានដូចដើមទេ។ ហើយការរារាំងមិនឲ្យមានគ្រោះមហន្តរាយមួយទៀត កើតឡើងគឺជារឿងសំខាន់បំផុត។ លោក Kobi Karp ជាស្ថាបត្យករដែលក្រុមរបស់លោកបានគូប្លង់និងស្ថាបនាអាគារពាណិជ្ជកម្ម និងជាអាគារសម្រាប់ប្រើផ្នែកផ្សេងទៀតនៅពាសពេញសាកលលោក។ លោកនិយាយថា ទោះបីជា ដំបូលនោះ ត្រូវបានជួសជុលឡើងវិញដូចកាលពីពេលមុនក៏ដោយ ក៏ដំបូលនោះ នឹងត្រូវដាក់បញ្ជូលឧបករណ៍ការពារកុំឲ្យភ្លើងឆេះនិងសម្ភារៈការពារអគ្គិភ័យ។ លោក Karp ថ្លែងថា៖ «ខ្ញុំគិតថា ឥឡូវនេះ យើង មានឱកាសពិតប្រាកដមួយដើម្បីប្រើប្រាស់ចំណេះដឹងខាងសុវត្ថិភាពអគ្គិភ័យរបស់យើងនៅក្នុងផ្នែកគ្រោងសំណង់ ដូច្នេះ នៅពេលដែលយើងជួសជុលព្រះវិហារនេះឡើងវិញ យើងនឹងអាចបង្កាអគ្គិភ័យនេះម្តងទៀត»។
ក៏ប៉ុន្តែ ការជួសជុលឡើងវិញណាមួយក៏ដោយ ត្រូវពិចារណាគឺកេរ្តិ៍ដំណែលសិល្បៈនិងសាសនារបស់ព្រះវិហារ Notre Dame នោះ។ លោកស្រី Nora Heimann ជាសាស្ត្រាចារ្យជំនួយនៃសាកលវិទ្យាល័យកាតូលិកនិងប្រធានដេប៉ាតឺម៉ង់សិល្បៈ និយាយថា ព្រះវិហារនេះជានិមិត្តរូបនៃក្តីសង្ឃឹមដ៏ខ្លាំងពីព្រោះវាជានិមិត្តរូបរបស់បារាំងឬក៏និមិត្តរូបនៃសាសនាគ្រិស្តនិកាយកាតូលិក។ លោកស្រី Nora និយាយថា៖ «យើង មើលឃើញព្រះវិហារនេះជានិមិត្តរូបនៃសេចក្តីក្លាហាន យើងមើលឃើញព្រះវិហារនេះជានិមិត្តរូបនៃការងើបឡើងរបស់មនុស្សជាតិ យើងមើលឃើញព្រះវិហារនេះជានិមិត្តរូបនៃភាពប៉ិនប្រសប់និងសម្រាប់យើងទាំងអស់គ្នាក្នុងចំណោមសហគមន៍អ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិក។ ព្រះវិហារនេះ តំណាងឲ្យភាពអត់ធ្មត់របស់សាសនាទប់ទល់នឹងឧបសគ្គទាំងអស់។ អគ្គិភ័យនេះ បានកើតមានឡើងក្នុងពិធីបុណ្យ Holy Week ពិសេសដែលបន្ថែមការឈឺចាប់ក្នុងចិត្ត។
លោក Julio Bermudez និយាយថា ការជួសជុលព្រះវិហារ Notre Dame នេះឡើងវិញ ជាសកម្មភាពខាងសាសនា មិនមែនសម្រាប់តែប្រជាពលរដ្ឋបារាំងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់មនុស្សជាតិទាំងអស់ផងដែរ។ លោក Bermudez ថា៖«ព្រះវិហារនេះ នៅពេលឥឡូវនេះ ជាកេរ្តិ៍ដំណែលរបស់មនុស្សជាតិដែលប្រ ហែលបារាំងមានការទទួលខុសត្រូវច្រើនជាងពលរដ្ឋផ្សេងទៀត ក៏ប៉ុន្តែ យើងទាំងអស់គ្នាក៏ជាផ្នែកមួយនៃគម្រោងសាសនាក្នុងផ្នែកមនុស្សជាតិនិងក្នុងការភ្ជាប់ខ្លួនយើងទៅនឹងអ្វីដែលអស្ចារ្យជាងយើងនៅពេលសព្វថ្ងៃនេះ»។
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា លោកចង់ឲ្យមានការជួសជុលព្រះវិហារ Notre Dame ឡើងវិញចប់សព្វគ្រប់ក្នុងរយៈពេល៥ឆ្នាំ ឲ្យទាន់ពេលដែលទីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិកឆ្នាំ២០២៤។ អ្នកខ្លះ បានប្រឆាំងនឹងការកំណត់ពេលវេលានោះ ក៏ប៉ុន្តែ សម្ទុះដើម្បីជួសជុលឡើងវិញនូវអ្វីដែលបានបាត់បង់និងការពារអ្វីដែលនៅសេសសល់កំពុងមានកាន់តែខ្លាំងឡើង ដូច្នេះប្រហែលវាអាចធ្វើបាន៕
ប្រែសម្រួលដោយជឹង ប៉ូជីន