អាជ្ញាធរនៅក្នុងទីក្រុង បាល់ទីមរ រដ្ឋ Maryland ក្នុងសរអាភាគខាងកើតកំពុងអំពាវនាវឲ្យមានភាពស្ងប់ស្ងៀមនិងការអត់ធ្មត់ ខណៈដែលរដ្ឋអាជ្ញាធ្វើសេចក្តីសម្រេចថាតើត្រូវប្តឹងចោទភ្នាក់ងារប៉ូលិសដែលមានទាក់ទិនក្នុងការចាប់ខ្លួនយុវជនស្បែកខ្មៅ Freddie Gray ដែលបានស្លាប់នៅក្នុងការឃុំឃាំងរបស់ ប៉ូលិសឬមិនត្រូវ។
កាលពីថ្ងៃព្រហស្បត៍នេះ កងនគរបាលបានប្រគល់ការរកឃើញនៅក្នុងសេចក្តីរាយការណ៍ផ្ទាល់របស់ខ្លួន អំពីមរណភាពនេះ ទៅឲ្យការិយាល័យមេធាវីរដ្ឋ នៅពេលមួយថ្ងៃមុនថ្ងៃកំណត់។ សេចក្តីសម្រេចបញ្ចប់នៃការស៊ើបអង្កេតផ្ទៃក្នុងនេះ មិនទាន់បានប្រកាសជាសាធារណៈទេ។
ភាពសម្ងាត់របស់ប៉ូលិសទាក់ទងនឹងករណីនេះបានបន្ថែមទៅលើភាពតានតឹងក្នុងចិត្តរបស់មនុស្សជាច្រើននាក់ដែលត្អូញត្អែថា អាជ្ញាធរមិនបាននិយាយឲ្យត្រង់អំពីមរណភាពរបស់ Freddie Gray អាយុ ២៥ ឆ្នាំ ដែលបានស្លាប់ដោយសាររបួសសសៃឆ្អឹងខ្នង កាលពីថ្ងៃទី ១៩ ខែមេសា។
មេធាវីរដ្ឋ លោកស្រី Marilyn Mosby បានថ្លែងកាលពីថ្ងៃព្រហស្បត៍ថា ការិយាល័យលោកស្រី កំពុងធ្វើការស៊ើបអង្កេតផ្ទាល់មួយអំពីមរណភាពនេះ។ លោកស្រីថ្លែងជាអាទិថា «យើងសូមអំពាវនាវឲ្យសាធារណជនមានសេចក្តីអត់ធ្មត់និងសន្តិភាព និងមានជំនឿលើដំណើរការនៃប្រព័ន្ធយុត្តិធម៌។
កាលពីថ្ងៃព្រហស្បត៍ ក្រុមបាតុករបានធ្វើការប្រជុំគ្នាដ៏ធំមួយទៀតដោយសន្តិវិធីនៅកណ្តាលក្រុង បាល់ទីមរ តែបានបំបែកគ្នានៅម៉ោង ១០ យប់ ពេលបម្រាមគោចរចាប់ចូលជាធរមាន៕