សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​បង្ខំ​ឱ្យ​ម្ចាស់​ឆ្នោត​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា

រូបឯកសារ៖ ប្រជាពលរដ្ឋ​កម្ពុជា​ កំពុង​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​ម្តងទៀត​ នៅឯ​ការិយាល័យ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ នៅថ្ងៃទី៣​ ខែមិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​ ការ​បោះឆ្នោត​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ធំមួយ​ចូលរួម​​មិន​មែន​ជា​ការ​បោះឆ្នោត​សេរី​ និង​យុត្តិធម៌​នោះ​ទេ។​​ ប៉ុន្តែ​មន្ត្រី​​ គ.ជ.ប.​និយាយ​ថា​ សមាជិក​សភា​អាស៊ាន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។

ក្រុម​តំណាង​រាស្ត្រ​ក្នុង​តំបន់​អាស៊ាន​បានចាត់​ទុក​ថា ​ដំណើរឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​នា​ថ្ងៃទី​២៩​ ​ខែ​កក្កដា​នៅ​ប្រទេស​កម្ពុជា​ ជា​ការ​ធ្វើ​ឲ្យ​ខូចខាត​កាន់​តែ​ខ្លំាង​ថែម​ទៀត​នៃ​ភាព​ស្រប​ច្បាប់​សម្រាប់​ការ​បោះឆ្នោត​ ​ហើយ​ថា​ ជម្រើស​បុគ្គល​ម្នាក់ៗ​ចំពោះ​ការ​ចូលរួម ​ឬ​មិនចូលរួម​ការ​បោះ​ឆ្នោត​នោះ​ ត្រូវតែ​ទទួល​បាន​ការ​គោរព។​ ​នេះបើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ហៅកាត់​ថា​ ​APHR​ ​ដែល​ ​VOA​ ទទួល​បាន។​

សេចក្តី​ប្រកាស​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ក្រុម​សមាជិក​សភា​ក៏​បាន​អំពាវ​នាវ​សារជា​ថ្មី​ឲ្យ​មាន​ការ​វិលវិញ​នៃគណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​ ហើយនិង​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ជា​ច្រើន​នាក់។​ ​ក្នុងនោះ​មាន​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង។​

លោក​ Charles Santiago​ សមាជិក​សភា​ម៉ាឡេស៊ី​ ​និង​ជាប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ​ត្រូវ​បាន​ស្រង់​ប្រសាសន៍​តាម​ន័យ​ដើម​ថា៖​

«រដ្ឋាភិបាល​កំពុង​បដិសេធ​ចោល​សិទ្ធិ​មូលដ្ឋានរបស់​ពលរដ្ឋ​ក្នុង​ការ​បញ្ជាក់​ពី​ទស្សនៈ​នយោបាយ​ និង​ចូល​រួម​នៅក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​មួយ​ ដោយ​គ្មាន​ការ​ភ័យខ្លាច​នៃ​ការ​សងសឹក។ បរិយាកាស​ ដែល​មាន​ការ​គំរាម​កំហែង​ និង​គ្មាន​សន្តិសុខ​នេះ​ បាន​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​គួរ​ឲ្យ​មន្ទិល​នេះ​ រឹត​តែ​គ្មាន​ភាព​សេរី​រួច​ទៅ​ហើយ»។

ចំណែក​លោក​ ​Tom Villarin​ ​សមាជិក​សភា​ Philippines ​និង​សមាជិក​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ ត្រូវ​បាន​ស្រង់​ប្រសាសន៍​តាម​ន័យ​ដើម​ថា៖​

«ការ​បោះឆ្នោត​មួយ​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ដែល​រស់​រវើក​នឹង​ជា​ការ​ធ្វើ​លំហាត់​ដែល​គួរ​ឲ្យ​ចង់​សើច»។​

លោក​បាន​ថ្លែង​បន្ថែម​ថា៖

«នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ ការ​បដិសេធ​មិន​បោះ​ឆ្នោត​ត្រូវតែ​បាន​ទទួល​ស្គាល់​ថា​ ជា​សិទ្ធិ​ស្រប​ច្បាប់​មួយ និង​ជា​ទម្រង់​អះអាង​សម្រាប់​ជម្រើស​នយោបាយ​ ដើម្បី​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​ដំណើរ​ការ​បោះឆ្នោត»។​

ការ​បោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ នឹង​មិន​មាន​ការ​ចូលរួម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ កឹម សុខា​ និង​លោក​ សម រង្ស៊ី​ ទេ​ តែ​នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​២០​ផ្សេង​ទៀត​ចូល​រួម។​ ​ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន ​ផង​ដែរ។​

រូបឯកសារ៖ លោក ​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​។ (ទុំ ម្លិះ/VOA)

លោក​ ​ហង្ស ពុទ្ធា​ ​អ្នក​នាំពាក្យ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.)​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​ថា​ គឺ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ទេ​ ដែល​មិន​យល់​ពី​តថភាព​ជាក់ស្តែង​របស់កិច្ច​ការ​សង្គម​ និង​នយោបាយ​នៅ​កម្ពុជា។​ ​លោក​បាន​បន្ត​ថា​ ក្រុម​នេះ​កំពុង​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​ ​ដោយ​ការ​ផ្តល់​អធិប្បាយ​លើការសម្រេច​ចិត្ត​របស់​ពលរដ្ឋ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា។​

«ខ្ញុំ​គិត​ថា​ គាត់​កំពុង​តែ​ព្យាយាម​លូកដៃ​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា​ហើយ​ ពីព្រោះ​ថា​ ការ​ទៅ ​ឬ​មិន​ទៅ​បោះឆ្នោត​គឺជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ណ៎ា!​ ប៉ុន្តែ​អ្នក​ដែលអំពាវនាវ​ អ្នក​ដែល​មាន​ចេតនា​ចង់​ឲ្យ​គេ​ទៅ​ ឬមិន​ទៅ​បោះឆ្នោត​នោះ​គឺ​ជា​អំពើ​ខុស​ច្បាប់​ ពីព្រោះច្បាប់​អនុញ្ញាត​ឲ្យ​ប្រជា​ពល​រដ្ឋ​បង្ហាញនូវ​សិទ្ធិ​របស់​ខ្លួន​ប្រាំ​ឆ្នាំ​ម្តង​ទៅបោះឆ្នោត។ ​អីចឹង​ការ​លើក​ទឹកចិត្ត​ណាមួយ​ដើម្បី​បង្ហាញ​ថា​ ការ​ទៅ​ ឬ​មិន​ទៅ​បោះឆ្នោត​គឺ​ជា​ចំណុច​ល្អ។ ​នេះ​ ខ្ញុំគិត​ថា​ គាត់​មិន​បាន​រួម​សុខរួម​ទុក្ខ​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​កម្ពុជា​នោះ​ទេ​ បាទ»។

មន្ត្រី​នាំ​ពាក្យ​រូប​នេះ​អះអាង​ថា គ.ជ.ប. គ្មាន​សមត្ថភាព​ខាង​ច្បាប់​សម្រាប់​នាំ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​គេ​រំលាយ​ចោល​នោះ​ ​មក​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទេ។

«ការ​ស្នើ​សុំ​ដាក់​មក​វិញ​ វា​មិន​មែន​ជា​សមត្ថកិច្ច​របស់​គ.ជ.ប.​ទេ​ ពីព្រោះ​ក្រសួង​មហា​ផ្ទៃ​បាន​លុប​ឈ្មោះ​គាត់​ហើយ។ ​ហើយ​ក្នុង​ការ​ចុះ​បញ្ជី​គណបក្ស​ហ្នឹង​ កាល​បរិច្ឆេទ​ហ្នឹង​ក៏​បាន​ផុត​ទៅ​ហើយ​ដែរ។ ​អីចឹង​ ការ​វិល​ត្រឡប់​មក​វិញ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ បាទ»។

លោក​ សាម អ៊ីន​ ​អគ្គលេខា​ធិការ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ មាន​ប្រសាសន៍​ថា​ ឆន្ទៈ​នយោ​បាយ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ដែល​កំពុង​ចូលរួម​ការ​បោះឆ្នោត​នេះ​ គឺ​ជា​ដំណើរ​រក​ដំណោះ​ស្រាយ​ ឲ្យ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ បាន​ដំណើរ​ការ​ទៅ​មុខ។​

«ទោះបីជាការ​បោះឆ្នោត​មួយ​ហ្នឹង​ វាមិន​សេរី​ ​វា​មិន​យុត្តិធម៌​ ត្រឹមត្រូវ​ពេញ​លេញ​ទាំង​ស្រុង​ ប៉ុន្តែ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​វាមាន​តែ​ផ្លូវ​បោះឆ្នោត​ សម្រាប់​ការ​បន្ត​ ជ្រោង​ទង់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ ​ជំហរ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ យើង​ធ្វើ​ការ​ឆ្ពោះ​ទៅរក​ដំណោះ​ស្រាយ។​ យើង​មិន​ជាប់​ជំពាក់​ទៅ​នឹង​បញ្ហា​ ហើយ​នឹង​មិន​បង្កើត​បញ្ហា​បន្ថែម​ទេ​ នេះ​គឺ​ជា​ការ​យល់​ឃើញ​របស់​យើង»។​

សេចក្តី​ប្រកាស​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ដែល​បាន​ចេញផ្សាយ​នៅថ្ងៃ​អង្គារនេះ​ បាន​បញ្ជាក់​បន្តថា​ អស់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ អាជ្ញាធរ​កម្ពុជា​បាន​បង្កើន​ការ​ខិត​ខំដាក់​សម្ពាធ​លើ​ពលរដ្ឋ​ឲ្យ​ចេញ​ទៅ​បោះឆ្នោត​នៅ​ខែ​កក្កដា​ ដោយ​បាន​ព្រមាន​ជា​សាធារណៈ​ចំពោះ​ការ​តបត​ទៅ​វិញ​ដោយ​មាន​ផលវិបាក​មួយ​ចំនួន​ ចំពោះ​អ្នក​ដែល​ធ្វើផ្ទុយ​ពីនេះ​ ជា​ពិសេស​នោះ​ ​ចាប់តាំង​ពីលោក ​សម រង្ស៊ី​ អតីត​មេដឹកនាំ​បក្សប្រឆាំង​ បាន​អំពាវនាវ​ឲ្យ​អ្នក​បោះ​ឆ្នោត​ធ្វើ​ពហិការ​ការ​បោះឆ្នោត។​

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​ថ្លែង​បន្ត​ក្នុង​សេចក្តី​ប្រកាស​ថា​ នៅ​ថ្ងៃ​ទី​៤​ ខែមិថុនា​ រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ដឹង​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​មួយ​ ដែល​នឹង​ឃ្លាំមើល​ និង​ពិនិត្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីន​ធើណិត​ ដែល​ត្រូវបាន​រក​ឃើញ​ថា​ បាន​ធ្វើ​ឲ្យ​ខូច​ដល់​«សន្តិសុខ​ជាតិ»។ ​ក្នុងនោះ​ ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដែល​ទទូច​សុំ​ឲ្យប្រជា​ពលរដ្ឋ​ខ្មែរ​ដក​ខ្លួន​ពី​ការ​បោះឆ្នោត។ ​ហើយ​កាលពី​ខែ​មុន​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ម្នាក់​បាន​ថ្លែង​ជា​សាធារណៈ​ថា​ បុគ្គល​នីមួយៗ​ ដែល​មិនមា​ន​ទឹកថ្នាំ​បោះឆ្នោត​លើ​ម្រាម​ដៃ​ពួក​គេ​នឹង​អាច​កំណត់​ថា​ ជា​«ជនឧទ្ទាម​ និង​ជន​ក្បត់​ជាតិ»។​

លោក Charles Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ានដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)

លោក​ ​Charles Santiago​ ​សមាជិក​សភា​ម៉ាឡេស៊ី​ ​និង​ជា​ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ត្រូវ​បាន​ស្រង់​ប្រសាសន៍​តាម​ន័យ​ដើម​ថា៖​

«សកម្ម​ភាព​ទាំងឡាយ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ធ្វើឲ្យ​កើត​មាន​ឡើង​យ៉ាង​ច្បាស់ ​ដោយ​ការ​បារម្ភ​អំពី​ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត។ ​ប៉ុន្តែ​ការ​បង្ខំ​ឲ្យ​អ្នក​បោះ​ឆ្នោត​បញ្ជាក់​ពីអ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ចំពោះ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ នឹង​មិន​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ភាព​ស្រប​ច្បាប់​របស់​ការ​បោះឆ្នោត​នោះ​ឡើយ»។​

លោក​ កន សាវាង្ស​ ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​(Comfrel) ​យល់​ស្រប​នឹង​សេចក្តីអធិប្បាយ​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ដែល​ថា​ វា​ជា​សិទ្ធិ​ស្រប​ច្បាប់​របស់​បុគ្គល​នីមួយៗ​ ដែល​បដិសេធ​ចោល​ការ​បោះឆ្នោត​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​នោះ។

លោក​បាន​ថ្លែង​បន្ថែម​ថា​ Comfrel ​មិន​អាច​ផ្តល់​ការ​យល់​ឃើញ​ណា​មួយ​ចំពោះ​ ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​បាន​ទេ ខណៈ​ដែល Comfrel បាន​សម្រេច​ចិត្តមិន​ចូល​រួម​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត។​ ​តែ​លោក​ថា​ ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ ហាក់​ដូច​ជា​មិន​មាន​សំឡេង​ប្រជែង​គ្នា​ ដោយ​ស្មើ​ភាព​ ​នៅ​ពេល​គណបក្ស​ប្រឆាំង​ដែល​កើន​សំឡេង​ជាង​បី​លាននាក់​នោះ​ មិន​បាន​ចូល​ប្រកួត​ ​ហើយ​មានតែ​គណបក្ស​កាន់​អំណាច​ដែល​មាន​សំឡេង​ប្រហាក់​ប្រហែល​គ្នា​នឹង​គណបក្ស​ប្រឆាំង​ បាន​ឈរ​ឈ្មោះ​ ជាមួយ​គណបក្ស​ឯ​ទៀត។​

«វាជា​ចំណុច​មួយ​ដែល​មិនល្អ​សម្រាប់​ការ​ប្រកួត​ប្រជែង​ទេ​ នែ៎​ ព្រោះ​ការ​ប្រកួត​ប្រជែង​ត្រូវ​ឲ្យ​វា​មាន​កម្លាំង​គេហៅ​ កាលណា​ឆន្ទៈ​ដែលថា​ ប្រជា​ពលរដ្ឋ​ មិន​ត្រូវ​បាន​ធានា​ហ្នឹង​ គឺ​ថា​ វា​ជា​ចំណុច​មួយ​ដែល​យើង​យល់​ឃើញ​ថា​ ដំណើរការ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ វា​អត់​មាន​ពេញ​លេញ​ បាទ។ ​ហើយ​យើង​អាច​ធ្វើ​ការ​សន្និដ្ឋាន​ចំណុច​ទាំង​នេះ។ ​ប៉ុន្តែ​យើង​មិន​វាយ​តម្លៃ​នូវ​ការ​បោះឆ្នោត​ ពេល​ខាង​មុខ​ទេ​ ​បាទ។ ​គ្រាន់​តែ​យើង​វាយ​តម្លៃ​ថា​ ការ​បោះឆ្នោត​នេះ​គឺ​មិន​មាន​កម្លាំង​ដែល​អាច​នឹង​ធ្វើការ​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ស្មើ​គ្នា»។​

យ៉ាងណា​ក៏​ដោយ​ ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​អះអាង​ថា ​ការ​បោះឆ្នោត​លើក​នេះ​បាន​ធ្វើ​ឡើង​ក្នុង​បរិការ​សេរី​ ​ព្រោះ​មាន​គណបក្ស​ជា​ច្រើន​ចូល​រួម​ ​ទោះបី​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​ប្តឹង​រំលាយ​ចោល​ក៏ដោយ។​ សម្រាប់​លោក​ ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​ប្រទេស​ជាង​៤០​ឆ្នាំ​មក​នោះ​ ​បាន​ប្រកាស​ជា​ញឹក​ញាប់​នា​ពេល​កន្លង​មក​ថា​ ​ការ​បោះឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅជា​ធម្មតា​តាម​ការ​គ្រោង​ បើ​ទោះ​មិន​មាន​អ្នក​អង្កេត​ការណ៍​ ​ឬ​គណបក្ស​ប្រឆាំង​ចូលរួម​ ឬ​ក៏​គ្មាន​ការ​ទទួល​ស្គាល់​ពី​ប្រទេស​នៅ​បស្ចិម​លោក​ក៏​ដោយ។​

រី​ឯ​ក្រុម​មន្ត្រី​ និង​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បន្ទរ​តាម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​គឺ​អ្នក​ស្រី រ៉ូណា ស្មីត​ (Rhona Smith) ​ប្រេសិត​ពិសេស​របស់​អ.ស.ប.​ថា​ ការ​បោះឆ្នោត​ខាង​មុខ ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ នៅ​គ្រា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត។

​អ្នកស្រី​ ស្មីត​ ក៏​អំពាវនាវ​ឲ្យរដ្ឋាភិបាល​ទី​ក្រុង​ភ្នំពេញ​ ទម្លាក់​ចោល​បម្រាម​ដែល​ហាម​ក្រុម​មន្ត្រី​របស់​គណ​បក្ស​ប្រឆាំង​ចំនួន​១១៨​រូប ​មិន​ឲ្យ​ធ្វើ​នយោបាយ​ផង​ដែរ៕