សាលាឧទ្ធរណ៍នារសៀលថ្ងៃពុធនេះ បានសម្រេចតម្កល់សាលក្រមតុលាការក្រុងភ្នំពេញដែលបានកាត់ទោសលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក ទុកជាបានការ ដោយមិនបញ្ជាក់ពីមូលហេតុ។
ការសម្រេចនេះត្រូវបានអ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សយល់ថា អាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិបញ្ចេញមតិជាមូលដ្ឋាន រួមទាំងភាពត្រឹមត្រូវនៃដំណើរការការបោះឆ្នោតនៅកម្ពុជា។
សាលាឧទ្ធរណ៍បានច្រានចោលបណ្ដឹងទាស់របស់អតីតមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារ៦ខែ ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈលើមន្ត្រីតុលាការខេត្តសៀមរាប។
ការសម្រេចនេះ ត្រូវបានសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សយល់ថា ជាការសម្រេចដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជា និងជាការគំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្សផ្សេងទៀត។
កាលពីថ្ងៃទី ២២ ខែកញ្ញា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក នី ចរិយា ដាក់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់៦លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទមួលបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការតុលាការ។
សវនាការឈានដល់ការសម្រេចទោសនេះ ធ្វើឡើងតាមបណ្ដឹងរបស់មន្ត្រីតុលាការខេត្តសៀមរាបពីររូប បន្ទាប់ពីលោក នី ចរិយា ចោទថា មន្ត្រីតុលាការទាំងនោះឃុំខ្លួនពលរដ្ឋពីររូបខុសនីតិវិធីច្បាប់ នៅពេលលោកបម្រើការងារជាមន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ប្លង់ សំណាង នារសៀលថ្ងៃពុធ ទី១៤ ខែធ្នូនេះ បានប្រកាសតម្កល់សាលក្រមសាលាដំបូងទុកជាបានការ ដោយមិនបញ្ជាក់ពីមូលហេតុ។
ក្រោយបញ្ចប់ការប្រកាសសាលដីកា លោក សំ សុគង់ មេធាវីការពារក្ដីលោក នី ចរិយា ថ្លែងថា ការសម្រេចតម្កល់សាលក្រមសាលាដំបូងនេះ ជាការសម្រេចដែលមានភាពអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក។
«បើតាមការសួរដេញដោលក៏ដូចជាភស្តុតាងដែលមាននៅក្នុងសំណុំរឿងរបស់លោក នី ចរិយា នេះ មេធាវីការពារយល់ឃើញថា ការដែលភស្តុតាងដែលមាននៅក្នុងសំណុំរឿងនេះ មិនទាន់មានលក្ខណៈគ្រប់គ្រាន់ ហើយមិនមានលក្ខណៈច្បាស់លាស់ ហើយក៏ជាភស្តុតាងមួយដែលមិនអាចដាក់បន្ទុកលើលោក នី ចរិយា បានទេ»។
តែទោះជាយ៉ាងនេះក្តី លោក សំ សុគង់ រំពឹងថា កូនក្ដីរបស់លោក នឹងត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពក្នុងពេលឆាប់ៗ បន្ទាប់ពីលោកមើលឃើញថាស្ថានការណ៍នយោបាយនៅកម្ពុជាហាក់មានភាពល្អប្រសើរជាងមុន។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់ VOA ថា តុលាការបានសម្រេចតាមនីតិវិធីច្បាប់ត្រឹមត្រូវ ដោយលោកថា ប្រសិនបើមេធាវីរបស់លោក នី ចរិយា មិនពេញចិត្តនឹងការសម្រេច មេធាវីរបស់លោកអាចប្ដឹងបន្តទៅតុលាការកំពូល។
លោក ឌុច ពិសិដ្ឋ នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់ VOA ថា ការសម្រេចរបស់តុលាការដែលផ្ដន្ទាទោសលោក នី ចរិយា ឲ្យជាប់ពន្ធនាគារ៦ខែ ពាក់ព័ន្ធនឹងបណ្ដឹងរបស់រដ្ឋអំណាចដែលបានប្ដឹងអគ្គលេខាធិការរង គ.ជ.ប កាលពីពេលដែលលោកធ្វើជាមន្ត្រីការពារសិទ្ធិមនុស្សនៅសមាគមអាដហុក បង្ហាញថា តុលាការមិនមានភាពឯករាជ្យ។
លោកបន្ថែមថា ការសម្រេចនេះបានធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោត និងធ្វើឲ្យប៉ះពាល់ដល់អ្នកការពារសិទ្ធិមនុស្សផ្សេងទៀតដែលព្យាយាមពង្រឹងការអនុវត្តច្បាប់របស់រដ្ឋាភិបាល។
«វាអាចនឹងប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ ដែលជាសិទ្ធិសេរីភាពមូលដ្ឋានរបស់បុគ្គលគ្រប់រូបក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ហើយខ្ញុំគិតថាអាជ្ញាធរគួរតែអត់ធ្មត់ឲ្យបានខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងការរិះគន់នានាទៅលើស្ថាប័នរដ្ឋ ឬក៏បុគ្គលដែលទទួលបានតួនាទីផ្នែកសេវាសាធារណៈរបស់រដ្ឋ។ «អញ្ចឹងគួរតែមានការអត់ធ្មត់ឲ្យមែនទែន។ ជាធម្មតា ការរិះគន់តែងតែប៉ះពាល់ដល់បុគ្គល និងស្ថាប័នមួយចំនួន ចំណែកចេតនារបស់យើង គឺអត់មានចេតនាអាក្រក់ក្នុងការប៉ះពាល់ទៅដល់ការផ្ដួលរំលំរដ្ឋាភិបាលអីទេ។ យើងចូលរួមក្នុងការផ្ដល់ជាមតិយោបល់ក្នុងការកែលម្អស្ថានភាព ឬក៏ការអនុវត្តគោលនយោបាយ និងការអនុវត្តច្បាប់របស់រដ្ឋាភិបាល»។
កាលពីពាក់កណ្ដាលឆ្នាំ ២០១៥ ព្រះរាជអាជ្ញារងលោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោក គី ឫទ្ធី បានដាក់ពាក្យប្ដឹងលោក នី ចរិយា ខណៈលោកនៅមានតួនាទីជាប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក។
បណ្ដឹងនោះបានចោទលោក នី ចរិយា ជុំវិញករណីលោកបានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី១២ និងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ហើយត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនដកស្រង់សម្តីចុះផ្សាយថា លោក នី ចរិយា ថ្លែងថា មន្ត្រីតុលាការខេត្តសៀមរាបឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយកដីពលរដ្ឋខ្មែរឲ្យសហគមន៍វៀតណាម និងថា តុលាការឃុំខ្លួនពលរដ្ឋពីររូបខុសនីតិវិធីច្បាប់។
ក្រៅពីរឿងនេះលោក នី ចរិយា ក៏ត្រូវបានតុលាការចោទពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីមួយករណីទៀតពាក់ព័ន្ធនឹងរឿងស្នេហានាង ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ ជាមួយលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ៕