អ្នក​សង្កេត​ការណ៍៖​ គណបក្ស​របស់​លោក ​ហ៊ុន សែន​ កំពុង​ព្យាយាម​ទាក់ទាញ​អ្នក​បោះឆ្នោត

រូបឯកសារ៖ លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន បាន​ចូលរួម​ទិវា​ខួប​៣៧ឆ្នាំ​នៃ​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម នៅ​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជានៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​មករា ឆ្នាំ​២០១៦។ (AP/ហេង ស៊ីនិត)

គណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​ដឹក​នាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បង្ហាញ​ឲ្យ​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត​ឃើញ​ពី​ការ​ខ្វល់ខ្វាយ​ពី​ពួកគេ​ ក្នុង​កិច្ច​ប្រឹងប្រែង​ដោះ​ស្រាយ​បញ្ហា​សង្គម​មួយ​ចំនួន​ មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅឆ្នាំ​២០១៧ ​និង​​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

គណបក្ស​គ្រប់គ្រង​ប្រទេស​ដែល​ដឹក​នាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​បង្ហាញ​ឲ្យ​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត​ឃើញ​ពី​ការ​ខ្វល់ខ្វាយ​ពី​ពួកគេ​ ក្នុង​កិច្ច​ប្រឹងប្រែង​ដោះ​ស្រាយ​បញ្ហា​សង្គម​មួយ​ចំនួន​ មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅឆ្នាំ​២០១៧ ​និងការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ ​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​វិញ​បាន​សាទរ​ចំពោះ​កិច្ច​ប្រឹងប្រែង​ខ្លះ​ដែរ​ ប៉ុន្តែ​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​របស់​គណបក្ស​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​នៅ​មាន​បញ្ហា​ជាច្រើន​ រួមទាំង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ និង​សេរីភាព​ ដែល​មិន​បាន​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ហើយ​ដែល​ពលរដ្ឋ​មិន​ពេញ​ចិត្ត។​

លោក​ គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ឯករាជ្យ​ឈ្មោះ​ខុមហ្រ្វែល​ បាន​ថ្លែង​ថា៖

«ខ្ញុំ​មើល​ឃើញ​អ្នក​បោះ​ឆ្នោត​ឥឡូវ​គេ​ហាក់​ដូច​ជា​លែង​សប្បាយ​ចិត្ត​ហើយ​អំពី​ការ​ដឹកនាំ​របស់​គណបក្ស​ដែល​នៅ​ក្នុង​អំណាច​យូរ ​ដោយសារ​ថា​ មិន​បាន​ឆ្លើយតប​នឹង​ មិនបាន​ដោះ​ស្រាយ​បញ្ហា​នានា​ដល់​កម្រិត​ដែល​ពលរដ្ឋ​ចង់​បាន​ ហើយ​ដោះស្រាយ​តែ​បញ្ហា​ដែល​ខ្លួន​បាន​បង្កើត​ឡើង។ ​រឿងធំ​គឺ​រឿង​នៅ​កាន់​អំណាច​យូរ​តែ​ម្តង។ នេះ​ហើយ​ដែល​ជា​រឿង​អ្នក​បោះឆ្នោត​ឥឡូវ​គេ​ដូចជា​យល់​ឃើញ​ថា​ មូលហេតុ​នៅ​ក្នុង​អំណាច​យូរ​ហ្នឹង​វា​អត់​គ្រប់គ្រាន់​ដែល​គេ​អាច​បន្ត​ការ​គាំទ្រ»។​

លោក​បាន​ទទួល​ស្គាល់​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ ដូចជា​ការ​ដំឡើង​ប្រាក់ខែ​គ្រូ​បង្រៀន​ និង​ប្រាក់ខែ​កម្មករ​ ការ​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​ដល់​៧ភាគរយ​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន ​និង​ការ​បង្កើន​គុណភាព​អប់រំ​ជាដើម។ តែ​គណបក្ស​គ្រប់គ្រង​ប្រទេស​នេះ​មិន​ទាន់​បាន​ដោះ​ស្រាយ​បញ្ហា​ជាច្រើន​ជូន​ដល់​ពលរដ្ឋ​ទាក់ទង​នឹង​សកម្ម​ភាព​រំលោភ​សិទ្ធិ​មនុស្ស​ សកម្មភាព​រំលោភ​បំពាន​ដីធ្លី​ដែល​ពលរដ្ឋ​រាប់សែន​គ្រួសារ​រងគ្រោះ​ ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតា​និង​យូរឆ្នាំ​ដែល​ផ្តល់​ឲ្យ​ជន​បរទេស​ ​អំពើ​ពុក​រលួយ ​ច្បាប់​ចរាចរណ៍​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​នឹង​ការ​ដាក់​កម្រិត​ប្រើ​ប្រាស់​ ការ​ចេញ​ច្បាប់​នានា​ដែល​ពលរដ្ឋ​មិន​អាច​សម្រប​ខ្លួន​ទាន់។​ ក្រៅពី​នោះ ​លោក​ គល់ បញ្ញា​ បាន​បន្ថែមថា​ មាន​ច្បាប់​អង្គការ​ ច្បាប់​សហជីព ​ហើយ​នឹង​ការ​បិទ​សិទ្ធិសេរីភាព​ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​ផង​ដែរ​ជា​ពិសេស​ទាក់ទង​នឹង​ការ​បញ្ចេញ​មតិ ហើយ​នឹង​សិទ្ធិ​ធ្វើការ​តវ៉ា​ជាដើម។​

«ទំនោរ​ថ្មី​គឺរឿង​សេរីភាព​ គេ​ចង់​បាន​ឲ្យ​មាន​សេរីភាព​ច្រើន​នៅ​ក្នុង​ការងារ​ចូល​រួម​សកម្ម​នៅ​ក្នុង​សង្គម​ នៅ​ក្នុង​សេដ្ឋ​កិច្ច ​នៅ​ក្នុង​ការ​ជជែក​គ្នា​អី​អញ្ចឹង​ទៅ។ កុំ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​អី​អញ្ចឹង​ណា។​ ឃើញ​គេ​មាន​ការ​ទិតៀន​ដែរ​ នៅពេល​ដែល​រដ្ឋាភិបាល​មាន​ការ​ដាក់​កំហិត​សេរីភាព​ ឬ​ដាក់​សម្ពាធ​លើ​ប្រជា​ពលរដ្ឋ»។​

រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។ (រូបថត៖ AP/ហេង ស៊ីនិត)

លោក ​បញ្ញា ​បាន​បន្ថែម​ថា​ ​ការ​និយាយ ​និង​ឯកសារ ​រដ្ឋាភិបាល​ហាក់​ដូចជា​មាន​ការ​ខិតខំ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត។ ក៏​ប៉ុន្តែ រឿង​នេះ​នៅ​ស្មុគស្មាញ​នៅ​ឡើយ​ចំពោះ​ការ​អនុវត្ត​គឺ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ ដោយ​សារ​បញ្ហា​វា​កើត​ឡើង​ជា​ប្រព័ន្ធ​ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​អាច​ឆ្លើយតប​បាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ពលរដ្ឋ​ពេញចិត្ត។​

លោក​ យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​បាន​យល់​ឃើញ​ថា​ កំហុស​របស់​គណបក្ស​គ្រប់គ្រង​រដ្ឋាភិបាល​ គឺ​ការ​មិន​ពិគ្រោះ​យោបល់​ជាមួយ​ប្រជា​ពលរដ្ឋ ​និង​ការ​យឺតយ៉ាវ​នៃ​ការ​ផ្ទេរ​សេវា​ដល់​ថ្នាក់​ក្រោម​ជាតិ​ ពី​ក្រសួង​ពាក់ព័ន្ធ​នានា ដែល​បង្ហាញ​ពី​ជំហរ​ក្តោប​អំណាច​ដដែលៗ។ បន្ថែម​លើ​នេះ ការ​អនុវត្ត​កិច្ចការ​រដ្ឋបាល​ទៀត​ក៏​នៅ​ដដែល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​គ្មាន​ការ​ផ្លាស់ប្តូរ​ដ៏​សមរម្យ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​ទេ។​

«ខ្ញុំ​ឃើញ​គាត់​គិត​គូរ​ពី​បញ្ហា​ដោះស្រាយ​បញ្ហា​ច្រើន​ដែរ​បាទ។ ឃើញ​មាន​ការ​លុប បំបាត់​ការ​បង្កើន​ចំណាយ​ច្រើន​ពេក ​ដូច​ជាការ​លុប​បំបាត់​ការ​យក​លុយ​តាម​ផ្លូវ​ជាតិ​លេខ​៤។ ​អ្នក​ដែល​គ្នា​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ញឹក​ញាប់​ហ្នឹង ​កុំ​ឲ្យ​បង់​លុយ​បង់​កាក់​អី។ ខ្ញុំ​ថា​ រឿង​ហ្នឹង​គាត់​ប្រឹងប្រែង​ ស្តារ​ប្រជា​ប្រិយ​ភាព​ឡើងវិញ​ដែរ។ តែ​រឿង​សំខាន់​បំផុតគឺ​រឿង​សេរីភាព​របស់​សង្គម​ស៊ីវិល​ សេរីភាព​សង្គម​ស៊ីវិល គឺ​ជា​សេរីភាព​របស់​ពលរដ្ឋ ​គឺ​មាន​ការ​រឹតត្បិត​ចំពោះ​ពួក​គេ​ច្រើន​បាទ»។​

លោក​បាន​បន្ថែម​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​រដ្ឋាភិបាល​ពេល​នេះ​ត្រូវ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​ចូលរួម​ការ​សម្រេច​ចិត្ត​ពី​ពលរដ្ឋ​ម្ចាស់​សន្លឹក​ឆ្នោត ​ដើម្បី​កុំ​ឲ្យ​រដ្ឋាភិបាល​ចំណាយ​ពេល​វេលា​ច្រើន​ ចំណាយ​ធនធាន​ច្រើន​ក្នុង​ការ​ដឹកនាំ​ប្រទេស។ ជាពិសេស រដ្ឋាភិបាល​មិន​ត្រូវធ្វើ​ច្បាប់​ ឬកែ​ច្បាប់​ពី​ការ​បើក​សេរីភាព​ទៅជា​ការ​រឹត​បន្តឹង​សេរីភាព​ទេ​ ដែល​លោក​សំដៅ​ទៅ​លើ​ច្បាប់​អង្គការ​ ច្បាប់​សហជីព​ ច្បាប់​បោះ​ឆ្នោត​ និង​ច្បាប់​នានា​ទៀត។​

«ដោយ​សារ​ទម្លាប់​ពី​មុន​មក ​គឺ​យើង​អត់​សូវ​ពិគ្រោះ​យោបល់​ប្រជា​ពលរដ្ឋ។ ​អ្នក​នយោបាយ​ធ្វើ​អី​ ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើតាម។​ ដល់​អញ្ចឹង​ទៅ​ អាហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​សង្គម​យើង​មាន​បញ្ហា​ដែរ ​ជាពិសេស​ប្រជា​ពលរដ្ឋ​អាច​មាន​ការ​ជំទាស់​ខ្លាំង​ឡើង។​ កាល​ណា​ជំទាស់​ខ្លាំងឡើង​ គេ​មិន​សូវ​សប្បាយ​ចិត្ត​ ជាពិសេស​ពាក់ព័ន្ធ​នឹង​គណបក្ស​គ្រប់គ្រង​អំណាច។ ​កាលណា​មាន​ការ​ជំទាស់​ មាន​ការ​មិន​សប្បាយ​ចិត្ត​ច្រើន​ហ្នឹង​ គឺ​អាច​នឹង​ធ្វើ​ឲ្យ​ប្រជា​ប្រិយភាព​ហ្នឹង​ អាច​នឹង​ជា​បញ្ហា​ដែរ​បាទ។ ​អញ្ចឹង​នេះ​ជា​បញ្ហា​មួយ​សំខាន់»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ធ្លាក់​សំឡេង​ពី​ចំនួន៩០​អាសនៈ​ មក​ត្រឹម​ចំនួន៦៨​អាសនៈ​ក្នុង​សភា​ ដែល​មាន​សំឡេង​សរុប​ចំនួន​១២៣​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣។ ការ​ធ្លាក់​សំឡេង​នេះ​បាន​ទុក​ចន្លោះ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក ​សម រង្ស៊ី និង​លោក​ កឹម សុខា ​កើន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ ហើយ​ទទួល​បាន​សំឡេង​រហូត​ដល់​ទៅ​៥៥អាសនៈ។ គណបក្ស​ជំទាស់​នេះ​បាន​ក្លាយ​ជា​ដៃគូ​ប្រជែង​នយោបាយ​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ជាង​៣​ទសវត្សរ៍ ​ជាពិសេស​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​គ្រប់គ្រង​អំណាច​ថ្នាក់​មូលដ្ឋាន​នៅ​ឆ្នាំ​២០១៧ ​និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។​

នៅ​ក្នុង​ឯកសារ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​ពី​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​លើក​ទី​៣៩ ដែល​ VOAទទួល​បាន​ បាន​បញ្ជាក់​ពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេសកើនឡើង​ដល់​៧ភាគរយ​ក្នុង​ឆ្នាំ​២០១៥ ​ដោយសារ​ការ​រីក​ចម្រើន​ផ្នែក​វិស័យ​ឧស្សហកម្ម ​សេវាកម្ម ​និង​កសិកម្ម។​ កម្ពុជា​នៅឆ្នាំ​២០១៥​ បាន​ចាក​ផុត​ពី​ប្រទេស​មាន​ចំណូល​ទាប​ ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម។​ ឯកសារ​ដដែល​បាន​បញ្ជាក់​បន្ថែម​ពី​ការ​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​រដ្ឋ ​ឯកជន​ អំពើ​ពុករលួយ​ និង​បញ្ហា​អសកម្ម​មួយ​ចំនួន​ និង​ណែនាំ​មន្ត្រី​មូលដ្ឋាន​របស់ខ្លួន​ ឲ្យ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ផ្ទៃ​ក្នុង​ និង​ថែ​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​ពលរដ្ឋ​ និង​ទប់​ស្កាត់​ការ​រិះគន់​របស់​គណបក្ស​ជំទាស់​ជាដើម។​

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ចាត់​វិធានការ​នានា​ជួយ​ដល់​ប្រជា​ពលរដ្ឋ ​លើ​បញ្ហា​សង្គម​មួយ​ចំនួន​ ហើយ​បាន​រំឭកអំពី​ការ​រំដោះ​ប្រជាជន​ចេញពី​របប​ប្រល័យ​ពូជសាសន៍ ​ប៉ុល ពត ​នាំ​ប្រទេស​ឲ្យ​មាន​សន្តិភាព​អធិបតេយ្យភាព​ ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ​ជាពិសេស​វិស័យ​សេដ្ឋកិច្ច​សង្គម។​

លោក​ក៏​បាន​បញ្ជាក់​នៅ​ថ្ងៃ​ដំបូង​គឺ​ថ្ងៃទី៩ ​ខែ​មករា​ នៃ​មហា​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​បាន​ពិភាក្សា​ និង​ធ្វើការ​សម្រេចប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​លើ​ជោគ​វាសនា​របស់​ប្រទេស​ជាតិ ​និង​ប្រជាជន​ ទាំង​នយោបាយ​ក្នុង​ប្រទេស​ និង​នយោបាយ​ក្រៅ​ប្រទេស។​ លោក​នាយករដ្ឋ​មន្ត្រី​បាន​បន្ត​ដែរ​ថា​ លោក​សង្ឃឹម​ថា​ លោក​នឹង​ទទួល​បាន​ការ​គាំទ្រ​ជា​បន្ត​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។ លោក​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖​

«ក្នុង​ឋាន:​ជា​បក្ស​កាន់​អំណាច ​យើង​ច្បាស់​ជា​មិន​ហ៊ាន​សន្យា​ខ្យល់ ​ឬ​បោក​ប្រាស់​ដូច​បក្ស​នយោបាយ​ខ្លះ​នោះ​ឡើយ។​ តែ​យើង​ធ្វើ​ពិត ​អនុវត្ត​ពិត​ដើម្បី​ប្រជាជន​បាន​ទទួល​ផល​ពី​សកម្មភាព​ជាក់ស្ដែង​របស់​យើង»។​

លោក​ក៏​បាន​អរគុណ​ដល់​ពលរដ្ឋ​ដែល​បាន​គាំទ្រ​ឲ្យ​គណបក្ស​របស់​លោក​បន្ត​កាន់​អំណាច​កន្លង​មក​ដែរ។​

លោក​ គុជ ច័ន្ទលី ​អ្នក​តាម​ដាន​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ម្នាក់​ រស់នៅ​ក្នុង​រដ្ឋ ម៉ារីឡែន​ ស.រ.អា. ​បាន​រំឭក​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ដឹង​អំពី​ការ​ជ្រើសរើស​អ្នក​ដឹកនាំ​នៅ​ស.រ.អា.។ លោក​និយាយ​ថា​ នៅ​ប្រទេស​ជឿន​លឿន​ ដូចជា​ស.រ.អា. គេ​មើល​ជីវប្រវត្តិ​ មើល​ថ្វី​ដៃ​របស់​បេក្ខជន​នីមួយៗ​ ដែល​គេ​បោះ​ឆ្នោត​ជូន​ ហើយ​បេក្ខជន​ដែល​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ចូល​ទៅ​កាន់​តំណែង​សាធារណៈ​ក្នុង​រដ្ឋាភិបាល​ត្រូវ​ធ្វើការ​សិក្សា​អំពី​សេចក្តី​ត្រូវការ​របស់​ប្រជា​ពលរដ្ឋ​ទូទៅ​ មិន​ធ្វើការ​សន្យា​បែប​កុហក់ និង​សន្យា​អ្វី​ដដែល​អាច​ធ្វើ​បាន​ ដើម្បី​ទាក់ទាញ​ប្រជា​ប្រិយ​ភាព។​

«នៅ​ក្នុង​ប្រទេស​ជឿនលឿន​នេះគឺ​ថា​ ការ​បោះឆ្នោត​គ្រាន់តែ​ជា​ការ​ចាប់​ផ្តើម​ ប៉ុណ្ណោះ។​ តែ​សំខាន់​បំផុត​ម្ចាស់​សន្លឹក​ឆ្នោត​គេ​តាម​ដាន​សកម្មភាព​ តាមដាន​អ្នក​នយោបាយ​ហ្នឹង​ជារៀង​រាល់​ថ្ងៃ។​ តើ​អ្នក​ហ្នឹង​ធ្វើ​ដូច​ការ​សន្យា​របស់​ខ្លួន​ទេ?​ តើ​អ្នក​ហ្នឹង​យក​ច្បាប់​មក​អនុវត្ត​បាន​ដិតដល់​ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ ដូច​ដែល​ខ្លួន​បាន​ឃោសនា​នោះ​ទេ?​ បើ​ថា​ដូច​ អាហ្នឹង​គេ​បោះ​ឆ្នោត​ឲ្យ​ទៀត​ ហើយ​បើ​ថា​ មិន​ដូច​ទេ​ ឬ​មួយ​មិន​អនុវត្តបាន​ពេញ​លេញ​តាម​ការ​សន្យា​នោះ​ទេ​ គេ​នឹង​បោះ​ឆ្នោត​ទម្លាក់»។​

លោក​ចង់​ឃើញ​អ្នក​នយោបាយ​កម្ពុជា​មិន​ត្រូវ​បង្ក​ជម្លោះតានតឹង​ជា​មួយ​គ្នា​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មិន​មាន​សេចក្តី​សុខ​ ហើយ​ព្រួយបារម្ភ​ដោយសារ​តែ​អ្នក​នយោបាយ​ទេ។លោក​បាន​លើក​ឧទាហរណ៍​ថា​ អ្នក​នយោបាយ​ស.រ.អា.ក្នុង​គណបក្ស​សាធារណ​រដ្ឋ ​និង​គណបក្ស​ប្រជា​ធិបតេយ្យ ​គេ​ជជែក​គ្នា​លើគោល​នយោបាយ​ ដើម្បី​ឲ្យ​ពលរដ្ឋ​ដ៏​មាន​ឥទ្ធិពល​នោះ​បាន​យល់​ដឹង​ពី​ប្រជា​ធិបតេយ្យ​ ឲ្យ​យល់​ដឹង​ពី​សង្គម​ ពី​សិទ្ធិ​សេរីភាព​និង​ដំណើរការ​វិវត្តន៍​របស់​ប្រទេស។ ក៏ប៉ុន្តែ គេ​មិន​បង្ក​ជម្លោះ​ ឲ្យ​មាន​ការ​ភ័យខ្លាច​ ឲ្យ​មាន​ការ​គំរាម​កំហែង ឬ​ការ​ចាប់​ដាក់​គុក​ទេ។​

លោក ​គល់ បញ្ញា ​នៃ​អង្គការ​ខុមហ្រែ្វល​វិញ​ បាន​ថ្លែង​ថា​ លោក​ចង់​ឃើញ​អ្នក​នយោបាយ​ដោះស្រាយ​បញ្ហា​ប្រទេស​ឲ្យ​ស្រប​តាម​ឆន្ទៈ​ពលរដ្ឋ ​ដូច​ក្នុង​ប្រទេស​ភូមា ​ដែល​អ្នក​នយោបាយ​បាន​ធ្វើ​កិច្ចការ​ល្អៗ​ថ្មីៗ​នេះ​សម្រាប់​ប្រទេស​ភូមា។​ លោក​បាន​បន្ត​ថា​ ប្រទេស​ភូមា​ចុង​ក្រោយ​នេះ​មាន​ការ​ខិតខំ​ជជែក​គ្នា​រវាង​គណ​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំៗ​រួមគ្នា​ និង​យោគ​យល់​គ្នា។​

«សំខាន់​គឺ​កម្លាំង​ប្រជា​ពលរដ្ឋ​ដែរ។​ ប្រជា​ពលរដ្ឋ​នៅ​ភូមា​ហ្នឹង​គឺ​គេ​បាន​សម្រេច​ចិត្ត​គឺ​ដាច់​ខាត​តែ​ម្តង​គឺ​ថា​ ត្រូវ​តែ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។​ រឿង​នេះ​គឺ​ជា​ស្នូល​ធំ ​ដែល​បង្ខំ​ឲ្យ​គណបក្ស​កាន់​អំណាច​ហ្នឹង ​ត្រូវតែ​មក​សម្រប​សម្រួល ​ដើម្បី​បន្ត​ដំណើរការ​នៃ​ការ​វិវត្តប្រទេស​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​មាន​ស្ថិរភាព»។​

លោក​បាន​បន្ថែម​ថា​ មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ភូមា​ បាន​ផ្តល់​ផល​ប្រយោជន៍​ប្រទេស​ និង​ប្រជា​ពលរដ្ឋ​របស់​គេ។​

«មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​ក៏​ហាក់​យល់​ពី​ស្ថានភាព​ប្រទេស​គេ​ ពី​ឥរិយាបថ របស់​ប្រជា​ពលរដ្ឋ​គេ​ច្បាស់​លាស់​ និង​យល់​ពី​ស្ថានភាព​វិវត្ត​ចុង​ក្រោយ​នៅ​លើ​ពិភព​លោក​ ក្នុង​តំបន់​ហ្នឹង​ ​ក៏​គេ​យក​មធ្យោបាយ​ក្នុង​ការ​ធានា​ពី​ស្ថិរភាព​ ពី​ការ​ផ្លាស់ប្តូរ​អំណាច​មួយ។​ នេះ​ជា​ចំណុច​ផ្តុំគ្នា។ ​កត្តា​ច្រើន​ផ្តុំគ្នា​ក្នុង​រឿង​ហ្នឹង។ ​ហើយ​សហគមន៍​អន្តរជាតិ​ក៏​មាន​ការ​ចូលរួម​ចំណែក​ក្នុង​រឿង​ហ្នឹង​ដែរ»។​

លោក ​គល់ បញ្ញា​ ប្រាថ្នា​ចង់​ឃើញ​ថា​ អ្នក​ដឹកនាំ​ត្រូវ​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​ពលរដ្ឋ​ ម្ចាស់​ឆ្នោត​ជាមួយ​នឹង​ការ​ដែល​អ្នក​នយោបាយ​ អ្នក​ដឹកនាំ​ហ៊ាន​សម្រេច​លើ​អភិបាល​កិច្ច​ រឿង​សង្គមធំៗ​ ដែល​កំពុង​ប្រឈម​ទាំង​ឡាយ​ ដែល​គេ​ដឹង​ថា ពលរដ្ឋ​មាន​ការ​ខកចិត្ត​ជាយូរ​មក​ហើយ​នោះ៕