សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំបានចេញសេចក្តីសម្រេចជាស្ថាពរមួយ ដោយទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកកាសែត ឌឹខេមបូឌា ដេលី (The Cambodia Daily)ពីរនាក់ ដែលត្រូវចោទថាបានប្រព្រឹត្តអំពើញុះញង់ក្នុងពេលពួកគេសម្ភាសពលរដ្ឋ ដើម្បីដឹងពីទស្សនៈនៃការគាំទ្ររបស់ពួកគេចំពោះគណបក្សនយោបាយដែលឈរឈ្មោះនៅក្នុងការបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១៧។
នេះជាការសម្រេចចុងក្រោយរបស់សាលាឧទ្ធរណ៍ ក្រោយមានបណ្តឹងទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តរតនគិរី ដែលបានសម្រេចទម្លាក់បទចោទប្រកាន់លើអ្នកកាសែតទាំងពីរ កាលពីចុងឆ្នាំ២០២០។
លោក សេក សោភ័ណ មេធាវីការពារក្តីឲ្យអ្នកកាសែតទាំងពីរ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថាតុលាការបានសម្រេចទម្លាក់ចោលការចោទប្រកាន់តាំងពីដើមឆ្នាំ២០២២ ប៉ុន្តែសាលដីកាទើបចូលជាស្ថាព័រ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយសារនេះជានីតិវិធីរបស់តុលាការ។
លោកបញ្ជាក់ថា៖ «គ្មានអីក្រៅពីសប្បាយចិត្តទេ ហើយនីតិវិធីកន្លងមក ផ្តល់យុត្តិធម៌ដល់កូនក្តីខ្ញុំ»។
លោកមេធាវីធ្លាប់បានលើកឡើងថាបើតាមច្បាប់ស្តីពីរបបសារព័ត៌មាន កូនក្តីរបស់លោកទាំងពីរមិនបានប្រព្រឹត្តបទល្មើសណាមួយដែលនាំឲ្យរងការចោទប្រកាន់នោះទេ។
លោក ទុំ សោភ័ណ អ្នកនាំពាក្យសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ មិនទាន់អាចបញ្ជាក់ប្រាប់វីអូអេនៅឡើយទេ ដោយលោកថាលោកត្រូវការពេលវេលា ដើម្បីពិនិត្យមើលឯកសារតុលាការជាមុនសិន។
គួរបញ្ជាក់ថាលោក អូន ភាព បានភៀសខ្លួនទៅសហរដ្ឋអាមេរិក ក្រោយប្រឈមនឹងក្តីក្តាំនេះ។ ចំណែកលោក Zsombor Peter ជាជនជាតិកាណាដា ក៏មិនមានវត្តមានក្នុងប្រទេសកម្ពុជាដែរ៕