នៅខណៈពេលដែលចិន ទំនងជាកំពុងព្យាយាមធ្វើឲ្យរលូនឡើងវិញចំពោះការខ្វែងគំនិតគ្នារបស់ខ្លួនជាមួយប្រទេសនានាដែលជាគូប្រកួតប្រជែងទឹកដីក្នុងសមុទ្រចិនខាងត្បូងនោះ ប្រទេសឥណ្ឌូនេស៊ីបានក្លាយជាប្រទេសថ្មីបំផុតដែលបានប្រាប់ឲ្យដឹង ថាតើអំពីស្ថានការណ៍នៅតំបន់នោះវិវត្តទៅយ៉ាងដូចម្តេច។
ប្រធានសន្តិសុខឥណ្ឌូនេស៊ីនិយាយថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ អាចក្លាយជាប្រទេសទី២នៅក្នុងតំបន់ដើម្បីប្រឈមការទាមទាររបស់ចិនយកសមុទ្រចិនខាងត្បូងទាំងអស់។ នេះប្រសិនបើរដ្ឋាភិបាលទីក្រុងប៉េកាំងនិងរដ្ឋាភិបាលទីក្រុងហ្សាការតា មិនអាចដោះស្រាយជម្លោះទឹកដីរបស់ខ្លួនតាមរយៈការចរចាគ្នានោះ។
លោក Luhunt Panjaitan បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុងហ្សាការតា កំពុងខិតខំធ្វើការយ៉ាងខ្លាំងលើបញ្ហានេះ ហើយព្យាយាមចាប់ផ្តើមទាក់ទងជាមួយចិនដើម្បីពិភាក្សាការព្រួយកង្វល់អំពីការទាមទារទឹកដីដ៏ចម្រូងចម្រាស់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
លោក Luhut និយាយថា៖ «យើងចង់ឃើញដំណោះស្រាយមួយអំពីបញ្ហានេះនៅពេលអនាគតឆាប់ៗនេះ តាមរយៈការសន្ទនាគ្នា ឬយើងអាចយកបញ្ហានេះទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ»។
ទោះបីជាលោកបាននិយាយដល់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលដោះស្រាយបញ្ហារំលោភធ្ងន់ធ្ងរបំផុតរបស់ពិភពលោកដូចជា ឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយ លោក Luhut ទំនងជានិយាយសំដៅដល់តុលាការអន្តរជាតិហើយនិងតុលាការសម្រុះសម្រួលអចិន្ត្រៃយ៍ក្នុងទីក្រុងឡាអេ។
ប្រទេសហ្វីលីពីនបានប្តឹងចិននៅតុលាការអន្តរជាតិ ហើយកាលពីពេលថ្មីៗនេះ តុលាការនេះបានសម្រេចថា ខ្លួនអាចធ្វើសវនាការលើការទាមទាររបស់ហ្វីលីពីនដែលបានប្តឹងប្រឆាំងនឹងចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំងបានច្រានចោលការសម្រុះសម្រួលរបស់តុលាការនេះ៕