សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​កាត់​ទោស​មេ​ដឹកនាំ​សហជីព​ក្នុង​សំណុំ​រឿង​បាតុកម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៤

រូបឯកសារ៖ លោក ​វន់ ពៅ​​ ប្រធានសមាគម​​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ហៅថា (IDEA) ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​ កាលពីថ្ងៃទី​៣ ខែ​មករា​ ឆ្នាំ​២០១៩​ នៅទីក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី​/VOA)

ចៅក្រម​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង ​នៅ​ក្នុង​ករណី​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​កាល​ពី​ជិត​ ១០ ​ឆ្នាំ​មុន​ ដោយ​កាត់​ទោស​មេ​ដឹកនាំ​សហជីព​មួយ​ចំនួន​ ដែល​មាន​លោក ​វន់ ពៅ ​ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ។​

ក្រោយ​ការ​ស្តាប់​សាលដីកា ​លោក​ វន់ ពៅ ​ដែល​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៤​ ឆ្នាំ​និង​ ៦ ​ខែ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ដែល​មាន​រយៈពេល​ជិត​ ១០ ​ឆ្នាំ​មក​ហើយ​ លោក​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ​ ខណៈ​សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​តុលាការ​ថ្នាក់​ក្រោម។ ​លោក​បន្ត​ថា ​ចៅក្រម​សាលា​ឧទ្ធរណ៍​បាន​ទម្លាក់​ចោល​ការ​ពិន័យ​ជា​ប្រាក់​លើ​រូប​លោក​ចំនួន ​៨​ លាន​រៀល។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​វា​ជា​រឿង​អយុត្តិធម៌​ណាស់​ដែល​យើង​ជា​អ្នក​រង​គ្រោះ ​គេ​វាយ​ស្ទើរ​តែ​ស្លាប់​បាត់​បង់​ជីវិត ហើយ​នៅ​តែ​មាន​ទោស​ដដែល ​ដែល​សាលា​ឧទ្ធរណ៍​សំអាង​ទៅ​លើ​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​តែ​ប៉ុណ្ណោះ ​មិន​បាន​យក​អ្វី​ដែល​ជា​ការ​លើក​ឡើង​ អ្វី​ដែល​ជា​ភស្តុតាង​ជាក់​ស្តែង​ដែល​គេ​ធ្វើ​បាប​មក​លើ​រូប​យើង​ខ្ញុំ»។​

លោក ​វន់ ពៅ ​បញ្ជាក់​ថា​ លោក​នឹង​ពិភាក្សា​ជាមួយ​មេធាវី​ ដើម្បី​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។​

លោក​ថ្លែង​ថា៖​ «បើ​សិន​ជា​បាន​យុត្តិធម៌​ ឬ​មិន​បាន​យុត្តិធម៌​យ៉ាងណា​នោះ ​គឺ​យើង​នឹង​ធ្វើ​ទៅ​តាម​លទ្ធភាព ​ទៅ​តាម​អ្វី​ដែល​យើង​នឹង​សង្ឃឹម។​ បើ​សិន​ជា​ប្រទេស​កម្ពុជា​មិន​ផ្តល់​យុត្តិធម៌​ដល់​យើង​ទេ​ អាហ្នឹង​មាន​តែ​ពលរដ្ឋ​ឬ​ក៏​អាច​ជា​អង្គការ​ដៃ​គូ ​ឬ​ក៏​វិស័យ​ការងារ​នៅ​ទូទាំង​ពិភព​លោក ​គិត​ថា​នឹង​ផ្តល់​យុត្តិធម៌​ដល់​ខ្ញុំ​ផង​ដែរ»។​

លោក​ ថេង សាវឿន ​ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC)​ ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​នេះ​ដែរ បាន​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​របស់​លោក​ថា​ តុលាការ​បាន​ដាក់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ ៤ ​ឆ្នាំ​ ពិន័យ​ជា​ប្រាក់​ ៨​ លាន​រៀល​ តែ​ការ​អនុវត្ត​ទោស​ ៥ ខែ​ និង​សល់​ប៉ុន្មាន​ត្រូវ​ព្យួរ។ ​លោក​បន្ថែម​ថា​ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​តម្កល់​សាលក្រម​នេះ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក​ឡើយ។​

លោក​បញ្ជាក់​ថា៖​ «យើង​នៅ​តែ​មិន​ទទួល​បាន​យុត្តិធម៌​ដដែល​ ដោយ​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​គ្រាន់​តែ​លុប​ចោល​ការ​ពិន័យ​ជា​ប្រាក់​តែ​ប៉ុណ្ណោះ»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ លោក​ ឃុន លាងម៉េង ​បាន​នៅ​ឡើយ​ទេ។

លោក ​វន់ ពៅ​ លោក​ ថេង សាវឿន ​និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម»​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ ​ដែល​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​ ១៦០ ​ដុល្លារ ​កាល​ពី​ឆ្នាំ​ ២០១៤ ​ដែល​កាល​នោះ​ លោក​ វន់ ពៅ ​ត្រូវ​បាន​គេ​វាយ​ប្រហារ​បែក​ក្បាល​និង​ទ្រោម​ខ្លួន។ ​ពួកគេ​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​មួយ​រយៈ​ មុន​នឹង​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ។​

មនុស្ស​យ៉ាង​តិច​ណាស់​ ៤ ​នាក់​ ​និង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​ ៣៨​ ​នាក់​ផ្សេង​ទៀត​រង​របួស​ក្រោយ​ពី​ការ​បង្ក្រាប​ដោយ​កង​កម្លាំង​ចម្រុះ​ដោយ​បាន​បាញ់​លើ​កម្មករ​ដែល​កំពុង​តវ៉ា​នៅ​មហាវិថី​វេង ស្រេង។ ​ អង្គការ​លីកាដូ​ឲ្យ​ដឹង​ថា​ ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ ខឹម សាផាត​ ​ដែល​កាល​ណោះ​មាន​អាយុ​ ១៥ ​ឆ្នាំ​ ​បាន​បាត់ខ្លួន​មក​ទល់​សព្វថ្ងៃ​ ​ដោយ​កុមារា​នោះ​ត្រូវ​បាន​គេ​ឃើញ​ចុង​ក្រោយ​ ​ដោយ​មាន​អាការៈ​ហូរ​ឈាម​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង៕