សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃចន្ទ បានសម្រេចតម្កល់សាលក្រមកាត់ទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងចេញសែកគ្មានសាច់ប្រាក់ ដែលនាំឱ្យអ្នកនយោបាយជំទាស់រូបនេះបន្តគ្មានសេរីភាព និងស្ថិតក្រោមការឃុំខ្លួនក្នុងពន្ធនាគារ។ នេះបើតាមមេធាវីការពារក្តីលោក ថាច់ សេដ្ឋា និងអង្គការការពារសិទ្ធិមនុស្ស។
លោក សេដ្ឋា ត្រូវបានតុលាការចាប់ខ្លួន កាលពីខែមករា ឆ្នាំ ២០២៣ តាមបណ្តឹងមួយដែលបានចោទថា លោកបានចេញមូលប្បទានប័ត្រចំនួន៥សន្លឹកដែលគ្មានទឹកប្រាក់ កាលពីឆ្នាំ ២០១៩ ដើម្បីសងហាងបញ្ចាំរិន ឆាយ (Rin Chhay Pawn Shop)។
នៅក្នុងសេចក្តីប្រកាសរបស់អង្គការសិទ្ធិមនុស្សលីកាដូដែលតាមដានករណីនេះ ចុះថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ តុលាការសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ១៨ខែ។ ក្រោយការប្រកាសសាលក្រមនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ លោក សេដ្ឋា ត្រូវបានតុលាការបង្គាប់ឱ្យកងកម្លាំងបញ្ជូនខ្លួនទៅកាន់ពន្ធនាគារភ្លាមៗ។
សហមេធាវីការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ប្រាប់វីអូអេថា ការកាត់សេចក្តីរបស់សាលាឧទ្ធរណ៍មិនបានផ្តល់យុត្តិធម៌ដល់កូនក្តីទេ ដូច្នេះកូនក្តីនិងមេធាវីនឹងមានការពិភាក្សាអំពីការប្តឹងសាទុក្ខទៅតុលាការកំពូលដើម្បីជំទាស់នឹងសាលក្រមរបស់សាលាដំបូង។
លោកថ្លែងថា៖ «កូនក្តីខ្ញុំ គាត់មិនអាចទទួលយកបាននូវអ្វីដែលជាសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ហើយយើងគិតថា អាចនឹងប្តឹងសាទុក្ខបន្តទៀត ដោយសារតែយើងពិចារណាទៅឃើញថា អ្វីដែលជាការសម្រេចសេចក្តីរបស់សាលាឧទ្ធរណ៍ភ្នំពេញហ្នឹង គឺមិនបានផ្តល់យុត្តិធម៌ដល់កូនក្តីទេ។ ហើយវាជាភាពអយុត្តិធម៌មួយសម្រាប់កូនក្តី។ យើងនឹងអាចនឹងប្តឹងសាទុក្ខច្រើនជាង»។
នៅក្នុងអង្គជំនុំជម្រះកន្លងមក លោក ថាច់ សេដ្ឋា បានប្រាប់ចៅក្រមថា លោកមិនធ្លាប់ចេញសែកឱ្យដើមបណ្តឹងរដ្ឋប្បវេណីតាំងពីឆ្នាំ ២០១៦ មក តែលោកបែរជាត្រូវបានចាប់ខ្លួនដោយគ្មានភស្តុតាងគ្រប់គ្រាន់ រហូតត្រូវផ្តន្ទាទោសទាំងអយុត្តិធម៌។ នេះបើតាមលោកមេធាវី សឺន ជុំជួន។
លោកបន្ថែមថា កូនក្តីលោកមានគោលដៅចម្បងពីរក្នុងការតតាំងក្តីនៅតុលាការ គឺទីមួយលោកចង់បានសេរីភាពនៅក្រៅឃុំ និងទីពីរ លោកទាមទារឱ្យតុលាការទម្លាក់រាល់ការចោទប្រកាន់មកលើលោក។
លោក ថាច់ សេដ្ឋា អាយុ៧០ឆ្នាំ ជាអ្នកនយោបាយដែលមានដើមកំណើតខ្មែរក្រោម និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។ លោកក៏ជាអតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី។
ក្រៅពីសំណុំរឿងចេញមូលប្បទានប័ត្រមិនអាចបើកប្រាក់បាននេះ អ្នកនយោបាយជំទាស់រូបនេះក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស នៅក្នុងករណីដាច់ដោយឡែកមួយទៀតកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ ផងដែរ ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង នៅពេលលោកថ្លែងសារទៅកាន់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះកាលពីឆ្នាំ ២០២៣។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា រឿងក្តីលោក ថាច់ សេដ្ឋា នៅតែត្រូវបានគិតថាជាបញ្ហានយោបាយ ជាជាងចំណាត់ការច្បាប់ ព្រោះលោកសេដ្ឋាបានបកស្រាយហើយថា បញ្ហាបំណុលនេះ ជារឿងរដ្ឋប្បវេណីដែលត្រូវបានដោះស្រាយរួចហើយដែរតាមផ្លូវតុលាការដែលបានកាត់សេចក្តីឱ្យលោកឈ្នះ។
លោកបន្ថែមថា រដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំដោយអ្នកនយោបាយឈាមថ្មីរបស់គណបក្សកាន់អំណាច គួរគិតគូរបញ្ចប់សំណុំរឿងលោក ថាច់ សេដ្ឋា ដើម្បីបំបាត់វិបត្តិនយោបាយ ដែលនៅសេសសល់នៅកម្ពុជា។
លោកថ្លែងថា៖ «អ៊ីចឹង អ្វីដែលសំខាន់គឺយើងឃើញថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ហើយសុទ្ធតែឈាមជ័រថ្មី គួរណាស់តែយើងបញ្ចប់នូវវិបត្តិនយោបាយ ដែលសេសសល់ គឺធ្វើយ៉ាងណា អាចនឹងរកច្រកចេញដើម្បីបញ្ចប់បញ្ហានយោបាយដែលសេសសល់។ អាហ្នឹងវាជារឿងមួយដែលផ្តល់ផលចំណេញសម្រាប់កម្ពុជា»។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ប្លង់ សំណាង តាមទូរស័ព្ទបានទេ នៅថ្ងៃអង្គារនេះ។
កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ តុលាការក្រុងភ្នំពេញបានកាត់ទោសលោកថាច់ សេដ្ឋា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ដោយយោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបរកណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ លោកត្រូវបានតុលាការកាត់ឱ្យជាប់ពន្ធនាគារ និងបង្គាប់ឱ្យសងជាប្រាក់ពិន័យ ៣លានរៀល (ប្រមាណជា ៧៥០ដុល្លារ) និងសងប្រាក់ទៅកាន់ដើមបណ្តឹង ដែលជាហាងបញ្ចាំ រិនឆាយ ចំនួន ៣៣.៤០០ដុល្លារ និង សំណងជំងឺចិត្ត ៥ លានរៀល (ប្រមាណ ១២៥០ដុល្លារ) ផងដែរ។ នេះបើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ៕