អ្នក​វិភាគ​ថា​បក្ស​កាន់​អំណាច​ប្តេជ្ញា​លុប​បំបាត់​សំឡេង​ប្រឆាំង

នាយករដ្ឋមន្រ្តីហ៊ុនសែន និងមន្រ្តីផ្សេងៗទៀតឈរនៅលើឆាកមុនការចាប់ផ្តើមក្បួនដង្ហែគណបក្សប្រជាជនថ្ងៃចុងក្រោយនៃការឃោសនាបោះឆ្នោត កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)

សហគមន៍​អន្តរជាតិ​បាន​សម្តែង​ការ​ជំទាស់​យ៉ាង​ខ្លាំង​នឹង​ការ​ចាប់ខ្លួន​លោក ​កឹម សុខា​ហើយ​បាន​អំពាវនាវ​ឱ្យ​ដោះលែង​ព្រម​ទាំង​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ។

គណបក្ស​សង្គ្រោះជាតិ​ប្រឈម​នឹង​ការ​រំលាយ​ចោល​ ហើយ​អាសនៈ​ទាំង​៥៥​ នឹង​ត្រូវ​យក​មក​ចែក​ឱ្យ​គណបក្ស​ដទៃ​ទៀត ​ក្នុង​ពេល​ដែល​អ្នក​តំណាងរាស្រ្ត​គណបក្ស​កាន់អំណាច​បាន​បោះមួយ​ជំហាន​ទៀត​ ដោយ​បាន​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ បើទោះបីជា​មាន​ការ​ព្រួយបារម្ភ​ជា​អន្តរជាតិ​ថា ​ប្រទេស​កម្ពុជា​កំពុងតែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ការ​គ្រប់គ្រង​ឯកបក្ស​ដោយ​បំបាត់​សំឡេង​ប្រឆាំង។

ការ​តានតឹង​នយោបាយ​បាន​កើនឡើង​ចាប់តាំង​ពី​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​កាលពី​ថ្ងៃទី​៣​ ខែកញ្ញា ​ពី​«បទ​ក្បត់​ជាតិ‍»​ដោយសារតែ​សង្ស័យ​ថា ​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

ចាប់តាំង​ពីពេល​នោះ​មក ​មាន​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ជាច្រើន​នាក់​បាន​ចាកចេញ​ទៅក្រៅ​ប្រទេស​ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

អ្នក​គាំទ្រ​ម្នាក់​នៃ​គណបក្ស​សង្គ្រោះជាតិបាន​លើក​បដារូបលោក កឹម សុខា ទាមទារ​ឲ្យ​មាន​ការដោះលែង​រូបលោក កឹម សុខា នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

លោកស្រី ​អូលីវៀ អឺណុស ​អ្នកវិភាគ​គោលនយោបាយ​នៅ​ឯ​មូលនិធិ​បេតិកភណ្ឌ (The Heritage Foundation) ​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​គិត​ថា ​អ្វី​ដែល​អ្នក​ឃើញ​នៅពេល​នេះ​ គឺ​ការ​ចង់​លុបបំបាត់​ទាំងស្រុង​រាល់​ការ​ប្រឆាំង​ជំទាស់​នឹង​លោក​ ហ៊ុន សែន ​និង​គណបក្ស​ប្រជាជន​កម្ពុជា។ ហើយ​ខ្ញុំ​គិត​ថា​ចំណាត់ការ​នេះ​នឹង​ឈាន​ទៅ​ដល់​លុបបំបាត់​ទាំងស្រុង​នូវ​សេរីភាព​ ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា‍»។

ជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​លើ​សំឡេង​ប្រជាធិបតេយ្យ ​អាជ្ញាធរ​កម្ពុជា​បាន​បញ្ជា​ឱ្យ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​(NDI) ​របស់​សហរដ្ឋអាមេរិក​ចាកចេញ​ពី​ប្រទេស​កម្ពុជា ​បិទស្ថានីយវិទ្យុ​ជាង១០​ ដែល​ធ្លាប់​បាន​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី ​និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA)។ រីឯ​សារព័ត៌មាន​ឯករាជ្យ​ Cambodia Daily ​ដែល​ផ្សាយ​ជាភាសា​អង់គ្លេស​ក៏ត្រូវ​បាន​បិទទ្វារ ​ដោយ​សារ​តែ​ការចោទ​ប្រកាន់​ថា ​មាន​ជំពាក់​ប្រាក់​ពន្ធ​ និង​ការប្រាក់​ជាង​៦លានដុល្លារ។

កាលពី​ថ្ងៃច័ន្ទ​ អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧នាក់​បាន​បោះឆ្នោត​ដោយ​សំឡេង​ជា​ឯកច្ឆន្ទ​គាំទ្រ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ​ដើម្បី​បើកផ្លូវ​ឱ្យ​មាន​ការ​បែងចែក​អាសនៈ​របស់​គណបក្ស​ប្រឆាំង។

លោក​ ប្រែដ អាដាម​ នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​បាន​រិះគន់​ចំណាត់ការ​នេះ៖

«លោក​ ហ៊ុន​ សែន​ អាច​អនុម័ត​ច្បាប់​អ្វី​ក៏បាន​ដែរ ​តាម​តែគាត់​ចង់​ ប៉ុន្តែ​វា​មិនមែន​ធ្វើ​ឱ្យ​ច្បាប់​នោះ​មាន​តម្លៃ​គតិយុត្ត​ទេ​ ហើយ​មិន​ធ្វើ​ឱ្យ​ទង្វើ​របស់​គាត់​ស្របច្បាប់​‍ទេ‍»។

អាសនៈ​ទាំង​៥៥​ដែល​គណបក្ស​ប្រឆាំង​ទទួល​បាន​ក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​នឹង​ត្រូវ​យកមក​បែងចែក​ឱ្យ​គណបក្ស​នយោបាយ​ចំនួន​៥​ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោក​ កឹម សុខា​ មាន​ទោស​ក្បត់​ជាតិ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ចោល។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា​ ក្រោយ​ពី​រំលាយ​ហើយ​ គឺ​នឹង​មាន​គណបក្ស​នយោបាយ​ចំនួន​៥​ ចូលមក​ក្នុង​រដ្ឋ​សភា។ អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​សភា​នោះ​ទេ​ ហើយ​បាន​ហៅ​ទង្វើ​នេះ​ថា​ជា​ការប្លន់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

លោក​ ប្រែដ អាដាម​ បាន​បន្ថែម​ទៀត​ថា៖

«នេះ​គ្រាន់តែ​ជា​ល្បែង​មួយ​ប៉ុណ្ណោះ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​ទទួល​យក​ល្បែង​ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​ជ្រើសរើស​មនុស្ស​ថ្មី​ប្រាំ​នាក់​ឱ្យ​មក​កាន់​គណបក្ស​ និង​ប្រគល់​អាសនៈ​ឱ្យ​ទេ។ មែនទែន​ទៅ​គ្មាន​អ្នកណា​ទទួលស្គាល់​រដ្ឋសភា​ហ្នឹង​ថា​ស្របច្បាប់​ទេ​ ពីព្រោះ​គាត់​យក​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​រាប់​លាន​នាក់​ក្នុង​ឆ្នាំ​២០១៣​ ហើយ​ចាក់​ចោល​ក្នុង​បង្គន់‍»។

លោក ​អាដាម ​បាន​បន្ថែម​ថា ​នៅ​ពេល​នេះ​លោក ​ហ៊ុន សែន ​កំពុងតែ​បង្ហាញ​ឱ្យ​ពិភពលោក​ឃើញ​ថា ​សំឡេង​ឆ្នោត​ទាំង​នោះ​មិនមាន​តម្លៃ​ទៀត​ទេ​ ពីព្រោះ​គាត់មាន​អំណាច​ជាង​អ្នក​បោះឆ្នោត​ទាំង​នោះ។

សហគមន៍​អន្តរជាតិ​បាន​សម្តែង​ការ​ជំទាស់​យ៉ាង​ខ្លាំង​នឹង​ការ​ចាប់ខ្លួន​លោក ​កឹម សុខា​ហើយ​បាន​អំពាវនាវ​ឱ្យ​ដោះលែង​ព្រម​ទាំង​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ។

វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​ (IRI) បាន​ចាត់ទុក​បញ្ហា​នេះ​ថា​ ការណ៍​«គួរឱ្យ​រំខាន​ខ្លាំង​ណាស់‍»។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ភ្លាមៗ​ក្រោយពី​ការ​ចាប់ខ្លួន​លោក ​កឹម សុខា​ វិទ្យាស្ថាន​ IRI​ បាន​បញ្ជាក់​ថា៖

«ការ​ចាប់ខ្លួន​លោក​ កឹម សុខា​ ដែល​ជា​មេដឹកនាំ​មាន​ការ​ទទួល​ស្គាល់​លើ​ពិភពលោក​តាម​រយៈ​ការបូជា​កម្លាំង​កាយចិត្ត​របស់​លោក​ ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ​គឺជា​ការ​ដើរ​ថយ​ក្រោយ​មួយ​ជំហាន​សម្រាប់​ប្រទេស​មួយ​ ដែល​ទើប​តែ​មាន​ការ​រីកចម្រើន​បន្តិច​កាលពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ‍»។​

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល គឺ​លោក​ ចន ម៉ាក់ខេន ​និង​លោក​ឌីក ដឺប៊ីន ក៏​បាន​ស្នើសុំ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ដោយ​ដាក់​ឈ្មោះ​របស់​ពួកគេ​ក្នុង​បញ្ជី​ខ្មៅ​មួយ ​ដែល​រឹតត្បិត​ទិដ្ឋាការ ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល គឺ​លោក​ ចន ម៉ាក់ខេន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសភាអាមេរិក កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ចោទ​ជា​សំណួរ ​ពាក់ព័ន្ធ​នឹង​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​ជាតិ​នៅឆ្នាំ​២០១៨។

លោកស្រី​ អូលីវៀ អឺណុស​ នៃ​មូលនិធិ​បេតិកភណ្ឌ​បាន​និយាយ​ថា​ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ មិន​អាច​ទុកចិត្ត​បាន​ទៀត​ទេ​ ហើយ​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​កំពុង​រង​ការ​គំរាម​កំហែង។ លោកស្រី​បាន​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​មាន​កាតព្វកិច្ច​ប្រាប់​ឱ្យ​ប្រទេស​កម្ពុជា​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ទាំងនេះ ​ព្រោះ​ខ្លួន​ក៏​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោកស្រី​បន្ថែម​ថា៖

«បើ​គ្មាន​ការឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​ពី​សហរដ្ឋ​អាមេរិក​ទេ​ សេចក្តី​សង្ឃឹម​ថា ​ប្រទេស​កម្ពុជា​មួយ​ដែល​មាន​សេរីភាព​ និង​រុងរឿង ​នឹង​រលាយ​បាត់​ហើយ‍»។

លោកស្រី​ អឺណុស​ បាន​ទទូច​ស្នើសុំ​ឱ្យ​ប្រទេស​ម្ចាស់​ជំនួយ​ចាត់​វិធានការ​ជាក់លាក់​បាន​ច្រើន​ជាង​ការ​ចេញ​តែ​សេចក្តី​ថ្លែងការណ៍​ ដោយ​ក្នុង​នោះ​ត្រូវ​មាន​ការដាក់​ទណ្ឌកម្ម​មួយ​ចំនួន ​ដែល​មាន​ដូចជា​ការ​ហាមឃាត់​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ និង​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ណា ​ដែល​រំលោភ​សិទ្ធិមនុស្ស​ និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាដើម។

ការ​តានតឹង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាប់​ផ្តើម​តាំង​តែ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ទោស​លោក​ សម រង្ស៊ី​ ហើយ​លោក​ត្រូវ​នីរទេស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ​ហើយ​កាលពី​ដើម​ឆ្នាំ​នេះ ​អ្នក​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ ដែល​បង្ខំ​ឱ្យ​លោក សម រង្ស៊ី​ មិន​អាច​ដឹកនាំ​គណបក្ស​បាន។ ការ​តានតឹង​នេះ​កាន់តែ​កើន​ឡើង​ខ្លាំង​នៅ​ក្រោយ​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​កាលពី​ខែ​មិថុនា​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈ្នះ​គ្រប់គ្រង​លើ​ឃុំ-សង្កាត់​ ចំនួន​៤៨៩​ ដោយ​កើនឡើង​ពី​ចំនួន​៤០ ​បើ​ប្រៀបធៀប​នឹង​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​កាលពី​ឆ្នាំ​២០១២។

សម្រាប់​ការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៨​នេះ​ គណបក្ស​ប្រឆាំង​គឺជា​គូប្រជែង​ដ៏ខ្លាំង​នឹង​ការ​គ្រប់គ្រង​អំណាច​រយៈពេល​ជាង​៣០ឆ្នាំ​ របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។

លោក​ ភីធឺ​ ម៉ាក់ខ្វៃ ​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​«ប្រឈម​នឹង​មរណភាព​នៅ​កម្ពុជា‍» បាន​និយាយ​ថា​ សហគមន៍​អន្តរជាតិ​នឹង​នៅ​តែ​ស្ទាក់ស្ទើរ​ក្នុង​ការ​ដាក់​សម្ពាធ​ធំដុំ​ដើម្បី​ទាញ​ស្ថានការណ៍​ឱ្យ​វិល​មក​រក​ស្ថានភាព​ដើម​វិញ​ដោយសារតែ​ពួកគេ​មាន​ប្រវត្តិ​បរាជ័យ​ក្នុង​ការ​បង្ខំ​ឱ្យ​លោក ហ៊ុន សែន ​គោរព​តាម​សំណូមពរ​អន្តរជាតិ​ ចាប់តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​សហប្រជាជាតិ។

«វាជា​ពេល​វេលា​ដ៏​អាក្រក់​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កសាងឡើង​លើ​មូលដ្ឋាន​មិន​រឹងមាំ​ ពីព្រោះ​ការ​បោះឆ្នោត​របស់​អង្គការ​សហប្រជាជាតិ​ធ្វើ​ឡើង​ដោយ​រង្គោះរង្គើ​ទាំងអស់‍»។​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​និយាយ​ថា​ សម្ពាធ​អន្តរជាតិ​មាន​«តិចតួច​និង​យឺតពេល‍» ​ហើយ​ពេល​វេលា​អស់​ហើយ​សម្រាប់​ការប្រើប្រាស់​វិធីសាស្រ្ត​ត្រជាក់។

លោក​ ប្រែដ អាដាម ​បាន​បញ្ជាក់​ថា៖

«យើងបាន​ប្រាប់​ពួកគេ​ជាយូរ​មក​ហើយ​ថា ​រឿង​ដូចនេះ​នឹង​កើត​មានឡើង​ ហើយ​ពួកគេ​ត្រូវ​ទប់ស្កាត់។ ពួកគេ​ត្រូវ​ហ៊ាន​និយាយ​ឡើង។ ពួកគេ​ត្រូវ​ពន្យល់​ថា​តើ​ផល​វិបាក​មានអ្វី​ខ្លះ។ ពួកគេ​ត្រូវ​ត្រៀម​អនុវត្ត​តាម​ការ​ព្រមាន​នោះ​ បើ​សិន​ជា​រដ្ឋាភិបាល​ហ៊ាន​ធ្វើ​ដូចអ្វី​ដែល​យើង​ឃើញ​នៅពេល​នេះ។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​មិន​បាន​ធ្វើ​តាម​ទេ‍»។

លោក​អាដាម ​បាន​បន្ថែម​ថា​ លោក ហ៊ុន សែន ​នឹង​មិន​ទាញ​ស្ថានការណ៍​ឱ្យ​វិល​ត្រឡប់​មក​ដូច​មុន​វិញ​ទេ​ បើសិន​ជា​សហគមន៍​អន្តរជាតិ​មិន​បាន​ចាត់​វិធានការ​ជាក់​លាក់​ណាមួយ​ ដែល​មាន​ដូចជា​ការ​ផ្តាច់​ទំនាក់​ទំនង​យោធា​ជាមួយ​នឹង​ប្រទេស​កម្ពុជា ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​ដាក់​ទណ្ឌកម្ម​ដោយ​ចំពោះ​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ និង​មេបញ្ជាការ​ប៉ូលិស ​ទាហាន​និង​កងរាជ​អាវុធហត្ថ​ជាដើម។

រីឯ​លោក​ ភីធឺ ម៉ាក់ខ្វៃ ​បាន​បញ្ជាក់​ថា​ ដោយសារ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន​ បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​កំពុងតែ​ងាកចេញ​ពី​គំរូ​បស្ចិម​ប្រទេស​មករក​ការ​ផ្តោត​លើការ​ដម្កល់​ផលប្រយោជន៍​ជាតិ​ និង​អធិបតេយ្យភាព​ក្នុង​ន័យ​ដ៏​ចង្អៀត​ចង្អល់​មួយ។

​លោក ម៉ាក់ខ្វៃ​ បាន​បន្ថែម​ថា៖

«ក្នុង​ករណី​នេះ​វា​សមស្រប​សម្រាប់​ពលរដ្ឋ​កម្ពុជា ​ដោយសារតែ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន​ ដែល​នឹង​ផ្តល់​ឱ្យ​ពួកគេ​នូវ​ជំនួយ​ហិរញ្ញវត្ថុ​ច្រើនជាង​សហរដ្ឋ​អាមេរិក ​និង​បស្ចិម​ប្រទេស​ ដោយ​សារតែ​ចិន​មិន​តម្រូវ​ឱ្យ​គោរព​សិទ្ធិមនុស្ស​អ្វី​ទេ។ ដូច្នេះ​នេះ​គឺជា​បាតុភូត​ថ្មី​មួយ។ វា​ទើបតែ​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មក​នេះ​ទេ‍»។​

លោកស្រី Elizabeth Becker គឺជា​អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន​ជើង​ចាស់​ដែល​បាន​រាយការណ៍​អំពី​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។ លោក​ស្រី​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ​អំពី​ស្ថានភាព​នយោបាយ​នៅកម្ពុជា​នាពេល​បច្ចុប្បន្ន កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។

ប៉ុន្តែ​លោកស្រី​ អេលីហ្សាបែត ប៊ែកឃឺ​ អតីត​អ្នកសារព័ត៌មាន​ New York Times ​និង​ជា​អ្នកនិពន្ធ​សៀវភៅ​ «នៅពេល​សង្គ្រាម​បាន​បញ្ចប់‍» ​បាន​ផ្តល់​អំណះ​អំណាង​ថា បើទោះបី​ជា​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ខិតខំ​ទាញយក​ផលប្រយោជន៍​ពី​នយោបាយ​ក្នុង​តំបន់ ​ដើម្បី​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅ​ជា​របប​ឯកបក្ស​ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​បាន​ចំណាយ​ថវិកា​ជាច្រើន​ពាន់លាន​ដុល្លារ ​ដើម្បី​បណ្តុះ​បណ្តាល​ និង​បង្កើត​ស្ថាប័ន​ប្រជាធិបតេយ្យ​ពហុបក្ស​ ដែល​នឹង​មិន​បាត់បង់​តែ​ក្នុង​រយៈពេល​មួយពព្រិច​ភ្នែក​ទេ។

«ច៎ាស ​ជា​ការពិត​លោក​ ហ៊ុន សែន ​ព្យាយាម​កម្ចាត់​ចោល​ស្ថាប័ន​នោះ​ខ្លះ​ ប៉ុន្តែ​ឆ្លងតាម​បទពិសោធ​ជាង​២០​ឆ្នាំ​មក​នេះ ​ពលរដ្ឋ​កម្ពុជា​បាន​ចាប់​យក​ផល​ប្រយោជន៍​ដ៏​អស្ចារ្យ​ពី​ឱកាស​ដែល​បាន​ផ្តល់​ឱ្យ​នោះ។ សិល្បៈ​បាន​រីកចម្រើន។ ការ​យល់ដឹង​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សារគមនាគមន៍​ក៏បាន​លូតលាស់។ ទាំង​នេះ​ហើយ​ គឺជា​អ្វី​ដែល​ខ្ញុំ​ចង់​លើក​ឡើង។ វា​នឹង​មិន​បាត់បង់​តែ​ក្នុង​រយៈពេល​មួយ​ពព្រិច​ភ្នែក​ទេ​ ហើយ​នោះ​គឺ​ជា​បទពិសោធ​ដែល​នឹង​ជួយ​ពួកគេ​បាន‍»។

យ៉ាងណា​ក៏ដោយ​ លោកស្រី​ អេលីហ្សាបែត ប៊ែកឃឺ​ យល់​ថា ​សហគមន៍​អន្តរជាតិ​ត្រូវតែ​ធ្វើ​សកម្ម​ភាព​រួមគ្នា​នៅ​ពេល​នេះ ​ដើម្បី​ទប់​ស្ថានការណ៍​កុំឱ្យ​កាន់តែ​អាក្រក់​ជាង​ពេល​បច្ចុប្បន្ន​នេះ៕