ស្របពេលដែលប្រទេសអេត្យូពីប្រារព្ធពិធីកាន់ទុក្ខថ្នាក់ជាតិក្រោយព្រឹត្តិការណ៍ឃាតកម្មថ្ងៃ២៤ ខែមិថុនា ដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋបានប្រកាសដំណឹងថា ឧត្តមសេនីយ៍ត្រី Asaminew Tsige ត្រូវបានចាប់ខ្លួន និងសម្លាប់ក្នុងទីប្រជុំជន Zenzelima នៃតំបន់ Amhara ក្នុងប្រទេសអេត្យូពី។ កងកម្លាំងសន្តិសុខ បានបាញ់សម្លាប់ឧត្តមសេនីយ៍ត្រីរូបនោះ ខណៈពេលលោកព្យាយាមរត់គេច នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ។
ឧត្តមសេនីយ៍ត្រី Asaminew គឺជាបុគ្គលមានកេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ក្នុងប្រទេស។ លោកមានអ្នកគាំទ្រជាច្រើនក្នុងចំណោមក្រុមជនជាតិដើម Amhara និងបានបម្រើការជាប្រធានកិច្ចការសន្តិភាព និងសន្តិសុខក្នុងតំបន់ Amhara ភាគខាងជើងប្រទេស។
រដ្ឋាភិបាលសហព័ន្ធអេត្យូពី បានចោទប្រកាន់ឧត្តមសេនីយត្រីរូបនេះថាបានវាយប្រហារដោយគ្រោងទុកនិងបណ្តាលឱ្យប្រធានាធិបតីនៃរដ្ឋ Amhara រួមទាំងទីប្រឹក្សាមួយរូប និងអគ្គព្រះរាជាអាជ្ញាបាត់បង់ជីវិតក្នុងទីក្រុងក្នុងតំបន់ Bahir Dar កាលពី២ថ្ងៃមុន គឺនៅថ្ងៃទី២២ ខែមិថុនាកន្លងទៅ។
ក្នុងហេតុការណ៍ដាច់ដោយឡែកមួយទៀត ពាក់ព័ន្ធនឹងការវាយប្រហារលើការិយាល័យលោកនាយករដ្ឋមន្រ្តី https://twitter.com/PMEthiopia/status/1142720512109494272 ប្រធានផ្នែកមន្រ្តីយោធាអេត្យូពី លោក Seare Mekonnen ក៏ត្រូវបានសម្លាប់ដោយអង្គរក្សរបស់លោកក្នុងរដ្ឋធានី Addis Ababa ចម្ងាយ៥០០គីឡូម៉ែត្រពីគ្នា។
តាមរយៈបទសម្ភាសន៍ជាមួយវីអូអេ អ្នករាយការណ៍ព័ត៌មានអេត្យូពី លោកZecharias Zelalem ដែលបានសរសេររបាយការណ៍ និងធ្វើការសិក្សាលើសំណុំរឿងនេះថានិយាយថា ឧត្តមសេនីយ៍ត្រី Asaminew មានប្រវត្តិសាច់រឿងវែងឆ្ងាយ និងស្មុគស្មាញ។ ក្នុងឆ្នាំ២០០៩ ឧត្តមសេនីយ៍ត្រីរូបនេះ ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខក្នុងអាណត្តិអតីតនាយករដ្ឋមន្រ្តី Meles Zenawi ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ។ លោកស្ថិតក្នុងចំណោមមន្រ្តីយោធា២០រូបដែលត្រូវបានចាប់ខ្លួន និងកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
ប៉ុន្តែក្រោយមកសាលដីកាកាត់ទោសលោកត្រូវបានលុបចោលកាលពីដើមឆ្នាំនេះ ហើយលោកនាយករដ្ឋមន្រ្តី Abiy Ahmed បានផ្តល់សំណងផ្នែកយោធា និងអនុញ្ញាតឲ្យលោកបម្រើការក្នុងជួររដ្ឋាភិបាលវិញ។
បើទោះជាលោក Zecharias បានបញ្ជាក់ថាមានការប្រេះឆាគ្នារវាងឧត្តមសេនីយ៍ត្រី Asaminew និង រដ្ឋាភិបាលក្នុងរយៈប៉ុន្មានខែថ្មីៗនេះក៏ដោយ ក៏មើលទៅហាក់ដូចជាគ្មានបុព្វហេតុដែលអាចនាំទៅរកសាច់រឿង និងព្រឹត្តិការណ៍ហិង្សាដែលកើតឡើងកាលពីថ្ងៃ២២ ខែមិថុនានេះទេ។ លោក Zecharias បាននិយាយថា ជាក់ស្តែង លោកមិនយល់ច្បាស់ពីវត្ថុបំណងពិតប្រាកដនៃការវាយប្រហារនេះទេ។
លោកបានបន្តថា៖ “ខ្ញុំមើលមិនឃើញពីផែនការរដ្ឋប្រហារក្នុងជួររដ្ឋាភិបាលថ្នាក់តំបន់នោះអាចធ្វើទៅរួចទេ។ ការដណ្តើមកាន់កាប់ទីក្រុងថ្នាក់តំបន់នឹងមិនអាចធានាថាអាចកាន់កាប់តំបន់ទាំងមូលបាននោះទេ។ គេនៅតែត្រូវប្រឈមជាមួយនឹងវត្តមានយោធាសហព័ន្ធក្នុងតំបន់នោះដដែល”។
លោក Felix Horne អ្នកស្រាវជ្រាវនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យល់ឃើញថា ការវាយប្រហារនេះស្ថិតក្នុងបរិបទនៃភាពតានតឹងជនជាតិដើមភាគតិចនៅតាមព្រំដែន។ ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីForeign Policy លោកបាននិយាយថាលោកគិតថាជាការកើនឡើងនៃការមិនពេញចិត្តរបស់ក្រុមជនជាតិដើមភាគតិច Amhara ចំពោះរដ្ឋាភិបាលរបស់លោកAbiy ដែលជាក្រុមជនជាតិដើមភាគតិច Oromo។
លោក Horne យល់ថានៅក្នុងក្រសែភ្នែកក្រុមជនជាតិដើមភាគតិច Amharaការតែងតាំងឧត្តមសេនីយ៍ត្រី Asaminew គឺជាការប៉ុនប៉ងបន្ថែមការគាំទ្រដល់រដ្ឋាភិបាល។
គណបក្សប្រជាធិបតេយ្យAmhara ហៅកាត់ថា (ADP) ដែលក្តោបក្តាប់អំណាចក្នុងតំបន់គឺជាផ្នែកមួយនៃសម្ព័ន្ធភាពគណបក្សដឹកនាំប្រទេសអេត្យូពី ប៉ុន្តែក្នុងកែវភ្នែកនៃអ្នកជាតិនិយម Amharaដ៏ខឹងសម្បា គណបក្ស ADP នេះមិនទាន់ឥទ្ធិពលខ្លាំងចគ្រប់គ្រាន់នៅឡើយទេ។
លោក Horne បានប្រាប់ទស្សនាវដ្តី Foreign Policy ថា៖ “មនុស្សជាច្រើនយល់ឃើញថាការតែងតាំងឧត្តមសេនីយ៍ត្រី Asaminew ជាប្រធានកិច្ចការសន្តិភាព និងសន្តិសុខក្នុងតំបន់ Amhara គឺដើម្បីធ្វើឲ្យស្ងប់ចិត្តក្រុមអ្នកជាតិនិយម Amhara ដែលកំពុងតែកើនឡើង និងមួយផ្នែកទៀតជាការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យគណបក្ស ADP បង្កើនការទាក់ទាញចំណាប់អារម្មណ៍ពីក្រុមជនជាតិភាគតិចឲ្យកាន់តែច្រើនឡើង”។
លោក Horne បាននិយាយថា ផែនការនេះអាចជាកាំបិតចិតដងឯងវិញ ហើយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឧត្តមសេនីយ៍ Asaminew បានបញ្ឆេះឲ្យមានកំហឹងកាន់តែខ្លាំងប្រឆាំងរដ្ឋាភិបាលសហព័ន្ធ។
លោក Horne បានថ្លែងបន្តថា៖ “លោក Asaminew បានប្រើវោហាសាសន៍ធ្ងន់ៗជាច្រើន ដូចជាថា ក្រុមជនជាតិដើមភាគតិចAmhara ចាំបាច់ត្រូវបំពាក់អាវុធខ្លួន ដោយហេតុថាពួកគេកំពុងប្រឈមការគំរាមកំហែងយ៉ាងខ្លាំងhttps://foreignpolicy.com/2019/06/24/ethiopia-is-at-a-very-critical-juncture-abiy-bahir-dar/។ការណ៍នេះបានប៉ះពាល់យ៉ាងខ្លាំងដល់រដ្ឋាភិបាលសហព័ន្ធ។ លោក Asaminew ក៏ជាបុគ្គលសកម្មម្នាក់ក្នុងការជ្រើសរើសមនុស្សចូលបម្រើក្នុងកងកម្លាំងយោធាថ្នាក់តំបន់ផងដែរ”។
កាលពីចុងខែមិថុនា ព័ត៌មានលម្អិតអំពីឧត្តមសេនីយ៍ត្រី Asaminew និងចេតនារបស់លោកនៅក្នុងឃាតកម្មនេះស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ។ ក្រុមយោធាបានចាប់ខ្លួនមនុស្ស១៨២នាក់ ដែលជាប់ពាក់ព័ន្ធនៅក្នុងអំពើហិង្សាក្នុងតំបន់ Amhara ក្នុងនោះរួមមានមន្រ្តីជាន់ខ្ពស់៤រូប ដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ នេះបើតាមសារព័ត៌មាន Associated Press https://apnews.com/8fc610eaa0024f75a5e60ef5ff22d370 ។ ក្នុងអំឡុងពេលមិនប្រាកដប្រជាបែបនេះ ការប្រើប្រាស់អ៊ីនធឺណិតត្រូវបានកាត់ផ្តាច់ បើទោះជាភ្លាមៗត្រូវបានតភ្ជាប់វិញក្រោយពីបានបិទជាច្រើនថ្ងៃកន្លងមកក៏ដោយ។https://www.voanews.com/africa/ethiopia-finally-has-its-internet-back ។
លោក Zecharias បាននិយាយថា ហេតុការណ៍ដែលបានកើតឡើងកន្លងមកនេះ សបញ្ជាក់ឲ្យឃើញថា ច្បាស់ជាមានអ្វីមួយនៅពីក្រោយការងាររបស់ឧត្តមសេនីយ៍រូបនេះ។ លោកបានពន្យល់បន្ថែមថា៖ “វាអាចមានរឿងរ៉ាវច្រើន នៅឆ្ងាយពីអ្វីដែលដែលបានកើតឡើងក្នុងតំបន់ Amhara នេះទៅទៀត។ ពិតណាស់ហើយ ដូចខ្ញុំបានប្រាប់ជាច្រើនលើកច្រើនសាហើយ ពេលនេះយើងអាចដាក់ការសង្ស័យ និងការសន្និដ្ឋានថារឿងវាអាចបែបហ្នឹងឯង“។
ប្រែសម្រួលដោយ កោះ សុគន្ធី