មន្ត្រីនៃអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (International Organization for Migration) ថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ជនភៀសខ្លួនមួយរូបទៀតមកពីកោះណូរូបានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃសប្តាហ៍មុន ក្នុងសភាពស្ងៀមស្ងាត់ ដោយសារគោលការណ៍នៃការរក្សាការសម្ងាត់របស់ជនភៀសខ្លួន។
ការមកដល់របស់ជនភៀសខ្លួនក្នុងបរិយាកាសស្ងាត់ស្ងៀមនេះត្រូវបានសកម្មជនសិទ្ធិមនុស្សនៅក្នុងប្រទេសយល់ថា ជាដំណើរថយក្រោយមួយរបស់រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងអូស្រ្តាលី ក្នុងការអនុវត្តកិច្ចព្រមព្រៀងបញ្ជូននិងទទួលយកជនភៀសខ្លួន ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនាទាំងពីរកាលពីឆ្នាំ២០១៤ ដើម្បីបញ្ជូនជនភៀសខ្លួនពីកោះណូរូ (Nauru) ក្នុងសមុទ្រប៉ាស៊ីហ្វិកខាងត្បូង។ កិច្ចព្រមព្រៀងនេះគឺជាថ្នូរនឹងអ្វីដែលគេពណ៌នាថា ជាកម្មវិធីជំនួយដែលមានទឹកប្រាក់ជាង៤០លានដុល្លារសហរដ្ឋអាមេរិកពីប្រទេសអូស្រ្តាលី។
នៅក្នុងការឆ្លើបតបសំណួររបស់ VOA តាមរយៈសារអេឡិចត្រូនិក (Email) ទាក់ទិននឹងការមកដល់របស់ជនភៀសខ្លួននេះ លោក Joe Lowry អ្នកនាំពាក្យអង្គការទេសន្តរប្រវេសន៍អន្តរជាតិ បញ្ជាក់ថា ជនភៀសខ្លួននេះបានមកដល់កម្ពុជា ហើយកំពុងទទួលការណែនាំឲ្យស្គាល់ពីទំនៀមទម្លាប់រស់នៅក្នុងប្រទេសកម្ពុជា តែលោកមិនបានបញ្ជាក់ថា ជនភៀសខ្លួននេះ ចេញមកពីប្រទេសណានោះឡើយ។
លោកបានសរសេរនៅក្នុងសារនោះថា៖
«ជនភៀសខ្លួនមួយរូបបានមកដល់កាលពីសប្តាហ៍មុន និងកំពុងទទួលការតម្រង់ទិសផ្នែកវប្បធម៌ពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ដូចអ្វីដែលជនភៀសខ្លួនបួនរូបទទួលបានកាលពីពេលមុន»។
អ្នកនាំពាក្យរូបនេះមិនមានការអធិប្បាយបន្ថែម ដោយគ្រាន់តែបញ្ជាក់ពីការមកដល់របស់ជនភៀសខ្លួនរូបនេះតែប៉ុណ្ណោះ។
VOA បានព្យាយាមទាក់ទងលោក កែម សារិន អ្នកនាំពាក្យនាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ តែនៅមិនអាចទាក់ទងបានទេនៅថ្ងៃព្រហស្បតិ៍នេះ។ យ៉ាងណាក៏ដោយ លោកត្រូវបានសារព័ត៌មាន The Phnom Penh Post ដកស្រង់សម្តីថា ជនភៀសខ្លួនដែលទើបមកដល់សប្តាហ៍មុននេះ គឺជាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya)នៃប្រទេសភូមា។
ការមកដល់របស់ជនភៀសខ្លួននេះបានធ្វើឲ្យចំនួនជនភៀសខ្លួនបញ្ជូនពីកោះណូរូមកកាន់ប្រទេសកម្ពុជាកើនដល់៥នាក់។ ជនភៀសខ្លួន៤រូបដំបូងគេបង្អស់ត្រូវបានបញ្ជូនពីកោះណូរូដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលី បន្ទាប់ពីពួកគេបានស្ម័គ្រចិត្តមករស់នៅក្នុងប្រទេសកម្ពុជាកាលពីចុងខែមិថុនាកន្លងទៅ។ ជនភៀសខ្លួនទាំងបួននាក់នោះ រួមមានជនជាតិរ៉ូហ៊ីងយ៉ា (Rohingya)ម្នាក់ និងជនជាតិអ៊ីរ៉ង់៣នាក់។
ប៉ុន្តែជនភៀសខ្លួនមួយរូប ក្នុងចំណោម៤នាក់ ដែលជាជនជាតិភាគតិច រ៉ូហ៊ីងយ៉ា និងបានរត់ចេញពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរភូមានោះ បានស្នើសុំត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីរស់នៅក្នុងប្រទេសកម្ពុជារយៈពេលបីខែមក។ មន្ត្រីទទួលបន្ទុកជនភៀសខ្លួននៃរដ្ឋាភិបាលកម្ពុជា បានថ្លែងកាលពីពេលកន្លងមកថា ជនភៀសខ្លួនដែលចង់ត្រឡប់ទៅវិញនេះមានបំណងត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញតាមការស្ម័គ្រចិត្ត។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងប្រាប់ VOA ថា ការលាក់លៀមនៃការមកដល់របស់ជនភៀសខ្លួននេះ គឺជាចេតនារបស់រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងអូស្រ្តាលី ដែលមិនចង់ឲ្យសាធារណៈជនខ្មែរដឹងឮថា ជនភៀសខ្លួនមិនចង់មកកម្ពុជានោះឡើយ ពីព្រោះការមកដល់នៃជនភៀសខ្លួនគឺមានចំនួនតិចតូចនៅឡើយ។
«វាទាំងពីររវាងកម្ពុជានិងអូស្រ្តាលីហ្នឹង ពីព្រោះយើងមានកិច្ចព្រមព្រៀងជាមួយគ្នា ពីព្រោះយើងដឹងហើយថា ការទទួលជនភៀសខ្លួនទាល់តែពួកគាត់ស្ម័គ្រចិត្ត មិនអាចចាប់បង្ខំបានទេ។ ការចាប់បង្ខំគឺមិនមែនជាការទទួលយកឋានៈនៃជនភៀសខ្លួនទេ អញ្ចឹងហើយបានជាការដែលមកតែម្នាក់ អញ្ចឹងទៅ គេមិនហ៊ានមានការផ្សព្វផ្សាយ ពីព្រោះកាលណាផ្សព្វផ្សាយទៅ មើលឃើញថា ជនភៀសខ្លួនទាំងអស់ហ្នឹងហាក់ដូចជាគ្មានបំណងមករស់នៅក្នុងប្រទេសកម្ពុជានោះទេ»។
កិច្ចព្រមព្រៀងដែលរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាជាមួយរដ្ឋាភិបាលប្រទេសអូស្រ្តាលីនោះរងការរិះគន់យ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដែលអះអាងថា កិច្ចព្រមព្រៀងនេះបានរំលោភអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ ក្រុមអ្នករិះគន់និយាយថា ប្រទេសកម្ពុជាដ៏ក្រីក្រមួយនេះនៅមានបញ្ហាប្រឈមជាច្រើន ដូចជាអំពើពុករលួយ ភាពក្រីក្រ ស្ថាប័នតុលាការនៅមិនទាន់ឯករាជ្យ អំពើនិទណ្ឌភាព និងមានទំនាស់ដីធ្លីដ៏ច្រើន។ អង្គការគម្រោងយុត្តិធម៌ពិភពលោកបានរកឃើញថា យុត្តិធម៌សង្គមក្នុងប្រទេសកម្ពុជាអន់ជាងគេបំផុតនៅលើពិភពលោក៕