ក្រុងសៀមរាបនៃខេត្តសៀមរាបជាក្រុងទេសចរណ៍ដ៏ធំសម្បើមរបស់ប្រទេសកម្ពុជា។ សំណង់ អាគារនានាកំពុងកើនឡើងនៅក្នុងក្រុងបុរាណមួយនេះ។ ប្រាក់រាប់សិបលានដុល្លារ ក៏បានហូរចូលក្រុងនៃប្រាង្គប្រាសាទដ៏ល្បីល្បាញនេះជារៀងរាល់ឆ្នាំ តាមរយៈការមកទស្សនារបស់ភ្ញៀវទេសចរណ៍អន្តរជាតិ។
ក៏ប៉ុន្តែពលរដ្ឋរស់នៅឆ្ងាយពីក្រុងនេះប្រមាណជាជាង ២០គីឡូម៉ែត្រ មិនបានដឹងឮពីប្រាក់ដុល្លារដែលហូរចូលក្នុងទឹកដីកំណើតរបស់ពួកគេ ខណៈដែលពួកគេ កំពុងរស់នៅក្នុងសភាពតោកយ៉ាក និងពុំបានខ្វាយខ្វល់ពីប្រាក់ចំណូលទាំងនេះឡើយ។ ប្រាក់ចំណូលសំខាន់មួយ ដែលចូលមកក្នុងខេត្តសៀមរាបរាល់ថ្ងៃនោះ គឺការលក់សំបុត្រចូលទស្សនាប្រាង្គប្រាសាទអង្គរវត្ត។
ប្រជាពលរដ្ឋមួយចំនួនដែលបានរស់នៅក្រៅក្រុងសៀមរាប ជាច្រើនឆ្នាំមកហើយនោះ និយាយថា ពួកគេបានផ្តោតតែលើការរកទទួលទានប្រចាំថ្ងៃប៉ុណ្ណោះ។
អង្គុយលើអង្រឹងក្រោមផ្ទះ ដែលយកធាងដូងធ្វើជាជញ្ជាំង អ្នកស្រី តន់ សាម៉ីត វ័យ ៥២ ឆ្នាំ ជាស្រ្តីមេម៉ាយ និង ជាម្តាយកូន២នាក់និយាយប្រាប់ វីអូអេថា អ្នកស្រីបានរស់នៅឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប អស់រយៈពេល ជិត២០ឆ្នាំមកហើយ ប៉ុន្តែអ្នកស្រីមិនដែលចំណាយពេលគិតដល់ប្រាក់ចំណូលដែលមកពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គវត្តនោះឡើយ។ អ្នកស្រីនិយាយថា៖
«ខ្ញុំវាខ្ជិលនឹងតាមដាន ព្រោះអ្វីវាស្មុគស្មាញ ត្រង់ខ្លួនយើង វាខ្លាចតែចិញ្ចឹមកូនមិនរស់ផង កំព្រីកំព្រាកម្សត់កម្រ វាអត់បានសូវជាចាប់អារម្មណ៍នឹងរឿងព័ត៌មាន រវល់តែចាប់អារម្មណ៍រឿងខ្លាច ព្រួយចិត្តតែចិញ្ចឹមកូន»។
អ្នកស្រីថ្លែង បន្តថា អាជ្ញាធរថ្នាក់ភូមិឃុំ ពុំបានផ្តល់ដំណឹង ទាក់ទិន ប្រាក់ចំណូលបានមកពីការលក់សំបុត្រ ឲ្យភ្ញៀវទេសចរណ៍អន្តរជាតិចូលទស្សនាប្រាង្គប្រាសាទអង្គរវត្តផងដែរ។ ជាម្តាយដែលមានកូនចំនួនពីរនាក់ អ្នកស្រី តន់ សាម៉ីត និយាយបញ្ជាក់ថា ចំណូលដែលទទួលបានមកពីអ្នកទេសចរណ៍នោះ មិនបានជួយឲ្យជីវភាពអ្នកស្រីល្អប្រសើរនោះទេ ព្រោះសូម្បីតែ បន្ទប់ទឹកមួយ ឬបង្គន់ក៏អ្នកស្រីពុំមានប្រើផងនោះ។ អ្នកស្រីពន្យល់ថា អាជ្ញាធរភូមិឃុំបានត្រឹមផ្តល់សម្ភារៈសម្រាប់សាងសង់ តែមិនបានសង់ឲ្យនោះទេ។
«និយាយរួមទៅ បន្ទប់ទឹក គេឲ្យ ហើយគេឲ្យយើង ចេញលុយធ្វើប៉ុណ្ណោះឯង។ គេគ្រាន់តែឲ្យគ្រឿង ដូចជា ឆ្នាំងបង្គន់ ឆ្នាំងអី អាហ្នុងគេឲ្យ»។
អ្នកទេសចរណ៍អន្តរជាតិចំណាយ ២០ដុល្លារ អាមេរិក ក្នុងមួយនាក់សម្រាប់ការចូលមើលសួនប្រាង្គប្រាសាទបុរាណមានលក្ខណៈស្មុគស្មាញ ក្នុងក្រុងសៀមរាបក្នុងរយៈពេលមួយថ្ងៃ។ អ្នកទេសចរណ៍មានកម្រិតជីវភាពមធ្យមក៏ត្រូវចំណាយ មិនតិចជាង ៣០ដុល្លារលើការហូបចុក និងស្នាក់នៅរបស់គេដោយមិនទាន់រាប់បញ្ចូល ការចំណាយរបស់អ្នកទេសចរណ៍ដែលមានលុយកាក់ច្រើន។ នេះបើយោងទៅតាមការបញ្ជាក់ របស់លោក មាស នី អ្នកសិក្សាការអភិវឌ្ឍសង្គមឯករាជ្យ។
លោក មាស នី ទទួលស្គាល់ថា ប្រជាពលរដ្ឋខ្មែររស់នៅក្នុងតំបន់អង្គរ ឬនៅក្រៅក្រុងសៀមរាប មានជីវភាពក្រលំបាកជាងគេ បើធៀបទៅនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេស បើទោះជាខេត្តនេះទទួលបានចំណូលបានមកពីការលក់សំបុត្រសម្រាប់ការចូលទស្សនាប្រាង្គប្រាសាទរបស់អ្នកទេសចរណ៍អន្តរជាតិក៏ដោយ។
លោកនិយាយថាចំណូលប្រមូលបានមកពីការលក់សំបុត្រនេះ ត្រូវបានបញ្ជូនទៅកន្លែងប្រមូលចំណូលថ្នាក់កណ្តាលរបស់ជាតិមុន ទើបបែងចែកត្រឡប់មកថ្នាក់ក្រោមវិញ ដែលនេះបញ្ច្រាសពីការអនុវត្តរបស់ប្រទេសក្បែរខាងកម្ពុជា និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ានរួមមាន ប្រទេសម៉ាឡេស៊ីជាដើម។
លោកបញ្ជាក់ថា៖ «នៅក្នុងប្រទេសគេដទៃ គឺគេតែងតែមាន គេហៅថា មានជាគោលការណ៍មួយ ដោយគិតអំពីការដកយក ផ្នែកណាមួយដែលជាមានជាគោលការណ៍ គោលនយោបាយត្រឹមត្រូវ។ ឧទាហរណ៍ថា ដកជាភាគរយ នៃប្រាក់ចំណូលពីតំបន់ទេសចរណ៍ហ្នឹងដើម្បី បង្វិលយកទៅជួយដល់ពលរដ្ឋ នៅក្នុងតំបន់ហ្នឹងវិញ ហើយគេនឹងធ្វើការសិក្សាជារៀងរាល់ឆ្នាំទៀត ថាតើ ការទទួលផលប្រយោជន៍របស់ពលរដ្ឋរបស់គេ នៅក្នុងតំបន់ហ្នឹង តើមានការកើនឡើង ឬក៏យ៉ាងម៉េច? ត្រង់នេះហើយដែលខ្ញុំ អត់ទាន់មានឃើញការសិក្សាអ្វីទេ គឺក្រៅតែពីរឿងដាក់វិធានការជាបន្តបន្ទាប់ត្រូវតែធ្វើនេះ ត្រូវមានវិធានការនេះ វិធានការនោះដើម្បីគ្រប់គ្រងពលរដ្ឋមិនឲ្យសង់ផ្ទះថ្មី ឬមិនឲ្យវាតដីថ្មីអីអញ្ចឹង»។
លោកនិយាយបន្តថាប្រជាពលរដ្ឋនៅក្នុងខេត្តទេសចរណ៍ដ៏ល្បីល្បាញនេះ ក៏ពុំបានទទួលផលច្រើន ពីអ្នកទេសចរណ៍ ផងដែរ ដោយសារការម៉ៅផ្តាច់មុខរបស់ក្រុមហ៊ុនឯកជនសម្រាប់ការធ្វើអាជីវកម្មនៅទីនោះ។
«បើយើងនិយាយអំពីផលប្រយោជន៍ ដែលអ្នកស្រុក នៅក្នុងតំបន់អង្គរ ឬក៏ជាយទីក្រុងសៀមរាបបានទទួលពីអង្គរហ្នឹង គឺវាបានតិច ហើយពេលខ្លះ គឺពិបាកដោយសារតែ ពួកគាត់ត្រូវប្រឈមជា មួយ នឹងការវាតទី របស់ក្រុមហ៊ុន ឬក៏អ្នកជំនួញដែលមានអំណាចនៅក្នុងតំបន់នោះ។ ដូចជាយើងឃើញពេលខ្លះ ក្រុមគាត់ហ្នឹងបានត្រូវ កងសន្តិសុខដេញប្រផាប់ចាប់ប្រផីង មិនឲ្យលក់ដូរនៅក្នុងតំបន់អង្គរ ហ្នឹង។ អាហ្នឹង គឺដោយសារអ្វី? ដោយសារតែវាមានការ គេហៅថា ម៉ៅផ្តាច់ ពីក្រុមហ៊ុន ឬក៏អ្នកឈ្មួញ ដែលគេមានសិទ្ធិនៅក្នុងការរកស៊ីនៅក្នុងតំបន់ហ្នឹង»។
លោកបញ្ជាក់ថា ផលិតកម្មក្នុងស្រុកមិនបានទទួលការគាំពារ ពីភាគីពាក់ព័ន្ធ និងរដ្ឋាភិបាល ដែលជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរ ត្រូវនាំចូលទំនិញនានាដូចជា វត្ថុអនុស្សាវរីយ៍ពីប្រទេសក្បែរខាងមកលក់ជូនភ្ញៀវទេសចរណ៍។
លោក មាស នី បញ្ជាក់បន្ថែមទៀតថា ប្រជាពលរដ្ឋខ្មែររស់នៅក្នុងតំបន់អង្គរ ក៏ពុំត្រូវបានអនុញ្ញាតឲ្យពង្រីកដីធ្វើស្រែចម្ការ ដោយសារដីរបស់ពួកគេជាដីស្ថិតក្នុងតំបន់អភិរក្ស។ ចំពោះវិស័យអប់រំវិញ លោកថ្លែងថា មានយុវជនតិចណាស់ ដែលបានឆ្លងផុតពីកម្រិតបឋមសិក្សានៅក្នុងតំបន់សៀមរាប។
ចំណូលបានមកពីការលក់សំបុត្រដល់អ្នកទេសចរណ៍អន្តរជាតិកាលពីឆ្នាំ ២០១៤ មានចំនួន ៥៩លាន ដុល្លារ ហើយនៅក្នុងរយៈពេល១១ខែនៃឆ្នាំ ២០១៥ ចំណូលបានមកពីការលក់សំបុត្រនេះ មានចំនួន៥៣ លានដុល្លារ ដោយមានចំនួនភ្ញៀវ ១,៨ លាននាក់។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា។
ចំណូលរាប់សិបលានដុល្លារនេះ មិនបានធ្វើឲ្យ លោក សៀន ពៅ រស់នៅដោយការរកត្រី នាជាយក្រុងសៀមរាបនោះ មានការភ្ញាក់ផ្អើលពីរឿងប្រាក់ចំណូលក្នុងក្រុងអង្គរទេ ព្រោះលោកមិនបានដឹងអ្វីទាំងអស់អំពីចំណូលទាំងនោះ។
អង្គុយលើកង់ ជាមួយឧបករណ៍អង្រុតត្រី លោក សៀន ពៅ វ័យ ៥០ឆ្នាំ និយាយថា៖
«ខ្ញុំអត់ដែលមានអ្វីស្តាប់ផង ចុះបើមនុស្សក្រីក្រ»។
ទោះបី ជាមានចំណូលចូលរាប់សិបលានដុល្លារពីការលក់សំបុត្រចូលទស្សនាប្រាង្គប្រាសាទអង្គវត្តក្តី លោក សៀន ពៅ និយាយថា ផ្ទះរបស់លោកមានសភាពទ្រុឌទ្រោម ដោយគ្រួសារលោក ពុំមានលទ្ធភាពក្នុងការជួសជុលឡើងវិញ។
មិនមែនមានតែអ្នកស្រុកបន្ទាយស្រីប៉ុន្មាននាក់នេះ បានលើកពីការមិនបានទទួលបានព័ត៌មានទាក់ទិនចំណូលដែលបានមកពីប្រាង្គប្រាសាទអង្គរវត្ត ឬក៏ការចំណាយដោយផ្ទាល់របស់អ្នកទេសចរណ៍ក្នុងខេត្តសៀមរាបនោះទេ គឺមានពលរដ្ឋជាច្រើនទៀតនៅក្នុងខេត្តនេះ បានឲ្យដឹងដែរថា ពួកគេ មើលឃើញតែភាពខ្មៅងងិត បើនិយាយពីបញ្ហាចំណូល និងចំណាយនៅក្នុងវិស័យទេសចរណ៍នេះ។
ជារឿយៗរូបភាពកូនក្មេងជាច្រើនដើរសុំទាន ដោយស្ទើរតែរកស្បែកជើងពាក់ពុំបានត្រូវបានផ្សព្វផ្សាយក្នុងប្រទេសនិងចេញទៅក្រៅដែលនាំឱ្យមានការចោទសួរថា តើប្រាក់ដែលមកពីអ្នកទេសចរណ៍រាប់លានដុលា្លរនេះ ត្រូវរដ្ឋាភិបាលយកទៅឯណា?
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស ថ្លែងថា រដ្ឋាភិបាលមិនអាចឲ្យប្រជាពលរដ្ឋ ដឹងឮគ្រប់រាល់សកម្មភាព នៃការរកប្រាក់ចំណូលរាល់គ្រប់ស្ថាប័នរបស់រដ្ឋនោះទេ។ លោកបញ្ជាក់ថា៖
«អាណាទៅប្រាប់គាត់ គ្រប់តែគ្នាអីចឹង។ រកស៊ីរបស់រដ្ឋហ្នឹង អញ្ចឹងក្រសួងមួយៗ រាយការណ៍ឲ្យគាត់ម្នាក់ៗ គ្រប់អញ្ចឹង! អាហ្នឹងដែលមានទេ? អាមេរិកក៏មិនដែលមានដែរ។ កុំទៅថា ដល់ស្រុកខ្មែរនោះ»។
លោក ថ្លែងបញ្ជាក់ទៀតថា ចំណូល បានមកពីការលក់សំបុត្រនៅប្រាង្គប្រាសាទអង្គរ ត្រូវបានយកទៅប្រើប្រាស់សម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូទៅ នៅក្នុងតំបន់អង្គរ។
លោក ឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈ នៃអាជ្ញាធរជាតិអប្សរា ថ្លែងប្រាប់វីអូអេ ថា អាជ្ញាធរជាតិអប្សរា បានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍសហគមន៍នានាក្នុងតំបន់អភិរក្សអង្គរ។ លោកបញ្ជាក់ថា៖
«មិនមែនបានន័យថា យើងអភិវឌ្ឍន៍ តែការងារអភិរក្សប្រាសាទតែមួយទេ ក៏ប៉ុន្តែយើងបានធ្វើការងារជាច្រើនណាស់ ពាក់ព័ន្ធជាមួយនឹងការលើកតម្កើង កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាការសាងសង់ផ្លូវ ការសាងសង់ប្រឡាយទឹក ការធ្វើយ៉ាងម៉េចជួយបណ្តុះបណ្តាលគាត់ឲ្យមានកម្រិតជំនាញកាន់តែខ្ពស់ ឲ្យគាត់មានលទ្ធភាពក្នុងការរករបររកស៊ី គឺថា យើងធ្វើការងារហ្នឹងច្រើនណាស់ពាក់ព័ន្ធអារឿងការអភិវឌ្ឍន៍សហគមន៍ហ្នឹង»។
លោកមិនអាចបញ្ជាក់ឲ្យថា តើអាជ្ញាធរជាតិអប្សរាបានដកប៉ុន្មានភាគរយពីចំណូលសរុបបានមកពីការលក់សំបុត្រយកមកអភិវឌ្ឍន៍សហគមន៍នានានោះទេ ដោយលោកគ្រាន់តែអះអាងថា ប្រជាពលរដ្ឋបានទទួលផលប្រយោជន៍ដូចការពន្យល់របស់លោកខាងលើនេះ។ លោកបានច្រានចោល ការចោទប្រកាន់ដែលថា មានក្រុមហ៊ុនឯកជនបានវាតទីយកកន្លែងលក់ដូរវត្ថុអនុស្សាវរីយ៍ ពីប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តសៀមរាប។
សួនឧទ្យានប្រាង្គប្រាសាទបុរាណអង្គរមានលក្ខណៈស្មុគស្មាញត្រូវរាជរដ្ឋាភិបាលកម្ពុជាបានជួលទៅឲ្យក្រុមហ៊ុនសុខាអូតែលរបស់លោក ឧកញ៉ា សុខ គង់ សម្រាប់ការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរអស់រយៈពេល ១៧ឆ្នាំមកហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំមុននេះ បញ្ចប់កិច្ចសន្យាដែលផ្តល់សិទ្ធិឲ្យក្រុមហ៊ុននេះលក់សំបុត្រដល់អ្នកទេសចរណ៍អន្តរជាតិ សម្រាប់ការចូលទស្សនាប្រាង្គប្រាសាទអង្គរ៕