កំណែ​ទម្រង់​​រដ្ឋាភិបាល​ដោយ​ឯក​បក្ស​នឹង​គ្មាន​ប្រសិទ្ធិភាព

ការថតរូប​អនុស្សាវរីយ៍​នៃការបើកសម័យ​ប្រជុំ​សភា​និតិកាល​ទី​៥ ដែល​គណបក្ស​សង្គ្រោះជាតិ​ធ្វើពហិកា។​

វ៉ាស៊ីនតោន៖ ក្រុម​អ្នក​សង្កេត​ការណ៍​ខ្លះ​នៅ​កម្ពុជា​បាន​អះអាង​ថា​ ការ​ខិតខំ​កែទម្រង់របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ដែល​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​ជំទាស់​ ទំនង​ជា​មិន​បាន​ផល​វិជ្ជា​មាន​ពេញ​លេញ​ទេ​ បើគ្មាន​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​មួយ​ដែល​មាន​កម្លាំង​ខ្លាំង។​ ក្រុម​អ្នក​សង្កេត​ការណ៍​ខ្លះ​ព្រមាន​ថា ​ដំណើរការ​របស់​រដ្ឋាភិបាល​ថ្មីនេះ​ អាច​មាន​លំនឹង​និង​ស្ថិរភាព​បាន​ គឺ​អាស្រ័យ​លើ​កម្លាំង​នៃ​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​មួយ​គឺ​មានន័យ​ថា​ ការ​ចូលរួម​របស់​គណបក្ស​ជំទាស់។

ក្រោយពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​បាន​ដាក់​ចេញ​នូវការ​កែ​ទម្រង់របស់​ រដ្ឋាភិបាល​លោក​ជាច្រើន​ ដើម្បី​ទាញ​យក​ការ​គាំទ្រ​មកវិញ​នោះ​ ​ក្រុម​អ្នក​តាម​ឃ្លាំមើល​នយោបាយ​កម្ពុជា​ខ្លះ​នៅតែ​ដាក់​ការ​សង្ស័យ​ចំពោះ​ដំណើរ​ការ រដ្ឋាភិបាល​ថ្មី​ដែល​គ្មាន​ការ​ទទួល​ស្គាល់​ពីក្រុម​ជំទាស់​ និង​អន្តរជាតិ​ពេញ​លេញ។​ ពួក​គេ​អះអាង​ថា ​កំណែទម្រង់ និង​ដំណើរ​ការ​របស់​រដ្ឋាភិបាល​អាច​មាន​លំនឹង​ហើយ​គេច​ផុត​ពី​ហានិភ័យ​ទៅបាន​ លុះត្រាតែ​មាន​ការ​ចូលរួម​ពិនិត្យ​ផ្ទៀងផ្ទាត់​ពី​គណបក្ស​ជំទាស់​ដែល​មាន​កម្លាំង​ខ្លាំង​ក្នុង​សភា។

សមាជិក​សភា​គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​បាន​ធ្វើ​ពហិកា​មិន​ចូល​រួម ប្រជុំ​សភា​ដំបូង​ដែល​ផ្តល់​សុពលភាព​ឲ្យ​បាន​ពេញលេញ​ត្រឹមត្រូវ​តាមច្បាប់​ទេ​ នៅ​ពេល​ដែល​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​មិន​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​រក​ យុត្តិធម៌។​ គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ពុំបាន​សហការ​ជាមួយ​គណបក្ស​ជំទាស់​ឬ​មិន​អាច​ចរចា​ត្រូវ​គ្នាទេ​ តែ​បែរជា​បាន​ជំនះ​នឹង​ការ​រិះគន់​នានា​ ហើយ​បាន​បង្កើត​រដ្ឋាភិបាល​ថ្មីមួយ។​ ដើម្បី​បន្សាប​ការ​រិះគន់​នានា ​លោក​ហ៊ុន សែន​នៅ​សប្តាហ៍នេះ​ បាន​ចាប់​ផ្តើម​ភ្លាមៗ​ក្នុងការ​កែ​ទម្រង់វិស័យ​ជាច្រើន ​ដោយ​មិនខ្វល់​នឹង​បញ្ហា​រិះគន់​នានា ​ដូចជាកែទម្រង់តុលាការ​ រដ្ឋបាល​សាធារណៈ ​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ​ លុបចោល​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ ហើយ​នឹង​បង្កើត​ឲ្យមាន​វេទិកា​សាធារណៈ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។​ លោកថ្លែង​ដូច្នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ ក្រោយពី​សភា​គណបក្ស​លោក​តែ​មួយ​បាន​បោះឆ្នោត​គាំទ្រ​រដ្ឋាភិបាល​លោក​នោះ។​

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​គឺ​ខុមហ្រ្វែល​ បាន​អះអាង​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​ត្រូវ​ធានា​និរន្តភាព​នៃ​ការ​ដឹកនាំ​ ប្រទេស​តាម​រយៈការ​ចូលរួម​ពីគ្រប់​និន្នាការ​ ឬ​ពហុបក្ស​ដើម្បី​បញ្ចៀស​ភាព​រង្គោះ រង្គើរ​របស់​រដ្ឋាភិបាល។​

«ហើយ​បើ​ដំណើរការ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ស្ថានភាព​ប៉ុណ្ណេះ​ វាអាច​ជាហានិ ភ័យខ្ពស់​វិញ​ ដោយ​សារ​ទី១​ វាមាន​រឿង​នីត្យានុកូល​ភាព​ វា​អត់​ទាន់មាន​ការ​ទទួល​ស្គាល់​ពេញលេញ​ទាំង​អន្តរជាតិ ​និង​ជាតិ​ ហើយ​គណបក្ស​ប្រឆាំង​គាត់​អាច​មិន​សុខចិត្ត។​ អញ្ចឹង​គាត់អាច​តវ៉ា​ទៅ​មុខ​ទៀត​ហើយ​ធ្វើឲ្យ​មាន​បញ្ហា​កាន់​តែ​ជ្រៅ​ថែម​ទៀត។​ វាអាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​និង​សភា​ហ្នឹង​ដំណើរការ​ទៅ​ វា​អត់​ស្ថិរ​ភាព ​ជា​ពិសេស​រដ្ឋាភិបាល​វា​អត់​មាន​លំនឹង»។​

គណបក្ស​កាន់​អំណាច​របស់​ប្រទេស​កម្ពុជា​ដែលពឹង​ផ្អែក​លើ​ជំនួយ​បរទេស​១​ពាន់​លាន​ដុល្លារក្នុង​១ឆ្នាំៗ ​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​របស់ខ្លួន​នោះ​ មិន​ត្រូវ​ប្រទេស​ ធំៗ​ជាច្រើន​ ដូចជា​ស.រ.អា.​និង​សហភាព​អឺរ៉ុប​គាំទ្រ​ពេញលេញ​នៅឡើយ​ទេ​ ក្រោយ​ពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ជំទាស់​ មិន​ទទួល​ស្គាល់​និង​ចាត់​ទុក​ ថា​ មាន​ការគៃ​បន្លំ​ធ្ងន់ធ្ងរ​នោះ។​ ទោះជា​សំឡេងគណបក្ស​ជំទាស់​មិនគាំទ្រ​រដ្ឋាភិបាល​និងសភា​អាណត្តិ​ទី៥នេះក្តី​ សមាជិក​សភា​ជាប់​ឆ្នោត​ឆ្នោត​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​៦៨​អាសនៈ​ក្នុង​ចំណោម​ចំនួន​១២៣​អាសនៈ​ បាន​បកស្រាយ​ច្បាប់​តាម​របៀប​មួយ​ ហើយ​បោះឆ្នោត​តែងតាំង​លោក​ហ៊ុន ​សែន​ជា​នាយក​រដ្ឋមន្ត្រី​បន្ត​ដើម្បី​កែទម្រង់ប្រទេស​តាម​គោល​នយោបាយ​របស់​ខ្លួន។​

លោក​ យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាពបាន​អះអាង​ថា​ ការ​កែទម្រង់អាច​ដើរ​ទៅ​បាន​ទាល់តែ​មាន​ក្រុម​ប្រឆាំង ​ដែលឥឡូវ​នេះ​កំពុង​នៅក្រៅ​សភា​នោះ​ មាន​តួនាទី​ខ្លាំង​ក្នុង​សភា។​

«ថា​តើ​ក្រុម​ប្រឆាំង​នឹងចូល​ទៅ​ក្នុង​សភា​ដោយ​របៀប​ណា​ហើយ​និង​មាន​តួនាទី​សំខាន់​អី​ខ្លះ​ក្នុង​ការ​ធ្វើ​ការងារ​ហ្នឹង​ បាទ។​ តើក្រុម​ប្រឆាំង​មាន​មធ្យោបាយ​ក្នុងការ​ធ្វើ​ការងារ​ទេ​ ឬ​ក៏អង្គុយនៅ​ក្នុង​សភា​រង់ចាំមើល​ការ​អនុវត្ត​របស់​រដ្ឋាភិបាល?​នេះ​ជា​បញ្ហាដែរ​បាទ​ គឺ​តើធ្វើ​យ៉ាងណា​ឲ្យការ​អនុវត្ត​ការ​កែទម្រង់ហ្នឹងឲ្យ​មាន​ប្រសិទ្ធិ​ភាព»។​

លោក​អ៊ូ វីរៈ ​នាយក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​អះអាង​ថា ​រដ្ឋាភិបាល​ថ្មី​ ត្រូវ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជាងមុន​ចំពោះ​ការ​កែទម្រង់និង​ដំណើរការ​របស់​ខ្លួន​ បើ​ពុំ​ដូច្នោះ​ទេ​នឹង​គ្មាន​ស្ថិរភាព​ទេ។​

«រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ហ្នឹង​ត្រូវ​ទទួល​ស្គាល់​ថា ​ប្រជា​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​ទៅ​លើ​ដំណើរការ​នៃ​ការ​ដឹកនាំ​របស់​លោក​រយៈពេល​៥ឆ្នាំ​កន្លង​មក​នោះ​ទេ។​ ប្រសិន​បើ​គណបក្ស​ប្រជាជន​មិន​ធ្វើ​កំណែទម្រង់ក៏​ទៅ​មិនរួច​ដែរ។​ពល​រដ្ឋ​ទទួល​យក​មិន​បាន​ដូចគ្នា។​ វា​អាច​ធ្វើឲ្យ​មាន​អស្ថិរភាព​ដែរ។ ​អញ្ចឹង​កំណែ​ទម្រង់​នេះ​ជារឿង​ចាំបាច់​សម្រាប់គណបក្ស​ប្រជាជន​កម្ពុជា​ឈាន​ទៅរក​ជោគជ័យ​ក្នុងការ​បោះឆ្នោត​អាណតិ្ត​ក្រោយ។​ ប្រសិន​បើ​គ្មាន​ការ​កែ​ទម្រង់សំខាន់​ ខ្ញុំ​មើល​ទៅ​គណបក្ស​ប្រជាជន​កម្ពុជាដើរ​អត់ទាន់​ប្រជា​ពលរដ្ឋ​ទេ​ ហើយ​ប្រហែល​ជា​នឹង​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នឹង​ទាមទារ​ឲ្យចុះ​ពី​តំណែង​មុនការ​បោះឆ្នោត​ឬ​មួយ​ក៏​ធ្លាក់​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​នេះ​ដែរ»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​គឺ​លោក​ផៃ ស៊ីផាន​បាន​បញ្ជាក់​អះអាង​ថា ​រដ្ឋាភិបាល​បាន​ធ្វើ​កិច្ចការ​ច្រើន​កាលពី​អាណតិ្ត​មុន​ ដូចជា​ការ​រក្សា​លំនឹង​សេដ្ឋកិច្ច​៧​ភាគរយ​នៃ ផលិតផល​សរុប​ក្នុង​ស្រុក ​ទប់ស្កាត់​អតិផរណា​ កាត់​បន្ថយ​ភាព​ក្រីក្រ​ជាដើម។​
តែលោក​ក៏ទទួល​ស្គាល់​ដែរថា​ មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​រួម​ទាំង​ប្រព័ន្ធ​យុត្តិធម៌​និង​សេវា​កម្ម​សារធារណៈ​មួយ​ចំនួន​ដែល​មិនទាន់​បាន​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​គ្រប់គ្រាន់​នៅ​អាណត្តិ​ទី៤​កន្លង​មក។​

«រដ្ឋាភិបាល​បានរៀន​សូត្រ​ច្រើន​ពី​សេចក្តី​ត្រូវការ​នៃក្រុម​ប្រជា​ពលរដ្ឋ​ដែល​គាំទ្រ​ គណបក្សសង្គ្រោះ​ជាតិ។​ រឿងហ្នឹង​ យើង​ឃើញ​ ហើយ​យើង​យក​ការ​ចង់​បាន​ហ្នឹង​មកដាក់​នៅ​ក្នុង​យុទ្ធសាស្ត្រ​នយោបាយ​របស់​យើង​ដើម្បី​ឆ្លើយ​តប។​ ដូចជា​កំណែ​ទម្រង់ស៊ី​ជម្រៅហើយនឹង​ទូលំទូលាយ​ដោយ​បង្កើត​ឲ្យ​មាន​វេទិកាស្តាប់​នឹង ត្រចៀក។​ សម្តេច​តេជោ​បាននិយាយ​ប្រាប់​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ថា ​យើង បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​លោក​មាន​អំណាច​ លោក​មានអំណាច​ចង្អុល​មុខ​យើង ហើយ​ ​ដូច្នេះយើង​មិន​ចាំបាច់​តែ​គេ​ស្រែក​ឲ្យ​ទេ ​គឺយើង​ចាំបាច់​ត្រូវតែ​កែ​ទម្រង់​ ឲ្យ​មាន​ប្រសិទ្ធិ​ភាព»។​

ទោះជា​យ៉ាងនេះ​ក្តី​ លោក​ផៃ ​ស៊ីផាន​សង្ឃឹម​ថា​ វេទិកា​សាធារណៈ​រវាង​មន្ត្រី​និង​ពលរដ្ឋ​ដែល​រដ្ឋាភិបាល​បង្កើត​ដើម្បី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅតាម​មូលដ្ឋាន​ ហើយ​និង​តាំងចិត្ត​កាត់បន្ថយ​គម្លាត​រវាង​ថ្នាក់​ដឹកនាំ​និង​មន្ត្រី​គឺជា​ជំហាន​ដែល​អាច​ជួយ​សម្រួលកិច្ចការ​ទាំងឡាយ។​

តែនៅ​ពេល​សួរពីការ​ទទួល​បាន​ការ​គាំទ្រ​យ៉ាងណា​ បើប្រទេស​ជាច្រើន​និង​ គណបក្ស​ជំទាស់​មិនបាន​ទទួល​ស្គាល់​ថា ​រដ្ឋាភិបាល​កម្ពុជា​នេះ​ជា​រដ្ឋាភិបាល​ ស្រប​ច្បាប់​នោះ ​លោក​ផៃ ស៊ីផាន​អះអាងថា​ នោះជា​រឿង​របស់​ប្រទេស​ខាងក្រៅ តែ​កម្ពុជា​ធ្វើ​សម្រាប់​កម្ពុជា​ ហើយ​គណបក្ស​គ្រប់គ្រង​ប្រទេស​នៅតែ​បើក​ទ្វារ​ឲ្យ​ មាន​កិច្ច​ចរចា​ដើម្បីឲ្យ​គណបក្ស​ទាំងពីរ​អាច​ធ្វើការ​ជាមួយ​គ្នា​បាន។​

លោក​គល់​ បញ្ញា​ បាន​អះអាង​ថា​ បញ្ហា​ការ​អនុម័ត​ច្បាប់​នានា​ក្នុង​សភា​ក៏​ជា​រឿង មួយ​ដែរ​គឺត្រូវ​ការ​ការ​គាំទ្រ​ពីតំណាង​ប្រជា​ពលរដ្ឋ​ទូលំទូលាយ​ រួមទាំង​គណបក្ស ជំទាស់​ដើម្បី​កុំឲ្យ​គណបក្ស​កាន់​អំណាច​ធ្វើតែ​ម្នាក់​ឯង។​ លោក​ថ្លែងថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​ពេលនេះ​គួរ​គិត​ថា​ ការ​ធ្វើការ​រួមគ្នា​ជា​ឱកាស​រៀន​ធ្វើ​កិច្ចការ​ជាមួយ​គ្នា ​មិនមែន​ជាការ​គំរាម​កំហែងសម្រាប់គណបក្ស​សំឡេងភាគតិច​និង​សំឡេងភាគច្រើន​ទេ៕