បណ្ដា​មេដឹកនាំ​អារ៉ាប់​អំពាវនាវ​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​ចំ​ពេល​មាន​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​របស់​អ៊ីស្រាអែល

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Sameh Shoukry និងរដ្ឋមន្ត្រីការបរទេសហ៊្សកដានីលោក Ayman Safadi ធ្វើសន្និសីទសារព័ត៌មានរួមគ្នាអំពីជម្លោះអ៊ីស្រាអែលនិងហាម៉ាស់ នៅរដ្ឋធានីអាម៉ាន ប្រទេសហ៊្សកដានី កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​តួកគី​នៅ​ថ្ងៃ​អាទិត្យ​នេះ​សម្រាប់​ការ​ពិភាក្សា​ដែល​លោក​បាន​សង្កត់​ធ្ងន់​អំពី «សារៈសំខាន់​នៃ​ការ​ការពារ​ជីវិត​ជន​ស៊ីវិល​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​និង​តំបន់​ហ្កាហ្សា (Gaza)»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

កាលពី​ថ្ងៃ​សៅរ៍ ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan បាន​និយាយ​ថា៖ «យើង​ចង់​ឃើញ​តំបន់​ហ្កាហ្សា​ជា​តំបន់​មួយ​ដែល​មាន​សន្តិភាព​ដែល​ជា​ផ្នែក​មួយ​នៃ​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ ស្រប​តាម​ព្រំដែន​ឆ្នាំ ១៩៦៧ ប្រកប​ដោយ​បូរណភាព​ទឹកដី និង​មាន​តំបន់​ហ្សេរុយសាឡិម​ខាង​កើត (East Jerusalem) ជា​រដ្ឋធានី​របស់​ខ្លួន»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ Haberturk និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត។

រដ្ឋាភិបាល​តួកគី​ក៏​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សៅរ៍​ផង​ដែរ​ថា ​ខ្លួន​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​អ៊ីស្រាអែល​ឱ្យ​ត្រឡប់​មក​កាន់​ប្រទេស​វិញ។ អ៊ីស្រាអែល​បាន​កោះ​ហៅ​បេសកជន​របស់​ខ្លួន​ប្រចាំ​ប្រទេស​តួកគី​ ឱ្យ​ត្រឡប់​មក​កាន់​ប្រទេស​វិញ ​កាលពី​ខែ​មុន បន្ទាប់ពី​លោក Erdogan បាន​ហៅ​ក្រុម​ហាម៉ាស់ (Hamas) ថា​ ជា​យុទ្ធជន​សេរីភាព​និង​បាន​និយាយ​ថា ​លោក​មិន​ចាត់ទុក​ក្រុម​នេះ​ថា​ជា​អង្គការ​ភេរវកម្ម​ ដូច​ការ​ចាត់ទុក​របស់​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​បណ្ដា​បស្ចិម​ប្រទេស​ផ្សេង​ទៀត​នោះ​ឡើយ។

កាលពី​ថ្ងៃ​សៅរ៍ លោក Blinken បាន​ជួប​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​អារ៉ាប់​នៅ​ក្នុង​រាជធានី​អាម៉ាន់ នៃ​ប្រទេស​ហ្ស៊កដានី។ ពួកគេ​បាន​សង្កត់​លើ​លោក Blinken អំពី​តម្រូវការ​នៃ​ការ​មាន​កិច្ច​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​នៅ​ក្នុង​តំបន់​ហ្កាហ្សា ស្រប​ពេល​ដែល​យោធា​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​លើ​សាលារៀន​មួយ​កន្លែង ​ដែល​ធ្វើ​ជា​ជម្រក​ស្នាក់នៅ​សម្រាប់​ជន​ភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ដោយ​បាន​សម្លាប់​ជន​ស៊ីវិល​មួយ​ចំនួន។

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អេហ្ស៊ីប និងហ៊្សកដានី នៅរដ្ឋធានីអាម៉ាន ប្រទេសហ៊្សកដានី កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។

នៅ​ក្នុង​ថ្ងៃ​បំពេញ​កិច្ចការ​ទូត​នោះ លោក Blinken បាន​ជួប​ជាមួយ​នឹង​សមភាគី​របស់​លោក​មកពី​ប្រទេស​ហ្ស៊កដានី អារ៉ាប៊ីសាអូឌីត អេមីរ៉ាត​អារ៉ាប់រួម អេហ្ស៊ីប និង​កាតា ក៏​ដូចជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​អង្គការ​សេរីភាព​ប៉ាឡេស្ទីន (Palestine Liberation Organization) និង​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​របស់​ប្រទេស​លីបង់​លោក Najib Mikati ផងដែរ។

រដ្ឋមន្ត្រី​ការបរទេស​ហ្ស៊កដានី​លោក Ayman Safadi បាន​ប្រាប់​អ្នក​កាសែត​កាលពី​ថ្ងៃ​សៅរ៍​ថា ទោះបីជា​លោក​ថ្កោលទោស​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៧ ខែ​តុលា​របស់​ក្រុម​ហាម៉ាស់ និង​ថា «គ្មាន​នរណា​ម្នាក់​ដែល​មាន​សតិ​ត្រឹមត្រូវ» ចាត់ទុក​ក្ដី​ឈឺចាប់​របស់​អ៊ីស្រាអែល​នៅ​ថ្ងៃ​នោះ​ថា​មិន​សំខាន់​ក៏ដោយ ក៏​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ គឺ​មិន​អាច​បន្ត​ទៅ​មុខ​ដូច្នេះ​បាន​ទេ។

លោក Safadi បាន​និយាយ​បន្ទាប់ពី​បាន​ជួប​ជាមួយ​នឹង​លោក Blinken និង​រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប​លោក Sameh Shoukry ថា៖ «តំបន់​ទាំង​មូល​កំពុង​លិចលង់​នៅ​ក្នុង​សមុទ្រ​នៃ​ភាព​ស្អប់​គុំកួន​ដែល​នឹង​ជះ​ឥទ្ធិពល​ដល់​ជំនាន់​ក្រោយ»។

ការ​តវ៉ា​ដែល​រិះគន់​លើ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា​បាន​ធ្វើ​ឡើង​នៅ​តាម​ទីក្រុង​នានា​នៅ​ទូទាំង​ពិភពលោក​ដូចជា​ទីក្រុង​អង់ការ៉ា ប៊ែរឡាំង ឡុងដ៍ ប៉ារីស និង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​សៅរ៍។ ក្រុម​បាតុករ​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

សកម្មជនប្រឆាំងសង្គ្រាម​ធ្វើបាតុកម្ម​នៅ​មុខ​សេតវិមាន​ ក្នុងអំឡុងការដើរហែក្បួន​គាំទ្រ​ជនជាតិ​ប៉ាឡេស្ទីននិងទាមទារ​ការ​ឈប់​បាញ់គ្នា នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។

ស្រប​ពេល​នេះ​ដែរ ទីភ្នាក់ងារ​សារព័ត៌មាន WAFA របស់​ប៉ាឡេស្ទីន​បាន​រាយការណ៍​ថា ជនជាតិ​ប៉ាឡេស្ទីន ៥១ នាក់​ត្រូវ​បាន​សម្លាប់​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​ពេល​ដែល​អ៊ីស្រាអែល​បាន​បាញ់​ផ្លោង​លើ​ជំរំ​ជន​ភៀសខ្លួន Maghazi នៅ​ក្នុង​ផ្នែក​កណ្ដាល​នៃ​តំបន់​ហ្កាហ្សា។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​លើ​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន WAFA បាន​ទេ។ យោធា​អ៊ីស្រាអែល​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​បញ្ចេញ​យោបល់​លើ​រឿង​នេះ​នោះ​ទេ។

ការ​វាយ​ប្រហារ​ដូច​នេះ​បាន​បំផ្លាញ​ផ្នែក​ជា​ច្រើន​នៃ​តំបន់​រស់នៅ​នៅ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា។ ពលរដ្ឋ​តំបន់​នេះ​ប្រហែល ៣០០.០០០ នាក់​កំពុង​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ក្នុង​ជម្រក​ស្នាក់នៅ​របស់​អង្គការ​សហប្រជាជាតិ ដែល​ជម្រក​ស្នាក់នៅ​មួយ​កន្លែង​ត្រូវ​បាន​វាយ​ប្រហារ​ចំ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច ១៥ នាក់​ស្លាប់​និង​រាប់​សិប​នាក់​ទៀត​រង​របួស។

សាលារៀន al-Fakhoura នៅ​ក្នុង​សង្កាត់ Jabaliya នៃ​តំបន់​ហ្កាហ្សា​មាន​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ស្នាក់នៅ​បណ្ដោះ​អាសន្ន​នៅ​ទីនោះ​នៅ​ពេល​ដែល​សាលារៀន​នេះ​ត្រូវ​បាន​វាយ​ប្រហារ​ចំ​កាលពី​ថ្ងៃ​សៅរ៍។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Juliette Touma ប្រធាន​ផ្នែក​សារគមនាគមន៍​នៃ​ទីភ្នាក់ងារ​ជំនួយ​និង​កិច្ចការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​តំបន់​មជ្ឈិម​បូព៌ា (UNRWA) ដែល​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters៕

ប្រែសម្រួលដោយលោក ភី សុភាដា

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។