កិច្ច​សន្យា​រុករក​ប្រេង​ក្នុង​សមុទ្រ​វៀតណាម​ត្រូវ​លុប​ចោល​ តើ​នេះ​ដោយ​សារ​ចិន​ឬ?

  • Ralph Jennings

ទីតាំង​ខួងរុក​រកប្រេង​ដែលចិនហៅ​ Haiyang Shiyou 981 និង​វៀតណាម​ហៅ Hai Duong 981 ក្នុង​ដែនសមុទ្រ​ចិនខាង​ត្បូង (រូបថត​ថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ​២០១៤)។

ការ​លុបចោល​ជាបន្ទាន់​នូវ​គម្រោង​ខួង​ប្រេង​ក្នុង​សមុទ្រ​ដែល​ជា​គម្រោង​ដាក់​ឱ្យ​ដំណើរ​ការ​ដោយ​ប្រទេស​វៀតណាម​ កំពុង​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​ចិន​ដាក់​សម្ពាធ​ឲ្យ​វៀតណាមលុប​ចោល​គម្រោង​នេះ​វិញ។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ជម្លោះ​ដែនសមុទ្រ​ដែល​កំពុង​តែ​បន្ដ​កើតឡើង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​ហាណូយ។​

កាល​ពីថ្ងៃទី៩​ ខែ​កក្កដា​ ក្រុមហ៊ុន​សាជីវកម្ម​ Noble Corp. ​នៅ​ទី​ក្រុង​ឡុងដ៍​ ដែល​ជា​ក្រុមហ៊ុន​ចុះ​កិច្ចសន្យា​ខួង​ប្រេង​នេះ ​បាន​ឲ្យ​ដឹង​ថា គម្រោង​ខួង​ប្រេង​របស់​ខ្លួន​ដោយ​ប្រើ​ឧបករណ៍ Noble Clyde Boudreaux បាន​លុបចោល​គម្រោង​ធ្វើ​រួម​គ្នា​ជាមួយ​នឹង​វៀតណាម​ទៅ​ហើយ។ តាម​សារព័ត៌មាន​រាយ​ការណ៍​ថា ទីតាំង​ខួងរុករក​ប្រេង​នៅ​ប៉ែក​ខាងកើត​ឆ្នេរសមុទ្រ​វៀតណាម ស្ថិតនៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​នា​វាល្បាត​របស់​ចិន។

គេ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ថា​តើ​ការ​លុប​ចោល​គម្រោង​នេះ​រង​ឥទ្ធិពល​ពី​អាជ្ញាធរ​ចិន​ឬ​យ៉ាង​ណា​ ប៉ុន្តែ​អាជ្ញាធរ​ចិន​ធ្លាប់​បាន​ដាក់​សម្ពាធ​លើ​គម្រោង​ខួង​រុករក​ប្រេង​ក្នុង​បាតសមុទ្រ​វៀតណាម​ជា​ញឹកញយ​កាល​ពីមុន​មក។ ប្រទេស​ទាំងពីរ​នេះ​ប្រកួត​ប្រជែង​គ្នា​ដណ្តើម​យក​ផ្លូវ​នាវាចរណ៍​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ Oh Ei Sun អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​សិង្ហបុរី​ បាន​និយាយ​ថា៖ «ភាគី​ក្រុមហ៊ុន​និង​ប្រទេស​វៀតណាម​ កំពុង​តែ​លេង​ល្បែង​ឆ្មា​ចាប់​កណ្តុរ​ជាមួយ​ចិន»។ ប្រសិន​បើ​ពួកគេ​ខួង​រុករក​ប្រេង​នៅ​ទីនោះ ហើយ​នាវា​ល្បាត​ចិន​ចូល​ទៅ ពួកគេ​នឹង​បញ្ឈប់​សកម្មភាព​ត្រឹម​តែ ២-៣ ថ្ងៃ​ ឬ ២-៣ ខែ​ប៉ុណ្ណោះ​ បន្ទាប់​មក​ពួកគេ​នឹង​បន្ត​សកម្មភាព​ឡើងវិញ ហើយបន្ដ​ធ្វើ​បែប​នេះ​ដដែលៗ»។

ប្រទេស​ប៊្រុយណេ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​កោះ​តៃវ៉ាន់​ សុទ្ធតែ​អះអាង​យកទាំងស្រុង​ឬ ផ្នែក​ខ្លះ​នៃ​ដែន​សមុទ្រ​ទំហំ ៣,៥ លាន​គីឡូម៉ែត្រ​ការ៉េ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។ ដែនសមុទ្រ​នេះ​សម្បូរ​ទៅ​ដោយ​មច្ឆជាតិ​ ក៏​ដូច​ជា​ប្រេង​ឥន្ធនៈ​ផង​ដែរ។ ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ប្រមាណ ​៩០ ភាគរយ​នៃ​ដែន​សមុទ្រ​នេះ គួរ​តែ​ស្ថិត​ក្រោម​បូរណភាព​ដែនដី​របស់​ខ្លួន។ ប្រទេស​ចិន​បាន​ដាក់​មូលដ្ឋាន​កងទ័ព​ខ្លាំង​ក្លា​ច្រើន​ជាង​ប្រទេស​ផ្សេងៗ​កាល​ពី​ទសវត្ស​មុន​នេះ។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា វិទ្យុ​អាស៊ី​សេរី​ បាន​រាយការណ៍​ថា ប្រទេស​វៀតណាម​បាន​លុប​ចោល​កិច្ច​សន្យា ​នៅ​ពេល​ដែល​ប្រទេស​ចិន​បាន​គាបសង្កត់​ប្រទេស​ក្នុង​សមាគម​អាស៊ីអាគ្នេយ៍​ណា​ដែល​ចង់​កេង​យក​ធនធាន​ដោយ​ចាប់ដៃ​គូ​ជាមួយ​បរទេស​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​។ កង​នាវា​ល្បាត​សមុទ្រ​ចិន​ កំពុង​ល្បាត​នៅ​ជិត​ទីតាំងរុករកប្រេង​វៀតណាម។​ នេះ​បើ​តាម​ការ​រាយការណ៍​ព័ត៌មាន។

ប្រទេស​ចិន​បាន​បញ្ជូន​នាវា​ស៊ើបការណ៍​សម្ងាត់​ពីរ​គ្រឿង​ចូល​ក្នុង​ដែន​សមុទ្រ​ក្បែរ​ដែន​ទឹក​វៀតណាម​គិត​មក​ដល់​ពេល​នេះ។ ទូក​នេសាទ​ចិន​ និង​វៀតណាម​ ធ្លាប់​ប៉ះ​ទង្គិចគ្នា​ជារឿយៗ​ក្នុង​ពេល​កន្លង​មក។ នាវា​របស់​ប្រទេស​ទាំងពីរ​នេះ​ធ្លាប់​ប៉ះទង្គិច​គ្នា​ រហូត​ដល់​បង្ក​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​កាលពី​ឆ្នាំ១៩៧៤​ និង​ឆ្នាំ១៩៨៨។

កាល​ពី​ឆ្នាំ ២០១៨​ ក្រុមហ៊ុន​រុករក​ប្រេង​ Repsol របស់​ប្រទេស​អេស្ប៉ាញ​ ក៏បាន​លុបចោល​យ៉ាង​ប្រញាប់​លើ​គម្រោង​របស់​ខ្លួន​រួម​ជាមួយ​វៀតណាម​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូងផង​ដែរ​ ដែល​នេះ​ប្រហែល​មក​ពី​មាន​សម្ពាធ​ពី​ប្រទេស​ចិន។ ប្រទេស​វៀតណាម នៅតែ​បន្ត​ដាក់​ប៉ុស្តិ៍​ល្បាត​របស់​ខ្លួន​ក្នុង​ដែនសមុទ្រ​នេះ​គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ ២០១៩។

ប៉ុន្តែ​ប្រទេស​វៀតណាម​មិនបាន​តប​ត​ប្រឆាំង​នឹង​ចិនដោយ​បើក​ចំហ​លើ​ការ​លុបចោល​គម្រោង Noble Clyde​ នេះ​ទេ។ ក្រុមហ៊ុន​ Noble Corp​ ក៏​មិន​បាន​ឆ្លើយ​តប​នឹង​ VOA អំពី​បញ្ហា​នេះ​នោះ​ដែរ។

លោក​ Oh បាន​ពន្យល់​បន្ថែម​ថា​ ប្រទេស​វៀតណាម​ពឹងផ្អែក​លើ​ការ​ខួង​រុករក​ប្រេង​ដើម្បី​សេដ្ឋកិច្ច​របស់​ខ្លួន ហើយប្រទេស​នេះ​ក៏​មាន​ប្រវត្តិ«ក្រោក​ប្រឆាំង​ត​ទល់​»នឹង​ចិន​ផងដែរ។

លោក Eduardo Araral សាស្រ្តាចារ្យ​សាលា​គោល​នយោបាយ​សាធារណៈ​ នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី បាន​និយាយ​ថា៖ «ប្រទេស​វៀតណាម​ល្បីល្បាញ​ខាង​ក្រោក​ប្រឆាំង​ទាមទារ​ដើម្បី​ផល​ប្រយោជន៍​របស់​ខ្លួន​ ហើយវៀតណាម​មិន​ចង់​ឲ្យ​គេ​មើល​មក​ថា​ខ្លួន​អន់ ​ដោយសារ​សម្ពាធ​ពី​ប្រទេស​ចិន​ឡើយ ពីព្រោះ​នៅ​ពេល​ដែល​វៀតណាម​ធ្វើ​បែប​នេះ គេ​នឹង​គិត​ថា​វៀតណាម​រង​សម្ពាធ​ណា​មួយ​ជា​មិន​ខាន មិន​ថា​សម្ពាធ​ពី​ក្នុង​ប្រទេស​របស់​ខ្លួន ឬ​សម្ពាធ​ពី​ចិន​នោះ​ទេ»។

រដ្ឋាភិបាល​ក្រុង​ហាណូយ​ អាច​នឹង​រំពឹង​រង់​ចាំ​មើល​ថា​តើ​សហរដ្ឋអាមេរិក​ នឹង​មាន​ចំណាត់​ការ​ជួស​មុខ​ខ្លួន​ដែរ​ឬទេ។​ នេះ​បើ​តាម​ការយល់​ឃើញ​ពី​ក្រុម​អ្នក​វិភាគ។

លោក​ Michael Pompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​ជួយ​ជ្រោមជ្រែង​ប្រទេស​ដែល​ទាមទារ​ក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង​ ប្រសិន​បើ​មាន​ការ​រំលោភបំពាន​ពី​ប្រទេស​ចិន។ លោក​បាន​បញ្ជាក់​ថា សហរដ្ឋអាមេរិក​នឹង​ជួយ​តាមរយៈ​មធ្យោបាយ​ការទូត​ និង​ក្របខ័ណ្ឌ​ច្បាប់​នានា​ ហើយ​បដិសេធ​ការ​អះអាង​ភាព​ស្របច្បាប់​របស់​ចិន​លើ​ដែន​សមុទ្រ​នេះ។ ប្រទេស​ចិន​សំអាង​លើ​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​ដើម្បី​ទាមទារ​សិទ្ធិ​ប្រើប្រាស់​ដែនសមុទ្រ​នេះ។

លោក​ Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​ការ​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្រ្ត​សង្គម ​និង​មនុស្សសាស្រ្ត​ក្នុង​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម និយាយ​ថា៖ «ប្រទេស​វៀតណាម​ ដឹង​ថា​មាន​សម្ពាធ​ពី​ប្រទេស​ចិន ហើយ​ការណ៍​នេះ​អាច​នឹង​បន្ត​ដាក់​សម្ពាធ​ដល់​វៀតណាម​ចំពោះ​រឿង​សមុទ្រ​ចិន​ខាងត្បូង​ ប្រសិន​បើ​សហរដ្ឋអាមេរិក​មិន​មាន​ចំណាត់​ការ​បន្ត​ទៀត​ទេ​នោះ»។

សហរដ្ឋអាមេរិក​អាច​នឹង​ចូល​ធ្វើ​អន្តរាគមន៍ ​ប្រសិន​បើ​បញ្ហា​នេះ​ស្រប​ទៅតាម​នយោបាយ​របស់​លោក​ប្រធានាធិបតី Donald Trump​ ប៉ុន្តែ​សហរដ្ឋអាមេរិក​នៅតែ​ព្យាយាម​បញ្ចៀស​ការ​ប៉ះទង្គិច​ដោយ​ប្រើ​អាវុធ។​ នេះ​បើ​តាម​សម្ដី​របស់​លោក​សាស្រ្តាចារ្យ​ Alan Chongនៃ​សាលា​ សិក្សា​អន្តរជាតិ S. Rajaratnam ​ក្នុង​ប្រទេស​សិង្ហបុរី។

ចាប់​តាំង​ពី​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ ២០១៧​ មក លោក​ Trump បាន​ដាក់​សម្ពាធ​ផ្នែក​យោធា​ ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​លើ​ប្រទេស​ចិន​ ដែល​ជា​ដៃ​គូ​មហា​អំណាច និង​ជា​អតីត​គូ​សត្រូវ​សម័យ​សង្គ្រាម​ត្រជាក់។ ឥឡូវ​នេះ របៀប​វារៈ​កំពូល​របស់​លោក Trump គឺ​ត្រូវ​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សម្រាប់​អាណត្តិ​ថ្មី និង​ត្រូវ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩។

លោក​ Chong បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា លោក Trump នឹង​មិន​រំលង​រឿង​នេះ​ឡើយ ប្រសិន​បើ​បញ្ហា​នេះ​ស្រប​នឹង​យុទ្ធសាស្ត្រ​របស់​លោក ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កងកម្លាំង​យោធា​ដើម្បី​ធ្វើ​អន្តរាគមន៍ ខ្ញុំ​គិត​ថា វា​មិន​អាច​ទៅ​រួច​ទេ ដោយសារ​តែ​មាន​កិច្ចការ​នៅ​ក្នុង​ប្រទេស​ ដែល​លោក​ត្រូវ​ដោះស្រាយ​ក្នុង​ពេល​ឥឡូវ​នេះ»។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ក៏​ប្រទេស​វៀតណាម​នឹង​នៅ​តែ​«សប្បាយ​ចិត្ត​ពេក​ក្រៃ» ដោយសារ​តែ​សេចក្តីថ្លែងការណ៍​របស់​លោក​ Pompeo ដែល​គាំទ្រ​ការ​ទាមទារ​របស់​វៀតណាមទៅ​លើ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​ក្នុង​ដែនសមុទ្រ​ដែល​មាន​ជម្លោះ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Derek Grossman អ្នកវិភាគ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ Rand Corp ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល​ដោយ​លោក កោះ​ សុគន្ធី​