ខ្សែ​ភាពយន្ត​រឿង«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» របស់ Angelina Jolie អន្ទង​បេះដូង​ពលរដ្ឋ​ខ្មែរ

An Iraqi anti-government demonstrator shows a basket full of empty bullet cartridges found in the capital Baghdad's Tahrir Square.

«រឿង​នេះ​ល្អ មាន​តម្លៃ​សម្រាប់​ប្រទេស​យើង​ច្រើន​ណាស់ ឲ្យ​គេ​ដឹង​ថា​ខ្មែរ​យើង​មានការ​លំបាក ធ្លាប់​ឆ្លង​កាត់​សម័យ​សង្គ្រាម​មក យើង​បាក់បែក​គ្នា យើង​ទាស់ទែង​គ្នា។​ ធ្វើ​ឲ្យ​បរទេស​ចេះ​តែ​លូក​ដៃ​ចូល​មក ធ្វើ​ឲ្យ​យើង​ទទួល​ឥទ្ធិពល​ពី​ការ​លូក​ដៃ​មក​ ធ្វើ​ឲ្យ​ខ្មែរ​យើង​វិនាស​ព្រាត់​ប្រាស់​គ្នា»។ នេះ​បើ​យោង​ទៅ​តាម​សម្តី​ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ខេត្ត​សៀមរាប។

«ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា ឆាប់​ក្រោក​ឡើង​ចេញ​ទៅ​ក្រៅ​វិញ​ទៅ... ទៅ! ប៉ា.... ប៉ា.... ប៉ា....​ប៉ា​ មក​វិញ​មក»។ នេះ​ជា​សម្រែក​របស់​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ ដែល​ស្រែក​ហៅ​ឪពុក​របស់​ខ្លួន​ដែល​កំពុង​ត្រូវ​បានខ្មែរ​ក្រហម​បណ្ដើរ​យក​ទៅ​សម្លាប់​ក្នុងឈុត​មួយ​នៃ​ខ្សែភាពយន្ត​ថ្មី​រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​កាល​ពី​ថ្ងៃសៅរ៍​ជា​លើក​ដំបូង​នៅ​ខេត្ត​សៀមរាប។

ក្រោយ​ការ​បញ្ចាំង​បាន​បញ្ចប់ និស្សិត​សាកល​វិទ្យាល័យ​University of South East Asia​ក្នុង​ខេត្ត​សៀម​រាប​ កញ្ញា លួន ពន្លឺ សង្ឃឹម​ថា ខ្សែ​ភាព​យន្ត «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​» នេះ ​នឹង​ជួយ​ឲ្យ​យុវជន​ដឹង​ពី​ផល​លំបាក​នៃ​សង្គ្រាម និង​ចង​ចាំ​អតីតកាល​ដ៏​ជូរចត់ ដើម្បីជៀស​វាងមិន​ឲ្យ​អតីតកាល​ដ៏​រន្ធត់ និង​ខ្មៅ​ងងឹត​នោះ​ត្រឡប់​មក​វិញ។​

«រឿង​ហ្នឹង​គឺ​ល្អ​មែន​ទែន។ ខ្ញុំ​មើល​ហើយ​រំជួល​ចិត្ត។ អញ្ចឹង​សង្ឃឹម​ថា​ពេល​ដែល​ក្មេងៗបាន​មើល​រឿង​ហ្នឹង​ហើយ សង្ឃឹម​ថា​គាត់​អាច​ជួយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ប្រទេស​របស់​យើង​រីក​ចម្រើន​ទៅ​មុខ មិន​ឲ្យ​ជួប​រឿង​បែប​ហ្នឹង​តទៅ​ទៀត»។

«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ជា​ខ្សែ​ភាពយន្ត​ដែល​បានប្រែ​សម្រួល​ចេញពី​ការ​ចងចាំដ៏​ឈឺ​ចាប់របស់​លោកស្រី អ៊ឹង លឿង ​ជា​អ្នកនិពន្ធ​សៀវភៅ​ដែល​បាន​រៀប​រាប់​ពី​ដំណើរ​ជីវិត​ពិត​ដ៏​ឈឺចាប់​របស់​លោកស្រី​ក្នុង​របប​ខ្មែរ​ក្រហម​ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៧៩។

លោកស្រី​ អ៊ឹង លឿង ដែល​ទើប​មាន​អាយុ​៥​ឆ្នាំ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ ត្រូវ​និរាស​ព្រាត់​ប្រាស់​ពី​សាច់​ញាតិ។ ដំបូងបង្អស់​ លោកស្រី​បាន​បាត់​បង់ឪពុក​ ក្រោយ​មក​បាន​បាត់​បង់​ម្ដាយ​ និង​បងប្អូនសាច់​ញាតិ​ផ្សេង​ទៀតជា​បន្ត​បន្ទាប់។

លោកស្រី Angelina Jolie ដែល​ជា​តារា​ហូលីវូដ​ដ៏​ល្បីល្បាញ បានដឹកនាំផលិត​រឿង​នេះ​ឲ្យ​ទៅជា​ខ្សែ​ភាព​យន្ត​ហូលីវូដ និង​បាន​ចាក់​បញ្ចាំង​ជាលើក​ដំបូង​នៅ​ព្រះ​លាន​ជល់​ដំរី​ក្នុង​ទឹក​ដី​ខេត្ត​សៀម​រាប នៅ​ថ្ងៃ​ទី​១៨​ និង​១៩​ ខែ​កុម្ភៈ​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ជាង​១.០០០​នាក់។

អ្នកស្រី​ Loung Ung អ្នកនិពន្ធ​នៃ​ខ្សែភាពយន្ត «មុនដំបូង​ខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ»​ អង្គុយ​នៅ​ក្នុងវេទិការ​សន្និសីទ​សារព័ត៌មាន​ស្តីពីការ​ដាក់​បញ្ចាំងខ្សែភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​នាខេត្តសៀមរាបក្នុងថ្ងៃទី​ ១៨ខែកុម្ភៈឆ្នាំ២០១៧។ (នៅ វណ្ណារិន/VOA)

ក្នុង​ពេល​កំពុង​ទស្សនា​ខ្សែ​ភាព​យន្ត​ដែល​បង្ហាញ​ពី​អតីតកាល​ដ៏​ជូរចត់​ក្នុង​របប​ខ្មែរ​ក្រហម ប្រជា​ពល​រដ្ឋមួយ​ចំនួន​ជា​ពិសេស​ស្ត្រី បាន​បង្ហូរ​ទឹក​ភ្នែក​ និងក្ដុកក្ដួល​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង។​

អ្នកស្រី តាន់​ សូរើយ ជា​ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀម​រាប លើក​ឡើង​ថា ខ្សែ​ភាព​យន្ត​នេះ​បាន​ឆ្លុះ​បញ្ចាំងពី​ស្ថាន​ភាព​ពិតក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​អ្នកស្រី​ធ្លាប់បាន​ឆ្លង​កាត់​អស់​រយៈពេល​ជាង​៣​ឆ្នាំ។

«រឿង​នេះ​ល្អ មាន​តម្លៃ​សម្រាប់​ប្រទេស​យើង​ច្រើន​ណាស់ ឲ្យ​គេ​ដឹង​ថា​ខ្មែរ​យើង​មានការ​លំបាក ធ្លាប់​ឆ្លង​កាត់​សម័យ​សង្គ្រាម​មក យើង​បាក់បែក​គ្នា យើង​ទាស់ទែង​គ្នា។​ ធ្វើ​ឲ្យ​បរទេស​ចេះ​តែ​លូក​ដៃ​ចូល​មក ធ្វើ​ឲ្យ​យើង​ទទួល​ឥទ្ធិពល​ពី​ការ​លូក​ដៃ​មក​ ធ្វើ​ឲ្យ​ខ្មែរ​យើង​វិនាស​ព្រាត់​ប្រាស់​គ្នា»។

ស្ត្រី​វ័យ​ជិត​៧០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា តាម​រយៈ​ខ្សែ​ភាព​យន្ត​នេះ អ្នកស្រី​រំពឹង​ថាប្រទេស​ផ្សេងៗ​លើ​ពិភព​លោក ​នឹង​ស្គាល់​កម្ពុជា​បាន​កាន់​តែ​ច្បាស់ ព្រម​ទាំង​រំពឹង​ថា​ពួកគេ​អាច​ជួយ​កម្ពុជា​ដែល​ជា​ប្រទេសទើប​ងើប​ពី​សង្គ្រាម​ដ៏​ខ្មៅ​ងងឹត​នេះ ​បាន​កាន់​តែ​ច្រើន។

ចំណែក​យុវសិស្ស ហេង ស៊ីថា យល់ថា ខ្សែ​ភាព​យន្ត​នេះ​នឹងជួយ​ឲ្យ​ពិភព​លោក​បាន​ដឹង​កាន់​តែ​ច្បាស់ពី​ការពិត​ដែល​ប្រជាជន​កម្ពុជា​ឆ្លង​កាត់​ក្នុង​របប​ដ៏ជូរចត់ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​របប​កម្ពុជា​ប្រជាធិបតេយ្យ ៣ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​នោះ។

«ខ្ញុំ​យល់​ថា​ក្នុង​សម័យ​នោះ​ពិត​ជា​ខ្មៅ​ងងឹត​ដូច​ម៉ាក់ គាត់​ធ្លាប់និយាយ​ប្រាប់។ ហើយខ្ញុំ​មាន​អារម្មណ៍​ថា​ពិត​ជា​ខ្លោច​ផ្សា ដែល​សម័យ​នោះ​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា ហើយ​សម្រាប់​ខ្ញុំ​អត់​ចង់​ឲ្យ​ព្រឹត្តិ​ការណ៍​ហ្នឹង​កើត​ឡើង​ម្ដង​ទៀត​ទេ»។

លោកស្រី Angelina Jolie ដែល​មាន​កូន​ប្រុស​ចិញ្ចឹម​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ផង​នោះ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធដាក់​បញ្ចាំង​ខ្សែភាពយន្ត «មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ»​នៅ​ល្ងាច​ថ្ងៃសៅរ៍ ​ថា លោកស្រី​ផលិត និង​ដាក់​បញ្ចាំងខ្សែ​ភាពយន្ត​នេះ​ជា​លើក​ដំបូង​លើ​ទឹកដី​អង្គរ គឺ​ដើម្បី​ជា​ការអរគុណ​ដល់​ប្រទេស​កម្ពុជាដែល​បាន​ផ្ដល់​ជីវិត​ថ្មី​ដល់​លោកស្រី និង​បានធ្វើ​ឲ្យ​លោក​ស្រីក្លាយ​ទៅជា​ម្ដាយ​ដ៏​ល្អ​ម្នាក់។

តារា​និង​អ្នក​ដឹក​នាំ​រឿង​ហូលីវូដ​ ដ៏ល្បីល្បាញ​ ​លោកស្រី Angelina Jolie អង្គុយក្នុង វេទិការ​សន្និសីទ​សារព័ត៌មាន​ស្តីពីការ​ដាក់​បញ្ចាំងខ្សែភាពយន្ត​រឿង​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ​»​នាខេត្តសៀមរាបក្នុងថ្ងៃទី​ ១៨ខែកុម្ភៈឆ្នាំ២០១៧។​ (នៅ វណ្ណារិន/VOA)

តារា​ហូលីវូដ​ដែលទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​ព្រះ​មហាក្សត្រកាល​ពី​ជាង​១០ឆ្នាំ​មុន​រូប​នេះបញ្ជាក់​ថា៖

«ខ្សែ​ភាព​យន្ត​នេះ​មិនមែន​ផលិត​ឡើង​ដោយ​ផ្ដោត​លើ​សង្គ្រាម​ក្នុង​ពេលអតីតកាល​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​រំឮក​ឡើង​វិញ​ពី​ការ​តស៊ូ និង​ការ​ប្រឹង​ប្រែង រួម​ទាំង​ទេពកោសល្យសម្ដែងរបស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ជា​ពិសេស​ទៅ​ទៀត ខ្សែ​ភាព​យន្ត​នេះគឺ​ជា​ការ​បង្ហាញ​ពី​ការ​អរគុណ​របស់​ខ្ញុំ​ទៅ​កាន់​កម្ពុជា។ ប្រសិន​បើគ្មាន​កម្ពុជា ខ្ញុំ​ប្រហែល​ជា​មិន​អាច​ក្លាយ​ជា​ម្ដាយ​ម្នាក់​បាន​ទេ។ កម្ពុជា​ជាផ្នែក​មួយនៃ​បេះដូង​របស់​ខ្ញុំ​ ហើយ​បេះ​ដូង​របស់​ខ្ញុំ​នឹង​តែង​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជានិច្ច»។

បន្ទាប់ពី​ការ​ដាក់​បញ្ចាំង​ក្នុង​ខេត្ត​សៀមរាប ភាពយន្ត​នេះ​ នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ និង​នៅ​សួនច្បារ​នាគ​បាញ់​ទឹក​ក្នុង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ហើយ​និង​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​បញ្ចាំង​ខ្សែភាពយន្ត​ដ៏​ល្បីល្បាញ​ឈ្មោះ​ថា​ Netflix នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ។

កញ្ញា លួន ពន្លឺ រំពឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស ​នឹង​បាន​ទស្សនា​ខ្សែ​ភាព​យន្ត​ដ៏​ល្អ​នេះ​គ្រប់​គ្នា។

កញ្ញា​បញ្ជាក់​ថា៖«បើសិនជា​យើង​យក​រឿង​ហ្នឹង​ទៅ​ផ្សាយ​នៅ​ខាង​ក្រៅ​ឲ្យ​គេ​ឃើញ​ គេ​នឹង​ស្គាល់​ខ្មែរយើង​កាន់​តែ​ច្បាស់​។ បន្ទាប់ពី​គាត់​យក​ទៅ​ផ្សាយ​នៅ​ខាង​ក្រៅ​ហើយ ចង់​ឲ្យ​គាត់​យក​ត្រឡប់​មក​ស្រុក​ខ្មែរវិញ​ជា​សាធារណៈ មិនថា​គិតជា​សំបុត្រ ឬក៏​អត់​ក៏​ដោយ ដើម្បី​ឲ្យ​ប្រជាជន​បាន​មើល​ទាំង​អស់​គ្នា»។

​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​VOA បាន​សម្ភាសន៍​និយាយ​ថា ​ពួកគេ​សង្ឃឹម​ថា ខ្សែ​ភាព​យន្ត​នេះ​នឹង​ធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់​កម្ពុជា​បាន​កាន់​តែ​ច្រើន៕

ខាងក្រោមនេះជាទិដ្ឋភាពក្នុងសន្និសីទសារព័ត៌មានប៉ុន្មានម៉ោងមុនការដាក់បញ្ចាំងខ្សែភាពយន្ត​ «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»