មេធាវី៖ ការ​​​បន្ត​​​ស៊ើប​អង្កេត​លើ​អតីត​អ្នក​កាសែត​អាស៊ីសេរី​ជា​ការ​សម្រេច​ដែល​ខ្វះ​មូលដ្ឋាន​ច្បាប់

លោក​ អ៊ួនឈិន និង​លោក​យាង សុធារិន្ទ អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ ផ្តល់​សម្ភាសន៍​ដល់​អ្នក​សារពត៌មាន​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍​ក្រោយ​ចេញ​ពី​សវនាការ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ២០២០។ (កាន់​ វិច្ឆិកា/VOA)

លោក ​យាង សុធារិន្ទ អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​មួយ​រូប​ដែល​កំពុង​ជាប់​ចោទ​នេះ​​​​ជឿ​​ថា ការ​បន្ត​អូស​បន្លាយ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​របស់​លោក​ និង​លោក ​អ៊ួន ឈិន គឺ​ជា​ចេតនា​របស់​ចៅក្រម​សាលា​ដំបូង​ក្នុង​ការ​ដាក់​បន្ទុក​លើ​អ្នក​ទាំង​ពីរ។

មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរីពីរ​រូប​លើក​ឡើង​ថា​ ការ​សម្រេច​របស់​ចៅក្រមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ក្នុង​ការ​បន្ត​ស៊ើប​អង្កេត​លើ​កូន​ក្តីរបស់​លោក​ ធ្វើ​ឡើង​ដោយ​ខ្វះ​មូលដ្ឋាន​ច្បាប់។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​បណ្តឹង​មិន​សុខចិត្ត​របស់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរីពីរ​រូប​គឺ​លោក​ យាង សុធារិន្ទ ​និង​លោក ​អ៊ួនឈិន​ ដែល​ប្តឹង​មិន​សុខ​ចិត្ត​ទៅ​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បន្ត​ការ​ស៊ើប​អង្កេត​លើ​ពួកគេ​ពាក់ព័ន្ធ​សំណុំ​រឿង​ «ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ»។​ ការ​សម្រេច​នេះ​ហៅ​ថា​ «សាលក្រម​ចាត់​របៀប»។

ក្នុង​សវនាការដែល​មាន​លោក​ យាង សុធារិន្ទ និង​លោក ​អ៊ួនឈិន ឈរ​ក្នុង​រង្វង់​ក្រចក​សេះ ​ដែល​មានការ​ចូលរួម​ស្តាប់ពី​មន្រ្តី​សិទ្ធិ​មនុស្ស ​និងមន្រ្តី​ស្ថានទូត​មួយ​ចំនួន​ផង ​លោក​មេធាវី​ សំ ចំរើន មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​លើក​ឡើង​ថា ការ​ប្រកាស​បន្ត​នីតិវិធី​ស៊ើប​អង្កេត​លើ​កូន​ក្តី​របស់​លោក ​ជា​ការ​សម្រេច​ដែល​មិន​ស្រប​តាម​ច្បាប់។ ​លោក​បន្ត​ក្នុង​សវនាការ​នោះ​ថា​ ចៅក្រម​ស៊ើប​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចំណាយ​ពេល​ជាង​ពីរ​ឆ្នាំ​ក្នុង​ការ​ស៊ើប​អង្កេត រហូត​ឈាន​ដល់​នីតិវិធី​ជម្រះ និង​ប្រកាស​សាលក្រម​ ប៉ុន្តែ​លោក​ថា នៅ​ថ្ងៃ​កំណត់​ប្រកាស​សាលក្រម ចៅក្រម​បែរ​សម្រេច​បន្ត​នីតិវិធី​ស៊ើប​អង្កេត​ទៅ​វិញ។

​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ​លោក​ចៅក្រម ​ប្លង់ សំណាង ​ប្រកាស​ក្នុង​សវនាការ​នោះ​ថា ​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជា​ការ​សម្រេច​លើ​នីតិវិធី​ថា តើ​សាលា​ឧទ្ធរណ៍​មាន​សមត្ថកិច្ច​ក្នុង​ការ​បើក​សវនាការ​លើ​សំណុំ​រឿង​នេះ​ទៅ​តាម​បណ្តឹង ឬ​យ៉ាង​ណា ដោយ​លោកបញ្ជាក់​ថា សាលា​ឧទ្ធរណ៍​អាច​សម្រេច​បាន​ក្នុង​លក្ខខណ្ឌ​ដែល​នីតិវិធី​ត្រូវ​បាន​បិទ​បញ្ចប់​តែ​ប៉ុណ្ណោះ។​ យ៉ាង​ណា​ក្តី​លោក​ ប្លង់ សំណាង​ បាន​កំណត់​ពេល​ប្រកាស​លទ្ធ​ផល​នៃ​ការ​សម្រេច​ទៅ​ថ្ងៃទី​២៨ ខែ​មករា​នេះ។

​ក្រោយ​ចេញ​ពី​សាល​សវនាការ ​លោក ​សំ ចំរើន ​មេធាវី​ដែល​ការពារ​ក្តី​ឲ្យ​អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូប​ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍​ថា ​ការ​សម្រេច​បន្ត​ការ​ស៊ើប​អង្កេត​របស់​ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ធ្វើ​ឡើង​ដោយ​ខ្វះ​ភាព​ចាំ​បាច់​។

​លោក​បន្ត​ថា ការ​សម្រេច​នេះ​បង្ហាញ​ពី​ការ​ស្វែង​រក​ចំណុច​សម្រាប់​ដាក់​បន្ទុក​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កូនក្តី​លោក​ទាំង​ពីរ៖​ «ចំណុច​ដែល​បង្គាប់​ឲ្យ​ស៊ើប​សួរ​បន្ថែម​ហ្នឹង គឺ​ជា​ចំណុច​ដែល​សុទ្ធ​តែ​ជា​ចំណុច​សម្រាប់​ស្វែង​រក​ចំណុច​ដាក់​បន្ទុក​លើ​កូន​ក្តី​ទាំងអស់​ អញ្ចឹង​យើង​គិត​ថា​អា​ហ្នឹង​ជា​ចំណុច​ដាក់​បន្ទុក​ហើយ»។

​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​គឺ​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុធារិន្ទ​ ត្រូវ​បាន​តុលាការ​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា​ ឆ្នា​២០១៩​កន្លង​ទៅ​ តែ​មិន​មាន​ការ​ប្រកាស​សាលក្រម។ ​នៅ​ថ្ងៃ​ទី​៣​ ខែ​តុលា​ ​ឆ្នាំ​២០១៩ ​តុលាការ​បាន​បង្គាប់​ឲ្យ​ស៊ើប​អង្កេត​សំណុំ​រឿង​ពួកគេ​ឡើង​វិញ ​ដោយ​មិន​កំណត់​ថ្ងៃ​បើក​សវនាការ ​ដោយ​គ្រាន់តែ​បញ្ជាក់​ថា​ ​សំណុំ​រឿង​នេះ​មិន​ទាន់​មាន​ព័ត៌មានគ្រប់​គ្រាន់​ ​និង​ត្រូវ​ការ​ពេល​វេលា​សម្រាប់​បន្ត​ការ​ស៊ើប​អង្កេត។

លោក ​យាង សុធារិន្ទ ​ដែល​ឈ្មោះ​ប្រើ​សម្រាប់​ការ​ផ្សាយ​ហៅ​ យាង សុជាមេត្តា ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​មួយ​រូប​ដែល​កំពុង​ជាប់​ចោទ​នេះ​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ខាង​ក្រៅ​សាលា​ឧទ្ធរណ៍​ថា ការ​បន្ត​អូស​បន្លាយ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​របស់​លោក​ និង​លោក ​អ៊ួន ឈិន គឺ​ជា​ចេតនា​របស់​ចៅក្រម​សាលា​ដំបូង ក្នុង​ការ​ដាក់​បន្ទុក​លើ​អ្នក​ទាំង​ពីរ

លោក​បញ្ជាក់​ថា៖ «ចៅក្រម​គាត់មាន​ពេល​វេលា​ច្រើន​ណាស់​ក្នុង​ការ​សម្រេច​ថា ​តើពួកខ្ញុំ​មាន​ទោស ឬ​មិន​មាន​ទោស តែ​ផ្ទុយ​ទៅ​វិញ​គាត់​អត់​ចេញ​ការ​សម្រេច​ បែរ​ទៅ​ជា​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម។ ​ខ្ញុំ​យល់​ថា ​អាហ្នឹង​ជា​រឿង​អសមត្ថភាព​របស់​ចៅក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ ដែល​កាល​ហ្នឹង​គាត់​គ្មាន​សមត្ថភាព​ថា ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកខ្ញុំ​មាន​ទោស ដូច​មេធាវី​ពួក​ខ្ញុំ​លើក​ឡើង​អញ្ចឹង​ រក​អានេះ​មិន​ឃើញ​ហើយ ធ្វើ​បង្កើត​រឿង​ផ្សេង​ទៀត​ដើម្បី​រក​កំហុស​ពួក​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា​ពួក​គាត់​ដូចមាន​បំណង​ចង់​យក​ពួក​ខ្ញុំ​ធ្វើ​ជា​ចំណាប់​ខ្មាំង​អី​មួយ»។​

ចំណែក​លោក ​អ៊ួន ឈិន​ ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​បន្ត​នីតិវិធី​កាន់​តែ​យូរ ជា​ការ​បន្ត​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​លោក​ និង​លោក ​យាង សុធារិន្ទ៖

«យើង​វា​បាត់​បង់​សេរីភាព​ ទៅ​ណា​មក​ណា​មិន​បាន ធ្វើ​អី​មិន​បាន​ពេញ​លេញ​ មិន​បាន​ស្មើ​មុខ​ស្មើ​មាត់​ដូច​គេ​ដូច​ឯង។​ និយាយ​ឲ្យ​ខ្លីទៅ​ថា​ការ​ដែល​បន្ត​នីតិវិធី ​គឺ​ការ​អូស​បន្លាយ​ហ្នឹង​ គឺការ​ចង​កម្ម​ចង​ពារ ធ្វើ​បាប​ពួកខ្ញុំ​តែ​ប៉ុណ្ណឹង​ឯង»។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ អ៊ី រិន្ទ ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ។​

អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ និង​ឃុំ​ខ្លួន ​កាល​ពី​ថ្ងៃទី​១៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧​ដោយ​តុលាការ​ចោទ​ប្រកាន់​ថា​ ​ពួក​គេ​ទាំង​ពីរ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ​ក្នុង​ការ​ចោទ​នោះ​ តុលាការ​អះអាង​ថា ​ពួក​គេ​ទាំង​ពីរ​បន្ត​រាយ​ការណ៍​ព័ត៌មាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី ​បន្ទាប់​ពី​វិទ្យុ​នេះ​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា។

ក្រោយ​មក​តុលាការ​បាន​សម្រេច​បំបែក​សំណុំ​រឿង​ជា​ពីរ គឺ​ពី​ប​ទ «ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ» និង​បទ«ផលិត ​និង​រក្សា​ទុក​រូបភាព​អាស​អាភាស»។

​បច្ចុប្បន្ន​ ពួក​គេ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បណ្តោះអាសន្ន ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ​បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​អស់​រយៈពេល​ជិត​ដប់​ខែ។

​ចាប់​តាំង​ពី​អ្នកទាំង​ពីរ​ត្រូវបាន​ចាប់ ចោទ​ប្រកាន់ ឃុំ​ខ្លួន និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ សហគមន៍​អន្តរជាតិ និង​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​រិះ​គន់លើ​ចំណាត់​ការ​នេះ ថា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ និង​បាន​អំពាវ​នាវ​ជា​បន្ត​បន្ទាប់​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ និង​ដោះ​លែង​អតីត​អ្នក​សារ​ព័ត៌មាន​ទាំង​ពីរ​រូប​ឲ្យ​មាន​សេរីភាព។

នៅ​ថ្ងៃ​ទី២០​ ខែ​មករា​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ Human Rights Watch ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​អំពាវ​នាវ​ឲ្យ​សាលា​ឧទ្ធរណ៍នៅ​ថ្ងៃ​ទី​២៨​ខាងមុខ​នេះ ​សម្រេច​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​បទ​ល្មើស​ប្រឆាំង​នឹង​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប។

​លោក​ Phil Robertson ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា៖​ «រដ្ឋាភិបាល​កម្ពុជា​ច្បាស់​ណាស់​គឺ​កំពុង​តែ​ប្រើ​ល្បិច​ចាស់​ដដែលៗ។ រដ្ឋាភិបាល​បរទេស​គួរ​តែ​ដឹង​ពី​ការ​កាត់ក្តី​ដែល​មិន​បាន​ចប់​ពេញលេញ​នៅ​ថ្ងៃនេះ​ថា វា​គឺ​ជា​សញ្ញា​មួយ​ទៀត​ថា ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ផ្តល់​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ​តាម​ការ​ទាមទារ​ហើយ​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​គោរព​គោលការណ៍​នៃ​សេរីភាព​សារព័ត៌មាន»៕