ប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលរស់នៅក្នុងតំបន់ជាប់គ្នានឹងតំបន់អភិរក្សអាជ្ញាធរអប្សរា សាទរចំពោះអន្តរាគមន៍របស់លោកនាយករដ្ឋមន្រ្តីហ៊ុ ន ម៉ាណែត ដែលបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានដោះស្រាយទំនាស់របស់ពលរដ្ឋជាមួយអាជ្ញាធរជាតិមួយនេះ។ ប្រជាពលរដ្ឋក៏ចង់ទទួលបានសិទ្ធិស្របច្បាប់ក្នុងការរស់នៅលើដីធ្លីរបស់ខ្លួនដើម្បីបន្តប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ដោយគ្មានការហាមឃាត់ពីសំណាក់អាជ្ញាធរជាតិអប្សរាបន្តទៀត។
ប្រជាពលរដ្ឋមួយចំនួនបាននិងកំពុងបន្តមានជម្លោះជាមួយអាជ្ញាធរជាតិអប្សរា ដោយក្នុងនោះមានពលរដ្ឋបួនរូប រួមទាំងមន្ត្រីនគរបាលប៉ុស្ដិ៍ម្នាក់ផង ត្រូវបានតុលាការខេត្តសៀមរាបចោទប្រកាន់ថាបានរារាំងដល់មន្ត្រីសាធារណៈ និងមានចេតនាបង្កការខូចខាត និងអំពើហិង្សា។ នេះបើតាមសេចក្តីរាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)។
លោកដោក សុផាត អាយុ ៤៤ ឆ្នាំ ពលរដ្ឋរស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សេចក្តីអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីកើតឡើង ស្របពេលប្រជាពលរដ្ឋខ្លះកំពុងប្រឈមនឹងបញ្ហាក្នុងការរស់នៅ ហើយក៏កំពុងស្នើឱ្យអាជ្ញាធរផ្តល់សិទ្ធិពេញលេញតាមផ្លូវច្បាប់ដើម្បីកាន់កាប់ដីធ្លីរបស់ខ្លួន។
លោកថ្លែងថា៖ «បើសិនណាដូចខាងនាយករដ្ឋមន្រ្តីគាត់និយាយអ៊ីចឹងមែន ខាងខ្ញុំជាប្រជាពលរដ្ឋសប្បាយចិត្ត សង្ឃឹមថា នឹងបានជោគជ័យ។ ខាងខ្ញុំមិនមែនចង់បានឱ្យប៉ះអប្សរាឬក៏មានបញ្ហាអីជាមួយអាជ្ញាធរតំបន់បេតិកភណ្ឌអីទេ គ្រាន់តែខ្ញុំចង់បានឱ្យប្រជាពលរដ្ឋមានសិទ្ធិរស់នៅ មានសិទ្ធិគ្រប់គ្រងលើទីតាំងដីរបស់គាត់ បានន័យថា បង្កើតកសិកម្មគ្រួសារក៏បាន។ គាត់រស់នៅក្នុងបងប្អូនគ្រួសារគាត់ក៏បានដែរ។ រាល់ថ្ងៃហ្នឹង បើកភ្នែកឡើងមានតែផលវិបាកអប្សរារហូត។ បើកភ្នែកពេលណាឃើញអប្សរារហូត»។
លោកបន្ថែមថា បើសិនជាមិនមានការដោះស្រាយបញ្ហាទាំងអស់នោះជូនប្រជាពលរដ្ឋទេ នោះនឹងធ្វើឱ្យជីវភាពពលរដ្ឋជួបផលវិបាកកាន់តែច្រើន។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី ដុក ម៉ាឡៃ អាយុ ៣១ឆ្នាំ រស់នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានកត់សម្គាល់ថា ការប្រកាសរបស់នាយករដ្ឋមន្រ្តីជាជំហានវិជ្ជមានមួយ ដែលឈានទៅបញ្ចប់ជម្លោះរវាងអាជ្ញាធរអប្សរា និងប្រជាពលរដ្ឋដែលបានអូសបន្លាយពេលជាច្រើនឆ្នាំមកហើយ។
អ្នកស្រីបន្ថែមថា ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ពលរដ្ឋមានការលំបាកច្រើនក្នុងការសាងសង់សំណង់ផ្សេងៗ ដោយសារតែមានការហាមឃាត់ពីសំណាក់អាជ្ញាធរជាតិអប្សរា និងថា អាជ្ញាធរគួរតែដោះស្រាយបញ្ហានេះឱ្យបានឆាប់ ដើម្បីកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ។
អ្នកស្រីថ្លែងថា៖ «ពិបាកដែរ។ ពិបាកបញ្ហាទីមួយធ្វើរបង អត់បាន។ របងផ្ទះអីនៅត្រឹមត្រូវហ្នឹង! យើងមានបញ្ហា។ បើសិនអ្នកមានលុយគេអត់បញ្ហាទេ ព្រោះយើងទៅសុំច្បាប់តែងតែអស់បន្តិចបន្តួចអ៊ីចឹង។ បញ្ហាហ្នឹង សម្រាប់ខ្ញុំអត់ស្មើភាពគ្នាទេ ព្រោះនិយាយរួមទៅអ្នកមានគេមានលុយ។ គេទៅសុំច្បាប់បានធ្វើ។ ពេលអ្នកអត់មានលុយ អត់ទៅសុំច្បាប់បានធ្វើទេ»។
បើតាមអ្នកស្រី ដុក ម៉ាឡៃ អាជ្ញាធរគួរតែអនុញ្ញាតឱ្យពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការសាងសង់សំណង់នៅលើដីរបស់ខ្លួនក្នុងទ្រង់ទ្រាយមួយ ដែលមិនប៉ះពាល់ការគង់នៅនៃប្រាង្គប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។
អ្នកស្រីប្រាប់វីអូអេថា៖ «ខ្ញុំគិតថា វាអត់ប៉ះពាល់ទេ ព្រោះដីអស់ហ្នឹងខ្មែរពីដើមមករស់នៅមកយូរហើយ។ បើសិនសាងសង់អី គឺសាងសង់មិនធំណាស់ណាដែរ គ្រាន់តែរោងអីបន្តិចបន្តួច ព្រោះយើងនៅឆ្ងាយអង្គរដែរ»។
នៅក្នុងសេចក្ដីថ្លែងការណ៍ពិសេសមួយទៅកាន់ប្រជាពលរដ្ឋខ្មែរទាក់ទងនឹង «សមិទ្ធផលរយៈពេលមួយឆ្នាំ» នៃការកាន់អំណាចរបស់លោក កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានឱ្យដឹងថា លោកបានចាត់តាំងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គឺ លោក សាយ សំអាល់ ឱ្យមានការសន្ទនាជាមួយអាជ្ញាធរពាក់ព័ន្ធនានាដើម្បីបន្តដោះស្រាយជម្លោះរវាងពលរដ្ឋ និងអាជ្ញាធរជាតិអប្សរា ដែលជាផ្នែកមួយនៃការរក្សាតុល្យភាពរវាងការអភិរក្សបេតិកភណ្ឌដូនតា និងធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «កាតព្វកិច្ចការពារបេតិកភណ្ឌជាតិដូនតារបស់យើង ក៏ត្រូវតែការពារ ប៉ុន្តែការយកចិត្តទុកដាក់ទៅលើការវិវឌ្ឍប្រែប្រួលជីវភាពរស់របស់ប្រជាពលរដ្ឋយើងនោះ [ក្នុងតំបន់អង្គរ] ក៏ត្រូវគិតគូរ ធ្វើយ៉ាងណាត្រូវពន្លត់ភ្លើងតែម្តងកុំឱ្យត្រឹមតែបក់ផ្សែង បានន័យថា ត្រូវតែពិនិត្យលើឫសគល់នៃបញ្ហា ពិនិត្យមើលការកំណត់នៃតំបន់ដែលត្រូវការពារ និយមន័យ និងលក្ខខណ្ឌមួយចំនួនដើម្បីធ្វើយ៉ាងណាថា យើងអាចសម្រេចបាននូវតុល្យភាពរវាងការការពារតំបន់បេតិកភណ្ឌរបស់យើង ជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង»។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ជុំវិញករណីនេះ អាជ្ញាធរជាតិអប្សរាបាននិងកំពុងដំណើរការការដោះស្រាយទៅតាមការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី។
លោកថ្លែងថា៖ «កិច្ចការងារហ្នឹង ក្រុមការងារយើងកំពុងធ្វើរួមគ្នាហើយ គ្រាន់តែចង់បញ្ជាក់ថា កិច្ចការនេះកំពុងតែដំណើរការ បានជជែក បានពិភាក្សាគ្នារួចរាល់ នូវអ្វីដែលជាការព្រួយបារម្ភ និងសំណូមពរ។ អ៊ីចឹងក្រុមការងារយកនូវសំណូមពររាល់អីហ្នឹង យកមកធ្វើកិច្ចការងារហើយ ហើយកំពុងតែធ្វើហើយកិច្ចការងារហ្នឹង»។
លោក អ៊ិន គង់ជិត មន្រ្ដីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្ដសៀមរាប យល់ឃើញថា ដើម្បីឱ្យការដោះស្រាយបញ្ហារវាងពលរដ្ឋជាមួយអាជ្ញាធរជាតិអប្សរាមានប្រសិទ្ធភាពនោះ អាជ្ញាធរជាតិអប្សរាគួរតែបើកចិត្តឱ្យទូលាយក្នុងការលើកសំណើផ្សេងៗជុំវិញព្រំប្រទល់រមណីយដ្ឋាន និងតំបន់ប្រាសាទ ទៅរដ្ឋាភិបាលដើម្បីឱ្យមានការកែសម្រួល និងការពារប្រយោជន៍របស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «វិធីដោះស្រាយដែលអាចនឹងមានសង្ឃឹម និងអាចជោគជ័យបាន លុះត្រាតែភាគីអាជ្ញាធរជាតិអប្សរា គាត់បន្ទន់ឥរិយាបថលើសំណើរដ្ឋាភិបាល ឬថ្នាក់ជាតិ ដើម្បីឱ្យមានការកែសម្រួលព្រំប្រទល់ដែននៃការកំណត់តំបន់រមណីយដ្ឋាន និងតំបន់ប្រាសាទ សម្រួលផ្ទៃដីហ្នឹងដើម្បីផ្តល់សិទ្ធិកាន់កាប់ដល់ប្រជាពលរដ្ឋដោយមានការកាត់ឆ្វៀល»។
លោកបន្ថែមថា អាជ្ញាធរពាក់ព័ន្ធក៏គួរតែទទួលយករាល់បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋយកទៅដោះស្រាយ ដើម្បីឈានដល់ការពន្លត់ភ្លើងទំនាស់ទាំងស្រុងនៅពេលខាងមុខ។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ អង្គការយូណេស្កូបានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើឱ្យអាជ្ញាធរកម្ពុជាពិនិត្យឡើងវិញពាក់ព័ន្ធនឹងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់អង្គរ និងជំរុញឱ្យមានការប្រើប្រាស់យន្តការត្រឹមត្រូវដែលស្របទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនានា ដើម្បីធានាថា ពលរដ្ឋទទួលបានលក្ខខណ្ឌរស់នៅសមស្រប និងឆ្លើយតបទៅនឹងសំណើរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក៕