ក្រសួង​មហាផ្ទៃ​​បង្កើត​នាយកដ្ឋាន​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីនធឺណិត

រូបឯកសារ៖ ក្រសួង​មហា​ផ្ទៃ​នៃប្រទេសកម្ពុជា

ក្រសួង​មហាផ្ទៃ​នឹង​​បង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់​បទល្មើស​បច្ចេក​វិទ្យា នឹង​ចាត់វិធានការ​ចំពោះ​សកម្មភាព​ញុះញង់ ជេរប្រមាថ និង​រើសអើង​ពូជសាសន៍​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត។

ក្រសួង​មហាផ្ទៃ​នឹងបង្កើត​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់​បទល្មើស​បច្ចេក​វិទ្យា នឹង​ចាត់វិធានការ​ចំពោះ​សកម្មភាព​ញុះញង់ ជេរប្រមាថ និង​រើសអើង​ពូជសាសន៍​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត។

លោក​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ​អ្នក​នាំពាក្យ​ប៉ូលិស​ជាតិ​បាន​ប្រាប់​កាសែត​ Phnom Penh Post ​ថា​៖

«នាយកដ្ឋាន​នេះ​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំងអស់​ដើម្បី​ទប់​ស្កាត់​បទល្មើស​តាម​អ៊ីនធឺណិត​ ពីព្រោះ​បើ​សិន​ជា​មិន​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​នោះទេ​វា​នឹង​បង្កគ្រោះថ្នាក់​ដល់​សង្គម‍»។​

ការប្រកាស​របស់រដ្ឋាភិបាល​កើត​មាន​ឡើង​ក្រោយ​ពី​កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​យុវជន​ពីរនាក់​យក​មក​ផ្តន្ទាទោស​ដោយ​សារ​ការ​សរសេរ​តាមបណ្តាញហ្វេសប៊ុក​អំពាវនាវ​ឱ្យ​មាន​បដិវត្តន៍​ពណ៍ និង​គំរាម​សម្លាប់​អ្នក​ស្រាវជ្រាវ​កិច្ច​ការ​ព្រំដែន​ម្នាក់។​

សេចក្តី​រាយការណ៍​នានា​បញ្ជាក់​ថានាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នឹងសិក្សា​រៀបចំ​គោលការណ៍ វិធានការ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​លើ​ការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេត​និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​។​

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា មាន​តួនាទី​ក្នុង​ប្រមូល​និង​វិភាគ​ទិន្នន័យ​ប្រព័ន្ធ ទូរគមនាគមន៍ ដើម្បី​រក​ឲ្យ​ឃើញ​បទល្មើស និង​ការគំរាមកំហែង ដល់​សន្តិសុខ​ជាតិ តាម ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត។

បច្ចុប្បន្នអ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​កម្ពុជា​និយម​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ចែក​រំលែក​ព័ត៌មាន​និង​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ។

អ្នក​ឯកទេស​មួយ​ចំនួន​ក៏​បាន​ព្រមាន​ដែរ​ថាអ្នក​ប្រើ​ប្រាស់​ក៏ ត្រូវ​មាន​ការ​ប្រយ័ត្ន​ប្រយែង​និង​ត្រូវ​ធ្វើការ​ផ្ទៀងផ្ទាត់ព័ត៌មាន​មុន​នឹង​ធ្វើ​ការ​ចែក​រំលែកជៀសវាង​នូវ​ការ​ចែក​រំលែក​ព័ត៌មាន​ចចាម​អារាម៕