ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​ម្ដង​ទៀត​រវាង​លោក Trump និង​លោក Kim Jong Un

រូបឯកសារ៖ ជំនួបរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅព្រំដែនប្រទេសកូរ់េទាំងពីរ ក្នុងក្រុង Panmunjom ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​និយាយ​ថា លោក​សង្ឃឹម​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នឹង​ជួប​ពិភាក្សា​គ្នា​ម្ដង​ទៀត មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

មន្ត្រី​កូរ៉េ​ខាង​ត្បូង​ម្នាក់​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ លោក Moon Jae In បាន​ស្នើ​ដូច្នេះ​ទៅ​កាន់​សេតវិមាន​ប្រធានាធិបតី​អាមេរិក។ មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា ភាគី​សហរដ្ឋ​អាមេរិក «យល់» អំពី​គោល​ជំហរ​របស់​លោក Moon Jae In។

មន្ត្រី​សហរដ្ឋ​អាមេរិក​មិន​បាន​ឆ្លើយតប​ជា​សាធារណៈ​ចំពោះ​យោបល់​របស់​លោក Moon Jae In នៅ​ឡើយ​ទេ។ លោក Moon Jae In បាន​លើក​ឡើង​ដូច្នេះ​ដំបូង​នៅ​ក្នុង​កិច្ច​សន្ទនា​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​រវាង​លោក និង​មន្ត្រី​សហភាព​អឺរ៉ុប​មួយ​ចំនួន។

លោក Steve Biegun អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា កិច្ច​ប្រជុំ​ម្ដង​ទៀត​រវាង​លោក Trump និង​លោក Kim Jong Un ទំនងជា​មិន​អាច​ធ្វើ​បាន​មុន​ខែ​វិច្ឆិកា​នោះ​ទេ ដោយ​មួយ​ផ្នែក​បណ្ដាល​មក​ពី​ការ​ព្រួយ​បារម្ភ​ទាក់ទិន​នឹង​រឿង​ជំងឺ​កូវីដ១៩។

ប៉ុន្តែលោក Biegun ដែល​ជា​អ្នក​ចរចា​ចម្បង​របស់​សហរដ្ឋ​អាមេរិក​លើ​កិច្ចការ​កូរ៉េ​ខាង​ជើងបាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅតែ​បើក​ចំហរ​ចំពោះ​ការ​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។ លោក​បាន​បន្ថែម​ថា គោល​បំណង​របស់​សហរដ្ឋ​អាមេរិក​គឺ​នៅតែ​ដដែល ដែល​នោះ​គឺ «ការ​លុប​បំបាត់​ទាំងស្រុង​ចុងក្រោយ​នៃ​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ»៕