អ្នកជំនាញ៖​ ជំនួយ​អាមេរិក​ដល់​ពិភពលោក​ប្រឆាំង​នឹង​កូវីដ១៩​ ជា​កិច្ចការ​មនុស្សធម៌​និងការពង្រឹង​ឥទ្ធិពល

រូបឯកសារ៖ សម្ភារៈពេទ្យរបស់ទីភ្នាក់ងារ USAID ប្រចាំប្រទេស Dubai ត្រូវបានដឹកជញ្ជូនមកកាន់មូលដ្ឋានយោធានៅរដ្ឋ Oregon សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ (រូបថតដោយ៖ Sgt. 1st Class Zachary Holden/US Department of Defense/AFP)

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​របស់​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​នាំមុខ​គេ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ១៩ ​ឬ​វីរុស​កូរ៉ូណាថ្មី​ ហើយ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​ជាច្រើន​ក្នុង​ពិភព​លោក​ រួមទាំង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ ទោះ​ជា​សហរដ្ឋ​អាមេរិក​ខ្លួនឯង​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​កូវីដ​១៩​យ៉ាង​ធ្ងន់ធ្ងរ​ក្តី។​

ការ​ផ្តល់​ជំនួយ​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ រួមទាំង​កម្ពុជា​និង​បណ្តា​ប្រទេស​ច្រើន​ទៀត​នេះ​ ត្រូវ​ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​ក្នុង​តំបន់​ខ្លះ​យល់​ថា​ មិនមែន​ត្រឹមតែ​ជា​ការផ្តល់​ជំនួយ​មនុស្សធម៌​ប៉ុណ្ណោះ​ទេ​ តែ​ជា​ការ​ពង្រឹង​អំណាច ​និង​ផល​ប្រយោជន៍​របស់​អាមេរិក​ផងដែរ​ ក្នុងពេល​ដែល​មហា​អំណាច​ផ្សេងៗ​ដូច​ចិន​ កំពុង​ពង្រីក​ឥទ្ធិពល​យ៉ាង​លឿនក្នុង​តំបន់។

លោក ​គុជ ច័ន្ទលី​ អ្នកវិភាគ​មួយ​រូប​ក្នុង​រដ្ឋម៉ារីលែន ​បាន​ថ្លែងថា ​សហរដ្ឋ​អាមេរិក​ពេលនេះ​ត្រូវ​ការពារ​ខ្លួនឯង​ពី​វីរុស​កូរ៉ូណា​ផង​ និង​ការពារ​ឋានៈ​ជា​មហា​អំណាច​របស់​ខ្លួន​ផង។

«ក៏ប៉ុន្តែ​ទន្ទឹមគ្នា​នេះ​ សហរដ្ឋ​អាមេរិក​ក៏សម្តែង​ការ​យក​ចិត្ត​ទុកដាក់​ទៅលើ​ប្រទេស​តូចតាច ​ដែលជា​បក្ខ​សម្ព័ន្ធ​ក្តី​ មិនមែន​ជា​បក្ខសម្ព័ន្ធ​ក្តី​ នៅ​តំបន់​អាស៊ីអាគ្នេយ៍​ នៅ​អាហ្វ្រិក​ អាមេរិក​ឡាទីន​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​យល់​ឃើញថា​ ជា​ទីផ្សារ​សេដ្ឋកិច្ច​ផង ​ជា​ទីធ្លា​ការពារ​ទឹកដី នយោ​បាយ​ភូមិសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ផង»។

លោក​បន្ថែម​ថា៖ «ទោះបី​ជា​សហរដ្ឋ​អាមេរិក​ខ្លួនឯង​កំពុង​ទទួល​ភាពដុនដាប​ខ្លាំង​ជាងគេ​ គួរ​ឲ្យ​ភ័យ​ក្នុង​ពិភពលោក​ ដោយសារ​តែ​វីរុស​កូរ៉ូណា​នេះក្តី​ ក៏​សហរដ្ឋ​អាមេរិក​មិនអាច​លះបង់​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក​បាន​ទេ»។

លោក​បញ្ជាក់​ទៀត​ថា ​ប្រទេស​មហា​អំណាច​ក្នុង​ពិភពលោក ​ដូចជា​សហរដ្ឋ​អាមេរិក​ ចិន ​រុស្ស៉ី បារាំង ​អង់គ្លេស ​ជប៉ុន​ជាដើម ​ត្រូវការ​ការ​គាំទ្រ​ និង​ការ​ជឿជាក់​ ហើយ​មិន​ចង់ឲ្យ​បាត់បង់អំណាច​របស់​ខ្លួន​ទេ។​ លោក​ថា ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​ មាន​ភាព​រង្គោះរង្គើ​ផ្នែក​ទំនាក់​ទំនង​ស្រាប់​ទៅ​ហើយ ​ដែល​នេះ​ជា​បញ្ហា​ ហើយ​ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ពង្រឹង​ទំនាក់​ទំនង​ និង​ត្រូវការ​ការ​គាំទ្រ​ឡើង​វិញ តាម​ជំនួយ​មនុស្សធម៌​នេះ។

រូបឯកសារ៖ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ចូលរួមកិច្ចប្រជុំជាមួយប្រទេសជាសមាជិកអាស៊ាន អំពីវិបត្តិកូវីដ១៩ តាមរយៈប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។


លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យផ្នែកការទូតនិងកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យ Occidental College ក្រុងឡូសអែនជឺឡេស រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក អះអាងថា សហរដ្ឋអាមេរិកផ្តោតលើតំបន់អាស៊ីអាគ្នេយ៍ដែលចិនពង្រីកឥទ្ធិពលនោះ គឺដោយសារថា នេះជាល្បែងដ៏ធំមួយក្នុងតំបន់។

«ចិន​កំពុង​ព្យាយាម​តស៊ូ​ប្រជែង​យក​តំបន់​អាស៊ីអាគ្នេយ៍​ជា​របស់​ខ្លួន​ យក​ឈូង​សមុទ្រ​ម៉ាឡាកា​ដោយ​សារ​ថា​ ប្រេង​នាំចូល​ទាំងអស់​មក​តាម​ច្រក​នេះ»។

ក្រៅពីធៀប​ជំនួយ​មនុស្សធម៌​ថា​ជា​ផ្ទាំង​ទឹកកក​បិទ​បាំង​នំខេក​នោះ​ លោក​ សុផល​ បាន​អះអាង​ថា​សហរដ្ឋ​អាមេរិក​ក៏​មាន​ផល​ប្រយោជន៍​របស់​ខ្លួន​ដែរ។

«សហរដ្ឋ​អាមេរិក​ចង់​ធានា​ឲ្យ​ប្រាកដថា​ វៀតណាម ​ដែនដី​តៃវ៉ាន់​ ជប៉ុន ​និង​ប្រទេស​ផ្សេង​ទៀត​ដែលមិន​ពេញចិត្ត​ជាមួយ​ចិន​ ដោយសារ​តែជំងឺ​កូវីដ១៩ ​គឺជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដែរ»។

លោកថា​ ប្រទេស​ចិន​បាន​ប្រើប្រាស់​ការទូត​តាមរយ:​ម៉ាស់​បិទមុខ ​ព្យាយាម​បញ្ចុះ​បញ្ចូល​ប្រទេស​នានា​ឲ្យងាក​មក​ខាង​ខ្លួន​ តែ​ប្រទេស​ជាច្រើន​នៅ​អាហ្វ្រិក​ និង​ប្រទេស​ប្រេស៊ីល​មិន​សប្បាយ​ចិត្ត​នឹង​ចិន​ដែរ។​ លោក​បណ្ឌិត ​អៀ សុផល ​បាន​ថ្លែងថា​ ជំងឺ​កូវីដ១៩​ក៏បាន​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ រួមទាំង​កម្ពុជា​ ប្រឈមនឹង​បញ្ហា​សេដ្ឋកិច្ច​បណ្តាល​ពី​ជំងឺ​កូវីដ១៩​ផងដែរ។

«តំបន់​អាស៊ី​ខាងកើត​ និង​ប៉ាស៊ីហ្វិក​ អាច​ឃើញ​ថា មាន​មនុស្ស​ ២៤០​ លាន​នាក់​ធ្លាក់ក្នុង​ភាព​ក្រីក្រ ហើយ​ផ្នែក​តំបន់​អាស៊ីអាគ្នេយ៍​វិញ​ គឺអាច​នឹងមាន​មនុស្ស​ជាង​ ១០០​លាននាក់។ ​មានមនុស្ស​ ២០ ភាគរយ ​ធ្លាក់​ចុះ​ចំណូល​របស់គេ។ ​ក្នុង​ប្រទេស​កម្ពុជា​វិញ ​មាន​ពលករ​ច្រើន​សែន​នាក់​មក​ពីរោង​ចក្រ​កាត់ដេរ ​បាត់​ចំណូល​ដោយសារ​ការ​ឈប់​បញ្ជាទិញ​ពីអ្នកទិញ។​ ខ្ញុំគិត​ថា​ ស្ថានភាព​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ គឺជា​មហន្តរាយ​ដោយសារ​តែជំងឺកូវីដ១៩​នេះ »។

លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​បាន​ថ្លែងថា​ ប្រទេស​កម្ពុជា​និងតំបន់​អាច​បន្ធូរ​បន្ថយ​បញ្ហា​សេដ្ឋកិច្ច​ តាមរយ:​ការ​បង្កើត​ឲ្យ​មានកញ្ចប់​ថវិកា​រួមមួយ​ ដើម្បី​ឆ្លើយតប​នឹង​វីរុស​កូរ៉ូណា ​ទន្ទឹមគ្នា​ដែល​តំបន់​អាស៊ាន​មាន​ការ​តាំងចិត្ត​ខ្ពស់​រួមគ្នា​ ក្នុងការ​ទប់ស្កាត់​កូវីដ១៩​នេះ​។ ម្យ៉ាង​ទៀត​ លោក​ថា​ ដំណើរការ​ពាណិជ្ជកម្ម ​ការ​ធានា​សន្តិសុខ​ស្បៀង​ និង​ការងារ​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ មិនគួរ​មានភាព​រអាក់រអួល​ដើម្បី​សម្រួល​ដល់​ចរន្ត​សេដ្ឋកិច្ច​។

«​ខ្ញុំចង់​តែ​សង្កត់​ធ្ងន់ថា​ ត្រូវ​ត្រៀមខ្លួន​ក្នុង​រយ:ពេល​វែង​ ដើម្បី​ដោះស្រាយ​នូវ​ផលវិបាក​ទាំង​ឡាយ​ចេញពី​វិបត្តិ​កូវីដ​១៩​ហ្នឹង​ ជាពិសេស​សេដ្ឋកិច្ច​ធ្វើ​យ៉ាងណា​ កុំឲ្យ​វាធ្លាក់​ចុះខ្សោយ​ខ្លាំងពេក​ អីចឹង​ទេ​ធ្វើ​យ៉ាងណា​ឲ្យ​ផលិតកម្ម​នៅតែ​មាន ​ហើយ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​នៅតែ​មាន ​កុំឲ្យ​ប៉ះពាល់​ខ្លាំង​ពេក។ ​ទី២​ ត្រូវតែ​ប្រយ័ត្ន​ជានិច្ច​ ហើយ​ជាពិសេស​រក្សា​នៅអនាម័យ​ ហើយ​នឹង​គម្លាត​សង្គម​ហ្នឹង»។

សហរដ្ឋ​អាមេរិក ​បាន​ត្រៀម​ថវិកា​ ៩០០​ លាន​ដុល្លារ​ ដល់​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក ​ក្នុង​ពេល​សហរដ្ឋ​អាមេរិក​នាំមុខ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​កូវីដ១៩ ​នៅទូទាំង​ពិភពលោក​ និង​ក្នុងប្រទេស​ខ្លួន​ផងនោះ។ ​នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អន្តរជាតិ​សហរដ្ឋ​អាមរិក​ (USAID) ​និង​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ក្នុង​សេចក្តីប្រកាស​រួម​មួយ​ ដែល​ផ្សព្វ​ផ្សាយ​នៅលើ​គេហទំព័រ​នៃ​ទីភ្នាក់ងារ​នេះ។​

សហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយដល់ប្រទេសជាសមាជិកអាស៊ានក្នុងទឹកប្រាក់ចំនួនយ៉ាងតិច ៣៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយប្រទេសកម្ពុជាដែលជាសមាជិកមួយនៃអាស៊ានទាំង ១០ ប្រទេស ក៏ស្ថិតក្នុងចំណោមប្រទេសដែលបានទទួលជំនួយនេះផងដែរ។

រូបឯកសារ៖ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រសួងការបរទេសអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

ប្រទេស​អាស៊ាន ​និង​សហរដ្ឋ​អាមេរិក​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ អាស៊ាន ​កាល​ពីថ្ងៃ​ទី​២២ ​ខែមេសា ​បាន​ប្រកាស​រួមគ្នា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូរ៉ូណា ​គាំទ្រ​និង​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ​ក្នុងភាព​ជាដៃ​គូ​យុទ្ធសាស្ត្រ។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ Mike Pompeo ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់លោក​ចំពោះ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ទាំង ១០ ​ប្រទេស​ ដោយ​ជំហរ​ច្បាស់លាស់​របស់​សហរដ្ឋអាមរិក។ ​លោក​បាន​ថ្លែង​តាម​ខ្លឹមសារ​ដើមថា៖

«សហរដ្ឋ​អាមេរិក​បន្ត​ផ្តល់​ការ​គាំទ្រ​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​អាស៊ាន​ ដើម្បី​ជួយដល់​ប្រទេស​ទាំង​នោះ​ក្នុងការ​ឆ្លើយតប​នឹង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ​យើង​សូម​ជំរុញ​ដល់​ប្រទេសទាំងអស់​ឲ្យ​ទទួល​យក​ការចែក​រំលែក​ព័ត៌មាន​ដោយ​តម្លាភាព។​ តម្លាភាព ​សង្គ្រោះ​ជីវិត ​ហើយ​ការ​សង្កត់​សង្កិន​ ធ្វើឲ្យ​ពលរដ្ឋ​រងគ្រោះ»។

សហរដ្ឋ​អាមេរិក​ នៅ​សប្តាហ៍​នេះ បាន​ប្រកាស​ផ្តល់​ជំនួយ​បន្ថែម​ទៀត​ដល់​ប្រទេស​កម្ពុជា ​ដើម្បី​ជួយ​ស្រោច​ស្រង់​សេដ្ឋកិច្ច​កម្ពុជា​ ក្រោយ​វិបត្តិ​កូវីដ១៩​ ហើយ​បាន​បញ្ជាក់​បន្ថែម​ថា មក​ដល់​ពេលនេះ​សហរដ្ឋ​អាមរិក​ផ្តល់​ជំនួយ​ចំនួន​ ៣ លាន​ ៥ សែន​ ដុល្លារ​ហើយ​ដល់​កម្ពុជា​ ដើម្បី​ទប់ស្កាត់ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​ ទី​១៩ ​ខែ​ឧសភា​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បញ្ជាក់​ថា​ ឯកអគ្គរដ្ឋ​ទូត​អាមេរិកប្រចាំកម្ពុជា ​លោក​ Patrick Murphy និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ​លោក​ អូន ព័ន្ធមុនីរ័ត្ន ត្រូវ​ប្រកាស​ជំនួយ​ឥត​សំណង​របស់​សហរដ្ឋ​អាមេរិក​ដល់​កម្ពុជា​នេះ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២១ ​ខែ​ឧសភា​ ឆ្នាំ​២០២០ នៅ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញ​វត្ថុ​កម្ពុជា។

ជំងឺ​កូវីដ១៩​ ដែល​បាន​ផ្ទុះឡើង​ដំបូង​នៅក្នុង​ទីក្រុង​វូហាន​ ប្រទេស​ចិន ​បាន​ឆ្លង​រាតត្បាត​ពាស​ពេញ​ពិភព​លោក​ និងបង្ក​ឲ្យមាន​ការ​ជាប់​គាំង​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​ ពាសពេញ​ពិភពលោក​ផងដែរ។ ​ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស ​ប្រមាណ​ ៣០ ម៉ឺន​នាក់​ និង​ឆ្លងដល់​មនុស្ស​ជាង​ ៤ លាន ​៦ សែននាក់​ ក្នុង​ពិភព​លោក។​

ដោយ​ឡែក​ សហរដ្ឋ​អាមេរិក​នាំមុខ​សហភាព​អឺរ៉ុប ​ដោយ​បាន​ក្លាយ​ជាប្រទេស​ឆ្លង​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​ជាង​ ១ លាន ​៥ សែន​នាក់ ​និង​សម្លាប់​មនុស្ស​ដល់​ទៅជាង​ ៩ ម៉ឺននាក់​ គិតត្រឹម​រសៀល​ថ្ងៃអង្គារ។ តំបន់​អាស៊ាន​ទាំងមូល​ដែល​មាន ​១០ ​ប្រទេស ​មាន​ករណី​ឆ្លង​ត្រឹម​តែ​ជិត​ ៣ ម៉ឺននាក់ ​ស្លាប់​ជាង​ ១១០០ នាក់​តែ​ប៉ុណ្ណោះ។​ ក្នុងនោះ​កម្ពុជា ​ឡាវ ​និង វៀតណាម​ ដែល​ជាប្រទេស​ជិតខាង​នឹងគ្នា​ គ្មាន​សេចក្តី​រាយ​ការណ៍​ពី​ចំនួន​មនុស្ស​ស្លាប់ ​ហើយ​ករណី​ឆ្លងមានចំនួនត្រឹម​តែ​ជាង​ ១០០ ​នាក់​ ​ទៅដល់​ជាង​ ២០០​ នាក់​ប៉ុណ្ណោះ៕